ភ្នំពេញៈ អគារ​ខុនដូ​ចំនួន ២ ដែល​មាន​កម្ពស់​ ៤៦ ​ជាន់​ ក្នុង​គម្រោង​អភិវឌ្ឍន៍ Phnom Penh Harbour ឬ The City Gate របស់​ក្រុមហ៊ុន Yuetai Group បានចាប់ផ្តើម​បុកគ្រឹះ​សាងសង់​ហើយ​កាលពី​ចុងខែ​តុលា​កន្លងមក​ ដោយ​គ្រោង​បញ្ចប់​ការសាងសង់​នៅ​ចុង​ឆ្នាំ​ ២០២២​។

Phnom Penh Harbour មាន​​ផ្ទៃដី​សរុប ៩២ ៥៣៨ ម៉ែត្រការ៉េ ដែល​ជា​ទីតាំង​ជួល​ពី​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ក្នុង​តម្លៃ ១៦,៥ លាន​ដុល្លារ​ រហូត​ដល់​ឆ្នាំ​ ២០៦៨។ គម្រោង​នេះ​លាតសន្ធឹង​តាម​បណ្តោយ​មាត់​ទន្លេសាប​ចាប់ពី​គល់ស្ពាន​ជ្រោយចង្វារ​ទៅ​ដល់​ផ្សាររាត្រី​។

គម្រោង​អភិវឌ្ឍន៍​ចម្រុះ​នេះ​ស្ថិតក្រោម​ការអភិវឌ្ឍ​របស់​ក្រុមហ៊ុន ចៀន ឈឹង ថៃ គ្រុប ដែល​ជា​បុត្រសម្ព័ន្ធ​របស់ Yuetai Group ដែល​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏ធំ​មកពី​ខេត្ត​ក្វាងចូវ ប្រទេស​ ចិន​។

ចាប់ពី​ឆ្នាំ​ ២០០៩ ក្រុមហ៊ុន Yuetai Group បាន​អភិវឌ្ឍន៍​គម្រោង​ធំៗ​ចំនួន​ ៣ ក្នុង​រាជធានី​ភ្នំពេញ​រួមមាន​គម្រោង East One, East view និង​ Yuetai The Garden​។

កញ្ញា ទៀប សុគន្ធី បុគ្គលិក​ផ្នែក​លក់​នៃ​ក្រុមហ៊ុន Yuetai Group បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ល្ងាចម្សិលមិញ​ថា អគារ​ខុនដូ​ចំនួន ២ (2C និង 2D) ដែលមាន​បន្ទប់​ស្នាក់នៅ​សរុប​ចំនួន ២ ៧៨៨ ​យូនីត​ ស្ថិត​ក្នុង​ដំណាក់កាល​ទី​ ២ នៃ​គម្រោង Phnom Penh Harbour បានចាប់ផ្តើម​បុកគ្រឹះ​ហើយ​។ កញ្ញា​ប្រាប់ទៀត​ថា​បច្ចុប្បន្ន​ក្រុមហ៊ុន​ទើបតែ​បើក​លក់​ផ្នែក​ទី​ ១ នៃ​អគារ 2C តែប៉ុណ្ណោះ ខណៈ​អគារ​នេះ​ត្រូវ​ចែកចេញ​ជា​ ២ គឺ 2C1 និង 2C2 ដោយ​ផ្នែក​នីមួយៗ​មាន ៦៩៧ ​យូនីត​។

កញ្ញា សុគន្ធី បាន​ថ្លែងថា​៖ «​ដោយសារ​ការចាប់ផ្តើម​សាងសង់ និង​បើក​លក់​ធ្វើឡើង​ក្នុង​ពេល​ប្រហាក់ប្រហែល​គ្នា​បាន​ធ្វើឲ្យ​អតិថិជន​ជាច្រើន​បាន​មក​ទិញ​គម្រោង​នេះ​»​។

បន្ទប់​ស្នាក់​នៅក្នុង​គម្រោង​នេះ​មាន​ទំហំ​ចាប់ពី ៤៧ ដល់ ១៣៥ ម៉ែត្រការ៉េ ដោយ​ក្នុង​ ១ ​ម៉ែត្រការ៉េ​ មាន​តម្លៃ​ចាប់ពី​​ ២ ៥០០ ​ដល់​ ៣ ៥០០ ដុល្លារ​។

ទាក់ទង​នឹង​ការលក់​កញ្ញា សុគន្ធី បាន​ប្រាប់ថា​៖ «​បន្ទាប់ពី​ការបើក​លក់​បាន​ប្រហែល ១ ​ខែ​បន្ទប់​ស្នាក់នៅ​ប្រហែល​ ១៥ ភាគរយ ​នៃ​ផ្នែក 2C1 ត្រូវ​បាន​អតិថិជន​ទិញ​រួចរាល់​ដោយ​មាន ៧០ ​ភាគរយ​ ជា​ជនជាតិ​ខ្មែរ​ និង ៣០ ភាគរយ​ ជា​ជនបរទេស (​ភាគច្រើន​ជនជាតិ​ចិន​)»​។

អគារ​នេះ​នឹង​មាន​ចំណត​ក្រោម​ដី ៣ ​ជាន់​ ហើយ​ចាប់ពី​ជាន់​ទី​ ១ ដល់​ទី​ ៥ ជា​ទីតាំង​លក់ទំនិញ និង​ពី​ជាន់​ទី​ ៦ ដល់​ជាន់​ទី​ ៤៦ ជា​បន្ទប់​ខុនដូ​។ អគារ​នេះ​ក៏​នឹង​មាន​បំពាក់​នូវ​សេវាកម្ម​ចម្រុះ​ផងដែរ​ដូចជា អាង​ហែល​ទឹក កន្លែង​ហាត់ប្រាណ និង​សួនច្បារ​សម្រាប់​ការ​សម្រាក​កម្សាន្ត​ផងដែរ​។

គម្រោង​អភិវឌ្ឍន៍ Phnom Penh Harbour បាន​បែងចែក​ជា​ ៤ ​ដំណាក់កាល​។ គម្រោង​ទាំង ៤ ដំណាក់កាល​នេះ​ មិន​ត្រូវបាន​អភិវឌ្ឍ​ទៅ​តាម​លំដាប់លំដោយ​ឡើយ ដោយ​ក្រុមហ៊ុន​អាច​អភិវឌ្ឍ​ដំណាក់​កាលណា​មួយ​មុនគេ​ទៅ​តាម​តម្រូវការ​ទីផ្សារ​ជាក់ស្តែង​។ ដោយឡែក​ការអភិវឌ្ឍ​ដំណាក់កាល​ទី ២ នេះ​រួមមាន អគារ​ខុនដូ កម្ពស់ ៤៦ ជាន់​ ចំនួន​ ២ ​អគារ និង​អគារ​ពាណិជ្ជកម្ម ២ ​អគារ​។

អ្នកស្រី អាន សុធីតា នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia ថ្លែងថា ទីតាំង Phnom Penh Harbour អាច​ចាត់ទុក​ថា ជា​កន្លែង​ដ៏ល្អ ព្រោះ​នៅ​ចំ​កណ្តាល​ក្រុង និង​ជាប់​មាត់ទន្លេ​ដែល​មាន​ខ្យល់​អាកាស​បរិសុទ្ធ​។ ចំណែក​តម្លៃ​វា​អាច​ខ្ពស់​បន្តិច​សម្រាប់​ជនជាតិខ្មែរ ដោយសារ​គម្រោង​នេះ​មាន​រយៈពេល​កំណត់​។

អ្នកស្រី​ថ្លែង​ថា​៖ «​តម្លៃ​អាច​ខ្ពស់​សម្រាប់​អ្នកទិញ​ក្នុងស្រុក ដែល​តែងតែ​ចង់​បាន​លំនៅឋាន​មួយ​មាន​លក្ខណៈ​ជា​អចិន្រៃ្តយ៍ តែ​សម្រាប់​ជនបរទេស​វា​មិនមាន​បញ្ហា​ទេ​សម្រាប់​គម្រោង​ដែល​មាន​រយៈពេល ៥០ ឆ្នាំ​បែបនេះ​»៕ LA