ក្រុងអូតាវ៉ាៈ ក្រុមហ៊ុន​ផ្តល់​សេវា​ស្នាក់នៅ​អនឡាញ Airbnb បានប្រកាស​កាលពី​សប្តាហ៍​មុន​ថា អតិថិជន​អាយុ​ក្រោម ២៥ ​ឆ្នាំ​ នឹង​មិន​អាច​ជួល​អចលនទ្រព្យ​ទាំងមូល​នៅលើ​គេហទំព័រ Airbnb ក្នុងប្រទេស​ កាណាដា ​បាន​ទៀត​ទេ​។

ការប្រកាស​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ករណី​បាញ់សម្លាប់​មនុស្ស​នៅ​អាផាតមិន​មួយ​ក្នុង​ទីក្រុង​តូរ៉ុងតូ​ដែល​ផ្ទះ​នោះ​ត្រូវបាន​កក់​ទុក​តាមរយៈ​គេហទំព័រ​នេះ​។

ការរឹតបន្តឹង​នេះ​នឹង​អនុវត្ត​ចំពោះតែ​ផ្ទះ​ដែល​អ្នកប្រើប្រាស់​វ័យក្មេង​របស់​គេហទំព័រ Airbnb មាន​បំណង​ជួល​នៅក្នុង​សហគមន៍​ដែល​ពួកគេ​រស់នៅ​រួចហើយ​ប៉ុណ្ណោះ​។

ភ្ញៀវ​មាន​អាយុ​ក្រោម ២៥ ​ឆ្នាំ​នឹង​នៅតែ​អាច​កក់​ទុក​បន្ទប់​ឯកជន​មួយ​នៅក្នុង​លំនៅឋាន​របស់​ម្ចាស់ផ្ទះ និង​អាច​ត្រូវបាន​លើកលែង​ពី​ការហាមឃាត់​នេះ ប្រសិន​បើ​ពួកគេ​ទទួល​បាន​ការវាយតម្លៃ​វិជ្ជមាន​ក្នុង​រយៈពេល​យ៉ាងហោចណាស់​ ៣ ​លើក​ថ្មីៗ​។

លោក Chris Lehane អនុប្រធាន​ក្រុមហ៊ុន Airbnb បាន​ប្រាប់​សន្និសីទ​ព័ត៌មាន​មួយ​ថា គោលបំណង​នេះ​នឹង​ទប់ស្កាត់​ការប្រើប្រាស់​ដោយ​មិនមាន​ការអនុញ្ញាត​នៃ​អចលនទ្រព្យ​របស់​គេហទំព័រ Airbnb ដែល​រួមមាន​ទាំង​សម្រាប់ «​ភាគី​ដែល​មិន​មាន​ការអនុញ្ញាត​» ផងដែរ​។

លោក​ថ្លែងថា​៖ «​យើង​ដឹង​ពី​ការស្រាវជ្រាវ​របស់​យើង​ថា ៩៩,៩ ​ភាគរយ ​នៃ​អតិថិជន​នៅលើ​គេហទំព័រ Airbnb ជា​មនុស្ស​ល្អ និង​ចាត់ទុក​ផ្ទះ​ទាំងនេះ​ដូចជា​ផ្ទះ​ផ្ទាល់​របស់​ពួកគេ​»​។

លោក​បន្តថា​៖ «​យើង​មាន​អត្រា​ឧប្បត្តិហេតុ ០,៣ ​ភាគរយ ​នៅក្នុង​គេហទំព័រ​របស់​យើង នៅពេល​និយាយ​អំពី​បញ្ហា​ដែល​ជាប់ទាក់ទង​នឹង​ការខូចខាត​អចលនទ្រព្យ និង​អត្រា​ឧប្បត្តិហេតុ ០,៦ ​ភាគរយ​ នៅពេល​វា​ជាប់ទាក់ទង​នឹង​បញ្ហា​សន្ដិសុខ​ផ្ទាល់ខ្លួន​។

លោក​ថ្លែងថា​៖ «​តួលេខ​ទាំងនោះ​មាន​កាន់តែ​ខ្ពស់​នៅពេល​អ្នក​សម្លឹងមើល​ក្នុងការ​កក់ទុក​ដែល​បាន​ធ្វើឡើង​ដោយ​អតិថិជន​អាយុ​ក្រោម ២៥ ​ឆ្នាំ​ ក្នុង​សហគមន៍​ដែល​ពួកគេ​រស់នៅ​»​។

លោក​បញ្ជាក់ថា បើ​វា​ទទួល​បាន​ជោគជ័យ​គម្រោង​សាកល្បង​កាត់បន្ថយ​អំពើហិង្សា និង​ការធ្វើឲ្យ​ខូច​ចំពោះ​ទ្រព្យសម្បត្តិ​នេះ​អាច​ត្រូវបាន​អនុវត្ត​នៅក្នុង​យុត្តាធិការ​ផ្សេងទៀត​។

វិធានការ​នេះ​ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​បុរស ៣ ​នាក់​ ដែល​មាន​អាយុ​ពី​ ១៩ ​ឆ្នាំ ២០ ​ឆ្នាំ និង​ ២១ ​ឆ្នាំ ​ត្រូវបាន​បាញ់សម្លាប់​ក្នុង​អាផាតមិន​មួយ​ក្នុង​ទីក្រុង Toronto​។ មនុស្ស ២ ​នាក់​ផ្សេងទៀត​រងរបួស​។

កាលពី​ថ្ងៃទី​ ៨ ខែ​មករា មនុស្ស​អាយុ ១៨ ​ឆ្នាំ​ ម្នាក់​ក៏ត្រូវ​បាន​សម្លាប់​នៅក្នុង​ផ្ទះជួល​ដោយ​ក្រុមហ៊ុន Airbnb នៅ​ទីក្រុង​អូតាវ៉ា​ផងដែរ​។

កាលពី​ខែតុលា​មុន ខ្មាន់កាំភ្លើង​ម្នាក់​បាន​បើក​ការបាញ់ប្រហារ​នៅក្នុង​ពិធីជប់លៀង​ក្នុងផ្ទះ​មួយ​នៅ​ទីក្រុង Orinda រដ្ឋ​កាលីហ្វ័រនីញ៉ា​ដែល​ជា​ការជួល​ដោយ​ក្រុមហ៊ុន Airbnb​។ បុរស​ ៤ ​នាក់ និង​ស្ដ្រី​ម្នាក់​ត្រូវ​បាន​សម្លាប់​។

លោក Lehane ក៏បាន​ប្រកាស​ខ្សែទូរស័ព្ទ​ទាន់​ហេតុការណ៍ ២៤ ​ម៉ោង​ផងដែរ​សម្រាប់​អ្នកជិតខាង​ដែល​សង្ស័យ​ថា មាន​អាកប្បកិរិយា​មិនល្អ​នៅក្នុង​អចលនទ្រព្យ​របស់​ក្រុមហ៊ុន Airbnb ព្រមទាំង​ធ្វើជា​ដៃគូ​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​របស់​ប្រទេស​កាណាដា​ដែល​បញ្ចុះបញ្ចូល​ឲ្យ​មាន​ច្បាប់​ត្រួតពិនិត្យ​កាំភ្លើង​កាន់តែ​តឹងរ៉ឹង​។

ក្រុមហ៊ុន Airbnb ឲ្យ​ដឹងថា​មនុស្ស ២ ​លាន​នាក់​ស្នាក់នៅ​ក្នុងផ្ទះ​ដែល​ចុះបញ្ជី​ជាមួយ​ក្រុមហ៊ុន​របស់​ខ្លួន​នៅក្នុង​ទីក្រុង ១០០ ០០០ ជា​រៀងរាល់​យប់​៕ LA