ភ្នំពេញ: ក្រុមហ៊ុន Urbanland ដែល​គ្រប់គ្រង​ដោយ​វិនិយោគិន​ក្នុងស្រុក បាន​ប្រកាស​គម្រោង​អភិវឌ្ឍន៍​បុរី​ថ្មី​ ១ ​នៅ​ភាគ​ខាងត្បូង​ទីក្រុង​ភ្នំពេញ​ដែល​ហៅថា Chankiri Palm Creek គ្រោង​នឹងដាក់​លក់​នៅ​ឆ្នាំក្រោយ​។ អ្នកជំនាញ​ថ្លែងថា បុរី​ដែល​អភិវឌ្ឍ​ថ្មីៗ​នឹង​នៅ​តែ​ជោគជ័យ​ប្រសិនបើ​អ្នក​អភិវឌ្ឍន៍​ផ្តោតលើ​ក្រុម​អ្នក​ឋាន:​កណ្តាល និង​មធ្យម​។

គម្រោង Chankiri ត្រូវ​បាន​ប្រកាស​កាលពី​ថ្ងៃទី​ ៥ ខែ​តុលា គម្រោង​នេះ​នឹង​ក្លាយជា​ផែនការ​មេ​លំនៅឋាន​បុរី​លើកដំបូង​របស់​ក្រុមហ៊ុន Urbanland ដែលមាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​ ២ ចេញពី​មហាវិថី ហ៊ុន សែន នៅ​ភាគខាងត្បូង​ទីក្រុង​ភ្នំពេញ​។ ​ក្រុមហ៊ុន​គ្រោង​នឹង​បើក​លក់​ជា​ផ្លូវការ​នៅ​ដើមឆ្នាំ​ក្រោយនេះ​។

លោក Hok Kang នាយក​គ្រប់គ្រង​ទូទៅ​របស់ Urbanland បានឱ្យដឹងថា ជាមួយ​នឹង​ការអភិវឌ្ឍ​ដែល​ទទួលបាន​ពានរង្វាន់ ដូចជា​គម្រោង Raintree និង​គម្រោង Embassy Central នៅ​ទីក្រុង​ភ្នំពេញ និង​គម្រោង Treeline Urban Resort នៅ​សៀមរាប​ដែល​បាន​ផ្ដល់ជូន​ដោយ​ជោគជ័យ​ចាប់​តាំងពី​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​បង្កើតឡើង​កាលពី​ឆ្នាំ​ ២០១៣ ក្រុមហ៊ុន Urbanland កំពុង​បង្កើន​ស្ដង់ដា​កាន់តែ​ខ្ពស់​នៅក្នុង​គម្រោង​អភិវឌ្ឍន៍​បុរី​ខាងមុខនេះ​។

«​សម្រាប់​គម្រោង​ខាងមុខ​របស់​យើង យើង​បង្កើត​គំនិត​លំនៅឋាន​របស់​យើង​ជាមួយ​ប្រជាជន​បង្កើត​ទីកន្លែង​ឧទ្យាន ដែល​អាច​ឱ្យ​សហគមន៍ ដើម្បី​រីកលូតលាស់ និង​ធ្វើឱ្យ​ប្រជាជន​តភ្ជាប់​ជាមួយ​នឹង​ធម្មជាតិ​។ យើង​បាន​ចំណាយ​ពេលវេលា​ពាក់កណ្ដាល​នៃ​ជីវិត​របស់​យើង​ទៅលើ​ការអភិវឌ្ឍ និង​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ទីកន្លែង​ដែល​យើង​រស់នៅ​។ ការកែលម្អ​ទីកន្លែង​នឹង​ធ្វើឱ្យ​ការរស់នៅ​របស់​ប្រជាជន​មាន​ភាពប្រសើរ​ឡើង​កាន់តែ​ខ្លាំង​។ ពេលនេះ យើង​កំពុង​ផ្ដល់​អាទិភាព​ដល់​អ្វីដែល​យើង​ដឹងថា មនុស្ស​យកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​​អំពី​វា ដូចជា​សន្ដិសុខ និង​សុវត្ថិភាព មុខងារ​ខាងក្នុង​សហគមន៍ និង​កម្មសិទ្ធិ ការពិចារណា​ដោយ​ប្រុងប្រយ័ត្ន​នៃ​លំហូរ​ពន្លឺ និង​ខ្យល់​នៅ​ខាង​ក្នុងនៃ​ផ្ទះ​នីមួយៗ​»​។

លោក ចេង ខេង ប្រធាន​អគ្គនាយក​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ CPL បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា លោក​នៅតែ​មើលឃើញ​អំពី​សកម្មភាព​ទិញ-លក់​ទីផ្សារ​បុរី​នៅ​ដំណើរការ​ជា​ប្រក្រតី​សម្រាប់​តម្លៃ​បុរី​ដែលមាន​តម្លៃ​ចាប់ពី​ ១០ ​ម៉ឺន​ដុល្លារ​ចុះ ប៉ុន្តែ​សម្រាប់​បុរី​ដែលមាន​តម្លៃ​ចាប់ពី​ ១០ ​ម៉ឺន​ដុល្លារ​ឡើង​គឺមាន​និន្នាការ​ធ្លាក់ចុះ​។ លោក​ថា​៖ «​ខ្ញុំ សង្កេត​ឃើញ​ថា​តម្រូវការ​បុរី​នៅតែ​មាន​សម្រាប់​ការអភិវឌ្ឍ​ដែលមាន​តម្លៃ​សមរម្យ​ក្រោម​ ១០ ​ម៉ឺន ប៉ុន្តែ​សម្រាប់​តម្លៃ​លើ​នេះ​គឺ​កំពុងមាន​និន្នាការ​ធ្លាក់ចុះ​»​។

លោក ចេង ខេងថា ទីផ្សារ​អភិវឌ្ឍន៍​គឺមាន​តម្រូវការ​ស្ទើរ​គ្រប់​ទីកន្លែង​នៃ​ជាយក្រុង និង​តាម​ផ្លូវជាតិ​សំខាន់​ដូចជា​ផ្លូវជាតិ​លេខ​ ២ ប៉ុន្តែ​លោក​ថា ចំពោះ​ការអភិវឌ្ឍ​ដែល​ជោគជ័យ​គឺ​ត្រូវ​កំណត់​ឱ្យបាន​ច្បាស់​អំពី​អតិថិជន​គោលដៅ​គឺ​ក្រុម​អ្នក​ឋាន:​កណ្តាល និង​មធ្យម​។

កម្ពុជា​បាន​នាំចូល​សម្ភារ​សំណង់​មានតម្លៃ ៥៦៥,៩១ ​លាន​ដុល្លារ​នៅ​ឆមាស​ទី​ ១ ​ឆ្នាំ​នេះ ខណៈ​ការនាំ​ចូលក្នុង​ឆ្នាំ​ ២០១៩ ​សរុប​គឺ ១,៥០៦៥៥ ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ និង​រដ្ឋាករ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ក្នុង​រយៈ​ ១ ​ឆ្នាំ​ ២០១៩ កម្ពុជា​បាន​នាំចូល​ដែកថែប ៧២២ ៦២១ ​តោន មានតម្លៃ ៤៧៧,១៩ ​លាន​ដុល្លារ ស៊ីម៉ងត៍ ១,៩៧ ​លាន​តោន មាន​តម្លៃ ១២៩ ​លាន​ដុល្លារ និង​សម្ភារ​សំណង់ ១,៧ ​លាន​តោន​មាន​តម្លៃ​ ៩០០,៥១ ​លាន​ដុល្លារ​។

បើ​យោងតាម​ក្រសួង​បាន​រាយការណ៍​ឱ្យដឹងថា រាជរដ្ឋាភិបាល​បានអនុម័ត​គម្រោង​ថ្មី​នៅក្នុង​វិស័យ​សំណង់​មាន​តម្លៃ​ជាង​ ៣,៨៤ ​ពាន់​លាន​ដុល្លារ ក្នុងអំឡុង​ឆមាស​ទី​ ១ ​ឆ្នាំ​នេះ កើនឡើង​ ១៣,២៦ ​ភាគរយ​ប្រចាំឆ្នាំ​៕LA