ភ្នំពេញៈ គម្រោង​ខុនដូ​ចំនួន ​៣ ​បន្ថែម​ទៀត​ត្រូវ​បាន​បញ្ចប់​ការ​សាងសង់​ និង​បាន​ដាក់​លក់​ទៅ​ក្នុង​ទីផ្សារ​នៅ​​ត្រី​មាស​​ទី​​១ ឆ្នាំ ​២០១៩ ​នេះ​ ដែល​ធ្វើ​ឲ្យ​​ចំនួន​បន្ទប់​ខុនដូ​ ក្នុង​រាជធានី​ភ្នំពេញ ​មាន​កំណើន​ប្រមាណ​ជិត​ ៨ ​ភាគរយ បើ​ធៀប​​ទៅ​ នឹង​ដំណាច់​ត្រីមាស​ទី​៤ ​ឆ្នាំ​ ២០១៨​។

របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ ​CBRE ​Cambodia បាន​បង្ហាញ​ថា ក្នុង​ត្រីមាស​ទី​១ មាន​គម្រោង​អភិវឌ្ឍន៍​ខុនដូ​ចំនួន​ ៣ ​ដែល​មាន ​១ ០៩១ ​យូនីត ​ត្រូវ​បាន​បញ្ចប់​​ និង​ដាក់​ចូល​ទីផ្សារ​ ដែល​ធ្វើ​ឲ្យ​ចំនួន​បន្ទប់​ខុនដូ​សរុប​ដែល​បាន​បញ្ចប់​នៅ​ទីក្រុង​ភ្នំពេញ​មាន​ចំនួន​ ១៥ ​២៦៤ ​​យូនីត​ គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​នេះ​​។ ​គិត​ត្រឹម​ចុង​ឆ្នាំ ​២០១៨ ​បន្ទប់​ខុនដូ​សរុប​មាន​ចំនួន ​១៤ ​១៧៣​ ​យូនីត​។

ក្នុង​ចំណោម​គម្រោង​ខុនដូ ​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ទីផ្សារ​នេះ​​មាន​​ ៨៩,៣ ​ភាគរយ​ជា​ខុនដូ​ប្រភេទ​តម្លៃ​មធ្យម​ ហើយ​សល់​ពី​នោះ​ គឺ​ជា​ខុនដូ​​ប្រភេទ​ប្រណីត​ និង​ខុនដូ​តម្លៃ​សមរម្យ​។

សម្រាប់​តម្លៃ​លក់ និង​ជួល​វិញ គេ​ឃើញ​ថា ហាក់​មិន​មាន​អ្វី​ប្រែប្រួល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ទេ បើ​ទោះ​បី​ជា​មាន​ការ​កើន​​ឡើង​នូវ​ចំនួន​បន្ទប់​ស្នាក់​នៅ​​រហូត​ដល់​ជាង ​១ ​ពាន់​យូនីត​​បន្ថែម​ក៏​ដោយ​។​​

គម្រោង​ទាំង​ ៣ ​ដែល​បញ្ចប់​ការ​សាងសង់​ក្នុង​ត្រីមាស​ទី​១​ មាន​ ១ ​ស្ថិត​ក្នុង​ខណ្ឌ៧ ​មករា ​១ នៅ​ក្នុង​ខណ្ឌ​សែនសុខ និង ១ ​ទៀត​ ស្ថិត​នៅ​ក្នុង​ខណ្ឌ​ចំការមន​​។

កញ្ញា ​គឹម ​គិនកេសា អ្នក​ស្រាវជ្រាវ​ផ្នែក​អចលនទ្រព្យ​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន CBRE Cambodia ​បាន​ឲ្យ​ដឹង​ថា ​បច្ចុប្បន្ន​នេះ​ទីផ្សារ​​ខុនដូ​តម្លៃ​សមរម្យ ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​។ ​កញ្ញា​បាន​​ថ្លែង​ថា៖ ​«​សម្រាប់​ពេល​នេះ ​គឺ​វា​មិន​មាន​​បញ្ហា​អ្វី​នោះ​ទេ​សម្រាប់​ទីផ្សារ​ទិញ ​លក់​ខុនដូ​នៅ​កណ្តាល​​ក្រុង»។​ ទោះបី​យ៉ាង​ណា​កញ្ញា​បញ្ជាក់​ថា ​វា​អាច​នឹង​មាន​បញ្ហា​តិចតួច​សម្រាប់​ខុនដូ​ដែល​នៅ​ឆ្ងាយៗ ​ពិសេស​ខុនដូ​សម្រាប់​ដាក់​ជួល​។

តាម​ការ​ស្រាវជ្រាវ ​បច្ចុប្បន្ន​តម្លៃ​លក់​ជា​មធ្យម​​សម្រាប់​ខុនដូ​ប្រណីត គឺ​ស្ថិត​ក្នុង​រង្វង់ ​៣ ២៥០ ​ដុល្លារ​ក្នុង ​១ ​ម៉ែត្រ​ការ៉េ​ ប្រភេទ​តម្លៃ​មធ្យម នៅ​រង្វង់​ ២ ៦០០ ​ដុល្លារ និង​ប្រភេទ​តម្លៃ​សមរម្យ ​ក្នុង​រង្វង់ ​១ ៥០០ ​ដុល្លារ​។​

តាម​ការ​ព្យាករ​ នៅ​ដំណាច់​ឆ្នាំ ​២០១៩ ​ចំនួន​បន្ទប់​ខុនដូ នៅ​ក្នុង​រាជធានី​ភ្នំពេញ​នឹង​កើន​ឡើង​​​ដល់​​ ៣១ ១១២​ យូនីត​។ ​ក្នុង​នោះ​ខុនដូ​តម្លៃ​សមរម្យ​ អាច​​នឹង​មាន​កំណើន​ច្រើន​ជាង​គេ​។​ នេះ​បើ​​​យោង​តាម ​CBRE Cambodia។

របាយ​ការណ៍​របស់​ក្រសួង​រៀបចំ​ដែន​ដី ​នគរូបនីយកម្ម ​និង​សំណាង់ បាន​ឲ្យ​ដឹង​ថា ក្នុង​​រយៈពេល ​២ ​ខែ ដើម​ឆ្នាំ ​២០១៩​ នេះ​​ការ​វិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា​​មាន​តម្លៃ​ជាង ១,៣ ​​​ពាន់​លាន​ដុល្លារ កើន​ឡើង​ជាង ​២ ​ដង​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ​២០១៨៕​​ LA