ក្រុង​វៀងចន្ទន៍ៈ គម្រោង​វិនិយោគ​ខុនដូ​ Wyndham Garden Irin Bangsaray Pattaya នៅ​ភូមិ​បាងសារ៉ាយ ទីក្រុង​ប៉ាតាយ៉ា ប្រទេស ​ថៃ មើល​ឃើញ​ឱកាស​ធ្វើ​ទីផ្សារ​ក្នុង​ចំណោម​អតិថិជន​ឡាវ។

លោកស្រី Irinraya Pattanawiranon នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន Irin Property Co., Ltd. ដែល​វិនិយោគ​លើ​គម្រោង​ខុនដូ​នេះ​បាន​ថ្លែង​ថា៖ «យើង​យល់​ឃើញ​ថា វិនិយោគិន​ឡាវ​មាន​សក្តានុពល និង​លទ្ធភាព​វិនិយោគ​លើ​អចលនទ្រព្យ​នេះ។ ជន​បរទេស​អាច​ទិញ និង​កាន់​កាប់​សិទ្ធិ​លើ​បន្ទប់​ខុនដូ ១០០ ភាគរយ ​ក្នុង​ការ​អភិវឌ្ឍ​របស់​យើង»។

ក្រុមហ៊ុន Irin Property Co., Ltd. បាន​វិនិយោគ​ទឹក​ប្រាក់​​ចំនួន ១ ពាន់​លាន​បាត (៣២ លាន​ដុល្លារ) ក្នុង​គម្រោង​​នេះ​ដោយ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន Wyndham Hotel Group ក្រុមហ៊ុន ERA Holding (Thailand) Co. និង​ក្រុមហ៊ុន Big Blue។

ពិធី​បើក​សម្ពោធ​មួយ​សម្រាប់​គម្រោង​នេះ​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​​នៅ​ទីក្រុង​វៀងចន្ទន៍​នៅ​​ចុង​សប្តាហ៍​មុន​ដោយ​ភាគី​ដែល​​​​ពាក់ព័ន្ធ​ដើម្បី​ទាញ​ចំណាប់​អារម្មណ៍​របស់​វិនិយោគិន​ក្នុង​ប្រទេស ​ឡាវ ​ឲ្យ​ទិញ​ខុនដូ​នេះ​សម្រាប់​ជួល​រយៈពេល​វែង។

បច្ចុប្បន្ន​គម្រោង​នេះ​ត្រូវបាន​កក់​ជាង ៥០ ភាគរយ ​ហើយ​ដោយ​ជនជាតិ​ថៃ និង​បរទេស ដោយ​​មាន​បន្ទប់​ចំនួន ៤ ​ត្រូវ​បាន​រក្សា​ទុក​សម្រាប់​វិនិយោគិន​​ឡាវ។ នេះ​បើ​យោង​តាម​អ្នក​តំណាង​គម្រោង។

គម្រោង​អភិវឌ្ឍន៍​នេះ​មាន​អគារ​ចំនួន ២ ដែល​មាន​កម្ពស់ ៨ ជាន់ ​នៅ​លើ​ទីតាំង​មួយ​ដែល​មាន​ផ្ទៃ​ដី​ទំហំ ៣ ២០០ ម៉ែត្រ​ការ៉េ៕ ANN/KC