ប្រកប​របរ​លក់​បប​រ និង​បាយ​កញ្ចប់​រយៈពេល​៧​ឆ្នាំ​នៅ​ឆ្នេរ​អូរ​ឈើទាល អ្នកស្រី សុខ គា បាន​ឃើញ​ការ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ដ៏​លឿន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ នេះ ប៉ុន្តែ​អ្នក​ស្រី​និយាយ​ថា ការ​រីកចម្រើន​ដ៏​ឆាប់​រហ័ស និង​វត្តមាន​ដ៏​ច្រើន​នៃ​ជន​ជាតិ​ចិន​នា​ពេល​នេះ មិន​បាន​ធ្វើ​ឱ្យ​ជីវភាព​គ្រួសារ​របស់​គាត់​ប្រសើរ​នោះ​ទេ។

ការ​រក​ចំណូល​របស់ អ្នក​ស្រី សុខ គា នា​ពេល​នេះ​មិន​សូវ​បាន​ច្រើន​ឡើយ ដោយ​គាត់​អះអាង​ថា សព្វ​ថ្ងៃ នេះ​មាន​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ​ជនជាតិ​ចិន​ជាច្រើន​បាន​មក​ស្នាក់​នៅក្នុង​ក្រុង​ព្រះសីហនុ តែ​ពួកគេ​ទាំងនោះ​ទិញ​តែ​របស់​ក្នុង​ហាង និង​ទិញ​តែ​របស់​ជនជាតិ​ចិន​គ្នា​គេ​តែ​ប៉ុណ្ណោះ​។ ជាង​នេះ​ទៅ​ទៀត​ តាម​ការ​សង្កេត​របស់​អ្នកស្រី​ចំនួន​វត្តមាន​របស់​ភ្ញៀវទេសច​ក្នុង​ស្រុក និង ​អឺរ៉ុប ដែល​ពី​មុន​មក​​តែង​តែ​មក​សម្រាក​លម្ហែ​នៅ​ខេត្ត ​ព្រះសីហនុ​ ក៏មាន​ការ​ធ្លាក់​ចុះ​ផង​ដែរ ដោយ​សារ​តែ​ផ្ទះសំណាក់ និង​សណ្ឋាគារ​ត្រូវ​ជន​ជាតិ​ចិន​ជួល​ស្ទើរ​ទាំង​អស់​។

ទោះបីជា​យ៉ាង​ណា អ្នកស្រី សុខ គា អះអាង​ថា​ ៖ «​ខ្ញុំ​នៅ​តែ​សប្បាយ​ចិត្ត​ពេល​ឃើញ​​វត្តមាន​អគារ​ខ្ពស់ៗ​លេច​ឡើង​ជា​បន្ត​បន្ទាប់ បើ​ទោះ​ដឹងថា​វា​មិន​មែន​ជា​របស់​ខ្មែរ​ក៏ដោយ ព្រោះ​ការ​រីក​ចម្រើន​នេះ​ក៏បាន​ជួយ​បង្កើត​ឱកាស​ការងារ​ជាច្រើន​កន្លែង​ផង​ដែរ​សម្រាប់​ប្រជាជន​ខ្មែរ​»​។

អ្នក​ស្រី​បាន​​បន្តថា ​៖ «​បច្ចុប្បន្ន​អ្វីៗ​ទាំងអស់​នៅ​ទី​នេះ​ស្ទើរតែ​ត្រូវបាន​ជនជាតិ​ចិន​ជា​អ្នក​គ្រប់គ្រង​ទៅហើយ ព្រោះ​ពួក​ចិន​មាន​លុយ​ទិញ និង​សាងសង់​ច្រើន​»​។

ខេត្ត​ព្រះសីហនុ ដែល​មាន​ចម្ងាយ​ ២៣០ ​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ នា​ពេល​នេះ ​កំពុង​ក្រសោប​យក​ការចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​វិនិយោគ​ទាំង​ក្នុង​ស្រុក និង​អន្តរជាតិ ពិសេស ​អ្នក​វិនិយោគ​ចិន​ដែល​បាន​ធ្វើ​ឲ្យ​ទីក្រុង​នេះ​ត្រូវ​បាន​គេ​ប្រដូច​ទៅ​ទីក្រុង​ម៉ា​កាវ​ទី ​២ របស់​ចិន​នា​ពេល​អនាគត​។

កញ្ញា Jessica អ្នក​គ្រប់គ្រង​អចលនទ្រព្យ​នៃ​គម្រោង​ខុន​ដូ The Sea Gate Suite ដែល​ជា​គម្រោង​វិនិយោគ​ថ្មី​មួយ​ក្នុង​ចំណោម​គម្រោង​អភិវឌ្ឍន៍​ខុន​ដូ​ជាច្រើន​នៅ​ខេត្ត​ព្រះសីហនុ បាន​និយាយថា ការ​ដែល​​ម្ចាស់​គម្រោង​សម្រេច​ចិត្ត​មក​សាងសង់​ខុនដូ​នៅ​ក្រុង​ព្រះសីហនុ ព្រោះ​តំបន់​នេះ​​នៅ​ជាប់​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត​ដែល​ជាប់​ជា​ឆ្នេរ​ស្រស់​ស្អាត​លំដាប់​ពិភពលោក ហើយ​ទីនេះ​ ក៏​ជា​ខេត្ត​មាន​សក្តានុពល​សេដ្ឋកិច្ច​របស់​កម្ពុជា​ទៀត​ផង​។

កញ្ញា​បាន​បន្ត​ថា ៖ «​ខេត្ត​ព្រះសីហនុ​ជា​ទីតាំង​ដែល​ស្ថិត​ក្នុង​គោល​នយោបាយ​របស់​ចិន​(One Belt One Road)​ដែល​បាន​ដាក់​ចេញ​ក្នុង​ការ​អភិវឌ្ឍ​តំបន់​នេះ​ឲ្យ​រីក​ចម្រើន​»​។​

កញ្ញា​បញ្ជាក់​ថា​៖ «​ក្រុង​ព្រះសីហនុ​មាន​កំពង់​ផែ​អន្តរជាតិ​សម្រាប់​ដឹក​ទំនិញ​ទៅ​កាន់​ប្រទេស​នានា​លើ​ពិភពលោក មាន​ព្រលាន​យន្តហោះ​លំដាប់​អន្តរជាតិ និង​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​គោក​ដ៏​សម្បូរ​បែ​ក៏​ទាំង​នេះ គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​ការ​អភិវឌ្ឍ​»​។

The Sea Gate Suite ដែល​នឹង​លេច​រូប​រាង​នៅ​ក្នុង​ក្រុង​ព្រះ​សីហនុ ។ រូបថត សហការី

ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Huttons CPL លោក​ឧកញ៉ា ចេង ខេង ដែល​បាន​ដឹក​នាំ​សមាជិក​របស់​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ទៅ​ទស្សនកិច្ច​នៅ​ខេត្ត​ព្រះសីហនុ កាលពី​ចុង​សប្តាហ៍​មុន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រុង​ព្រះសីហនុ​នាពេល​បច្ចុប្បន្ន​មាន​សក្តានុពល​ផ្នែក​សេដ្ឋកិច្ច និង​ការ​រីក​ម្រើន​យ៉ាង​ឆាប់រហ័ស​។ ការ​រីក​ចម្រើន​ដ៏​ឆាប់​រហ័ស​នេះ ដោយ​សារ​តែ​មាន​អ្នក​វិនិយោគ​បរទេស​ជាច្រើន បាន​ចាប់​អារម្មណ៍​មក​វិនិយោគ​ក្នុង​ទីក្រុង​នេះ ស្រប​ពេល​ដែល​ចំនួន​ភ្ញៀវ​ទេសចរ​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ​។

លោក​ឧកញ៉ា​ ចេង ខេង បាន​ថ្លែង​ថា​ ​៖ «​ការ​រីកចម្រើន​ដ៏​ឆាប់​រហ័ស​របស់​ក្រុង​ព្រះសីហនុ ដោយ​សារ​តែ​មាន​ក្រុមហ៊ុន​វិនិយោគ​មកពី​ប្រទេស​ចិន​ជាច្រើន​បាន​ចាប់​អារម្មណ៍​វិនិយោគ​លើ​វិស័យ​ដីធ្លី និង​ការ​អភិវឌ្ឍ​គម្រោង​ធំៗ​ដូចជា​ខុនដូ​សណ្ឋាគារ និង​កាស៊ីណូ ព្រម​ទាំង​សំណង់​អគារ​ផ្សេងៗ​ជាច្រើន​ទៀត​»​។

លោក​ឧកញ៉ា​បន្ត​ថា​៖ «នា​រយៈ​ពេល ​៥ ​ទៅ ​​១០ ​ឆ្នាំ​ខាង​មុខ​​ក្រុង​ព្រះ​សីហនុ​នឹង​​ក្លាយ​ទៅ​ជា​តំបន់​រីក​ចម្រើន​ដូច​ទីក្រុង​ម៉ាកាវ​នៃ​ប្រទេស​ចិន ប្រសិន​បើ​សកម្មភាព​នៃ​ការ​សាងសង់​មិន​ត្រូវ​បាន​រារាំង​នោះ​ទេ»​។

បើ​តាម​ប្រភព​មួយ​បាន​អះអាង​ថា បច្ចុប្បន្ន​ដី​នៅ​តំបន់​ពាណិជ្ជកម្ម​ក្នុង​ក្រុង​ព្រះសីហនុ អាច​មាន​តម្លៃ​ចន្លោះ​ពី​៨០០​​ទៅ​​ ១២០០​​ដុល្លារ​ក្នុង​១​ម៉ែត្រ​ការ៉េ ខណៈ​ដី​លំនៅឋាន​ក្នុង​ក្រុង​មាន​តម្លៃ​ចន្លោះ​ពី​១០០​​ទៅ​៣០០​ដុល្លារ​។

ជាមួយ​នឹង​កំណើន​នៃ​ការ​វិនិយោគ​របស់​ជន​ជាតិ​ចិន មាន​បញ្ហា​ជាច្រើន​ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ​ខេត្ត​ត្រូវ​ដោះស្រាយ​ដែល​មាន​ដូចជា​ហេដ្ឋា​រចនា​សម្ព័ន្ធ បញ្ហា​បរិស្ថាន និង​សន្តិសុខ​សណ្តាប់​ធ្នាប់​នានា​។

នៅ​ពេល​លើក​ឡើង​ពី​ប្លង់គោល​នៃ​ការ​អភិវឌ្ឍ និង​បែង​ចែក​ជា​តំបន់​លំនៅឋាន ឬ​តំបន់​ពាណិជ្ជកម្ម អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​អាជ្ញាធរ​ខេត្ត​បាន​ផ្តល់​ការ​ណែនាំ​ខ្លះៗ​ផងដែរ​ពី​តំបន់​អភិវឌ្ឍន៍​គួរ​រៀបចំ​បែប​ណា? ប៉ុន្តែ​យើង​ក៏​ជួប​ការ​លំបាក​ផង​ដែរ​ដោយ​សារ​ខេត្ត​មិន​ទាន់​មាន​ប្លង់គោល​សម្រាប់​អភិវឌ្ឍន៍​។

លោក​បន្តថា ប្លង់​គោល​កំពុង​រៀបចំ​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​រំពឹងថា​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ​ ២០១៨ នេះ​។

លោក​មាន​ប្រសាសន៍​ថា ​៖ «​ជាមួយ​នឹង​កំណើន​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ ខេត្ត​ក៏​ប្រឈម​មុខ​នឹង​បញ្ហា​លំបាក​ផងដែរ​ទាក់ទង​នឹង​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​បរិស្ថាន​ដោយ​យើង​បាន​ណែនាំ​ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​អាង​ចម្រោះ​ទឹក​មុន​ពេល​បង្ហូរ​ទឹក​កខ្វក់​ចូល​សមុទ្រ​»​។

លោក​បន្ត​ថា​ ៖ «​ឥឡូវ​យើង​ណែនាំ​បន្តិច​ទៀត​បើ​ពួក​គេ​មិន​អនុវត្ត ​យើង​នឹង​ចាប់បង្ខំ​ឲ្យ​អនុវត្ត ព្រោះ​មិន​អាច​ឲ្យ​ពួកគេ​បង្ហូរ​ទឹក​សម្អុយ​ចូល​ក្នុង​សមុទ្រ​បានទេ​»​។

យោង​តាម​ការ​សិក្សា​របស់​ក្រុមហ៊ុន Vtrust Appraisal Co., Ltd បាន​រក​ឃើញ​ថា បច្ចុប្បន្ន​មាន​បន្ទប់​ស្នាក់​នៅ​ (ខុនដូ​) សរុប​ជាង​ ៤ ៦០០ ​យូនីត​ដែល​បាន​និង​កំពុង​សាងសង់​នៅ​ក្រុង​ព្រះសីហនុ​។

អ្នក​នាង អាន សុធីតា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​និយាយ​ថា ដោយ​សារ​កំណើន​នៃ​ការ​វិនិយោគ​កាន់​តែ​ច្រើន​នៅ​ខេត្ត​ព្រះសីហនុ​បាន​ធ្វើ​ឲ្យ​ទីផ្សារ​ខុន​ដូ​នៅ​ខេត្ត​នេះ​មាន​សញ្ញា​វិជ្ជមាន និង​មាន​តម្រូវ​ការ​ច្រើន ខណៈ​ខុន​ដូ​ភាគ​ច្រើន​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សាងសង់​។

អ្នក​នាង​បន្តថា ​៖ «​ទីផ្សារ​អចលន​ទ្រព្យ​នៅ​​ខេត្ត​ព្រះសីហនុ​កំពុង​មាន​សញ្ញា​វិជ្ជមាន និង​មាន​សក្តានុពល​សម្រាប់​ការ​វិនិយោគ​ខុនដូ​នានា​»​។

បច្ចុប្បន្ន​មាន​គម្រោង​ខុនដូ​ជាច្រើន​បាន​និង​កំពុង​សាងសង់​នៅ​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ​ដូចជា គម្រោង Blue Bay, D’Seaview, Sunshine Bay គម្រោង The Price Plaza ជាដើម​៕