ក្រុងបាងកកៈ ក្រុមហ៊ុន​អចលនទ្រព្យ Grand Unity Development របស់​ប្រទេស​ថៃ​នឹង​រៀបចំ​ធ្វើ​បទបង្ហាញ​នៅ​កោះ​តៃវ៉ាន់ និង​ក្រុង​ហុងកុង​នៅ​ខែ​មិថុនា ដើម្បី​ផ្សព្វផ្សាយ​គម្រោង​ខុនដូ​ទំនើប​ថ្មី​ទៅ​កាន់​អតិថិជន​បរទេស​ក្នុង​គ្រា​ដែល​ទីផ្សារ​ក្នុង​ស្រុក​ធ្លាក់ចុះ​។ នេះ​បើ​យោង​តាម​កាសែត​បាងកក​ប៉ុស្តិ៍​។

លោក Pattawin Wongsathien អនុប្រធាន​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន​ទទួល​បន្ទុក​ធ្វើ​ទីផ្សារ​សាជីវកម្ម និង​ការលក់​បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​ថា ការធ្វើ​រ៉ូដស្សូ (roadshow) នៅ​បរទេស​នេះ​នឹង​ជា​រ៉ូដស្សូ​លើក​ដំបូង​សម្រាប់​ក្រុមហ៊ុន ខណៈ​ដែល​ក្រុមហ៊ុន​ស្វែងរក​ការណែនាំ​គម្រោង​របស់​ខ្លួន​ផ្ទាល់​ទៅកាន់​អតិថិជន​បរទេស​។

លោក​មាន​ប្រសាសន៍​ថា​៖ «​ទីផ្សារ​បរទេស​នឹង​មិន​មាន​បញ្ហា​ឡើយ ប្រសិន​បើ​យើង​ប្រមូល​បាន​ការបង់ប្រាក់​ជា​មុន (down payment) បាន​ច្រើន​»​។ លោក​បន្ថែម​ថា​៖ «​ភាព​អាច​កើត​មាន​នៃ​ការណ៍​ដែល​អតិថិ​ជនបរទេស​បដិសេធ​មិន​ទទួល​យក​ការផ្ទេរ​កម្មសិទ្ធិ​យូនីត​នៅពេល​គម្រោង​បញ្ចប់​នឹង​មាន​កម្រិត​ទាប​ខ្លាំង ខណៈ​ដែល​យើង​ប្រមូល​បាន ៣០ ភាគរយ​នៃ​តម្លៃ​យូនីត​សម្រាប់​ជា​ការបង់ប្រាក់​ជា​មុន​»​។

គម្រោង​ទី ១ ដែល​ត្រូវ​ណែនាំ​នៅ​បរទេស​នឹង​ជា​គម្រោង Anil Sathorn 12 ដែល​ជា​គម្រោង​ខុនដូ​ទំនើប​មាន​តម្លៃ ៣,៤ ពាន់​លាន​បាត (​ប្រហែល ១០៦ ​លាន​ដុល្លារ​) ដែល​គ្រោង​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ថ្ងៃ​ទី​ ១៥ ខែ​មិថុនា​។

ដោយ​សាងសង់​នៅ​លើ​ផ្ទៃដី​ទំហំ ១,៥ ​រ៉ៃ (០,២៤ ហិកតា​) នៅ​ជិត​ផ្លូវ Sathon Soi 12 គម្រោង​នេះ​នឹង​មាន​កម្ពស់ ៤២ ​ជាន់​មាន ២២២ យូនីត​មាន​ផ្ទៃក្រឡា​ពី ៤៥ ទៅ ៥០០ ម៉ែត្រការ៉េ​ក្នុង​ ១ ​យូនីត និង​មាន​តម្លៃ​ពី ១១ លាន​បាត (​ប្រហែល ៣៤ ម៉ឺន​ដុល្លារ​) ទៅ ៣០០ ​លាន​បាត (៦,២៨ ​លាន​ដុល្លារ​) ក្នុង​មួយ​យូនីត​។

លោក Pattawin បាន​ថ្លែង​ថា​៖ «​នេះ​គឺជា​លើក​ដំបូង​ហើយ​ដែល​យើង​នឹង​សាងសង់​គម្រោង​ទំនើប ដូច្នេះ​យើង​ចង់​ណែនាំ​គម្រោង​នេះ​ទៅកាន់​អតិថិជន​បទេស​»​។ លោក​បន្ថែម​ថា​៖ «​យើង​នឹង​ប្រើប្រាស់​ទីតាំង​នេះ​ដើម្បី​ផ្សព្វផ្សាយ​គម្រោង​នេះ ពីព្រោះ​ផ្លូវ Sathon និង​ផ្លូវ Silom អតិថិជន​ក្នុង​ទីក្រុង​ហុងកុង និង​កោះ​តៃវ៉ា់ន់​ស្គាល់​ច្បាស់​»​។

លោក​ឲ្យ​ដឹង​ទៀត​ថា​នឹង​មាន​ស្ថានីយ​រថភ្លើង BTS ថ្មី​មួយ​នៅ​ជិត​ទីតាំង​របស់​គម្រោង​។ ស្ថានីយ​រថភ្លើង​នេះ​នឹង​បញ្ចប់​ការសាងសង់​នៅ​ ២-៣​ ​ឆ្នាំ​ក្រោយ ហើយ​តម្លៃ​អចលនទ្រព្យ​នឹង​កើន​នៅ​ទីតាំង​នេះ​៕ KC