
ទិដ្ឋភាពនៅការដ្ឋានសាងសង់បុរី ១ កន្លែង ក្នុងរាជធានីភ្នំពេញ នាពេលថ្មីៗនេះ។ ហឹុន ពិសី
ភ្នំពេញៈ ខណ្ឌសែនសុខ បានក្លាយទៅជាទីតាំងដែលមានបុរីលំនៅឋានច្រើនជាងគេនៅក្នុងរាជធានីភ្នំពេញក្នុងចំណោមគម្រោងអភិវឌ្ឍន៍បុរីទាំង ១៧៨ គម្រោង ដែលបានបញ្ចប់ការសាងសង់។ នេះបើតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia។
របាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុន CBRE Cambodia ដែល ភ្នំពេញ ប៉ុស្តិ៍ ទើបទទួលបានបង្ហាញថា គិតត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ ២០១៩ ខណ្ឌសែនសុខ បានឈរនៅកំពូលជាខណ្ឌដែលមានគម្រោងបុរីលំនៅឋានច្រើនជាងគេដែលមានចំនួនសរុប ៤៥ គម្រោង តាមពីក្រោយដោយខណ្ឌឫស្សីកែវ ដែលមាន ៣១ គម្រោង។ របាយការណ៍បង្ហាញថា ខណ្ឌមានជ័យ ចំនួន ២៤ ច្បារអំពៅ ចំនួន ២៣ គម្រោង ដង្កោ ចំនួន ១៨ និងខណ្ឌពោធិ៍សែនជ័យ មាន ១៧ គម្រោង។ ខណ្ខផ្សេងទៀតមានគម្រោងអភិវឌ្ឍន៍បុរីលំនៅឋានក្រោម ១០ ប៉ុណ្ណោះ។
ដោយសារនេះជាការស្រាវជ្រាវពីចំនួនបុរីនៅក្នុងរាជធានីភ្នំពេញជាលើកដំបូងនោះ ដូច្នេះក្រុមហ៊ុនមិនមានទិន្នន័យដើម្បីធ្វើការប្រៀបធៀបនោះទេ។
កញ្ញា គឹម គិនកេសា អ្នកស្រាវជ្រាវផ្នែកអចលនទ្រព្យជាន់ខ្ពស់ក្រុមហ៊ុន CBRE Cambodia កាលពីម្សិលមិញ បានប្រាប់ថា បុរីលំនៅឋានបានលេចឡើងយ៉ាងច្រើនក្នុងខណ្ឌសែនសុខនារយៈពេល ៤-៥ ឆ្នាំចុងក្រោយនេះ។ ការកើនឡើងច្រើននេះអាចមកពីកត្តាមួយចំនួនដូចជា ជាតំបន់មានដីនៅទំនេរច្រើន និងមានតម្លៃសមរម្យសម្រាប់អភិវឌ្ឍន៍បុរី មានហេដ្ឋារចនាសម្ព័ន្ធធំទូលាយ និងនៅមិនឆ្ងាយពីចំណុចកណ្តាលរាជធានីភ្នំពេញ ពិសេសមានផ្សារទំនើបអន្តរជាតិជាច្រើន។ កញ្ញាបន្តថា នៅខណ្ឌសែនសុខ ភាគច្រើនជាប្រភេទផ្ទះល្វែង និងវីឡាកូនកាត់ ដោយមានតម្លៃក្នុងរង្វង់ជាង ១០ ម៉ឺនដុល្លារ។
កញ្ញា គិនកេសា បានបញ្ជាក់ថា៖ «សែនសុខ ជាទីតាំងល្អសម្រាប់រស់នៅ ព្រោះទីនោះជាប្រជុំនៃសេវាកម្មចម្រុះជាច្រើនហេតុនេះការសាងសង់បុរីក៏មានច្រើនដែរ។ អ្នករស់នៅទីនោះភាគច្រើនជាអតីតអ្នករស់នៅកណ្តាលក្រុង»។
បើតាម កញ្ញា គិនកេសា បុរីក្នុងខណ្ឌសែនសុខ មានអត្រាស្នាក់នៅរហូតដល់ជាង ៨០ ភាគរយ។
ទោះយ៉ាងណាដោយសារនៅពេលនេះ ដីធំៗសម្រាប់សង់បុរី នៅតំបន់ជិតចំណុចកណ្តាលក្រុងកាន់តែពិបាករក និងមានតម្លៃកាន់តែខ្ពស់នោះ បានជំរុញឲ្យអ្នកវិនិយោគបុរីលំនៅឋាននាំគ្នាបង្វែរការវិនិយោគរបស់ខ្លួនឆ្ពោះទៅរកតំបន់មួយចំនួនដូចជា ជ្រោយចង្វារ និងពោធិ៍សែនជ័យជាដើម។
យោងតាមការស្រាវជ្រាវរបស់ CBRE Cambodia បានរកឃើញថា ក្នុងរយៈពេល ៣ ឆ្នាំទៅខាងមុខបុរីលំនៅឋាន ២៦ ទីតាំងផ្សេងទៀតនឹងបញ្ចប់ ការសាងសង់ដោយនៅក្នុងខណ្ឌជ្រោយចង្វារមានចំនួន ៩ ខណ្ឌពោធិ៍សែនជ័យមាន ៦ ខណ្ឌមានជ័យចំនួន ៥ ច្បារអំពៅចំនួន ៣ ឫស្សីកែវ ចំនួន ២ និងខណ្ឌដង្កោមានចំនួន ១។
ទិន្នន័យពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា ទុនវិនិយោគវិស័យសំណង់ក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០១៩ មានតម្លៃប្រមាណ ១ ៣៨៤ លានដុល្លារ កើនឡើងជាងទ្វេដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨។ ដោយឡែកកាលពីឆ្នាំ ២០១៨ មានតម្លៃប្រមាណ ៥ ២២៨ លានដុល្លារ ថយចុះ ១៨,៦៦ ភាគរយបើធៀបនឹងឆ្នាំ ២០១៧ ដែលមានតម្លៃជាង ៦ ៤២៨ លានដុល្លារ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានប្រាប់ថា ការអភិវឌ្ឍបុរីលំនៅឋានក្នុងខណ្ឌសែនសុខ នាពេលកន្លងមកគឺពិតជាមានច្រើន និងទទួលបានជោគជ័យលឿន ប៉ុន្តែចាប់ពីពេលនេះទៅវាអាចនឹងមិនមានសម្ទុះលឿនទៀតទេ ព្រោះអចលនទ្រព្យនៅទីនោះមានតម្លៃខ្ពស់។
លោកបន្តថា៖ «ការសាងសង់បុរីដែលមានតម្លៃទាប នៅក្នុងខណ្ឌសែនសុខ ពេលនេះអាចជួបការលំបាក តែសម្រាប់បុរីលំនៅឋានដែលមានតម្លៃខ្ពស់ នឹងមិនមានបញ្ហាទេ»៕LA