The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ខុនដូ​ប្រណីត The Flora Suites នឹង​លេចចេញ​រូបរាង

ខុនដូ​ប្រណីត The Flora Suites នឹង​លេចចេញ​រូបរាង

Content image - Phnom Penh Post
រូបគំនូរ​អគារ​របស់​គម្រោង​ខុនដូ The Flora Suites​។ រូបថត សហការី

ខុនដូ​ប្រណីត The Flora Suites នឹង​លេចចេញ​រូបរាង

ភ្នំពេញៈ គម្រោង​អាគារ​ខុនដូ​ប្រណីត​លំដាប់​ផ្កាយ ៥ The Flora Suites ដែលមាន​កម្ពស់ ៣៨ ​ជាន់ ​នឹង​លេចចេញ​ជា​រូបរាង​ក្នុងពេល​ដ៏ខ្លី​ខាងមុខ​នេះ​នៅ​សង្កាត់​បឹងកេងកង​ទី​ ១ ខណ្ឌ​ចំការមន ខណៈ​ដែល​វិស័យនេះ​ហាក់​មិនទាន់​មាន​តម្រូវការ​ខ្ពស់​នៅឡើយ​។

The Flora Suites វិនិយោគ​ឡើង​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ The Flora ដែលជា​ក្រុមហ៊ុន​ខ្មែរ​ក្នុងស្រុក​។ គម្រោង​ថ្មី​នេះ​បានចាប់ផ្តើម​បើក​លក់​សម្រាប់​អតិថិជន​កម្រិត​វីអាយភី (​លំដាប់​អ្នកមាន​) កាលពី​ថ្ងៃទី​ ២៣ ខែវិច្ឆិកា​នេះ​។

លោក លីម កុកឡុង នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ The Flora បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ថា គម្រោង The Flora Suites គឺ​រចនា​ឡើង​តាមបែប​ថ្មី​ប្រណីត ស៊ីវិល័យ ដោយ​យក​លំនាំ​តាមបែប​លោកខាងលិច​នេះ ហើយ​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ពាក់កណ្តាល​ឆ្នាំក្រោយ ដែល​មាន​ទំហំ​អគារ​សរុប ២០ ៧៨៦ ​ម៉ែត្រការ៉េ​ ដោយ​ប្រើ​ពេល​សាងសង់​ប្រមាណ ២ ទៅ ៣ ​ឆ្នាំ និង​មាន​កម្ពស់ ៣៨ ​ជាន់ និង​ ១៩៨ ​យូនីត​។

លោក​បាន​បន្ថែមថា រចនា​ម៉ូដ​បែប​ទំនើប​បំពាក់​ទៅ​ដោយ​កញ្ចក់​ហ៊ុមព័ទ្ធ​ជុំវិញ​អគារ ដែល​អាច​ឲ្យ​អ្នករស់នៅ​មើលឃើញ​នូវ​ទេសភាព​ជុំវិញ​ទីក្រុង​បាន​យ៉ាង​ល្អ ពិសេស​ទេសភាព​​ទីក្រុង​ភ្នំពេញ​នៅពេល​ថ្ងៃ​ហៀបលិច​យ៉ាងច្បាស់​ទៀតផង​។

លោក កុកឡុង បាន​មានប្រសាសន៍​ថា​៖ «​គម្រោង The Flora Suites គឺជា​ផលិតផល​ថ្មី​សន្លាង​ដែល​កើតចេញ​ពី​ការខិតខំ​ប្រឹងប្រែង​របស់ The Flora សម្រាប់​បំពេញ​តម្រូវការ​ទីផ្សារ​របស់​កម្ពុជា ហើយ​នេះ​ជា​ឱកាស​របស់​គ្រួសារ The Flora ក្នុង​ការបំពេញ​ស្នាដៃ​ក៏​ដូចជា​បម្រើ​ប្រជាជន​កម្ពុជា និង​ជា​ការលើកមុខ​មាត់​របស់​ប្រទេស​យើង​ដែរ​»​។

លោក​បន្តថា​៖ «​ជា​ក្រុមហ៊ុន​វិនិយោគ​លើ​អចលនទ្រព្យ​ក្នុង​ស្រុក​មួយ ដែល​ផ្គត់ផ្គង់​ផ្ទះ​តាម​តម្រូវការ​ជាក់ស្តែង​របស់​អតិថិជន​គ្រប់​ស្រទាប់​វណ្ណៈ​នៅ​កម្ពុជា ជាមួយ​នឹង​ការសាងសង់​អគារ​លំនៅឋាន​តាមរយៈ​បុរី​ដ៏ទំនើប​បំផុត​ដែល​មាន​ការរចនា​ម៉ូដ​បែប​ខ្មែរ និង​អឺរ៉ុប​រួមបញ្ចូល​គ្នា យើង​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង ក្នុង​ការវិនិយោគ​រចនាប័ទ្ម​បែប​អឺរ៉ុប​ភ្ជាប់​នូវ​បច្ចេកវិទ្យា​ចុងក្រោយ ដែល​ផ្តល់​ឲ្យ​អតិថិជន​យើង​ទទួល​បាន​នូវ​ផាសុកភាព​ក្នុង​ការរស់នៅ​ដោយ​សម្បូរបែប​»​។

ជាន់​ទី​ ៧ នៃ​គម្រោង The Flora Suites មាន​ក្លឹប​ហាត់ប្រាណ អាង​ហែល​ទឹក កន្លែង​ស្ទីម សោណា យូហ្គា និង​កន្លែង​សម្រាប់​ក្មេង​លេង​។ នៅ​ជាន់​ទី​ ៣៦ មាន Sky Club ដែល​មាន​ជា​ភោជនីយដ្ឋាន​លំដាប់ អន្តរជាតិ ហាង​កាហ្វេ បន្ទប់​ប្រជុំ​ដែល​អតិថិជន​ដែល​ស្នាក់នៅ​អាច​ពិភាក្សា​ការងារ​ផ្សេងៗ​បាន ដោយ​មិន​ចាំបាច់​ចេញ​ក្រៅ​។

ចំណែកឯ​នៅ​ជាន់​ទី​ ៣៧ មាន Sky Bar ដែល​អាច​ទទួលទាន​អាហារ ខណៈ​នៅ​ជាន់​ទី​ ៣៨ មាន Sky Restaurant គឺជា​ភោជនីយដ្ឋាន​ដែល​ស្ថិតនៅ​ជាន់​កំពូល​នៃ​អគារ​ដែល​អាច​មើល​ទេសភាព​រាជធានី​ភ្នំពេញ និង​ទន្លេមេគង្គ និង​គយគន់​ទេសភាព​ថ្ងៃ​លិច​បាន​យ៉ាង​ស្អាត​។

លោក សន ស៊ាប ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ Key Real Estate បាន​ថ្លែងថា រហូត​មកដល់​នឹង​បច្ចុប្បន្ននេះ​តម្រូវការ​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​ហាក់​មិនសូវ​មាន​តម្រូវការ​នោះទេ ដោយសារ​ផ្នត់គំនិត​របស់​ប្រជាជន​កម្ពុជា​ហាក់​មិនទាន់​ចាប់​យក​នូវ​ការ​ស្នាក់​នៅតាម​ខុនដូ​នេះ​នៅឡើយ​ទេ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សង្កេតឃើញ​ថា ការផ្គត់ផ្គង់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​យើង​មកទល់​នឹង​ពេល​បច្ចុប្បន្ននេះ​ហាក់​មិនទាន់​ពេញនិយម​ពី​សំណាក់​ប្រជាពលរដ្ឋ​យើង​នៅឡើយ​ទេ​។ អ្វីដែល​យើង​សង្កេតឃើញ​នោះ​ទីផ្សារ​នេះ​ភាគច្រើន​គឺ​មាន​តែ​អតិថិជន​បរទេស ដូច្នេះ​បរិមាណ​ផ្គត់ផ្គង់​ហាក់​លើស​តម្រូវការ​»​។

តែ​ទោះជា​យ៉ាងណា​ក៏ដោយ លោក សន ស៊ាប នៅ​តែ​មាន​សុទិដ្ឋិនិយម​ថា សម្រាប់​ពេលខាងមុខ ការរស់នៅ​របស់​ពលរដ្ឋ​កម្ពុជា​អាច​នឹង​មាន​ការងាក​មក​រស់នៅ​បែប​ស៊ីវីល័យ​នៅតាម​ខុនដូ​ដោយ​ហេតុថា ភាគច្រើន​នៃ​អ្នកស្នាក់នៅ​ខុនដូ​មាន​អាយុ ៤០ ​ឆ្នាំ​ចុះក្រោម​ដោយ​ពួកគេ​ភាគច្រើន​ចូលចិត្ត​ការរស់នៅ​បែប​ស៊ីវីល័យ​។

បើ​យោងតាម​លោក សាំង សុភក្ត្រ័រ៉ាឌី នាយក​ផ្នែក​លក់ និង​ជំនួយការ​អគ្គនាយិការង​ក្រុមហ៊ុន​អភិវឌ្ឍន៍ អចលនទ្រព្យ The Flora បាន​បន្ថែម​ដែរ​ថា គម្រោង​នេះ​នឹង​បើក​លក់​ជា​ផ្លូវការ​សម្រាប់​អតិថិជន​ទូទៅ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ ដោយ​បែងចែក​ជាយូនីត​ខុសៗ​គ្នា​មាន​តម្លៃ​ចាប់ពី ១០ ​ម៉ឺន​ដុល្លារ​ឡើងទៅ​។

យោងតាម​របាយការណ៍​ចុងក្រោយ​របស់ CBRE Cambodia ការដាក់បញ្ចូល​ក្នុង​ទីផ្សារ​របស់​គម្រោង Star City បាន​ធ្វើឲ្យ​ចំនួន​បន្ទប់​ខុនដូ​ដែល​មាន​វត្តមាន​លើ​ទីផ្សារ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ដំណាច់ត្រីមាស​ទី ៣ ឆ្នាំ ២០១៩ កើនឡើង​ជាង ៥ ភាគរយ បើ​ធៀប​នឹង​ត្រីមាស​ទី ២​។

របាយការណ៍​នេះ​បាន​បង្ហាញ​ថា គម្រោង​ខុនដូ Star Clty ដែល​ស្ថិត​នៅ​ទល់មុខ​នឹង​ស្ពាន​អាកាស​ផ្សារ​ដីហុយ និង​មាន​ចំនួន​បន្ទប់​ស្នាក់នៅ​សរុប ៨៥០ ​យូនីត​បាន​ជំរុញ​ឲ្យ​ចំនួន​បន្ទប់​ខុនដូ​ដែល​បញ្ចប់​ការសាងសង់​ក្នុង​ក្រុងភ្នំពេញ​កើនឡើង ៥,១ ​ភាគរយ ដល់ ១៧ ៥០០ ​យូនីត​ពី​ចំនួន ១៦ ៦៥០ យូនីត កាលពី​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០១៩​។ ចំនួន​នេះ​បើ​ធៀប​ទៅនឹង​ត្រីមាស​ទី ៣ ឆ្នាំ ​២០១៨ គឺ​មាន​កំណើន ៤៥,៣​ ​ភាគរយ​។

របាយការណ៍​ស្រាវជ្រាវ​នេះ​បាន​រកឃើញ​ថា​ក្នុង​ចំណោម​ខុនដូ ១៧ ៥០០ ​យូនីត​នេះ​ មាន​ខុនដូ​ប្រភេទ​តម្លៃ​សមរម្យ​ចំនួន ២២ ​ភាគរយ​តម្លៃ​មធ្យម ៥៤ ​ភាគរយ និង​ប្រភេទ​ប្រណីត ២៤ ​ភាគរយ​។

សម្រាប់​តម្លៃ​វិញ​មាន​ការប្រែប្រួល​ពី ១ ទៅ ២ ​ភាគរយ​ប៉ុណ្ណោះ​រវាង​ត្រីមាស​ទី​ ២ និង​ត្រីមាស​ទី​ ៣ ដោយ​ខុនដូ​ប្រភេទ​តម្លៃ​សមរម្យ​មាន​តម្លៃ​ជា​មធ្យម ១ ៥៣១ ​ដុល្លារ​ក្នុង ១ ម៉ែត្រការ៉េ ខណៈ​ខុនដូ​ប្រភេទ​តម្លៃ​មធ្យម​មាន​តម្លៃ ២ ៦០០ ​ដុល្លារ និង​ប្រភេទ​ប្រណីត​មាន​តម្លៃ ៣ ១៩០ ដុល្លារ​។

ជាមួយ​គ្នា​នេះ​ដែរ​ក្នុង​ត្រីមាស​ទី ​៣ ឆ្នាំ​ ២០១៩ មាន​គម្រោង​អភិវឌ្ឍន៍​ខុនដូ​ថ្មី​ដែល​ប្រកាស​ចាប់ផ្តើម​ចំនួន ៩ ដែល​ស្មើនឹង​បន្ទប់​ស្នាក់នៅ​សរុប ៥ ១៣០ ​យូនីត​ដោយ​ភាគច្រើន​ជា​ខុនដូ​លំដាប់​មធ្យម និង​មាន​ទីតាំង​ក្នុង​ខណ្ឌ​ចំការមន និង​ជ្រោយចង្វារ​។

ចំនួន​នេះ​បាន​ធ្វើឲ្យ​ខុនដូ​ដែល​បាន​ប្រកាស​ចាប់ផ្តើម​សាងសង់​ក្នុង​រយៈពេល ៩ ​ខែ ឆ្នាំ​ ២០១៩ កើនឡើង​ដល់ ២២ ​គម្រោង​ស្មើនឹង ១២ ០៣០ យូនីត​។

ចំណែកឯ​គម្រោង​ខុនដូ​ដែល​បាន​បញ្ចប់​ការសាងសង់​នៅក្នុង​រយៈពេល​ដូចគ្នានេះ​មាន​ចំនួន ៩ ​គម្រោង​ស្មើនឹង ៣ ៣៣០​ ​យូនីត​៕

អត្ថបទគួរចាប់អារម្មណ៍