ភ្នំពេញៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេស កូរ៉េ បានបញ្ជាក់ថា គណៈប្រតិភូមកពីខុទ្ទកាល័យនាយករដ្ឋមន្ដ្រីប្រទេស កូរ៉េខាងត្បូង បានជួបតំណាងអាជ្ញាធរកម្ពុជារួចហើយទាក់ទងនឹងគម្រោងអភិវឌ្ឍន៍ទីក្រុងរណប Camko City ដែលត្រូវបានពន្យារពេលជាយូរមកហើយ។
ជំនួបនេះធ្វើឡើងបន្ទាប់ពីលោក Yoo Dong-soo ជំនួយការគណៈកម្មាធិការរដ្ឋ និងជាសមាជិកគណបក្សប្រជាធិបតេយ្យកូរ៉េ (DPK) កាលពីថ្ងៃទី ១៦ ខែតុលា បានស្នើខុទ្ទកាល័យនាយករដ្ឋមន្ត្រីឲ្យស្វែងរកដំណោះស្រាយសម្រាប់ជនរងគ្រោះចំនួន ៣៨ ៨៩១ នាក់ របស់ធនាគារ Busan Savings។
ដោយឡែកជំនួបបន្ទាប់ទៀតនឹងត្រូវធ្វើឡើងមុនពេលមានកិច្ចប្រជុំកំពូលកម្ពុជា និងកូរ៉េដែលគ្រោងនឹងរៀបចំនៅក្រៅជំនួបកិច្ចប្រជុំកំពូលកូរ៉េ និងអាស៊ាននៅចុងខែនេះ។ ក្នុងជំនួបនេះត្រូវបានរំពឹងថានឹងលើកយកបញ្ហានៃគម្រោង Camko City មកពិភាក្សា។
លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានប្រាប់ភ្នំពេញប៉ុស្តិ៍ តាម Telegram កាលពីល្ងាចថ្ងៃម្សិលមិញថា មន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រីនៃប្រទេសកូរ៉េខាងត្បូងបានមកទស្សនកិច្ច និងពិភាក្សាការងារជាមួយតំណាងរដ្ឋាភិបាលកម្ពុជារួចហើយ។
លោកបន្ថែមថាបច្ចុប្បន្នស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េបានទទួលបណ្តឹងទាំងពីម្ចាស់បំណុលគឺក្រុមហ៊ុន Korea Deposit Insurance Corp (KDIC) និងពីភាគីក្រុមហ៊ុន World City ដែលជាក្រុមហ៊ុនបានចុះបញ្ជីជាម្ចាស់គម្រោងអភិវឌ្ឍន៍ Camko City នៅកម្ពុជា។
ក្រុមហ៊ុន KDIC ជាក្រុមហ៊ុនរបស់រដ្ឋកូរ៉េដែលមានតួនាទីក្នុងការប្រមូលកត់ត្រាទ្រព្យពីការយកទុនទៅវិនិយោគនៅក្រៅប្រទេស និងត្រូវយកមកសងឲ្យក្រុមហ៊ុន (ធនាគារ Busan Savings Bank) ដែលជាម្ចាស់ដើមរបស់គម្រោង Camko City។
លោកថ្លែងថា៖ «អ្វីដែលខ្ញុំដឹង គណៈប្រតិភូមកពីប្រទេសកូរ៉េបានជួបតំណាងរបស់រដ្ឋាភិបាលរួចហើយ»។
លោក ឡុង ឌីម៉ង់ មិនបានប្រាប់ពីសមាសភាពរបស់គណៈប្រតិភូនេះទេ។
ភ្នំពេញប៉ុស្ដិ៍បានរាយការណ៍ដោយដកស្រង់អត្ថបទរបស់កាសែត Maeil Business នៅដើមខែនេះថា គណៈប្រតិភូនេះរួមមានមន្ដ្រីជាន់ខ្ពស់មកពីស្ថាប័នរដ្ឋាភិបាល ដូចជាខុទ្ទកាល័យ ក្រសួងការបរទេស គណៈកម្មការសេវាហិរញ្ញវត្ថុ ការិយាល័យព្រះរាជអាជ្ញាជាន់ខ្ពស់ និងរដ្ឋាភិបាលទីក្រុងប៊ូសាន។
លោកបានថ្លែងថា៖ «បើតាមឯកសារ ក្រុមហ៊ុន World City ក៏មានបំណងដោះស្រាយបញ្ហាបំណុលនេះដែរ ប៉ុន្តែកន្លងមកវាមានរឿងរ៉ាវទាក់ទងនឹងប្រព័ន្ធតុលាការ។ ដូច្នេះស្ថានទូតមិនអាចធ្វើអ្វីបានក្រៅតែពីប្រមូលឯកសារអង្គហេតុ និងអង្គច្បាប់ទាំងអស់សម្រាប់ប្រគល់ជូនទៅរាជរដ្ឋាភិបាលដើម្បីថ្នាក់ដឹកនាំមានមតិសម្រេច»។ លោកបន្តថា៖ «មកដល់ពេលនេះយើងដឹងថា កិច្ចការនេះស្ថិតក្នុងផ្លូវតុលាការ ដូច្នេះយើងត្រូវរង់ចាំការដោះស្រាយតាមការប្តឹងផ្តល់តាមច្បាប់»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាកាលពីម្សិលមិញបានប្រាប់ថា លោកមិនបានដឹងពីព័ត៌មាននេះទេ ដោយលោកបានប្រាប់ឲ្យទាក់ទងទៅលោក អ៊ាង សុផល្លែត។ កាសែតភ្នំពេញប៉ុស្តិ៍បានព្យាយាមទូរស័ព្ទទៅលោក អ៊ាង សុផល្លែត ជាច្រើនលើកតែមិនអាចទាក់ទងបានឡើយ។ អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោក សេង ឡូត បាននិយាយថា លោកមិនមានព័ត៌មានដែលថា មន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រីនៃប្រទេសកូរ៉េខាងត្បូងគ្រោងនឹងធ្វើដំណើរមកប្រទេសកម្ពុជាដើម្បីដោះស្រាយវិវាទរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ជាមួយនឹងធនាគារ Busan Savings Bank នោះទេ។
លោកថ្លែងថា៖ «ខ្ញុំគ្រាន់តែបានឃើញព័ត៌មាននេះនៅសារព័ត៌មានតែប៉ុណ្ណោះ។ ខ្ញុំមិនដឹងលម្អិតទេ ព្រោះវាជាកិច្ចការផ្ទៃក្នុងរបស់ក្រុមហ៊ុននៅកូរ៉េ»។
លោក សេង ឡូត បានប្រាប់ថាបើតាមលោកដឹងគម្រោង Camko City មានវិវាទចំនួន ៣ ករណីដោយ ១ ករណីត្រូវបានដោះស្រាយរួចរាល់ហើយ ចំណែក ២ ករណីទៀតត្រូវបានដោះស្រាយជាច្រើនលើកដោយមានការចូលរួមរបស់តំណាងសាលារាជធានីភ្នំពេញ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប៉ុន្តែនៅតែមិនអាចរកឃើញដំណោះស្រាយបានរហូតដល់ពេលបច្ចុប្បន្ន។
លោកបញ្ជាក់ថា៖ «ក្នុងចំណោម ២ ករណីនេះគឺមាន ១ កំពុងធ្វើការដោះស្រាយនៅតុលាការ»។
ខណៈបច្ចុប្បន្នគម្រោង Camko City មិនមានសកម្មភាពសាងសង់អ្វីគួរឲ្យកត់សម្គាល់បន្ថែមនោះ លោក សេង ឡូត បាននិយាយថា៖ «យើងបានខិតខំធ្វើការដោះស្រាយ ប៉ុន្តែយន្តការនៃការដោះស្រាយរបស់ក្រសួងគឺការសម្របសម្រួល ដោយយើងបានចូលរួមធ្វើការសម្របសម្រួលតែគូភាគីមិនស្រុះស្រួលគ្នា ហេតុនេះក្រសួងបានបញ្ឈប់ការដោះស្រាយ។ ក្រសួងមិនមានសិទ្ធិក្នុងការបង្ខិតបង្ខំគូភាគីជម្លោះទេ»។
គេហទំព័រពាណិជ្ជកម្ម http://www.businesskorea.co.kr/ ដែលបានរាយការណ៍កាលពីថ្ងៃទី ១០ ខែកក្កដាតុលាការកម្ពុជាបានចេញសេចក្តីសម្រេចឲ្យក្រុមហ៊ុន World City Co ឈ្មោះក្រុមហ៊ុន KDIC ក្នុងការកាត់ក្ដីលើករណី Camko City។
ដូច្នេះក្រុមហ៊ុន KDIC នឹងមានការពិបាកក្នុងការទទួលបានប្រាក់ ៦៥០ ពាន់លានវ៉ុន (៥៤៩,៤៥ លានដុល្លារ) វិញដែលជាទឹកប្រាក់កម្ចីដែលផ្តល់ដោយធនាគារ Busan Savings Bank ដល់ក្រុមហ៊ុន World City។ ធនាគារនេះបានក្ស័យធនដែលបង្កឲ្យអតិថិជនប្រមាណ ៣៨ ០០០ នាក់ មិនអាចដកប្រាក់បញ្ញើរបស់ពួកគេបាន។ ដោយសារតែ KDIC មិនអាចបញ្ចុះបញ្ចូលតុលាការកម្ពុជាបានមានការរំពឹងថានឹងត្រូវការពេលវេលាបន្ថែមទៀតក្នុងការប្រមូលទ្រព្យសកម្ម និងសងប្រាក់ទៅឲ្យជនរងគ្រោះវិញ។
ក្រុមហ៊ុន KDIC បានប្រកាសកាលពីថ្ងៃទី ៩ ខែកក្កដាថាខ្លួនបានចាញ់រឿងក្ដីដែលប្ដឹងដោយ World City នៅតុលាការកម្ពុជានៅឆ្នាំ ២០១៣ ដើម្បីដកយកភាគហ៊ុនរបស់ KDIC នៅក្នុងគម្រោងអចលនទ្រព្យនេះ។ នេះបើតាម Business Korea។
KDIC នឹងផ្តោតយ៉ាងយកចិត្តទុកដាក់លើសេចក្តីសម្រេចនៃការកាត់សេចក្តីលើកទី ២ ហើយគ្រោងនឹងប្ដឹងឧទ្ធរណ៍នៅតុលាការកំពូលកម្ពុជា។ លើសពីនេះទៅទៀតក្រុមហ៊ុននឹងធ្វើការងារយ៉ាងដិតដល់ជាមួយក្រុមស៊ើបអង្កេតនៅការិយាល័យព្រះរាជអាជ្ញាជាន់ខ្ពស់ ដើម្បីនាំខ្លួនអគ្គនាយកក្រុមហ៊ុន World City ដែលត្រូវបានគេស្គាល់ត្រឹមនាមត្រកូលថា Lee និងកំពុងជាប់ក្នុងបញ្ជីក្រហមរបស់នគរបាលអន្តរជាតិ។ ការនាំខ្លួនអគ្គនាយកនេះនឹងរារាំងលោកមិនឲ្យជះឥទ្ធិពលដោយអយុត្តិធម៌នៅកម្ពុជា និងដល់លទ្ធផលកាត់ទោសនៅក្នុងពេលអនាគត។
លោក Wi Sung-baek ប្រធាន KDIC ដែលកំពុងធ្វើការងារយ៉ាងខ្លាំងដើម្បីជួយអតិថិជនរងគ្រោះរបស់ធនាគារ Busan ក៏បានខកចិត្តជាមួយនឹងការសម្រេចចុងក្រោយបំផុតរបស់តុលាការនេះផងដែរ។ បន្ទាប់ពីឡើងកាន់តំណែងនៅខែកញ្ញាឆ្នាំមុន លោកបានធ្វើដំណើរមកកម្ពុជានៅខែវិច្ឆិកាឆ្នាំមុន និងខែមីនា ខែមិថុនា ឆ្នាំនេះ និងបានទាក់ទងរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហា Camko City។
គេហទំព័រ Business Korea បានដកស្រង់សម្តីរបស់មន្ដ្រីក្រុមហ៊ុន KDIC ខណៈថ្លែងថា៖ «យើងជំទាស់នឹងការសម្រេចចុងក្រោយបំផុតនេះរបស់តុលាការកម្ពុជា។ យើងនឹងរៀបចំយ៉ាងហ្មត់ចត់ដើម្បីប្ដឹងឧទ្ធរណ៍ និងផ្ដោតលើការធ្វើឲ្យគម្រោង Cam-ko City មករកភាពប្រក្រតីវិញ ដើម្បីសងប្រាក់អតិថិជន ៣៨ ០០០ នាក់ សម្រាប់ការខូចខាតរបស់ពួកគេ»។
មន្ដ្រីក្រុមហ៊ុន KDIC បានឲ្យដឹងថា៖ «បណ្ដឹងចុងក្រោយនេះត្រូវបានធ្វើឡើងដោយលោក Lee ដើម្បីយកភាគហ៊ុនរបស់ក្រុមហ៊ុន KDIC ត្រឡប់មកវិញក្នុងគម្រោងនេះ ដើម្បីគេចផុតពីឥទ្ធិពលរបស់ក្រុមហ៊ុន KDIC។ សេចក្ដីសម្រេចនេះមិនមានន័យថា សិទ្ធិរបស់ KDIC ក្នុងការប្រមូលប្រាក់កម្ចី ៥៦០ ពាន់លានវ៉ុន (៥៤៩,៤៥ លានដុល្លារអាមេរិក) បានផុតកំណត់»។
អាជ្ញាធរហិរញ្ញវត្ថុនានាក៏មិនពេញចិត្តជាមួយនឹងការសម្រេចចុងក្រោយចំពោះករណីរបស់ Camko City ផងដែរ។ ក្នុងអំឡុងសន្និសីទព័ត៌មានកាលពីថ្ងៃទី ៩ ខែកក្កដា លោក Choi Jong-ku ប្រធានគណៈកម្មការសេវាហិរញ្ញវត្ថុ (FSC) ថ្លែងថា៖ «ការសម្រេចលើការកាត់ក្ដីរបស់ Camko City គឺមិនចង់បាននោះទេ។ KDIC នឹងបន្តដោះស្រាយជាមួយការសម្រេចនេះហើយ FSC នឹងផ្ដល់គាំទ្រ»។
គម្រោង Camko City ត្រូវបានគាំទ្រដោយលោក Lee អគ្គនាយក World City ដែលបានទទួលយកនូវកម្ចីចំនួនច្រើនពីធនាគារ Busan។ លោកបានខ្ចីប្រាក់ ២៣៦,៩០ ពាន់លានវ៉ុន (២០០,៣៤ លានដុល្លារអាមេរិក) ពីធនាគារ Busan។
គម្រោងនេះត្រូវបានផ្អាកនៅឆ្នាំ ២០១០ ដោយសារការធ្លាក់ចុះតម្រូវការអគារពាណិជ្ជកម្ម៕ LA