ក្រុងសិង្ហបុរីៈ ក្រុមហ៊ុនសិង្ហបុរី CapitaLand ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យធំបំផុតនៅអាស៊ី បានឲ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួនបានយល់ព្រមទិញយកក្រុមហ៊ុនអចលនទ្រព្យចំនួន ២ ក្នុងកិច្ចព្រមព្រៀង ១ ដែលមានតម្លៃ ១១ ពាន់លានដុល្លារសិង្ហបុរី (៨,១ ពាន់លានដុល្លារអាមេរិក) ដែលនឹងបង្កើតបានជាក្រុមហ៊ុនអចលនទ្រព្យធំបំផុតនៅអាស៊ីដែលមានទ្រព្យសកម្មក្នុងប្រទេសជាច្រើន។
ស្ថិតក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន CapitaLand នឹងទិញយកក្រុមហ៊ុនចំនួន ២ ពីក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Temasek ដែលជាក្រុមហ៊ុនវិនិយោគរដ្ឋសិង្ហបុរី។
ប្រសិនបើត្រូវបានអនុម័ត ក្រុមហ៊ុនដែលនឹងត្រូវរួមបញ្ចូលគ្នានេះ នឹងមានទ្រព្យសកម្មដែលមានតម្លៃជាង ១១៦ ពាន់លានដុល្លារសិង្ហបុរី ដែលរួមមាន អាជីវកម្ម សួនឧស្សាហកម្ម សណ្ឋាគារ អគារពាណិជ្ជកម្ម អគារលក់រាយ និងអគារលំនៅឋានក្នុងប្រទេសជាង ៣០។
ក្រុមហ៊ុន CapitaLand បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងនេះត្រូវតែទទួលបានការអនុម័តពីម្ចាស់ភាគហ៊ុនឯករាជ្យរបស់ក្រុមហ៊ុន CapitaLand នៅកិច្ចប្រជុំមួយនៅឆមាសទី ១ ក្នុងឆ្នាំនេះ។
ក្រុមហ៊ុនអចលនទ្រព្យទាំង ២ ដែលក្រុមហ៊ុន CapitaLand ទិញពីក្រុមហ៊ុន Ascendas-Singbridge Group ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Temasek ប្រតិបត្តិការអភិវឌ្ឍទីក្រុងនានា សួនឧស្សាហកម្ម អគារការិយាល័យ សណ្ឋាគារ និងឃ្លាំងទំនិញនៅទូទាំងពិភពលោក។
កិច្ចព្រមព្រៀងនេះ កើតមានឡើង ខណៈដែលលោក Lee Chee Koon ដែលប្រធានក្រុមហ៊ុន CapitaLand និងជាអគ្គនាយកក្រុមហ៊ុនមេរបស់ក្រុមហ៊ុននេះ ដែលបានចូលកាន់តំណែងកាលពីខែកញ្ញា ឆ្នាំ ២០១៨ កំពុងស្វែងរកការវិនិយោគទៅក្នុងទីផ្សារថ្មីសម្រាប់ក្រុមហ៊ុន៕ AFP/KC