ក្រុង​បាងកកៈ ធនាគារ​កណ្តាល​ថៃ ​(BoT) ​ត្រូវ​បាន​ជំរុញ​ឲ្យ​កែប្រែ​វិធាន​ថ្មី​មួយ​ដែល​កម្រិត​កំណត់​​កម្ចី​​​ទិញ​ផ្ទះ​ធៀប​នឹង​​តម្លៃ​ (LTV) ​ដែល​បាន​​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ចន្ទ​​សប្តាហ៍​នេះ​។ នេះ​បើ​យោង​កាសែត​បាងកក​ប៉ុស្តិ៍។

វិធាន​កម្ចី​ទិញ​ផ្ទះ​ថ្មី​នេះ​អនុវត្ត​ចំពោះ​​​អតិថិជន​ដែល​​​​ទិញ​​​ផ្ទះ​ទី​២ ​​និង​ផ្ទះ​បន្ត​បន្ទាប់​ ខណៈ​​ដែល​តម្រូវ​ការ​ទីផ្សារ​នេះ​​​​មាន​លក្ខណៈ​ខ្សោយ​ ​ហើយ​ការ​ដាក់​​កំណត់​នេះ​​អាច​​​រារាំង​អ្នក​ដែល​​ពិត​ជា​មាន​បំណង​​​ទិញ​ផ្ទះ​​ ​មិន​ឲ្យ​​ទិញ​ផ្ទះ​សម្រាប់​ជា​កម្មសិទ្ធិ​​របស់​ខ្លួន។

កាសែត​បាងកក​ប៉ុស្តិ៍​បាន​រាយការណ៍​​ដោយ​ដក​ស្រង់​សំដី​របស់​លោក Atip Bijanonda ប្រធាន​សមាគម​​អាជីវកម្ម​លំនៅឋាន​ថៃ​​ ខណៈ​​លោក​​ថ្លែង​ថា ទីផ្សារ​អចលនទ្រព្យ​​​នា​​ឆ្នាំ​នេះ​​នឹង​កត់ត្រា​​កំណើន​​ពី ​០ ទៅ ៥ ភាគរយ​ប៉ុណ្ណោះ​ធៀប​នឹង​ឆ្នាំ ​២០១៨ ​ដែល​ជា​ចម្បង​ដោយសារ​មក​ពី​​វិធាន ​LTV ថ្មី​នេះ។

លោក Atip ​បាន​ថ្លែង​ថា​៖ «​ការ​ដាក់​កំណត់ LTV ​ពិត​ណាស់​នឹង​មាន​ផល​ប៉ះពាល់​​ខ្លាំង​ទៅ​លើ​ទីផ្សារ​​នៅ​​ឆ្នាំ​នេះ​ ខណៈ​ដែល​ការ​កំណត់​នេះ​បាន​ប៉ះពាល់​រួច​ហើយ​ទៅ​លើ​ការ​​លក់​ផ្ទះ​​​​ក្នុង​ត្រីមាស​ទី​១ ​​»។ លោក​បន្ថែម​ថា៖ «​ធនាគារ​កណ្តាល​គួរ​តែ​ពិនិត្យ​​មើល​ឡើង​វិញ​ពី​ផល​ប៉ះពាល់​​​ដែល​បង្ក​ដោយ​ការ​កំណត់​នេះ ពី​ព្រោះ​​​វា​ប៉ះពាល់​​សេដ្ឋកិច្ច​ទាំង​មូល​​»។

យោង​តាម​កាសែត​បាងកក​ប៉ុស្តិ៍​ ក្នុង​ផ្នែក​ផ្ទះ​​កម្ពស់​ទាប​ (​ផ្ទះ​ទោល​ ​និង​​ផ្ទះ​ថោនហៅស៍​) ​ក្រុមហ៊ុន​​អភិ-វឌ្ឍន៍​លំនៅឋាន ​នឹង​សាងសង់​​ផ្ទះ​ច្រើន​លើស​ពី​​ផែនការ​ ​​ដោយសារ​អ្នក​ទិញ​ផ្ទះ​​ត្រូវ​បាន​ផ្តល់​ជូន​​រយៈពេល​ជាង​​​នេះ​ដើម្បី​បង់​​ប្រាក់​កក់​ដំបូង​។ ​​ ​

លោក Atip ​បាន​ថ្លែង​ថា​ ការ​កំណត់ LTV ថ្មី​នេះ​ ​នឹង​មិន​​ផ្តល់​ឲ្យ​អ្នក​ទិញ​ផ្ទះ​នូវ​​ពេលវេលា​ដើម្បី​​​បង់​ប្រាក់​កក់​ដំបូង​ដែល​មាន​កម្រិត​ខ្ពស់​ជាង​មុន​នោះ​ទេ​ ខណៈ​​ដែល​​មនុស្ស​ជា​ច្រើន​​កំពុង​​ទិញ​​​ផ្ទះ​​​ទី​២ ​​ដើម្បី​ពង្រីក​គ្រួសារ​​​ឬ​​ដើម្បី​​រស់​នៅ​ជិត​កន្លែង​ធ្វើ​ការ​ឬ​សាលា​រៀន។

លោក​បាន​ថ្លែង​ថា​៖ «ការ​កំណត់ LTV ថ្មី​​នេះ ​នឹង​មិន​រាប់​​បញ្ចូល​​​អ្នក​ទិញ​ផ្ទះ​ស្ថិត​ក្នុង​ផ្នែក​ផ្ទះ​​កម្ពស់​ទាប​នោះ​ទេ ដោយសារ​ផ្ទះ​ទាំង​នោះ ​គឺ​ជា​តម្រូវ​ការ​ពិត​ប្រាកដ​ មិនមែន​ទិញ​សម្រាប់​ទុក​ចំណេញ​ឡើយ។ ​អ្នក​ទិញ​សម្រាប់​ទុក​ចំណេញ​​​បាន​ចាកចេញ​ពី​ទីផ្សារ​ខុនដូ​​ក្នុង​រយៈ​កាល ​២-៣ ឆ្នាំ​ចុង​ក្រោយ​នេះ​»។ ​

លោក​បាន​លើក​ឡើង​​ថា ក្រុមហ៊ុន​អភិវឌ្ឍន៍​​គួរ​រៀបចំ​​អ្នក​ទិញ​ផ្ទះ​ជា​មុន ​​ដើម្បី​ជួយ​ពួក​គេ​​ឲ្យ​ទទួល​បាន​ការ​អនុម័ត​​កម្ចី​ទិញ​ផ្ទះ ​​បន្ទាប់​ពី​ការ​កំណត់​ LTV ថ្មី​​ចូល​ជា​ធរមាន​។ វិធី​មួយ​គឺ​ត្រូវ​ជម្រះ​​ចោល​របាយការណ៍​ធនាគារ​របស់​ពួក​គេ​។ ​វិធីសាស្រ្ត​មួយ​ទៀត​ ​គឺ​ត្រូវ​ផ្តល់​អនុសាសន៍​ឲ្យ​​អ្នក​ទិញ​ផ្ទះ​​ត្រូវ​​ជ្រើសរើស​ផ្ទះ​ដែល​ពួក​គេ​អាច​មាន​លទ្ធភាព​បង់​ប្រាក់​បាន។

លោក Vichai Viratkapan អគ្គនាយក​ស្តីទី​​​មជ្ឈមណ្ឌល​ព័ត៌មាន​អចលនទ្រព្យ​ (REIC) ​​ថ្លែង​​ថា​ ការ​កំណត់​ LTV ថ្មី​ ​នឹង​មាន​ផល​ប៉ះពាល់​​​ខ្លាំង​ទៅ​លើ​ទីផ្សារ​​លំនៅឋាន។

លោក Vichai ​បាន​ថ្លែង​ថា​៖ «​​អ្នក​ដែល​​ខ្ចី​ប្រាក់​​​រួម​គ្នា​ ​ឬ​ចុះ​ហត្ថលេខា​​រួម​គ្នា ​និង​អ្នក​ដែល​​មិន​មាន​​លុយ​បង់​​ប្រាក់​​កក់​ដំបូង​ដែល​មាន​កម្រិត​ខ្ពស់​ជាង​​មុន​​នឹង​ទទួល​រងផល​ប៉ះពាល់​ពី​ការ​កំណត់ ​LTV ថ្មី​​នេះ»។ លោក​បន្ថែម​ថា៖ «​​អ្នក​ខ្ចី​រួម​គ្នា​គួរ​ត្រូវ​បាន​អនុញ្ញាត​​ឲ្យ​ដក​​ឈ្មោះ​របស់​ពួក​គេ​​បន្ទាប់​​ពី​កម្ចី​​ទិញផ្ទះ​​ត្រូវ​បាន​បង់​​​បាន​​ក្នុង​រយៈពេល​​ណា​មួយ​»។

លោក​បាន​ផ្តល់​យោបល់​​ឲ្យ​មាន​ការ​បង្កើត​មូលនិធិ​​ទិញ​ផ្ទះ​មួយ​​​សម្រាប់​អ្នក​ទិញ​ផ្ទះ​ដែល​​កម្ចី​ទិញ​ផ្ទះ​របស់​ពួក​គេ​មិន​ត្រូវ​បាន​អនុម័ត​ដោយ​​​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​។

លោក​បាន​ថ្លែង​ថា​ ការ​កំណត់ ​LTV ថ្មី​​​នេះ​នឹង​កាត់​បន្ថយ​ការ​ផ្ទេរ​កម្មសិទ្ធិ​ផ្ទះ​​ថ្មី​នៅ​ក្នុង​ត្រីមាស​ទី​២​ ​ជា​ផល​ប៉ះពាល់​មួយ​ដែល​អាច​កើត​​​មាន​​រហូត​ដល់​​ត្រី​មាស​ទី​៣។

លោក ​Vichai បាន​ថ្លែង​ថា​ តួលេខ​​​ក្នុង​​ត្រីមាស​ទី​៤ ​នឹង​បង្ហាញ​​​ផល​ប៉ះពាល់​​ពិត​ប្រាកដ​​​ដែល​បង្ក​ឡើង​ដោយ​​ការ​កំណត់ LTV ​ទៅ​លើ​ទីផ្សារ​។

យោង​តាម​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​អចលនទ្រព្យ​​ Colliers International Thailand ​បាន​ឲ្យ​ដឹង​ថា​ ការ​ផ្គត់ផ្គង់​ខុនដូ​ថ្មី​បាន​ចាប់​ផ្តើម​នៅ​ក្នុង​ទីក្រុង​បាងកក​​​ក្នុង​ត្រីមាស​ទី​មួយ ដែល​​​​​មាន​ចំនួន​សរុប​ ​៨ ៤៤៣ ​យូនីត​ ធ្លាក់ចុះ​ ៦០ ភាគរយ​​ពី​​ត្រីមាស​ទី​៤ ​ឆ្នាំ​មុន និង​ ៤០ ភាគរយ​ពី​ត្រីមាស​ទី​១ ​​ឆ្នាំ​មុន។

តម្លៃ​លក់​​​ខុនដូ​ថ្មី​​ក្នុង​ត្រីមាស​ទី​១ ​​ក៏​បាន​ធ្លាក់ចុះ​ផង​ដែរ​​មក​ត្រឹម ​៤៥,៤​ ពាន់​លាន​បាត​​ពី​ ៨៦ ​ពាន់​លាន​បាត​​​ក្នុង​​ត្រីមាស​ទី​១ ឆ្នាំ ​២០១៨។

ក្នុង​ចំណោម​ចំនួន​សរុប​ ខុនដូ​ប្រហែល​ ២ ៤០០​ យូនីត​​​គឺ​ជា​ខុនដូ​តម្លៃ​ទាប​ស្ថិត​​​​ក្រោម​គម្រោង​កម្ចី​ទិញ​ផ្ទះ​​ ​«ផ្ទះ​ប្រជា​ពលរដ្ឋ» ​របស់​រដ្ឋាភិបាល។

លោក Phattarachai Taweewong ជំនួយ​ការ​នាយក​​នៃ​នាយកដ្ឋាន​ស្រាវជ្រាវ​​របស់​ក្រុមហ៊ុន Colliers ​បាន​ថ្លែង​ថា​៖ «​​ការ​ធ្លាក់​ចុះ​ខ្លាំង​នេះ​បង្ហាញ​ថា ការ​កំណត់ ​LTV​ថ្មី​នេះ​ពិត​ជា​មាន​ផល​ប៉ះពាល់​»។ លោក​បន្ថែម​ថា៖ «​ក្រុមហ៊ុន​អភិវឌ្ឍន៍​​ខុនដូ​​បាន​សម្រប​​ខ្លួន​ទៅ​តាម​វិធាន​ថ្មី​​នេះ»៕ PS