The Phnom Penh Post Search

Search form

ខុន​ដូ​តម្លៃ​ជិត $៤០០ លាន​សាង​សង់​នៅ​ផ្លូវ Rama IX

Content image - Phnom Penh Post
ទិដ្ឋភាព​មើល​ពីលើ​អាកាស​ក្នុង​ទីក្រុង​បាងកក នៅតំបន់​ដែលសម្បូរ​អគារ​ខ្ពស់ៗ។ AFP

ខុន​ដូ​តម្លៃ​ជិត $៤០០ លាន​សាង​សង់​នៅ​ផ្លូវ Rama IX

ក្រុងបាងកកៈ ក្រុមហ៊ុន អភិវឌ្ឍន៍​អចលនទ្រព្យ TC Development Co ដែល​គ្រប់គ្រង​ដោយ​វិនិយោគិន​ថៃ និង​ចិន នឹង​ចាប់​ផ្ដើម​ដំណើរការ​គម្រោង​ខុនដូ​ថ្មី​មួយ​ដែល​មាន​តម្លៃ ១៣ ពាន់​លាន​បាត (ប្រហែល ៣៩២ លាន​ដុល្លារ) តាម​បណ្តោយ​ផ្លូវ Rama IX បន្ទាប់​ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារ​បន្ទប់​ទឹក​ដែល​ផលិត​នៅ​ប្រទេស​ចិន បាន​ទិញ​ភាគហ៊ុន ៤០ ភាគរយ​នៅ​ក្នុង​ក្រុមហ៊ុន​នេះ​កាល​ពី​ឆ្នាំ​មុន។ នេះ​បើ​តាម​កាសែត​បាងកក​ប៉ុស្តិ៍។

កាសែត​បាងកក​ប៉ុស្តិ៍​បាន​រាយការណ៍​ដោយ​ដកស្រង់​សម្តី​របស់លោក Kittisak Wongvitsud នាយក​ក្រុមហ៊ុន TC Development ខណៈ​លោក​ថ្លែង​ថា ក្រុមហ៊ុន​បាន​ចំណាយ​ពេល ២ ឆ្នាំ​ដើម្បី​រៀបចំ​គម្រោង​ថ្មី​នេះ​និង​ផ្លាស់ប្តូរ​ឈ្មោះ​ថ្មី​ពី​ក្រុមហ៊ុន Tiancheng International Property Thailand មក​ឈ្មោះ​បច្ចុប្បន្ន បន្ទាប់​ពី​លោក​បាន​បង្កើន​ជា​បណ្ដើរៗ​នូវ​ភាគហ៊ុន​របស់​លោក​ពី ១០ ភាគរយ​កាល​ពី​ឆ្នាំ ២០១៥ ដល់ ៤០ ភាគរយ​កាល​ពី​ឆ្នាំ​មុន។

លោក​មានប្រសាសន៍​ថា៖ «យើង​កំពុង​កាត់បន្ថយ​រូបភាព​ចិន​នៅក្នុង​ក្រុមហ៊ុន»។ លោក​បន្តថា៖ «ឆមាស​នេះ នឹង​មាន​ក្រុម​វិនិយោគិន​ថៃ​ថ្មី​មក​ទិញ​ភាគហ៊ុន ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ចិន Tiancheng Group។ ចំណែក​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ចិន​នេះ​នឹង​ធ្លាក់​ចុះ​ក្រោម ២០ ភាគរយ​ពី​ជាង ៣០ ភាគរយ»។

កាសែត​បាងកក​ប៉ុស្តិ៍​បាន​រាយការណ៍​ថា ក្រុមហ៊ុន Tiancheng Group ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​មក​ពី​ខេត្ត​ជឺជាំង ប្រទេស​ចិន បាន​ចូលរួម​ជាមួយ​វិនិយោគិន​ថៃ​មួយ​ក្រុម ដើម្បី​បង្កើត​ក្រុមហ៊ុន Tiancheng International Property Thailand កាល​ពី​ឆ្នាំ ២០០៩ ជាមួយ​ទុន​ចុះ​បញ្ជី​ចំនួន ២០០ លាន​បាត។

ក្រុមហ៊ុន Tiancheng Group គ្រប់គ្រង​ភាគហ៊ុន ៤៤ ភាគរយ ហើយ​ក្រុម​វិនិយោគិន​ថៃ ៥៦ ភាគរយ។ មុន​ពេល​ទិញ​ភាគហ៊ុន ១០ ភាគរយ​ដំបូង​របស់​លោក​ក្នុង​ក្រុមហ៊ុន International Property Thailand លោក Kittisak បាន​ផ្គត់ផ្គង់​ឧបករណ៍​អនាម័យ​របស់​ចិន​ឲ្យ​គម្រោង​អភិវឌ្ឍន៍​លើក​ដំបូង​របស់​ក្រុមហ៊ុន​នេះ ក្នុង​ប្រទេស​ថៃ ដែល​គម្រោង​នេះ មាន​ឈ្មោះ​ថា TC Green Condo នៅ​តាម​បណ្តោយ​ផ្លូវ Rama IX។

គម្រោង TC Green Condo មាន ២ ដំណាក់កាល។ ដំណាក់កាល​ទី ១ ត្រូវបាន​ដំណើរការ​កាលពី​ឆ្នាំ ២០១២ ជាមួយ​នឹង​អគារ​ខ្ពស់ ២ មាន​កម្ពស់ ៣២ ជាន់ និង​មាន ៩៨៤ យូនីត មាន​តម្លៃ ៣ ពាន់​លាន​បាត។ ដំណាក់កាល​ទី ២ មានតម្លៃ ២,៦ ពាន់​លាន​បាត ត្រូវបាន​ដំណើរការ​មួយឆ្នាំ​ក្រោយ ដែល​មាន​អគារ​មាន​កម្ពស់ ៣៥ ជាន់ និង​មាន ៧៨៣ យូនីត។

លោក Kittisak បាន​ថ្លែងថា សម្ភារ​សម្រាប់​ការបញ្ចប់ និង​ការតុបតែង​លម្អ ត្រូវបាន​នាំចូល​មកពី​ប្រទេស​ចិន ដើម្បី​ផ្គត់ផ្គង់​ទៅ​ដល់​ការ​សាង​សង់​ដំណាក់​កាល​ទី ១។ គោលដៅ​គឺ​ត្រូវមាន​តម្លៃ​លក់​ទាក់ទាញ ដែល​មាន​តម្លៃ​ត្រឹមតែ ៦០ ០០០ បាត (ប្រហែល ១ ៨១២ ដុល្លារ) ក្នុង​មួយ​ម៉ែត្រ​ក្រឡា។

ទោះជា​យ៉ាងណាក្តី លោក​បន្តថា ការយល់ឃើញ​នៅក្នុង​ចំណោម​អ្នកទិញ​ជនជាតិ​ថៃ និង​អ្នកទិញ​ផ្សេង​ទៀត​ចំពោះ​សម្ភារ​ផលិត​នៅ​ប្រទេស​ចិន មិន​មាន​ភាព​វិជ្ជមាន​នោះ​ទេ ទោះបី​ជា​សម្ភារ​ទាំង​នោះ​មាន​គុណភាព​ល្អ​ក៏ដោយ។

ជា​លទ្ធផល ដំណាក់កាល​ទី ១ នេះ មាន​អត្រា​ការលក់​យឺត។ លោក Kittisak ដែល​បាន​ទិញ ២ យូនីត​នៅ​ដំណាក់​កាល​ទី ២ នេះ​ដើម្បី​ជួល​ផង​ដែរ​នោះ បាន​ថ្លែង​ថា៖ «បន្ទាប់​ពី​ខ្ញុំ​បាន​ចូល​ជា​ភាគ​ទុ​និក​ថ្មី ខ្ញុំ​បាន​ពិនិត្យ​ឡើង​វិញ និង​បាន​កែ​លម្អ​សម្ភារ​ជាច្រើន​នៅ​ក្នុង​ដំណាក់​កាល​ទី ២ និង​បាន​ជំនួស​លក្ខណ​ពិសេស​ជាច្រើន ដូចជា​ទ្វារ ជាមួយ​នឹង​ផលិតផល​ថៃ​វិញ»។

លោក​ថ្លែងថា ដោយ​រៀនសូត្រ​ពី​គម្រោង TC Green Condo ការប្រើប្រាស់​សម្ភារ​សំណង់​ចិន គួរតែ​ត្រូវ​កាត់ផ្ដាច់​ជា​បណ្ដើរៗ ចេញ​ពី​ក្រុមហ៊ុន​នេះ​មុន​គម្រោង នៅ​ពេល​អនាគត​ត្រូវ​បាន​ដំណើរការ។

កាលពី​ឆ្នាំមុន ក្រុមហ៊ុន​នេះ បាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន Kohler ដើម្បី​ប្រើប្រាស់​ឧបករណ៍​បន្ទប់​ទឹក​អាមេរិក ដែល​មាន​តម្លៃ ៣ លាន​ដុល្លារ (៩៩,៧លាន​បាត) នៅ​ក្នុង​គម្រោង​ខុនដូ​ថ្មី One9Five Asoke-Rama 9 ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ Rama IX៕LA

អត្ថបទគួរចាប់អារម្មណ៍