ការអភិវឌ្ឍភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធកំណើននាំការវិនិយោគរបស់ប្រទេសចិនបានធ្វើឲ្យខេត្តជាប់មាត់សមុទ្រដែលធ្លាប់តែអ៊ូអរតែពេលចុងសប្តាហ៍នេះប្រែជាគគ្រឹកគគ្រេង និងមានសន្ទុះអភិវឌ្ឍយ៉ាងលឿនស្ទើរមិនគួរឲ្យជឿ។
អភិបាលខេត្តព្រះសីហនុលោក យន្ត មីន បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃចន្ទថា ដោយសារការកើនឡើងនូវចំនួនអ្នកវិនិយោគបានធ្វើឲ្យខេត្តព្រះសីហនុមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងធ្វើឲ្យតម្លៃដីធ្លី និងអចលនទ្រព្យដទៃទៀតកើនឡើងលើសពីទ្វេដង និងកន្លែងខ្លះកើនឡើងរហូតដល់៤ដងធៀបនឹងប៉ុន្មានឆ្នាំមុន។
លោកបន្តថា ជាមួយនឹងវត្តមានកាស៊ីណូកាន់តែច្រើន ខេត្តព្រះសីហនុមានជនជាតិចិនរស់នៅ និងភ្ញៀវទេសចរចិនកើនឡើងកាន់តែច្រើន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកបន្តថា “ខ្ញុំគិតថាតម្លៃដីធ្លីក្នុងខេត្តនេះនឹងកើនដល់លក់តម្លៃថ្លៃនៅពេលខាងមុខ ប៉ុន្តែខ្ញុំសូមអំពាវនាវឲ្យអ្នកមានធនធាន ចូលមកវិនិយោគសណ្ឋាគារនៅខេត្តនេះ ព្រោះយើងកំពុងខ្វះបន្ទប់សម្រាប់ភ្ញៀវស្នាក់នៅ”។
ខេត្តព្រះសីហនុ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចនានាមើលឃើញសក្តានុពលរបស់ខេត្តនេះ ដូចជា ការភ្ជាប់ផ្លូវរថភ្លើងការសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅកាន់ខេត្តនេះ កំពង់ផែទឹកជ្រៅមានព្រលានយន្តហោះអន្តរជាតិដែលមានសកម្មភាពកាន់តែសកម្ម និងមានតំបន់ឧស្សាហកម្មធំជាងគេទី១នៅកម្ពុជា។
បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុមានរោងចក្រ សហគ្រាសសរុបជាង ១១០ កន្លែង និងមានទុនវិនិយោគ ៣១០ លានដុល្លារអាមេរិក ព្រមទាំងបានផ្តល់ការងារដល់ប្រជាពលរដ្ឋជាង ១៦,០០០ នាក់។
លោក យន្ត មីន បានថ្លែងថា “ខ្ញុំជឿជាក់ថារយៈពេល៥ឆ្នាំខាងមុខ ខេត្តព្រះសីហនុ នឹងនាំមុខខេត្តសៀមរាប ដោយសារសក្តានុពលដ៏សម្បូរបែបរបស់ខេត្ត ខណៈខេត្តសៀមរាបពឹងផ្អែកតែលើភ្ញៀវទេសចរប៉ុណ្ណោះ”។
អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisalលោកឧកញ៉ា នួន រិទ្ធី បានថ្លែងថា ដោយសារលំហូរនៃការវិនិយោគផ្ទាល់ពីបរទេសកើនឡើង ការធានាបាននូវសន្តិសុខ ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច បានធ្វើឲ្យខេត្ត ព្រះសីហនុរីកចម្រើនយ៉ាងឆាប់រហ័ស ពិសេសអចលនទ្រព្យក្នុងខេត្តនេះកំពុងកើនឡើងទ្វេដង ឬលើសពីនេះ ជាក់ស្តែងដីនៅតំបន់អូរត្រេះ ពីមុនមានតម្លៃ ៤០០ បានកើនដល់ ៨០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដីធ្លីនៅជាប់មាត់សមុទ្រពីមុនតម្លៃ ៨០០ ដុល្លារ បានកើនដល់ ១ ២០០ ទៅ ១ ៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ចំណែកអគារការិយាល័យផ្ទះសំបែង សម្រាប់ជួលក៏មានកំណើនទ្វេដងផងដែរ ដោយសារការកើនឡើងនៃតម្រូវការរបស់ជនជាតិចិន។
លោកឧកញ៉ា នួន រិទ្ធីបានបន្តថា “ខេត្តព្រះសីហនុដូចកូនក្រមុំមួយដែលមិនទាន់ច្នៃអ៊ីចឹង និងមិនទាន់ទាញយកអស់សក្តានុពលនៅឡើយ”។
លោកបន្តថា “ខេត្តនេះនឹងក្លាយជាកន្លែងផលិតសម្រាប់ចែកចាយទៅកាន់បណ្តាប្រទេសក្នុងតំបន់នាពេលអនាគត លើសក្តានុពលជាច្រើន ដែលមានស្រាប់នាពេលបច្ចុប្បន្ននេះ”។

ទោះជាយ៉ាងណាលោក ឡៅ ហេងអ្នកវិនិយោគសណ្ឋាគារអូរឈើទាល ក្នុង ក្រុងព្រះសីហនុបានសម្តែងការប្រុងប្រយ័ត្នពេលលើកឡើងពីល្បឿននៃការអភិវឌ្ឍរបស់ខេត្តនេះ ទោះជាមានការភ្ជាប់ជើងហោះហើរកាន់តែសកម្មក្តីតែវិស័យសណ្ឋាគារ នៅតែមិនសូវល្អប្រសើរទេហើយចំណែកសណ្ឋាគារដែលចិនជួលធ្វើកាស៊ីណូ អាចឲ្យភ្ញៀវស្នាក់នៅបាន ប៉ុន្តែទាល់តែភ្ញៀវនោះចូលលេងកាស៊ីណូរបស់ពួកគេសិន ទើបមានបន្ទប់សម្រាកនិន្នាការនេះដូចគ្នានឹងទីក្រុងឡាវេហ្គាស់សហរដ្ឋអាមេរិក។
មើលឃើញវិស័យទេសចរណ៍រីកចម្រើនក្នុងល្បឿនយឺតៗនេះ លោក ឡៅ ហេង បានសហការជាមួយអ្នកវិនិយោគចិនប្រែក្លាយសណ្ឋាគាររបស់លោកជាកាស៊ីណូ។
ទាក់ទងនឹងស្ថានភាពអចលនទ្រព្យ លោក ឡៅ ហេង បានពន្យល់ថា “ការឡើងតម្លៃដីធ្លីនៅខេត្តនេះពិតជាបានកើនឡើងមែនតែដូចជាផ្អើលៗតាមគ្នា ហាក់ដូចជាពពុះសាប៊ូច្រើនជាង ហើយចរន្តនៃការអភិវឌ្ឍបច្ចុប្បន្នហាក់ដូចជាគ្មានអ្វីជាដុំកំភួនទេ”។
លោកបន្តថា “ប្រសិនជាមានការវិនិយោគធំៗ សាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ មិនមានបញ្ហាអ្វីនោះទេ ប៉ុន្តែខ្ញុំខ្លាចតែនយោបាយចិនប្រែប្រួល យើងនឹងមានបញ្ហា”។
លោកបានបន្តថា អ្វីដែលបារម្ភ គឺខ្លាចតែរបស់ល្អដែលយើងមាន តែយើងគ្រប់គ្រងមិនបានទៅវិញ និងប្រសិនជាមានបញ្ហា នឹងធ្វើឲ្យខេត្តនេះនឹងមិនមានអ្នកវិនិយោគល្អៗចូលមកឡើយ តែប្រសិនជាអ្នកវិនិយោគមានបំណងប្រែក្លាយខេត្តនេះដូចជា ម៉ាកាវ និងផ្តោតលើការអភិវឌ្ឍប្រកបដោយនិរន្តរភាពជារឿងល្អប្រសើរ។
ជាអ្នកគ្រប់គ្រងសន្តិសុខប្រចាំខេត្តជាប់មាត់សមុទ្រនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងឲ្យដឹងថា បច្ចុប្បន្នសន្តិសុខសណ្តាប់ធ្នាប់ ត្រូវបានពង្រឹងយ៉ាងល្អប្រសើរជាបន្តបន្ទាប់ ដើម្បីធានានូវសន្តិសុខសម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគដែលកើនឡើងនៅក្នុងខេត្តនេះ។
លោកបន្តថា ជាមួយនឹងល្បឿននៃការអភិវឌ្ឍនេះ ក្រុងព្រះសីហនុបច្ចុប្បន្នមានកាស៊ីណួកំពុងដំណើរការចំនួន ១៨ ទៅ ១៩ កន្លែង និងកាស៊ីណូថ្មីៗមួយចំនួនទៀតត្រៀមនឹងដំណើរការដែលធ្វើឲ្យចំនួនកាស៊ីណូក្នុងខេត្តនេះនឹងកើនដល់ប្រមាណ២៤នៅពេលខាងមុខ។
លោកបន្តថា “បច្ចុប្បន្នជនជាតិចិនជាង ៤ ០០០ នាក់ កំពុងរស់នៅខេត្តនេះនិងភ្ញៀវទេសចរចិនមកទស្សនាខេត្តនេះក៏កាន់តែច្រើន ប៉ុន្តែបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ មិនមានបញ្ហាអ្វីនោះទេ ព្រោះយើងពង្រឹងការអនុវត្តច្បាប់ទាំងខ្មែរ និងជនបរទេស”។
លោកណារិន្ទបានបន្តថា ជាមួយនឹងសន្ទុះនៃការសាងសង់អគារខុនដូ និងអគារពាណិជ្ជកម្មនានា ចំនួនកម្មករសំណង់ទាំងជនជាតិចិន និងកម្ពុជាជាង ២ ០០០ នាក់កំពុងធ្វើការក្នុងខេត្តនេះ៕