ក្រុង​បាង​កកៈ ទី​ក្រុង​បាង​កក​​កំ​ពុង​ប្រ​ឈម​នឹង​ការ​ខ្វះ​ការ​ផ្គត់​​ផ្គង់​ខុន​ដូ​ប្រ​ភេទ​ភេន​ហៅស៍ (penthouses) សម្រាប់​ជួល​ ខណៈ​តម្រូវ​ការ​បន្ត​មាន​ ​ហើយ​ការ​ផ្គត់​ផ្គង់​នៅ​មាន​កម្រិត។ នេះ​​​​បើ​យោង​ទៅ​តាម​​កា​សែត​បាង​កក​ប៉ុស្តិ៍។

យោង​តាម​ក្រុម​ហ៊ុន​ប្រឹ​ក្សា​យោ​បល់​ផ្នែក​អ​ច​ល​ន​ទ្រព្យ​ JLL បាង​កក​ប៉ុស្តិ៍​ បាន​រាយ​ការណ៍​ថា តម្លៃ​ជួល​​កាន់​តែ​​ទាប​​​បាន​បំ​បាក់​ទឹក​ចិត្ត​​វិ​និ​យោ​គិន​​ពី​ការ​ទិញ​ខុន​ដូ​ប្រ​ភេទ penthouses ​សម្រាប់​​ជួល​។

លោក​ស្រី Suphin Mechuchep នា​យិ​កា​គ្រប់​គ្រង​​​ក្រុម​ហ៊ុន JLL ​បាន​ថ្លែង​ថា​៖ «​ខុន​ដូ penthouses មាន​តែ​មួយ​ផ្នែក​​​តូច​​ប៉ុណ្ណោះ​នៃ​​ទី​ផ្សារ​ខុន​ដូ​ក្នុង​ទី​ក្រុង​បាង​កក​។ ការ​កើន​ឡើង​​​នៃ​​ការ​​ផ្គត់​ផ្គង់​​​​ក្នុង​ផ្នែក​នេះ​​ត្រូវ​បាន​កំ​ណត់​ដោយ​និ​យម​ន័យ​​របស់​ penthouse ខ្លួន​ឯង​​ផ្ទាល់ ​​​ដែល​​ជា​ទូ​ទៅ​​ខុន​ដូ​នេះ​មាន​ស្ថិត​នៅ​លើ​​ដំ​បូល​អ​គារ ​​និង​មាន​​​​​ផ្ទៃ​​ដែល​អាច​ប្រើ​ប្រាស់​​ធំ​​ជាង​​ខុន​ដូ​​ធម្មតា​ដែល​ស្ថិត​នៅ​ក្នុង​ការ​អភិ​វឌ្ឍ​ដូច​គ្នា​​»។

យោង​តាម​មជ្ឈ​មណ្ឌល​ព័ត៌​មាន​អ​ច​ល​ន​ទ្រព្យ​​ប្រ​ទេស​ ថៃ ​របស់​ក្រុម​ហ៊ុន JLL បាន​ឲ្យ​ដឹង​ថា ការ​ផ្គត់​ផ្គង់ penthouse ក្នុង​ទី​ក្រុង​បាង​កក​​មាន​ការ​កើន​ឡើង​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៣​ ដោយ​​​ជា​មធ្យម​មាន​​​ជាង ​៨០ ​យូ​នីត​​​ចូល​ទៅ​ក្នុង​ទី​ផ្សារ​ក្នុង​មួយ​​ឆ្នាំ​ៗ​​ចន្លោះ​ពី​ឆ្នាំ​ ២០១៣ ​និង​ឆ្នាំ​ ២០១៨​ មាន​ន័យ​ថា​មាន​​កំ​ណើន​ប្រ​ចាំ​ឆ្នាំ​ចំ​នួន ​៧ ​ភាគ​រយ​​។

​បើ​ទោះ​បី​ជា​មាន​កំ​ណើន​លឿន​ជាង​មុន​ក្តី ក៏​​ការ​ផ្គត់​ផ្គង់​​ penthouse សរុប​ក្នុង​ទី​ក្រុង​នេះ​​នឹង​កើន​ឡើង​ដល់​ត្រឹម​តែ ​​១៥៩០ ​យូ​នី​ត​គិ​ត​​​​ត្រឹម​ដំ​ណាច់​​ឆ្នាំ​​ ២០១៨​ ដែល​មាន​ចំ​ណែក​​​​តិច​ជាង​ ០,៣​ ភាគ​រយ​​នៃ​​ចំ​នួន​​ខុន​ដូ​សរុប​​នៅ​ទី​ក្រុង​បាង​កក។ ​

ក្នុង​ចំ​ណោម​​ penthouse សរុប​ ៤៤០ ​​យូ​នីត​​គឺ​ជា​ការ​អភិ​វឌ្ឍ​​​បែប​ទំ​នើប​ និង​ទំ​នើប​ខ្លាំង​ ​ដែល​មាន​ចំ​នួន​តិច​ជាង​ ០,១% ​នៃ​ស្តុក​​ខុន​ដូ​​ក្នុង​​​ទី​ផ្សារ​។

ខណៈ​ការ​ផ្គត់​ផ្គង់​​មាន​កម្រិត​ ​មាន​តម្រូវ​ការ​ជា​បន្ត​​សម្រាប់​គ្រួ​សារ​បរ​ទេស​​ដែល​ត្រូវ​ការ​ penthouse សម្រាប់​ជួល​។

ខុន​ដូ​​បែប​នេះ​​នៅ​ក្នុង​​ទី​ក្រុង​បាង​កក ​​ជា​​ទូ​ទៅ​ផ្តល់​ជូន​ទី​ធ្លា​ដែល​អាច​ប្រើ​ប្រា​ស់​បា​ន​​ ៣០០ ​ម៉ែត្រ​ការ៉េ​​​ ដោយ​​មាន​​ ​៤ ​ទៅ​​ ៥ ​បន្ទប់​ ហើយ​តម្លៃ​ជួល​គឺ​​ចាប់​ពី​​ ២៥០ ០០០​​ ទៅ​​ ៣៥០ ០០០ ​បាត​ក្នុង​មួយ​ខែ​។ ខុន​ដូ​​ទាំង​នេះ​​​កំ​ពុង​មាន​ទី​ផ្សារ​​ជួល​ ហើយ​​ត្រូវ​​បាន​គេ​កក់​​មុន​តាំង​ពី​អ្នក​ជួល​ចាស់​មិន​ទាន់​ចេញ​​ម្ល៉េះ។

​លោក​ស្រី Suphin បាន​ថ្លែង​​ថា​៖ «​​ភាគ​ច្រើន​បំ​ផុត​នៃ​ខុន​ដូ penthouse សម្រាប់​ជួល​គឺ​ស្ថិត​​ក្នុង​ការ​អភិវឌ្ឍ​ខុន​ដូ​ចាស់​​ដែល​អ្នក​វិ​និ​យោគ​​បាន​ទិញ​យូ​នីត​ទាំង​នោះ​ជា​ច្រើន​ឆ្នាំ​​មក​ហើយ​​​ក្នុង​តម្លៃ​ទាប​ខ្លាំង​ជាង​ពេល​ឥឡូវ​នេះ​ ហើយ​ហេតុ​​ដូ​ច្នេះ​ទទួល​បាន​ផល​ពី​ការ​ជួល​​ ៣ ភាគ​រយ​ជា​មធ្យម​»។

លោក​ស្រី​បន្ត​​​ថា​៖ «​បច្ចុ​ប្បន្ន​​​វិ​និ​យោ​គិន​​​ដែល​ទិញ ​penthouse ​មុន​គេ​ដើ​ម្បី​​​ជួល​​អាច​​រំ​ពឹង​ថា​ទទួល​បាន​ផល​ជួល​​ជា​មធ្យម​​តិច​ជាង​​ ១ ភាគ​រយ​​។ ផល​ទាប​បែប​នេះ​​បាន​កាត់​បន្ថយ​​ចំ​ណង់​​របស់​​វិ​និ​យោ​គិន​​​ក្នុង​ការ​ទិញ​ penthouse សម្រាប់​ការ​ជួល​យក​ចំ​ណូល​»៕ PS