ភ្នំពេញៈ ក្រុមហ៊ុនក្នុងស្រុក ២ គឺក្រុមហ៊ុន វីត្រាស់ អឹព្រេហ្សល និងក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា (ស៊ីប៊ីស៊ី) សហការគ្នា ដើម្បីផ្តល់សេវាកម្មវាយតម្លៃអចលនទ្រព្យតាមឌីជីថលដល់គ្រឹះស្ថានហិរញ្ញវត្ថុដំបូងគេនៅកម្ពុជាដែលនេះជាការបោះជំហានមួយកម្រិតថែមទៀតទៅក្នុងវិស័យអចលនទ្រព្យរបស់កម្ពុជា។
ការសហការគ្នារវាងក្រុមហ៊ុនទាំង ២ ត្រូវចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) តាមប្រព័ន្ធវីដេអូ Zoom ដោយការព្រមព្រៀងធ្វើសមាហរណកម្មកម្មវិធីវាយតម្លៃអចលនទ្រព្យ តាមអ៊ីនឌីខេសិន ផ្លើស ភ្លេតហ្វម (Indication Plus Platform) របស់ក្រុមហ៊ុន វីត្រាស់ អឹព្រេហ្សល ទៅ ភ្លេតហ្វម នៃឧបករណ៍វាយតម្លៃឥណទានរបស់ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា (ស៊ីប៊ីស៊ី)។
លោក វង្ស សុខាល ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វីត្រាស់ អឹព្រេហ្សល បានថ្លែងនៅក្នុងពិធីចុះហត្ថលេខាថា កិច្ចសហការនេះនឹងបង្កើនប្រសិទ្ធភាពប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ និងជំរុញឱ្យការប្រើប្រាស់សេវាវាយតម្លៃអចលនទ្រព្យកាន់តែទូលំទូលាយដល់ស្ថាប័នហិរញ្ញវត្ថុទាំងអស់។
លោកបានអះអាងថា វីត្រាស់ ជាក្រុមហ៊ុនផ្តល់សេវាកម្មវាយតម្លៃអចលនទ្រព្យទំនើបបែបឌីជីថលដែលអាចវិភាគ និងចេញជារបាយការណ៍វាយតម្លៃអចលនទ្រព្យសង្ខេប និងមានលក្ខណៈពេញលេញដោយស្វ័យប្រវត្តិដោយមានការរៀបចំចងជាប្រព័ន្ធរូបមន្តត្រឹមត្រូវដោយអ្នកជំនាញ និងតាមស្តង់ដាវាយតម្លៃអចលទ្រព្យអន្តរជាតិ។ លើសពីនេះអ្នកប្រើប្រាស់អាចពិនិត្យមើលការវិវត្តនៃដំណើរការវាយតម្លៃចាប់ពីពេលបានដាក់បញ្ជូនសំណើរហូតដល់ចេញជារបាយការណ៍វាយតម្លៃសង្ខេបជាស្ថាពរ។
លោកថ្លែងថា៖ «តាមរយៈសេវា អ៊ីនឌីខេសិន ផ្លើស ភ្លេតហ្វម នេះ លោកអ្នកអាចចូលប្រើ និងស្នើ [ការវាយតម្លៃអចលនទ្រព្យ] បានគ្រប់ពេលវេលា ងាយស្រួល ឆាប់រហ័សប្រកបដោយទំនុកចិត្តខ្ពស់ ព្រមទាំងបានដឹងពីតម្លៃអចលនទ្រព្យគ្រប់ទីកន្លែងនៅទូទាំងប្រទេស ដែលអ្វីៗស្ថិតក្នុងដៃរបស់លោកអ្នកតែម្តង»។
លោក សុខាល បញ្ជាក់ថា ភ្លេតហ្វមដែលបានបង្កើតឡើងមានផ្ទុកទិន្នន័យទូលំទូលាយ និងមានវិសាលភាពនៅទូទាំងប្រទេស។
លោក អឿ សុធារ័ត្ន នាយកប្រតិបត្តិក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី (ស៊ីប៊ីស៊ី) បានលើកឡើងថា ការវាយតម្លៃអចលនទ្រព្យជាចំណុចមួយដ៏សំខាន់នៅក្នុងការចូលរួមចំណែកក្នុងការវាយតម្លៃឥណទាន ហើយការផ្តោតសំខាន់របស់ ស៊ីប៊ីស៊ី គឺធ្វើឱ្យការវាយតម្លៃឥណទានអាចឱ្យអ្នកប្រើប្រាស់ទិន្នន័យងាយស្រួលជាងមុន។
លោកថ្លែង៖ «បើយើងមើលទំហំឥណទានសរុបនៅក្នុងវិស័យហិរញ្ញវត្ថុទៀត យើងឃើញថា ជាង ៥០ ភាគរយនៃឥណទានដែលបានបញ្ចេញលើទីផ្សារគឺជាឥណទានដែលមានការធានាដោយមានទ្រព្យបញ្ចាំ ហើយក្នុងនោះទ្រព្យបញ្ចាំភាគច្រើនទៀតគឺជាដីធ្លីនិងផ្ទះ ដែលប្រតិបត្តិការនេះមានប្រហែល ១៥០ ០០០ ទៅ ២០០ ០០០ ប្រតិបត្តិការ ក្នុង ១ ខែ»។
លោកបានបន្តថា ក្រុមហ៊ុន វីត្រាស់ ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលមានជំហរច្បាស់លាស់យូរអង្វែង ហើយជាក្រុមហ៊ុនមួយដែលបានបម្រើនៅក្នុងវិស័យអចលនទ្រព្យតាំងពីឆ្នាំ ២០០៤ ហើយដំណើរការនៃការកសាងគ្រឹះឌីជីថលរបស់ក្រុមហ៊ុននេះគឺជាដំណោះស្រាយដ៏ឈ្លាសវៃមួយនៅក្នុងការវាយតម្លៃអចលនទ្រព្យ ដែលអាចផ្លាស់ប្តូរនូវរបៀបនៃការវាយតម្លៃអចលនទ្រព្យដែលកំពុងតែប្រើប្រាស់ក្នុងទីផ្សារសព្វថ្ងៃប្រកបដោយប្រសិទ្ធភាពជាងមុន។
លោកបន្តថា៖ «យើងទាំង ២ មានលទ្ធភាពរឹងមាំមែនទែនក្នុងការស្វែងរកឱកាសក្នុងការសហប្រតិបត្តិការជាមួយគ្នា ហើយដោយសារតែក្រុមហ៊ុនទាំង២ យើងមានដំណោះស្រាយ ដែលអាចបំពេញគ្នាទៅវិញទៅមកដែលអាចផ្តល់តម្លៃបន្ថែមដល់វិស័យហិរញ្ញវត្ថុទាំងមូល។ អនុស្សរណៈថ្ងៃនេះ គឺជាសក្ខីកម្មមួយដែលបង្ហាញអំពីកិច្ចសហការរបស់យើង ហើយខ្ញុំជឿថាវាកាន់តែបង្ហាញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដើម្បីឱ្យយើងអាចស្វែងរកនូវគំរូអាជីវកម្មរួមគ្នាមួយ ដែលអាចធ្វើម៉េចឱ្យមានប្រសិទ្ធភាពខ្ពស់ទៅដល់វិស័យហិរញ្ញវត្ថុ»។
របាយការណ៍ត្រីមាសទី ១ ឆ្នាំ ២០២១ របស់ ស៊ីប៊ីស៊ី បានបង្ហាញថា គិតត្រឹមដំណាច់ខែមីនាឆ្នាំ ២០២១ នេះ ឥណទានអចលនទ្រព្យមានចំណែកដល់ទៅ ៥១,៧២ ភាគរយនៃសមតុល្យឥណទានបុគ្គលសរុបនៅកម្ពុជា ១០,៣៩ ពាន់លានដុល្លារ។
របាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ឱ្យដឹងថា ទុនវិនិយោគវិស័យសំណង់ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២០ មានតម្លៃ ៥ ៨៦៨ លានដុល្លារ ថយចុះ ៩,៦ ភាគរយពី ៦ ៤៩៤ លានដុល្លារក្នុងរយៈពេលដូចគ្នាឆ្នាំ ២០១៩៕ LA