ទីក្រុងហុងកុងៈ ទីផ្សារ​អចលនទ្រព្យ​ថ្លៃ​បំផុត​នៅលើ​ពិភពលោក បាននិង​កំពុង​បាត់បង់​នូវ​ប្រភព​វិនិយោគ​ក្នុងស្រុក​ដ៏សំខាន់​បំផុត​របស់ខ្លួន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​សិង្ហបុរី Straitestimes ដែល​ដកស្រង់​បន្ត​ពី​សារព័ត៌មាន BLOOMBERG​។

ក្រុម​អ្នកទិញ​អចលនទ្រព្យ​ជនជាតិ​ចិនដីគោក​កំពុង​ចាកចេញ​ពី​អចលនទ្រព្យ​នៅ​ទីក្រុង​ហុងកុង ខណៈ​ការរីករាលដាល​វីរុស​កូរ៉ូណា​បាន​ជះឥទ្ធិពល​លើ​ចក្ខុវិស័យ​សេដ្ឋកិច្ច និង​កំពុង​រារាំង​ក្រុម​វិនិយោគិន​មិន​ឲ្យ​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​នេះ​។

យោងតាម​ក្រុមហ៊ុន CBRE Group Inc គ្មាន​ប្រតិបត្តិ​ការជួញដូរ​អចលនទ្រព្យ​ពាណិជ្ជកម្ម​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អ្នកទិញ​មកពី​ចិនដីគោក​ទេ នៅ​​ត្រីមាស​ទី​ ១ ​កន្លងមក​។ នេះ​ជា​លើក​ដំបូង​ហើយ​ចាប់តាំងពី​ឆ្នាំ​ ២០០៩ ​មក ខណៈ​ក្នុង​រយៈពេល​ ២-៣ ​ឆ្នាំ​កន្លង​មក​មាន​ក្រុម​វិនិយោគិន​ជនជាតិ​ចិន​ជាច្រើន​បាននាំ​គ្នា​សម្រុក​ទៅ​ទិញ​ការិយាល័យ​ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​។

លោក Reeves Yan ប្រធាន​ទីផ្សារ​មូលធន​នៅ​ក្រុមហ៊ុន​សេវា​អចលនទ្រព្យ CBRE Group Inc បាន​ថ្លែងថា​៖ «​អ្នកទិញ​ជនជាតិ​ចិន​ដីគោក​ជាច្រើន​កំពុង​ដកខ្លួន​ថយ​មួយ​ជំហាន ដោយសារ​តែ​ចក្ខុវិស័យ​សេដ្ឋកិច្ច និង​ជម្លោះ​ (​ការតវ៉ា​ប្រឆាំង​ពី​ក្រុម​អ្នកគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​) ​ដែល​បាន​ធ្វើឲ្យ​ពួកគេ​មាន​អារម្មណ៍​ថា​មិន​ស្វាគមន៍​»​។

លោក​ Yan បន្តថា ការគ្រប់គ្រង​មូលធន​ដែល​បាន​ដាក់​ដោយ​ទីក្រុង​ប៉េកាំង​លើ​ប្រាក់​ហូរ​ចេញ​ពី​ប្រទេស​ចិន ក៏​កំពុង​រង​ផលប៉ះពាល់​ដល់​អចលនទ្រព្យ​នៅ​ទីក្រុង​ហុងកុង​ដែរ​។

ទិន្នន័យ​ថ្មី​បំផុត​ពី​នាយកដ្ឋាន​ផ្ដល់​ចំណាត់ថ្នាក់ និង​វាយតម្លៃ​របស់​ទីក្រុង​ហុងកុង​បង្ហាញថា តម្លៃ​ការិយាល័យ​នៅ​ទីក្រុង​ហុងកុង​បាន​ធ្លាក់ចុះ​ ៨,៥ ​ភាគរយ​ក្នុង​ខែ​កុម្ភៈ​ធៀប​ដើមឆ្នាំ​មុន​។

ទីផ្សារ​លំនៅឋាន​ប្រណីត​របស់​ទីក្រុង​នេះ​កំពុង​ទទួលរង​ផលប៉ះពាល់​។ កូវីដ​១៩​បាន​រារាំង​ប្រជាជន​ក្នុង​ការធ្វើ​ដំណើរ​ទៅ​ទីក្រុង​ហុងកុង​។

យោង​តាម​ក្រុមហ៊ុន Savills Plc តម្លៃ​អចលនទ្រព្យ​ប្រណីត​ទូទាំង​ទីក្រុង​ហុងកុង​បាន​ធ្លាក់ចុះ​ជា​មធ្យម​ ៤,៥ ​ភាគរយ​នៅ​ត្រីមាស​ទី​ ១ ​ធៀប​ឆ្នាំ​ ២០១៨​។ តំបន់​ជុំវិញ​ស្ថានីយ West Kowloon ដែល​បាន​គាំទ្រ​ជាពិសេស​ដោយ​ជនជាតិ​ចិន​ដីគោក​ធ្លាក់ចុះ​ជិត​ ៧ ​ភាគរយ​។

លោក Raymond Lee អគ្គនាយក​ក្រុមហ៊ុន Savills របស់​ទីក្រុង​ហុងកុង និង​ក្រុមហ៊ុន Greater China បាន​ឲ្យ​ដឹង​នៅក្នុង​សន្និសីទ​ព័ត៌មាន​ខ្លី​មួយ​កាលពី​ខែ​មុន​ថា​៖ «​អ្នកទិញ​ភាគច្រើន​គឺជា​ប្រជាជន​រស់នៅក្នុង​តំបន់​»​។

ទោះយ៉ាងណា​អ្វី​ដែល​តម្រូវការ​ក្នុងស្រុក​មាន​នៅ​តែ​រឹងមាំ​។ ទីក្រុង​ហុងកុង បាន​កត់ត្រា​ចុង​សប្ដាហ៍​ល្អ​បំផុត​របស់​ខ្លួន​សម្រាប់​ការលក់​អាផាតមិន​បន្ទាប់បន្សំ​ក្នុង​រយៈពេល​ ៧ ​ឆ្នាំ​កាលពី​ចុង​សប្ដាហ៍​មុន​។

លោក Louis Chan នាយក​ទទួលបន្ទុក​ផ្នែក​លំនៅឋាន​របស់​ក្រុមហ៊ុន Centaline Property បាន​ថ្លែងថា​៖ «​ប្រជាជន​ទីក្រុង​ហុងកុង​រំពឹង​ថា ជំងឺ​កូវីដ​១៩ នឹង​ស្ថិតក្រោម​ការគ្រប់គ្រង​ជា​បណ្ដើរៗ ហើយ​កត្តា​នេះ​បាន​ធ្វើឲ្យ​ប្រសើរ​ឡើង​ដល់​ទំនុកចិត្ត​ទីផ្សារ​ដែល​មាន​ភាពមិន​ច្បាស់លាស់​»៕LA