ក្រុងបាងកកៈ ក្រុមហ៊ុនសណ្ឋាគារ The Standard របស់សហរដ្ឋអាមេរិក គ្រោងនឹងពង្រីកទៅទីក្រុងហួហ៊ីន ខេត្តភូកេត និងសង្កាត់ Thong Lor ក្នុងទីក្រុងបាងកក ដោយអគារនីមួយៗ មាន ១៥០ បន្ទប់ក្នុងគម្រោងលំនៅឋានសម្រាប់លក់ និងសណ្ឋាគារ បន្ទាប់ពីក្រុមហ៊ុនអភិវឌ្ឍន៍ថៃ Sansiri Plc បានវិនិយោគ ៥៨ លានដុល្លារ (១,៩ ពាន់លានបាត) ក្នុងក្រុមហ៊ុននេះកាលពីឆ្នាំមុន។ នេះបើតាមកាសែតបាងកកប៉ុស្តិ៍។
កាសែតបាងកកប៉ុស្តិ៍បានដកស្រង់សម្ដីរបស់លោក Amar Lalvani ប្រធានប្រតិបត្តិក្រុមហ៊ុន Standard International ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន The Standard ខណៈលោកថ្លែងថា សណ្ឋាគារនៅភូកេត នឹងជាសណ្ឋាគារដែលកែលម្អឡើងវិញពីសណ្ឋាគារចាស់ដែលមានចំនួន ៥០ បន្ទប់នៅជិតឆ្នេរ Banana ហើយនឹងបើកដំណើរការត្រឹមឆ្នាំ ២០២០។
លោក Lalvani បានថ្លែងថា៖ «ក្រៅពីការជួសជុល យើងគ្រោងនឹងសាងសង់បន្ទប់ថ្មីចំនួន ១០០ ក្នុងសណ្ឋាគារ Phuket និងអភិវឌ្ឍ ៥០ យូនីត ដែលរួមមានវីឡា និងខុនដូ សម្រាប់លក់នៅក្រោមយីហោ The Standard Residence នៅលើដីឡូត៍ដែលនៅសល់ក្បែរនោះ របស់ម្ចាស់សណ្ឋាគារដែលមានស្រាប់»។
ទិសដៅទី ២ នឹងជាទីក្រុងហួហ៊ីន។ ផែនការនេះនឹងសាងសង់ខុនដូ ១៥០ យូនីតសម្រាប់លក់ និងប្រតិបត្តិការជាបន្ទប់សណ្ឋាគារស្ថិតក្រោមយីហោ The Standard Residence ដែលនឹងបើកដំណើរការក្នុងឆ្នាំ ២០២១។
សង្កាត់ Thong Lor នឹងក្លាយជាទីតាំងទី ៣ នៅប្រទេស ថៃ ដែលមាន ១៥០ បន្ទប់ ដែលបន្ទប់ទាំងអស់នេះនឹងជាបន្ទប់ថ្មីសម្រាប់ប្រតិបត្តិការសណ្ឋាគារ ដែលនឹងបើកដំណើរការក្នុងឆ្នាំ ២០២១។
លោក Lalvani ថ្លែងថា៖ «ក្រុមហ៊ុន Sansiri នឹងស្វែងរកក្រុមវិនិយោគិនដើម្បីវិនិយោគនៅក្នុងទីតាំងនីមួយៗ។ ការវិនិយោគ ៥៨ លានដុល្លារជាមួយពួកយើងកាលពីឆ្នាំមុន អាចជួយពួកយើងពង្រីកពីទីតាំង ៥ នៅពេលបច្ចុប្បន្ន ដល់ ២០ ទីតាំងក្នុងរយៈពេល ៥ ឆ្នាំក្រោយ»។
ក្រុមហ៊ុន The Standard បានចាប់ផ្ដើមជាមួយសណ្ឋាគារលើកដំបូងរបស់ខ្លួននៅ Hollywood នៅឆ្នាំ ១៩៩៩ និងបានពង្រីកដល់ទីក្រុងឡូសអេនជឺលេស ម៉ាយអាមី និងទីតាំង ២ ទៀតក្នុងទីក្រុងញូវយ៉ក ដែលមានបន្ទប់សរុប ៩០០។ អត្រាស្នាក់នៅមានចាប់ពី ៨៥ ដល់ ៩០ ភាគរយ៕ LA