
សកម្មភាពនៃការសាងសង់លំនៅឋាននៅការដ្ឋានមួយកន្លែងក្នុងខណ្ឌដង្កោនាពេលថ្មីៗនេះ។ រូបថត ហ៊ឹន ពិសី
ភ្នំពេញៈ ទឹកដីនៃខណ្ឌដង្កោកំពុងក្លាយជាទីតាំងទាក់ទាញក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍន៍ជាង ២០ បានចាប់យកតំបន់នេះក្នុងការវិនិយោគសាងសង់ផ្ទះ និងដីពុះឡូត៍លក់ដែលធ្វើឡើងសម្រាប់ប្រជាជនថ្នាក់កណ្តាល។
លោក យ៉ែន សុខលីន ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនអភិវឌ្ឍន៍បុរី VIP ដែលបានវិនិយោគលើការសាងសង់លំនៅឋានតម្លៃសមរម្យលើផ្ទៃដីទំហំ ២០ ហិកតាក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ខណ្ឌដង្កោកំពុងមានការរីកចម្រើនខ្លាំង ដោយពេលនេះមានក្រុមហ៊ុនពី ២០ ទៅ ៣០ កំពុងសាងសង់លំនៅឋានលក់ និងពុះដីឡូត៍នៅតំបន់នេះ។
លោកអះអាងថា៖ «ខ្ញុំគិតថាទឹកដីខណ្ឌដង្កោនឹងមានការរីកចម្រើនខ្លាំងពេលអនាគតដោយសារមានសណ្ឋានដីល្អ និងមានលក្ខខណ្ឌសមស្របសម្រាប់ជាតំបន់លំនៅឋាន»។
ជាមួយនឹងការពង្រីកការវិនិយោគជាបន្តបន្ទាប់លោក យ៉ែន សុខលីន បានឲ្យដឹងថារហូតមកទល់ពេលនេះបើសិនគិតពីគម្រោងទី ១ ដល់គម្រោងទី ៣ ក្រុមហ៊ុនបានលក់អស់ហើយ។ សព្វថ្ងៃក្រុមហ៊ុនកំពុងចាប់ផ្តើមគម្រោងទី ៤ ខណៈការលក់នៅពេលនេះសម្រេចបានប្រមាណ ២០ ភាគរយ។ លោកបន្តថារហូតមកទល់ពេលនេះផ្ទះជាង ១០០០ ល្វែងកំពុងស្ថិតក្នុងដំណាក់កាលសាងសង់។
លោកថ្លែងថា៖ «មូលហេតុដែលយើងសាងសង់ផ្ទះផ្តោតលើប្រជាជនមានជីវភាពមធ្យម និងក្រោមមធ្យមព្រោះប្រជាជនក្នុងក្រុមនេះមានចំនួនច្រើនជាងគេ»។
លំនៅឋានដែលក្រុមហ៊ុននេះសាងសង់លក់មានតម្លៃចន្លោះពី ៣០ ០០០-៥០ ០០០ ដុល្លារក្នុង ១ ល្វែង។
លោក ហ៊ឹម សីហា នាយកផ្នែកស្រាវជ្រាវក្រុមហ៊ុន Vtrust Appraisal បាននិយាយថាខណ្ឌដង្កោពិតជាមានសកម្មភាពសាងសង់លំនៅឋានច្រើនពិសេសពីសំណាក់វិនិយោគិនក្នុងស្រុក។ លោកបានថ្លែងថា៖ «ផ្ទះតម្លៃចន្លោះពី ៣-៥ ម៉ឺនដុល្លារជាផ្ទះធម្មតាមិនមែនជាលំនៅឋានប្រណីតទេតែផ្ទះប្រភេទនេះអាចអនុញ្ញាតឲ្យប្រជាជនមានជីវភាពមធ្យម និងក្រោមមធ្យមមានលទ្ធភាពទិញបាន»។
ទោះយ៉ាងនេះក្តីលោក សីហា លើកឡើងថាតំបន់នេះនៅមិនទាន់ស័ក្តិសមវិនិយោគជាមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗនោះទេ ដែលវាត្រូវការពេលវេលា ៥-១០ ឆ្នាំទៀត។
លោក ង៉ែត ពិសិដ្ឋ ជំនួយការអគ្គនាយកបុរីពិភពថ្មីដែលកំពុងអភិវឌ្ឍលំនៅឋានឈានមុខគេក្នុងខណ្ឌដង្កោបាននិយាយថាការអភិវឌ្ឍក្នុងខណ្ឌដង្កោពិតជាមានការកើនឡើងច្រើន ពិសេសតម្លៃដីបានកើនឡើងយ៉ាងលឿននារយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ លោកប្រាប់ថា៖ «ការសាងសង់លំនៅឋានតម្លៃសមរម្យកំពុងមានទីផ្សារល្អនៅក្នុងខណ្ឌដង្កោ»។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក មាស ម៉េតភក្តី បានថ្លែងថា កាលពីពេលថ្មីៗនេះសាលាក្រុងប៉ារីសបានសហការជាមួយរដ្ឋបាលសាលារាជធានីភ្នំពេញ ដើម្បីសិក្សាតំបន់នៅភាគខាងត្បូងភ្នំពេញក្នុងគោលបំណងប្រមើលមើលពីការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ លូ អាងចម្រោះទឹកកខ្វក់ តំបន់បៃតង និងចំនួនប្រជាពលរដ្ឋដែលកំពុងរស់នៅទីនោះ។
លោកលើកឡើងថា៖ «ការសិក្សានេះគឺដើម្បីរៀបចំផែនការទុកជាមុនលើការសង់ហេដ្ឋារចនាសម្ព័ន្ធនានា ត្រៀមឆ្លើយតបនឹងការអភិវឌ្ឍកំណើនមនុស្ស និងធ្វើយ៉ាងណាឲ្យការអភិវឌ្ឍមាននិរន្តរភាព»៕LA