ក្រុង​បាង​កកៈ ក្រុម​ហ៊ុន​​អភិ​វឌ្ឍ​ន៍​លំ​នៅ​ឋាន​គួរ​ស្វែង​រក​យុទ្ធ​សាស្រ្ត​​​ដោះ​ស្រាយ​ជា​មួយ​នឹង​លក្ខ​ខណ្ឌ​តម្រូវ​ថ្មី​​នៃ​​កម្ចី​ទិ​ញ​ផ្ទះ​ដែល​ដាក់​ចេញ​ដោយ​​ធនា​គារ​កណ្តាល​​​ថៃ​ ហើយ​គួរ​​មាន​ការ​ប្រុង​ប្រ​យ័ត្ន​​ចំ​ពោះ​ការ​ផ្គត់​ផ្គង់​ថ្មី​ ​និង​គ្រប់​គ្រង​សន្ទ​នីយ​ភាព​​​ហិ​រញ្ញ​វត្ថុ ដោយ​សារ​​វិ​ធាន​​​ផ្តល់​កម្ចី​ថ្មី​​នេះ និង​ការ​កើន​ឡើង​​នៃ​អត្រា​​ការ​ប្រាក់ ​​នឹង​ប៉ះ​ពា​ល់​ដល់​តម្រូវ​ការ​នា​ឆ្នាំ​ក្រោយ។

កា​សែត​ បាង​កក ​ប៉ុស្តិ៍​ បាន​ដក​ស្រង់​សម្ដី​លោក ​Therdsak Thaveeteeratham ​អនុ​ប្រ​ធាន​ប្រតិ​បត្តិ​​ទទួល​បន្ទុក​​​ស្រាវ​​ជ្រាវ​​នៅ​ក្រុម​ហ៊ុន Asia Plus Securities ​ខណៈ​លោក​​ថ្លែង​ថា​ វិធាន​​ផ្តល់​កម្ចី​តឹង​រ៉ឹង​ជាង​មុន​ដែល​​ចូល​ជា​ធរ​មាន​​នៅ​ថ្ងៃ​ទី​ ១ ​ខែ​មេ​សា ឆ្នាំ​ក្រោយ​​​នឹង​​ក្លាយ​ជា​ក្តី​បារម្ភ​​សម្រាប់​​វិ​ស័យ​អច​ល​ន​ទ្រព្យ​​នា​ឆ្នាំ​ក្រោយ។

លោក​​ថ្លែង​ថា​៖ ​«​​វិ​ធាន​​ផ្តល់​កម្ចី​ថ្មី​នេះ​​នឹង​ធ្វើ​ឲ្យ​ថម​ថយ​​​​តម្រូវ​ការ​​​​ឆ្នាំ​ក្រោយ»។ «​យើង​មិន​​បាន​មើល​ឃើញ​​​យុទ្ធ​សាស្រ្ត​​ ឬ​វិ​ធាន​ការ​ណា​មួយ​ពី​​​​ក្រុម​ហ៊ុន​អភិ​វឌ្ឍ​​ន៍​ដើម្បី​ដោះ​ស្រាយ​ជា​មួយ​​នឹង​វិ​ធាន​ថ្មី​​​នេះ​​​ទេ​ចាប់​តាំង​ពី​វិ​ធាន​នេះ​ត្រូវ​បាន​ប្រ​កាស​​​កាល​ពី​ដើម​ខែ​មុន​»។

លោក Therdsak ​​បាន​ថ្លែង​ប្រាប់​កា​សែត​ បាង​ក​ក​ ប៉ុស្តិ៍​ ថា​ ​រយៈ​ពេល​​​មុន​​វិ​ធាន​នេះ​ចូល​ជា​ធរ​មាន​​នឹង​​មើល​ឃើញ​លំ​ហូរ​នៃ​​​ការ​ផ្គត់​ផ្គង់​​លំ​នៅ​ឋាន​។ បន្ទាប់​ពី​នោះ​មក​ ទីផ្សារ​​នឹង​មើល​​​ឃើញ​​​​ការ​ធ្លាក់​ចុះ​​ ​ដែល​រង​​ផល​ប៉ះ​​ពាល់​​ទាំង​​លក្ខ​ខណ្ឌ​​តម្រូវ​ថ្មី​​​សម្រាប់​កម្ចី​​ និង​អត្រា​ការ​ប្រាក់​ខ្ពស់​ជាង​មុន។

លោក​បាន​មាន​ប្រ​សាសន៍​​ថា​ តម្រូវការ​ខុន​ដូ​​ នឹង​ត្រូវ​បាន​ជំ​រុញ​​​មួយ​ផ្នែក​​ដោយ​​អ្នក​ទិញ​បែប​​កេង​ចំ​ណេញ​ថ្លៃ ​និង​​អ្នក​ទិញ​សម្រាប់​​​ការ​វិ​និ​យោគ​ ខណៈ​​​​​ផល​​ចំ​ណេញ​ពី​​ការ​វិ​និ​យោគ​ខុន​ដូ​​​មាន​លក្ខណៈ​ទាក់​ទាញ​​ខ្លាំង​​ជាង​អត្រា​ការ​ប្រាក់​​នៃ​ការ​ដាក់​ប្រាក់​​ក្នុង​ធនា​គារ​។ ទោះ​យ៉ាង​ណា​ក្តី ​តម្រូវ​ការ​នេះ​​នឹង​ធ្លាក់​ចុះ​​ ខណៈ​​ផល​ចំ​ណេញ​ពី​​ខុន​ដូ​​ធ្លាក់​ចុះ​ ​ហើយ​​និន្នា​ការ​អត្រា​ការ​ប្រាក់​កើន​ឡើង។

លោក​បន្ត​ថា​៖ «​​ក្រុម​ហ៊ុន​​អភិ​វឌ្ឍន៍​គួរ​មាន​ការ​ប្រុង​ប្រ​យ័ត្ន​​​ជាង​មុន​​​​ក្នុង​ការ​ធ្វើ​ផែន​ការ​​ដាក់​ចេញ​គម្រោង​នៅ​​ឆ្នាំ​ក្រោយ​​​​ ខណៈ​តម្រូវ​ការ​​នឹង​ចុះ​ខ្សោយ​​ជាង​មុន​ ​ហើយ​​ការ​ផ្គត់​ផ្គង់​ផ្ទះ​​មាន​ទំ​ហំ​ធំ​ខ្លាំង​»។

គិត​​​ត្រឹម​​ដំ​ណាច់​ខែ​កញ្ញា​ ​ឆ្នាំ​ ២០១៨​ ​ស្តុក​​​​លំ​នៅ​ឋាន​​របស់​ក្រុម​ហ៊ុន​​អភិ​វឌ្ឍ​ន៍​ធំ​ៗ​ចំ​នួន​ ១២​ ដែល​បាន​ចុះ​បញ្ជី​​សរុប​មាន​ទឹក​ប្រាក់​​ ៥០២​​​ ពាន់​ពាន់​​លាន​បាត​ កើន​ពី​ ៤៩៦ ​​ពាន់​ពាន់​លាន​បាត​​នៅ​ក្នុង​ត្រី​មាស​ទី​​ ២ ឆ្នាំ​ ២០១៨​ និង ​៤៨០ ​ពាន់​​ពាន់​លាន​បាត​​នៅ​ក្នុង​ត្រី​មាស​ទី​ ៣ ឆ្នាំ​មុន​៕ PS