The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុម​អ្នក​រិះគន់​ស្តីបន្ទោស ​ការ​ចំណាយ​លើ​ការ​ជួសជុល​ព្រះរាជ​ដំណាក់​នៅ​ទីក្រុង ​Vindsor ​នៅ​អង់គ្លេស

ក្រុម​អ្នក​រិះគន់​ស្តីបន្ទោស ​ការ​ចំណាយ​លើ​ការ​ជួសជុល​ព្រះរាជ​ដំណាក់​នៅ​ទីក្រុង ​Vindsor ​នៅ​អង់គ្លេស

Content image - Phnom Penh Post
ក្រុម​គ្រួសារ​រាជវង្ស​ស្តេច​អង់គ្លេស​នៅ​រាជវាំង Buckingham។ ការ​ជួសជុល​រាជ​ដំណាក់ Frogmore Cottage នៅ​ទីក្រុង Windsor Castle​ ដែល​ចំណាយ ៣ លាន​ដុល្លារ​រង​ការ​រិៈគន់។ រូបថត AFP

ក្រុម​អ្នក​រិះគន់​ស្តីបន្ទោស ​ការ​ចំណាយ​លើ​ការ​ជួសជុល​ព្រះរាជ​ដំណាក់​នៅ​ទីក្រុង ​Vindsor ​នៅ​អង់គ្លេស

ក្រុងឡុងដ៍ៈ ​គណនី​រាជវង្ស​បាន​បង្ហាញ​កាល​ពី​ថ្ងៃ​អង្គារ​ថា ​ព្រះរាជ​ដំណាក់​ថ្មី​របស់​ព្រះអង្គ​ម្ចាស់ ​Harry ​និង​​អ្នក​​ម្នាង​ Meghan នៅ​ទីក្រុង​​ Windsor បាន​​ចំណាយ​ប្រាក់ ​២,​៤ ​លាន​ផោន (​៣,០៥ ​លាន​ដុល្លារ​ ២,​៧​ លាន​អឺរ៉ូ) ដើម្បីកែ​លម្អ​ជា​ថ្មី​ឡើង​វិញ​ ដែល​នាំ​​ឲ្យ​មាន​ការ​រិះគន់​ពី​​ក្រុម​យុទ្ធនាការ​ប្រឆាំង​រាជាធិបតេយ្យ​។​​

ចៅ​ប្រុស​របស់​ម្ចាស់​ក្សត្រី​ Elizabeth ​II និង​អ្នក​ម្នាង​របស់​ព្រះអង្គ ​បាន​​ផ្លាស់​ទៅ​នៅ​ដំណាក់​ Frogmore Cottage ​នៅ​ Windsor Castle មុន​ពេល​កំណើត​កូន​ប្រុស​​ពួក​គេ​ឈ្មោះ​ Archie ​កាល​ពី​ថ្ងៃទី ​៦​ ខែ ​ឧសភា​​។​

ព្រះ​រាជ​ដំណាក់​ នៅ​ភាគ​ខាង​លិច​ទីក្រុង​ឡុងដ៍​ ត្រូវ​បាន​បំបែក​ជា​​លំនៅឋាន​​ដាច់​ដោយ​ឡែក​ពី​គ្នា​ចំនួន ​៥ ប៉ុន្តែ​​ត្រូវ​បាន​ប្រែក្លាយ​ទៅជា​អចលនទ្រព្យ​​មួយ​នៅ​ក្នុង​ការ​កែ​លម្អ​ជា​ថ្មី​ឡើង​វិញ​​រយៈពេល ​៦ ​ខែ ​មុន​ពេល​​ការ​ចូល​ស្នាក់នៅ​របស់​ពួក​គេ​។​

លោក​ Michael Stevens ​ដែល​គ្រប់គ្រង​គណនី​របស់​រាជា​ធិបតេយ្យ​បាន​ថ្លែង​ថា​៖ «​អចលនទ្រព្យ​នេះ​មិន​ត្រូវ​បាន​គេ​ប្រើប្រាស់​អស់​រយៈពេល​ជា​​ច្រើន​ឆ្នាំ ​និង​ត្រូវ​បាន​រក្សា​ទុក​រួច​ហើយ​​សម្រាប់​ការ​កែ​លម្អ​ជា​ថ្មី​ឡើង​វិញ​»។​​ លោក​បន្ត​ថា​៖ «​អគារ​នេះ​ត្រូវ​បាន​​​ប្រែក្លាយ​ជា​ព្រះ​ដំណាក់​តែ​មួយ​គត់​ និង​ជា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ហួស​សម័យ ​ដើម្បី​ធានា​អនាគត​រយៈពេល​វែង​នៃ​អចលនទ្រព្យ​នេះ​»។​

លោក​​ Stevens​ ដែល​មុខងារ​របស់​​លោក​គឺ​ជា​អ្នក​ថែរក្សា​មូលនិធិ​ Privy Purse បាន​ថ្លែង​ថា​៖ «​​ផ្នែក​នៃ​របស់​​ប្រើប្រាស់​ និង​​សម្លៀក​បំពាក់​ត្រូវ​បាន​ចំណាយ​ដោយ​ព្រះអង្គ​ម្ចាស់​របស់​ពួក​គេ​»។​ការ​ចំណាយ​ត្រូវ​បាន​បង្ហាញ​ជា​រាជវង្ស​​ចក្រភព​អង់គ្លេស​ ដែល​ចេញ​ផ្សាយ​គណនី​របស់​ខ្លួន​សម្រាប់​ឆ្នាំ​ហិរញ្ញវត្ថុ​ចុង​ក្រោយ​។​

ការ​ចំណាយ​របស់​រាជវង្ស បាន​ពី​ដី​ ដែល​​ខ្លួន​គ្រប់គ្រង ហើយ​​ផ្នែក​ដែល​នៅ​សល់​ជា​បន្ទុក​​​រដ្ឋាភិបាល​។​

ការ​ចំណាយ​ជា​ផ្លូវ​ការ​របស់​រាជវង្ស ​នៅ​ឆ្នាំ​​ហិរញ្ញវត្ថុ ​២០១៨-២០១៩​ មាន​ចំនួន​ ៦៧ ​លាន​ផោន​ ដែល​រួម​ទាំង​​​​ការ​កែ​​លម្អ​ជា​ថ្មី​ព្រះ​រាជ​ដំណាក់​ Frogmore Cottage ​ដែល​​​សាងសង់​កាល​ពី​ឆ្នាំ​ ​១ ៨០១ ​កើន​ឡើង​​ជិត ​២០ ​លាន​ផោន​នៅ​​ឆ្នាំ​​ហិរញ្ញវត្ថុ​មុន​​។​

ការ​កែ​លម្អ​ជា​ថ្មី​ និង​ការ​បង្កើន​​ការ​ចំណាយ​ជា​រួម​ បាន​ធ្វើ​ឲ្យ​មាន​ការ​​ថ្កោល​​ទោស​ពី​ក្រុម​យុទ្ធនាការ ដែល​ចង់​​​លុប​បំបាត់​រាជាធិបតេយ្យ​។

លោក​​ Graham Smith​ ប្រធាន​ប្រតិបត្តិ​ក្រុម​យុទ្ធនាការ​គណបក្ស​សាធារណរដ្ឋ​ បាន​ថ្លែង​ថា​៖ «​ការ​បង្កើន​​នៅ​​ឆ្នាំ​នេះ​​គឺ​ច្រើន​ខ្លាំង​ចំពេល​​​ការ​កាត់​បន្ថយ​​ការ​ចំណាយ​»។ ​លោក​បាន​​អំពាវនាវ​​ឲ្យ​មាន​ការ​សាកសួរ​សភា​​​ផង​ដែរ​។​

ការ​ចំណាយ​លើ​ព្រះរាជ​ដំណាក់ ​Frogmore Cottage បាន​ធ្វើ​ឲ្យ​កាសែត​​ជា​ច្រើន​​ចុះផ្សាយ​នៅ​ទំព័រ​មុខ​​។​

រាជ​​វាំង Buckingham ​

ស្ថិត​ក្រោម​​កិច្ច​ព្រមព្រៀង​មួយ​ដែល​មាន​​កាល​ពី​ឆ្នាំ ​១៧៦០ ​ប្រាក់​ចំណេញ​​បាន​ពី​ Crown Estate ដែល​ជា​ដី​កេរ ​និង​​ផលបត្រ​អចលនទ្រព្យ​របស់​រាជវង្ស ត្រូវ​បាន​​ប្រគល់​ឲ្យ​ក្រសួង​ហិរញ្ញវត្ថុ ​ដែល​ផ្តល់​មក​វិញ​នូវ​ការ​ចំណាយ​សម្រាប់​ដំណើរការ​របស់​រាជវង្ស​តាមរយៈ​​ការ​ផ្ដល់​ជំនួយ​របស់​រដ្ឋ​។​

ជំនួយ​នេះ​មាន​ ​១៥ ​ភាគរយ ​នៃ​​ប្រាក់​ចំណេញ​របស់​ Crown Estate។​

ជំនួយ​នេះ​​មិនមែន​ជា​ប្រាក់​ចំណូល​សម្រាប់​សួយសារ​នោះ​ទេ​ ប៉ុន្តែ​ចំណាយ​​សម្រាប់​បុគ្គលិក​គ្រួសារ​របស់​​រាជវង្ស ​ ការ​ថែទាំ​អចលនទ្រព្យ​ ការ​​ធ្វើ​ដំណើរ​​ផ្លូវការ ​ការ​ថែរក្សា​លំនៅឋាន ​និង​បដិសណ្ឋារ​កិច្ច​។​

ក្នុង​រយៈពេល ​១០ ​ឆ្នាំ ​ដែល​ចាប់​ផ្ដើម​​កាល​ពី​ឆ្នាំ​​មុន ​មាន​ការ​ផ្ដល់​ជំនួយ ​១០ ​ភាគរយ ​បន្ថែម​ដើម្បី​រ៉ាប់រង​​លើ​ការ​កែ​លម្អ​ជា​ថ្មី​ នៃ​ព្រះរាជ​វាំង​ Buckingham ​ព្រះរាជ​ដំណាក់​ផ្លូវ​ការ​របស់​ម្ចាស់​ក្សត្រី Elizabeth នៅ​ទីក្រុង​ឡុងដ៍​។​ ​ប្រាក់​ចំណេញ​របស់​ Crown Estate ​​កើន​ឡើង​ ៤,​៣ ​ភាគរយ ​ដល់​​កម្រិត​ខ្ពស់​បំផុត ៣៤៣,​៥ លាន​ផោន​។​

ការ​ផ្ដល់​ជំនួយ​រដ្ឋ​សម្រាប់​ឆ្នាំ ​២០១៨​-​២០១៩​ មាន​ចំនួន ​៨២,២ ​លាន​ផោន ​កើន​ឡើង​ពី ​៧៦,១ ​លាន​ផោន កាល​ពី​ឆ្នាំ ​២០១៧​។​

ប្រាក់ ​៨២,២ ​លាន​ផោន​រួម​មាន​ជំនួយ​ស្នូល ​៤៩,​៣ ​លាន​ផោន រួម​នឹង ​៣២,៩ ​លាន​ផោន​បន្ថែម​ទៀត ​សម្រាប់​ការងារ​របស់​ព្រះរាជ​វាំង​ Buckingham នៃ​ការ​​ជំនួស​ខ្សែ​ភ្លើង​ចាស់ៗ ​បំពង់​បង្ហូរ​​ទឹក ​និង​ម៉ាស៊ីន​កម្ដៅ ដែល​មួយ​ចំនួន​​ក្នុង​ចំណោម​នោះ​​មិន​ត្រូវ​បាន​ធ្វើ​ចាប់​តាំង​ពី​ទសវត្សរ៍​ឆ្នាំ ​១៩៥០​។​

លោក​ Stevens ថ្លែង​ថា​៖ «​​​កម្មវិធី​រក្សា​ទុក​រយៈពេល ​១០ ​ឆ្នាំ បង្ហាញ​​ឱកាស​​តែ​មួយ​គត់​សម្រាប់​ការ​​កែ​លម្អ​ជា​ថ្មី និង​ការ​វិនិយោគ​លើ​កិត្យានុភាព​ខ្លាំង​​បំផុត​របស់​ពិភព​លោក និង​អគារ​ដ៏​ល្បី​ឈ្មោះ​បំផុត​ក្នុង​ប្រវត្តិសាស្ដ្រ​ ​​ហេតុនេះ​រក្សា​វា​សម្រាប់​ជំនាន់​ក្រោយ​សម្រាប់​​ពេល​អនាគត​»។​

រាជវង្ស​​បាន​ចំណាយ ​៦៧ ​លាន​ផោន​ និង​ផ្នែក​នៅ​សល់​​​បម្រុង​ទុក​សម្រាប់​ការ​កែ​លម្អ​ជា​ថ្មី​នៅ​ពេល​អនាគត​​​។​

ការ​រក​ឃើញ​កាល​ពី​ថ្ងៃ​អង្គារ​បង្ហាញ​​ថា ​ព្រះរា​ជា​បាន​ចំណាយ ​២៣​,​២ ​លាន​ផោន ​​លើ​ប្រាក់​ឈ្នួល​សម្រាប់​​បុគ្គលិក​ពេញ​ម៉ោង​ ៤៦៣ ​នាក់​​។​

ពួក​គេ​បាន​បញ្ចេញ​​ប្រាក់ ២,៣ ​លាន​ផោន ​លើ​បដិសណ្ឋារកិច្ច​​ជា​ផ្លូវ​ការ​ និង​ការ​ថែទាំ​ព្រះ​ដំណាក់​ ដែល​រួម​មាន​ ១,៧ ​លាន​តោន ​លើ​អាហារ​ និង​ភេសជ្ជៈ​​សម្រាប់​ភ្ញៀវ​ប្រហែល ​១៦០ ០០០ ​នាក់។​

ការ​សម្អាត ​និង​ការ​បោក​គក់ ​បាន​ចំណាយ ​៦០ ម៉ឺន​ផោន​ ខណៈ​វិក្កយបត្រ​ស្រា មាន​ចំនួន ​៤០ ម៉ឺន​​ផោន ​ជាមួយ​នោះ​ស្រាស​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​ស្ដុក​​ក្នុង​រយៈពេល​យូរ​។​

គ្រួសារ​រាជវង្ស​បាន​ចូលរួម​ការងារ​រួម​​​ជា​ផ្លូវ​ការ​ជាង ​៣ ២០០ ដង ​នៅ​​អង់គ្លេស​ និង​ជុំវិញ​ពិភព​លោក​នៅ​ឆ្នាំ​​​ហិរញ្ញវត្ថុ​ដល់​ខែ​មេសា​៕ AFP/LA

អត្ថបទគួរចាប់អារម្មណ៍