The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុម​អ្នក​ជំនាញ​អចលនទ្រព្យ​ថា​ឆ្នាំ​២០១៧​ នឹង​បន្ត​រក្សា​កំណើន​យឺត

ក្រុម​អ្នក​ជំនាញ​អចលនទ្រព្យ​ថា​ឆ្នាំ​២០១៧​ នឹង​បន្ត​រក្សា​កំណើន​យឺត

Content image - Phnom Penh Post
បើ​យោង​តាម​អ្នក​ជំនាញ​ផ្នែក​អចលនទ្រព្យ​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៧​ ទីក្រុង​ភ្នំពេញ​និង​មាន​ការ​អភិវឌ្ឍ​វិស័យ​នេះ​យឺត​ជាង​បច្ចុប្បន្ន។ មឿន ញាណ

ក្រុម​អ្នក​ជំនាញ​អចលនទ្រព្យ​ថា​ឆ្នាំ​២០១៧​ នឹង​បន្ត​រក្សា​កំណើន​យឺត

នៅ​សល់​រយៈ​ពេល​មិន​ដល់​ពីរ​ខែ​ទៀត​នោះ​ទេ ឆ្នាំ​២០១៧​ នឹង​ចូល​មក​ដល់​ដែល​ជា​វដ្ត​មួយ​នៃ​ការ​ថយ​ចុះ ឬ​កើន​ឡើង​សម្រាប់​វិស័យ​អចលនទ្រព្យ ហើយ​វា​ជា​ពេល​វេលា​មួយ​ដែល​អ្នក​ជំនាញ​អចលនទ្រព្យ​បាន​បង្ហាញ​ការ​ប្រុងប្រយ័ត្ន​នៅ​ពេល​និយាយ​ពី​ទីផ្សារ និង​ឱកាស​វិនិយោគ​ក្នុង​វិស័យ​នេះ ខណៈ​ឆ្នាំ​នេះ​ជា​ពេល​ដែល​វិស័យ​នេះ​មាន​ភាព​ស្រអាប់​រួច​ទៅ​ហើយ​។

​ព្រឹត្តិការណ៍​ធំៗ​ពីរ​នឹង​កើត​ឡើង​នៅ​ឆ្នាំ​២០១៧ នោះ​គឺ​ការបោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-​​សង្កាត់ គឺជា​ព្រឹត្តិការណ៍​ដែល​អាច​ជា​ក្តី​បារម្ភ​សម្រាប់​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ឆ្នាំ​ក្រោយ​នេះ ក៏​ជា​ពេល​ដែល​កម្ពុជា អាច​បង្ហាញ​នូវ​កិត្យានុភាព​របស់​ខ្លួន​ប​ន្ថែ​ម​ទៀត​តាម​រយៈ​ការរៀប​ចំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ខែ​ឧសភា​ខាង​មុខ ជា​ពេល​ដែល​អ្នក​វិនិយោគ​អន្តរជាតិ​ជាច្រើន នឹង​មក​កាន់​ប្រទេស​នេះ​។​

​លោក សន សៀប ស្ថាបនិក និង​ជា​នាយក​ក្រុមហ៊ុន Key Real Estate បាន​ថ្លែង​ឲ្យ​ដឹង​កាល​ពី​សប្តាហ៍​មុន​ថា វិស័យ​អចលនទ្រព្យ​កម្ពុជា​នៅ​ឆ្នាំ​២០១៧​ខាង​មុខនេះ​នឹង​មាន​កំណើន​យឺត​ជាង​ឆ្នាំ​២០១៦ ដោយ​សារ​កត្តា​ពីរ ទី​១ ការ​ថយ​ចុះ​នូវ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចិន​រឹតបន្តឹង​មូលនិធិ​មិន​ឲ្យ​ហូរ​ចេញ​ក្រៅ និង​ទី​២ ដោយ​សារ​ជា​ឆ្នាំ​នៃ​ការ​បោះ​ឆ្នោត ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ដែល​តែង​តែ​​បង្កក្តី​បារម្ភ ដល់​អ្នក​វិនិយោគ​ជាតិ និង​អន្តរជាតិ​។​

​លោក​បន្ត​ថា​ ៖ «​នៅ​ក្នុង​វិស័យ​នេះ​ការ​វិនិយោគ​និង​ការលក់​ខុនដូ​ជា​ផ្នែក​ដែល​គេ​ចាប់​អារម្មណ៍​ច្រើន​ ជាង​គេ ដោយ​សារ​អគារ​ខុនដូ​មាន​ចំនួន​ច្រើន និង​ខ្ពស់ៗ ប៉ុន្តែ​បើ​មើល​​ពី​តម្រូវការ និង​ការ​ផ្គត់​ផ្គង់​បច្ចុប្បន្ន​មិន​ទាន់​មាន​បញ្ហា​នៅ​ឡើយ​​ទេ​»​។ លោក​បន្ថែមថា​ ៖ «ប្រសិនជា​យើង​មើល​​ពី​តួ​លេខ​​នា​ពេល​អនាគត ពី​ចំនួន​ខុនដូ​ផ្គត់ផ្គង់​ចូល​ទីផ្សារ​ថា​លើស​តម្រូវ​ការ​ឬ​យ៉ាងណា យើង​មិន​អាច​និយាយ​បាន​នោះទេ ព្រោះ​រយៈ​ពេល​ពីរ​ទៅ​បី​ឆ្នាំ​ខាង​មុខ ទំហំ​នៃ​តម្រូវការ​ជាក់​ស្តែង ក៏​យើង​មិន​ទាន់​ដឹង​នៅឡើយ​ផងដែរ​»​។​

​លោក Michael S. Nhim សមាជិក​ក្រុម​អ្នក​វិនិយោគ​នៃ​ក្រុមហ៊ុន SIDO GROUP បាន​ថ្លែងថា ស្ថាន​ភាព​អចលនទ្រព្យ​ឆ្នាំ​២០១៧ នឹង​មាន​ស្ថានភាព​ដដែល​ដូចគ្នា​នឹង​ឆ្នាំនេះ ដោយ​សារ​វា​ជា​ឆ្នាំ​នៃ​ការ​បោះឆ្នោត ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ក្នុង និង​ក្រៅ​ប្រទេស​មិនសូវ​ហ៊ាន​ទិញ ពួកគេ​ត្រូវ​រង់ចាំ​មើលព្រោះ​ពេល​កៀកនឹង​ការ​រៀបចំ​ការ​បោះឆ្នោត ស្ថានភាព​នៅ​ប្រទេស​ណា​ក៏ដូច​ប្រទេស​ណា​ដែរ មិន​មែន​តែ​កម្ពុជា​នោះ​ទេ​។​

​លោក​បន្តថា​ ៖ «​ស្ថានភាព​ឆ្នាំ​ក្រោយ​អចលនទ្រព្យ សម្រាប់​អ្នក​មាន​ប្រាក់​ចំណូ​​ល​មធ្យម និងក្រោម​​មធ្យម​នឹង​កើន​ឡើង​ដោយ​សារ​មាន​គូ​ស្រករ​ថ្មីៗ​រៀបការ​ច្រើន ហើយ​​ការ​វិនិយោគ​ផ្តោត​លើ​ប្រជាជនមាន​ប្រាក់​ចំណូល​មធ្យម​មិន ​សូវមាន​ហានិភ័យ​នោះទេ ព្រោះ​ចំនួន​ទឹកប្រាក់​តិច​»​។ លោក​បន្ត​ថា​ ៖ «​ផ្ទុយ​ទៅ​វិញ​អចលនទ្រព្យ​សម្រាប់​អ្នកមាន​ជីវភាព​ខ្ពស់ នឹង​ស្ថិតក្នុង​សភាព​ទ្រឹង​ដូច្នេះ​ដំណាក់​កាល​នេះ អ្នក​វិនិយោគ​ក្រោម​ទំហំ​ទឹកប្រាក់​១០០​លាន​ដុល្លារ​អាច​ទៅ​មុខ​បាន តែ​អ្នក​វិនិយោគ​លើ​ទឹក​​ប្រាក់​១០០​លាន​ដុល្លារ​ឡើង​ទៅ​​គួរ​ពិចារណា​សិន»។​

​លោក Michael បាន​បន្ត​ថា​ ៖ «​ស្ថានភាព​អចលនទ្រព្យ​នៅ​ឆ្នាំ​ក្រោយ មិន​ជាប់​គាំង​នោះទេ តែ​ស្ថានភាព​គឺ​ដូច​ការ​លើក​ឡើង​ខាង​លើ ដូច្នេះ​មិន​មាន​សញ្ញា​អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ​ទេ​»​។​

​ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក គីម ហ៊ាង បាន​ថ្លែង​ថា ឆ្នាំ​២០១៧ ជា​ពេល​ដែល​រោងចក្រ ឧស្សាហកម្ម​មួយចំនួន​ងាក​ចេញ ទៅ​កាន់​ជាយ​ក្រុង​បណ្តើរៗ ប៉ុន្តែ​វា​មិន​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​កើន​ឡើង​នោះ​ទេ ព្រោះ​តម្លៃ​ដី​នៅ​ជាយក្រុង​បាន​ឡើងថ្លៃ​ខ្ពស់​រួចទៅហើយ​។ លោក​បន្តថា បើ​និយាយ​ពី​ខុន​ដូ គឺជា​ពេល​ដែល​ខុន​ដូ​ថ្មីៗ​បញ្ចប់​ការ​សាង​សង់​តិច​បំផុត ព្រោះ​មាន​តែ​ក្រុមហ៊ុន​មាន​មូលដ្ឋាន​ហិរញ្ញវត្ថុ​រឹង​មាំ ទើប​អាច​សាងសង់​ចប់​តាម​ពេលវេលា តែ​ក្រុមហ៊ុន​ដែល​លក់​យកប្រាក់​មក​សាងសង់ គម្រោង​ពួកគេ​ប្រឈម​មុខ​នឹង​ការ​ជាប់​គាំង ឬ​ពន្យា​រពេល​បញ្ចប់​គម្រោង​របស់​ខ្លួន​។​

​លោក​បន្តថា​ ៖ «​អចលនទ្រព្យ​នៅ​​ឆ្នាំ​២០១៧ នឹងមិន​រីកចម្រើន​ដូច​ឆ្នាំ​២០១៥​នោះទេ កំណើននឹង​​កើន​ឡើង​តិច​តួច​បំផុត​»​។ លោក​​បន្តថា ​៖ «​ស្ថានភាព​ពេល​នេះ​បាន​ឈាន​ដល់​ដំណាក់​កាល​មាន​ការ​ផ្គត់ផ្គង់​ច្រើន មាន​អ្នកលក់​ច្រើនតែ​មិន​សូវ​មាន​អ្នក​ទិញ​ព្រោះ​​​លំហូរ​អ្នក​វិនិយោគ​ថ្មីៗ​មាន​ចំនួន​តិច ហើយ​អ្នក​គួរ​មក​បាន​មក​រួច​ហើយ​»​។​

​លោក គីម ហ៊ាង បាន​បន្ត​ថា កំណើន​រីកចម្រើន​យឺត​ក្នុង​វិស័យ​នេះ ពិតជា​រង​ផលប៉ះពាល់​មួយ​ផ្នែក​​មកពី​ការ​បោះឆ្នោត ដែល​ធ្វើ​ឲ្យ​អ្នក​ក្នុង​ស្រុក​មិន​ហ៊ាន​បញ្ចេញ​លុយ ហើយ​អ្នក​វិនិយោគ​បរទេស ស្ថិត​ក្នុង​ស្ថានភាព​រង់​ចាំមើល​។​

​ទោះជា​ការលក់​មាន​កំណើន​យ៉ាង​ណាក្តី ក៏​ទុនវិនិយោគ​នៅ​កម្ពុជា​​ក្នុង​រយៈពេល​៩​ខែ​ដើម​ឆ្នាំនេះ ​មាន​ទំហំ​រហូត​ដល់ ៧៥៦០​លាន​ ដុល្លារ​អាមេរិក កើន​ឡើង​រហូត​ដល់​ជាង​៣៣១​ភាគរយ ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​

​លោក​ឧកញ៉ា ចេង ខេង ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Hutton CPL បាន​ថ្លែង​ថា បើ​និយាយ​ពី​ស្ថានភាព​អចលនទ្រព្យ​នៅ​ក្នុង​ឆ្នាំ​នេះ​មាន​មតិ​ខុសៗ​គ្នា​លើក​ឡើង​ថា ការលក់​យឺត​ជាង​ឆ្នាំមុន និង​អ្នក​ខ្លះ​ទៀតថា លក់​ប្រសើរ​ជាង​ឆ្នាំមុន ដូចជា​ក្រុមហ៊ុន​លោក​ជាដើម ដូច្នេះ​គេ​មិន​មាន​​ទិន្នន័យ​សម្រាប់​និយាយ​ជា​រួម​ថា​ឆ្នាំនេះ​ល្អ​ជាង​ឆ្នាំមុន​ឬ​មិន​ល្អ​នោះ​ឡើយ ប៉ុន្តែ​បើ​មើល​ដល់​ឆ្នាំ​២០១៧ លោក​សង្កេត​ឃើញ ថា ស្ថានភាព​ឆ្នាំ​២០១៧ អ្នក​វិនិយោគ​ក្នុង​ស្រុក​កំពុង​មាន​ភាព​ស្ទាក់ស្ទើរ តែ​អ្នក​វិនិយោគ​មកពី​ក្រៅ​ប្រទេស​ពួក​គេ​នៅតែ​បន្ត​សកម្ម​ភាព​ធម្មតា​។​

​លោក​ឧកញ៉ា សៀ រិទ្ធី អគ្គនាយក​ក្រុមហ៊ុន World Bridge Land ដែល​បាននិងកំពុង​វិនិយោគ​គម្រោង The Bridge និង The Peak តម្លៃ​ជិត​១០០០​លាន​ដុល្លារ បាន​ថ្លែងថា នៅ​ឆ្នាំនេះ​ម្នាក់ៗ​ភ្ញាក់ផ្អើល​ថា ការ​លក់​អចលនទ្រព្យ​ធ្លាក់ចុះ ប៉ុន្តែ​ការពិត​មិន​ដូច្នេះ​ទេ គឺមាន​អ្នកខ្លះ​លក់បាន​ច្រើន​អ្នក​ខ្លះ​លក់​បាន​តិច ដូច្នេះ​ពេល​ទូទាត់​ទៅ​គឺ​ការលក់​អចលន ទ្រព្យ​មិន​ធ្លាក់ចុះ​នោះទេ ដូច្នេះ​ឆ្នាំ​២០១៧ ខាង​មុខ ស្ថាន​ភាព​វិស័យ នេះ​មាន​ភាពដូចគ្នា​នឹង​ឆ្នាំ​នេះ​ដែរ​។

​លោក​បន្ត​ថា​ ៖ «​ស្ថានភាព​នៅ​ឆ្នាំ​ក្រោយ មិន​ឡើង មិន​ចុះ​ទេ គឺ​មាន ​​ភាព​ដូច​គ្នា​នឹង​ឆ្នាំ​នេះ ព្រោះ​ស្ថានការណ៍​នយោបាយ​មិន​រង​ផល​ប៉ះ​ពាល់​ទេ ប៉ុន្តែ​ឆ្នាំ​២០១៨​អ្វីៗ អាច​ស្ថិត​ក្នុង​សភាព​ទ្រឹង»។​

​លោក ម៉ី វ៉ាន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែងថា ស្ថានភាព​វិស័យ​អចលនវត្ថុ​សម្រាប់​ឆ្នាំ​ក្រោយ នឹង​មាន​កំណើន​យឺត មិនមាន​ភាព​រីកចម្រើន​ខ្លាំង​ដូច​ឆ្នាំនេះ​នោះទេ ប៉ុន្តែ​ វា​ក៏​មិន​ធ្លាក់ចុះ​នោះដែរ​ដោយ​​សារ​​សេដ្ឋកិច្ច​របស់​កម្ពុ​ជា​មាន​កំណើន​ថេរ ដូច្នេះ​វិស័យ​ដទៃ​ទៀត​នឹង​មាន​ស្ថិរភាព​។​

​ទោះជា​យ៉ាង​ណា​លោក Alexander Evengroen អគ្គនាយក​ក្រុមហ៊ុន Key Real Estate Ltd មិន​បាន​យល់​ស្រប​នឹង​ការ​លើក​ឡើង​ខាង​លើ​ឡើយ ដោយ​លោក​បាន​ថ្លែង​ថា ក្នុង​ពេល​ដែល​កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​វិស័យ​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុជា​នឹង​មាន​កំណើន​យឺត​ចាប់​តាំង​ពី​ឆ្នាំ​២០១៧​ខាង​មុខ​នេះ​។ អ្នក​អភិវឌ្ឍន៍​ចង់​ឃើញ និង​ស្ទង់​មើល​ទីផ្សារ​ដើម្បី​ឆ្លើយតប​ទៅនឹង​លទ្ធ​ភាព ដែល​អាច​មាន​ការ​ប្រែប្រួល​នៅ​ពេល​ខាង​មុខ នៅមុន​ពេល​ការ​ធ្វើ​សកម្មភាព​នៅ​កម្ពុជា ខណៈ​ពេល​​កម្ពុជា​ជា​សមាជិក​មួយ​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​។​

​លោក​បន្តថា​ ៖ «​វា​មាន​សារៈសំខាន់​ណាស់ ដែល​អ្នក​នៅក្នុង​វិស័យ​នេះ​ត្រូវ​ចាប់ផ្តើម​ធ្វើការ​រួមគ្នា ដើម្បី​ធ្វើ​ឲ្យ​មានឱ​កាស​វិនិយោគ និង​ ធ្វើ​ឲ្យ​សកម្មភាព​ទិញ​លក់​ដំណើរ​ការល្អ​ក្នុង​អំឡុង​ពេល​នេះ»៕

អត្ថបទគួរចាប់អារម្មណ៍