ខេត្តព្រះសីហនុជាទីតាំងមួយក្នុងគម្រោងអភិវឌ្ឍន៍នៅតំបន់ឆ្នេរសមុទ្រនៃភាគនិរតីប្រទេសដើម្បីប្រែក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបន្ទាប់ពីខេត្តសៀមរាប។ វាហាក់បង្ហាញពីភាពទាក់ទាញយ៉ាងខ្លាំងបើគេក្រឡេកមើលលើចំនួនអ្នកទេសចរនៅក្នុងតំបន់នេះ។
រយៈពេល ៨ ខែដំបូងនៃដើមឆ្នាំនេះព្រលានយន្តហោះខេត្តព្រះសីហនុបានផ្ទុកភ្ញៀវទេសចរបាន ៦៥៦៩៨ នាក់ដែលក្នុងនោះមានអ្នកទេសចរអញ្ជើញមកដល់ចំនួន ៣៥៨៨២ នាក់តួលេខនេះបង្ហាញពីអត្រាកើនឡើង ១៤៩ ភាគរយធៀបនឹងឆ្នាំមុននិង ១៤០ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
ខណៈដែលកោះធម្មជាតិនៅក្បែរៗនោះដូចជាកោះរ៉ុង និងកោះរ៉ុងសន្លឹមបានក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ និងមានភ្ញៀវទេសចរជាច្រើនកុះករមកកម្សាន្តរាល់ឆ្នាំដែលអ្នកខ្លះមកពីតំបន់អាស៊ី និងខ្លះមកពីជុំវិញពិភពលោក។ អ្នករៀបចំដំណើរកម្សាន្តនៅទីនោះនិយាយថាតំបន់ទីរួមខេត្តព្រះសីហនុមើលទៅហាក់បីដូចជាមិនសូវអ៊ូអរដូចតំបន់មួយចំនួននៅតាមឆ្នេរសមុទ្រនៃប្រទេសដទៃឡើយ។
លោក ហូ វណ្ឌី អ្នកជំនាញវិស័យទេសចរណ៍បាននិយាយថាមិនសូវមានគេមកលេងតំបន់ទីរួមខេត្តទេហើយជាទូទៅពួកគេបានទៅលេងកម្សាន្តនៅតាមកោះផ្សេងៗនៅរដូវដែលមិនសូវមានភ្ញៀវក្នុងស្រុកទៅកម្សាន្ត។ «យើងមានតម្រូវការកសាងតំបន់ទេសចរណ៍បន្ថែមដូចជាឧទ្យានជាតិ និងទីកន្លែងពិសេសៗដើម្បីទាក់ទាញភ្ញៀវទេសចរនៅគ្រប់រដូវកាល»។
បើក្រឡេកមើលភោជនីយដ្ឋានតាមបណ្តោយឆ្នេរអូរឈើទាល និងឆ្នេរឯករាជ្យយើងឃើញមានសេវាកម្មផ្តល់ជូនម្ហូបអាហារស្រដៀងគ្នាដែលវាស្ថិតក្នុងតំបន់អភិវឌ្ឍន៍ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនវិនិយោគទុនចិន និងអាស៊ីដែលគម្រោងនេះមានគោលដៅកែប្រែតំបន់នោះដើម្បីទាក់ទាញភ្ញៀវទេសចរនៅខែដែលមិនសូវមានមនុស្សទៅលេងកម្សាន្ត។
តំបន់កម្សាន្តដែលហាក់បីដូចជាទាក់ទាញភ្ញៀវទេសចរបានច្រើនជាងគេនោះគឺកន្លែងលេងល្បែងភ្នាល់ដែលវាជាផ្នែកនៃសណ្ឋាគារ និងកាសីណូដែលមានទិសដៅទាក់ទាញទីផ្សារអតិថិជនចិននៅក្នុងវិស័យនេះ។
លោក រស់ ភារុន អ្នកនាំពាក្យនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាននិយាយថាចំនួនកាស៊ីណូដែលបានទទួលអាជ្ញាប័ណ្ណបាននិងកំពុងដំណើរការនៅក្នុងខេត្តព្រះសីហនុបានកើនឡើងទ្វេដងហើយគិតចាប់ពី ១៥ ឆ្នាំមុនមកទល់ពេលនេះមានកាស៊ីណូចំនួនប្រាំកំពុងរង់ចាំការអនុញ្ញាត។
លោកបានថ្លែងថា «កាលពីមុនកាស៊ីណូបើកតែនៅតំបន់ព្រំប្រទល់ប៉ុន្តែតាំងពីសេដ្ឋកិច្ចមានភាពរីកចម្រើនមកហើយមានអ្នកទេសចរមកលេងកម្សាន្តច្រើនកាស៊ីណូក៏ចាប់ផ្តើមបើកដំណើរការបន្ថែមហើយក៏ជាលើកដំបូងហើយដែលយើងឃើញមានវិនិយោគិនចិនបានទៅរកឱកាសរកស៊ីនៅតំបន់ឆ្នេរសមុទ្រ»។
កំណើននៃកាស៊ីណូនៅខេត្តព្រះសីហនុមានស្ថានភាពស្រដៀងគ្នានឹងទីក្រុងប៉ោយប៉ែតដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃ។ នៅទីនោះគឺមានចំនួនកាស៊ីណូស្រដៀងគ្នាតែទំហំវិនិយោគទុនក្នុងវិស័យនោះមានភាពខុសគ្នា។
មានអ្នកដំណើរជនជាតិចិនមកកម្ពុជាប្រមាណជាង ៤៦១ ៥១៨ នាក់គិតចាប់ពីខែមករាដល់ខែសីហាដែលវាមានអត្រាកើនឡើង ២៦,៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំហើយមានអត្រា ១៥,២០ ភាគរយនៃចំនួនសរុបរបស់ភ្ញៀវទេសចរទាំងនោះ។ កត្តានេះបានធ្វើឲ្យប្រទេសចិនបានកាន់កាប់ទីផ្សារសេដ្ឋកិច្ចធំទីពីរនៅក្នុងប្រទេសកម្ពុជាបន្ទាប់ពីប្រទេសវៀតណាម។
ខេត្តព្រះសីហនុមានសេវាកម្មទេសចរណ៍បីប្រភេទដែលមានជើងយន្តហោះដោយការហោះហើរទៅប្រទេសកូរ៉េខាងត្បូង សិង្ហបុរី និងប្រទេសចិនហើយការហោះហើររៀងរាល់ថ្ងៃទៅខេត្តសៀមរាបដែលមានអ្នកដំណើរច្រើនជាង ១ លាននាក់ធ្វើដំណើរចាប់តាំងពីខែមករាមកដល់ខែសីហា។ ជើងយន្តហោះនោះទៀតសោតបានភ្ជាប់ជាមួយប្រទេសចិន និងប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ី។
លោក ភិរុណ បាននិយាយថាកាស៊ីណូដែលបើកដំណើរការរាល់យប់មានស្លាកបដាជាភាសាចិនគឺជាជំនួញកាស៊ីណូដែលគេធ្វើការស៊ីសងតាមអនឡាញជាសជាងការមកលេងផ្ទាល់ដែលវាក៏អាចនឹងទាក់ទាញបានភ្ញៀវទេសចរបានច្រើនក្នុងវិស័យនេះ។

លោកបានបន្ថែមទៀតថា «កាលពីមុនខេត្តព្រះសីហនុបានទាក់ទាញភ្ញៀវទេសចរក្នុងស្រុកដែលភាគច្រើនបានមកលេងកម្សាន្តនៅចុងសប្តាហ៍ និងពេលឈប់សម្រាកដែលមានន័យថាតំបន់នេះមិនសូវមានមនុស្សមកលេងនៅថ្ងៃដើមសប្តាហ៍នោះទេ។ ប្រសិនបើតំបន់ទីរួមខេត្តអាចទាក់ទាញវិនិយោគិនក្នុងវិស័យកាស៊ីណូ ការសាងសង់ សណ្ឋាគារ នោះជំនួញទេសចរណ៍ខ្នាតធំក៏អាចនឹងរីកចម្រើនទៅតាមនោះ។
ប៉ុន្តែទោះបីជាមានសក្តានុពលសេដ្ឋកិច្ចក្នុងវិស័យសណ្ឋាគារ និង កាស៊ីណូក៏ដោយក៏វិស័យល្បែងភ្នាល់ក្នុងប្រទេសកម្ពុជានៅតែមានឈ្មោះមិនល្អជាក់ស្តែងខេត្តព្រះសីហនុជាដើមដែលកម្រមានស្ថានភាពល្អណាស់។
អវត្តមាននៃច្បាប់ និងកង្វះព័ត៌មានបានបង្កឲ្យមានហានិភ័យនៅក្នុងការវិនិយោគទុនខណៈដែលមានការអនុវត្តច្បាប់ធូររលុង និងមានបទបញ្ជាមិនទាន់គ្រប់គ្រាន់សម្រាប់រឹតបន្តឹងនៅក្នុងប្រទេសជិតខាងមួយចំនួននៅតំបន់អាស៊ី។
ភ្នំពេញ ប៉ុស្តិ៍ បានរាយការណ៍ពីខែមុនថាមន្ត្រីជាន់ខ្ពស់មួយរូបមកពីអង្គភាពប្រឆាំងអំពើពុករលួយទទួលបន្ទុកផ្នែកប្រឆាំងសកម្មភាពលាងលុយខុសច្បាប់បាននិយាយថាអង្គភាពយើងខ្វះខាតធនធានក្នុងការស្រាវជ្រាវ និងដាក់ពិន័យលើស្ថាប័នហិរញ្ញវត្ថុមួយចំនួនដែលធ្វើខុសច្បាប់ដែលបានធ្វើឲ្យប្រទេសយើងក្លាយជាជនរងគ្រោះនៃអំពើឧក្រិដ្ឋកម្មដែលបានរៀបចំទុកជាមុននោះ។

កាស៊ីណូដែលនៅជាប់ព្រំដែនទាំងនោះដូចជា បាវ៉ិត និងប៉ោយប៉ែត បានរងការវាយប្រហារយ៉ាងខ្លាំងពីករណីចាប់ជំរិត និងការបង្ខំទារប្រាក់ជាដើម។ នៅឯខេត្តព្រះសីហនុវិញនៅដើមឆ្នាំនេះមានបញ្ហាមួយបានកើតឡើងដែលទាក់ទងនឹងក្រុមប្រដាប់អាវុធមួយក្រុមបានបើកការវាយប្រហារលើសណ្ឋាគារ Queenco និងកាស៊ីណូដើម្បីជំរិតទារប្រាក់ពីអ្នករៀបចំកម្មវិធីជប់លៀងម្នាក់។ ប៉ុន្តែនៅពេលនេះវាហាក់បីដូចជារាល់ការវិនិយោគទុនទាំងអស់ជាការវិនិយោគទុនល្អ។
លោក លូ ម៉េង ជាប្រធាននៃសមាគមសណ្ឋាគារ និងជាប្រធានក្រុមការងារនៃវិស័យឯកជន និងរដ្ឋាភិបាលបាននិយាយថាក្រុមវិនិយោគិនចិនទាំងអស់បានប្រថុយវិនិយោគសាងសង់ទ្រព្យសម្បត្តិអគារខ្នាតធំដែលអាចផ្តល់មធ្យោបាយដល់ការរកជំនួញលើវិស័យផ្សេងៗគ្នានៅពេលដែលអ្នកវិនិយោគទាំងនោះក៏មានការប្រុងប្រយ័ត្នក្នុងការស្វែងរកឱកាសធ្វើជំនួញផ្សេងៗទៀតផងដែរ។
ច្បាស់ហើយពួកយើងចង់បានតុល្យភាពនៃការវិនិយោគផ្សេងៗគ្នាមកពីបស្ចិមប្រទេសប្រទេសអាមេរិកាំង ចិន និងកម្ពុជាទៅក្នុងតំបន់នោះក៏ប៉ុន្តែខេត្តព្រះសីហនុបានរង់ចាំអស់ជាច្រើនឆ្នាំមកហើយដើម្បីឲ្យអ្នកវិនិយោគទាំងនោះចូលមកហើយវាក៏ជាឱកាសល្អដែរដែលមានអ្នកទេសចរចូលមកស្វែងរកឱកាសផ្សេងៗគ្នា។
លោកបានថ្លែងបន្តថា «វាជាពេលវេលាសមស្របមួយដែលយើងឃើញមានសំណង់អគារបាន និងកំពុងសាងសង់ហើយវាជាសូចនាករមួយដែលអាចបង្ហាញថានឹងមានការអភិវឌ្ឍក្នុងតំបន់ពីព្រោះកាលពីឆ្នាំមុនមិនទាន់មានសកម្មភាពអភិវឌ្ឍន៍ណាមួយឡើយនៅខេត្តព្រះសីហនុ»។ទោះជាយ៉ាងនេះក្តីមានម្ចាស់កាស៊ីណូមួយចំនួនបានស្វែងរកឱកាសវិនិយោគលើកំណើនសេដ្ឋកិច្ចនៅក្នុងខេត្ត ព្រះសីហនុ ហើយដែលខេត្តនេះផងដែរក៏មានភាពទាក់ទាញចំពោះអ្នកអភិវឌ្ឍគម្រោងធំៗផងដែរ។

កាលពីអំឡុងដើមឆ្នាំនេះវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា និងទីផ្សារក្នុងវិស័យសណ្ឋាគារគឺមានក្រុមហ៊ុនបណ្តុំសាជីវកម្ម SGPD Corp បានចាប់ផ្តើមលើគម្រោងសាងសង់ The Sunshine Bay ដែលមាន ៣១ ជាន់រួមបញ្ចូលជាមួយអគារបីមាន ៩០០ បន្ទប់ និងឧទ្យានលេងទឹក និងក្លិបកម្សាន្តដែលមានទីតាំងនៅឆ្នេរឯករាជ្យ។ តម្លៃទីផ្សារគឺមួយបន្ទប់ចាប់ពី ១២៣ ០០០ ដុល្លាររដ្ឋអាមេរិកឡើងទៅ។
ម្ចាស់អភិវឌ្ឍគម្រោងនោះបានប្រាប់ថាជាង ២០០ បន្ទប់ត្រូវបានលក់ចេញមុនពេលពិធីសម្ពោធការសាងសង់នៅខែឧសភាគម្រោងនេះស្ថិតក្រោមកម្មសិទ្ធិរបស់អ្នកវិនិយោគតៃវ៉ាន់ ចិន និងកម្ពុជា។
គម្រោងវិនិយោគទុនមួយទៀតគឺ D’Seaview ដែលជាខុនដូមាន ៧៣៥ បន្ទប់ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអចលនទ្រព្យសិង្ហបុរី HLH GROUP Ltd ដែលមានទីតាំងនៅឆ្នេរសុខា។ គម្រោងសាងសង់នោះនឹងចាប់ផ្តើមនៅចុងខែក្រោយហើយអាចនឹងចប់នារយៈពេល ៣ ឆ្នាំទៀត។
លោក Ross Wheble ប្រធានប្រចាំតំបន់នៃក្រុមហ៊ុនទីប្រឹក្សាអចលនទ្រព្យសកល Knight Frank។ គាត់បាននិយាយថា គម្រោងខុនដូដំបូងនៅខេត្តព្រះសីហនុបាននាំយកស្តង់ដារអន្តរជាតិទៅក្នុងតំបន់ហើយបានផ្លាស់ប្តូរស្ថានភាពដីធ្លីដែលអសកម្ម និង តម្លៃដីទាំងនោះឲ្យប្រសើរឡើង។
គាត់បានបញ្ជាក់នៅក្នុងសារអេឡិចត្រូនិកថាកំណើនសកម្មភាពពាណិជ្ជកម្មនេះអាចកើតមានដោយសារកត្តាកំណើននៃជើងហោះហើរមកកាន់ព្រលានយន្តហោះនៃខេត្តព្រះសីហនុដែលធ្វើឲ្យមានកំណើនសេដ្ឋកិច្ចក្នុងស្រុករយៈពេលយូរបន្ថែមពីលើកំណើននៃវិស័យឧស្សាហកម្ម និងការកើនឡើងនៃតំបន់សេដ្ឋកិច្ចពិសេស។

លំហូរនៃការវិនិយោគទុនបានធ្វើឡើងនៅឆ្នេរខ្សាច់អូរត្រេសនៃខេត្តព្រះសីហនុវាបានទាក់ទាញចំណាប់អារម្មណ៍ពីអ្នកទេសចរខណៈដែលមានសណ្ឋាគារខ្ពស់សន្លឹមដែលមានផ្តល់ជូននូវសេវាកម្មល្អប្រណីតដែលមានទីតាំងលាតសន្ធឹងនៅត្រើយម្ខាងទៀតនៃទីប្រជុំជនមានឈ្មោះថាអូរត្រេស២។
«បច្ចុប្បន្ននេះខេត្តព្រះសីហនុមិនមានឆ្នេរខ្សាច់ដែលមានឈ្មោះល្បីល្បាញទេហើយឆ្នេរខ្សាច់ Serendipity ក៏លែងជាឆ្នេរខ្សាច់ល្អផុតលេខដែរ។ ហេតុផលដែលមានគម្រោងសាងសង់នៅឆ្នេរអូរឈើទាលនោះគឺថាវាមានលក្ខណៈសមស្របទៅនឹងអ្នកទេសចរបែបគ្រួសារដែលមានផ្ទុយគ្នាពីអ្នកទេសចរបែបពនេចរនៅក្នុងខេត្តព្រះសីហនុ»។ នេះបើតាមសម្ដីរបស់លោក Wheble ។
លោក ណនធិន សុធា ប្រធានផ្នែកអចលនទ្រព្យនៃខេត្តព្រះសីហនុបាននិយាយថារឿងរ៉ាវនៅឆ្នេរអូរត្រេស ២ បានកើតឡើងខណៈដែលគ្មានចន្លោះទំនេរនៅឆ្នេរអូរត្រេស ១ ដែលស្ថានភាពនេះបានជំរុញឲ្យតម្លៃដីឡើងថ្លៃពី ១០០ ដុល្លារ ទៅ ៦០០ ដុល្លារក្នុងមួយម៉ែត្រការ៉េនៅតាមបណ្តោយឆ្នេរទាំងមូល។
វានៅតែមិនទាន់ច្បាស់ថាកំណើនសេដ្ឋកិច្ចនៃខេត្តព្រះសីហនុអាចជួយលើកកម្ពស់គម្រោងទេសចរណ៍របស់រដ្ឋាភិបាលនឹងជួយទាក់ទាញអ្នកទេសចរបែបពនេចរនឹងអាចផ្លាស់ប្តូរទីរួមខេត្តទាំងមូលមកជាទីក្រុងកាស៊ីណូដូចទីក្រុងបាវិតបានដែរឫក៏អត់ទេ? ប៉ុន្តែក្នុងពេលនេះយើងផ្តោតសំខាន់លើការទប់ស្កាត់ការធ្លាក់ចុះ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចខេត្តមួយនេះឲ្យស្តារស្ថានភាពឡើងវិញ។
លោក ម៉េង បានបន្ថែមថា៖ «វាតម្រូវឲ្យអ្នកប្រថុយប្រថានខ្លះ។ អ្នកទាំងអស់នោះត្រូវតែចាប់ផ្តើមគម្រោងសាងសង់ហើយពួកយើងនឹងរង់ចាំទាល់តែអតិថិជនរបស់យើងឃើញនូវអ្វីដែលពួកយើងបានរៀបចំឡើងសិន»៕
អត្ថបទដោយ៖ George Styllis