ក្រុងវ៉ាស៊ីនតោនៈ កាសែត The Wall Street Journal (WSJ) បានរាយការណ៍កាលពីថ្ងៃសុក្រថា ក្រុមហ៊ុន Trump Organization កំពុងពិចារណាលក់សិទ្ធិជួលសណ្ឋាគារប្រណីតដែលខ្លួនប្រតិបតិ្តការនៅទីក្រុងវ៉ាស៊ីនតោន។
លោក Eric Trump អនុប្រធានប្រតិបត្តិក្រុមហ៊ុន Trump Organization និងជាកូនប្រុសម្នាក់ក្នុងចំណោមកូនប្រុសជាច្រើនរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់កាសែត The Journal ថា ក្រុមហ៊ុនរបស់លោកបានជួលក្រុមហ៊ុនអចលនទ្រព្យ JLL ដើម្បីធ្វើទីផ្សារសម្រាប់សណ្ឋាគារ Trump International Hotel។
កាសែតនេះបានឲ្យដឹងថា ហេតុផលមួយក្នុងចំណោមមូលហេតុជាច្រើន ដែលក្រុមហ៊ុនកំពុងពិចារណាការលក់នេះគឺការរិះគន់ថា ក្រុមហ៊ុន Trump Organization កំពុងរំលោភលើច្បាប់ក្រមសីលធម៌ ដោយការទទួលអត្ថប្រយោជន៍ពីសណ្ឋាគារនេះ។
លោក Eric Trump បានប្រាប់កាសែត Journal ថា៖ «ប្រជាជនកំពុងជំទាស់នឹងពួកយើងដែលរកប្រាក់បានច្រើនពីសណ្ឋាគារនេះ ហើយអាស្រ័យហេតុនេះយើងអាចមានបំណងចង់លក់ [អាជីវកម្ម]»។
លោកបន្ថែមថា៖ «ចាប់តាំងពីយើងបានបើកទ្វាររបស់យើង យើងបានទទួលអត្ថប្រយោជន៍ដ៏ធំនៅក្នុងសណ្ឋាគារនេះ ហើយក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ យើងតែងតែចង់ស្វែងរកជម្រើសរបស់យើង»។
អគារវ៉ាស៊ីនតោនដែលស្ថិតនៅតំបន់ទីប្រជុំជនដែលប្រែក្លាយជាសណ្ឋាគារ Trump International Hotel គឺជាអចលនទ្រព្យរដ្ឋាភិបាល ហើយត្រូវបានជួលឲ្យក្រុមហ៊ុន Trump Organization ក្នុងរយៈពេលរហូតដល់ ១០០ ឆ្នាំ។
កាសែត Journal ដែលដកស្រង់ប្រភពដឹងពីបញ្ហានេះបានឲ្យដឹងថា ក្រុមហ៊ុននេះកំពុងសង្ឃឹមថានឹងទទួលបានជាង ៥០០ លានដុល្លារ សម្រាប់ការលក់សិទ្ធិជួលនេះ។
ក្រុមហ៊ុន Trump Organization បានប្រតិបត្តិការសណ្ឋាគារនេះចាប់តាំងពីឆ្នាំ ២០១៦ មក។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានច្រានចោលការចោទប្រកាន់ថា លោកកំពុងទទួលអត្ថប្រយោជន៍ពីតំណែងប្រធានាធិបតីរបស់លោក ហើយចាប់តាំងពីការចូលក្នុងសេតវិមានលោកបានទស្សនាសណ្ឋាគារនេះ និងអចលនទ្រព្យរបស់លោកមួយចំនួនទៀតក្នុងឱកាសជាច្រើន។
កាលពីដើមខែនេះ សេតវិមានបានប្រកាសថា កិច្ចប្រជុំប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ៧ (G7) នៅឆ្នាំក្រោយនឹងត្រូវធ្វើឡើងនៅក្នុងក្លិបមួយក្នុងចំណោមក្លិបវាយកូនហ្គោលជាច្រើននៅរដ្ឋ Florida របស់ប្រធានាធិបតី ប៉ុន្តែលោក ត្រាំ បានផ្លាស់ប្តូរការសម្រេចចិត្តនេះយ៉ាងរហ័ស ដោយសារតែមានការរិះគន់កាន់តែច្រើនឡើងៗ៕ LA