The Phnom Penh Post Search

Search form

គម្រោង​ខ្សែ​រថភ្លើង​ស្វ័យប្រវត្តិ​លើ​អាកាស ​នឹង​ត្រូវ​ស្នើ​ទៅ​រដ្ឋាភិបាល ដើម្បី​សម្រេច​នា​ពេល​ខាង​មុខ​នេះ

Content image - Phnom Penh Post
ផែនទី​សិក្សា​អំពី​គម្រោង​ផ្លូវ​រថភ្លើង​ស្វ័ប្រវត្តិ​លើ​អាកាស​នៅ​ទីក្រុង​ភ្នំពេញ។ រូបថត សហការី

គម្រោង​ខ្សែ​រថភ្លើង​ស្វ័យប្រវត្តិ​លើ​អាកាស ​នឹង​ត្រូវ​ស្នើ​ទៅ​រដ្ឋាភិបាល ដើម្បី​សម្រេច​នា​ពេល​ខាង​មុខ​នេះ

ភ្នំពេញ​ជា​រាជធានី ដែល​មាន​ភាព​មមា​ញឹក​ជាប់រវល់​ជានិច្ទ​នៅ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ដែល​ជាទី​ប្រសព្វ​ដោយ​ទន្លេ​ធំៗ​បួន​ដូចជា ទន្លេ​មេគង្គ​លើ ទន្លេ​មេគង្គ​ក្រោម ទន្លេសាប និង​ទន្លេ​បាសាក់ កំពុង​រក្សា​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ជា​បន្ត​បន្ទាប់​ក្នុង​វិស័យ​អចលនទ្រព្យ​ក្នុង​ពេល​បច្ទុប្បន្ន​នេះ និង​គម្រោង​ស្ថាបនា​ហេដ្ឋា​រចនា​សម្ព័ន្ធ​សាធារណៈ​ជាច្រើន​ទៀត​។

លទ្ធភាព​នៃ​ការ​សិក្សា​ចំណាយ និង​ចំណូល​នៃ​គម្រោង​ខ្សែ​រថភ្លើង​ស្វ័យ​ប្រវត្តិ​ក្នុង​រាជធានី​ភ្នំពេញ (feasibility study) ដែល​បាន​ចាប់​ផ្តើម​កកើត​ជាច្រើន​ឆ្នាំ​មក​ហើយ ហើយ​នឹង​ត្រូវ​ចាប់​ផ្តើម​ត្រួត​ពិនិត្យ​វាយ​តម្លៃ​ឡើង​វិញ​នៅ​ខែ​សីហា​នេះ​។

លោក​ស្រី ជិន គឹមហ៊ាង អ្នក​នាំ​ពាក្យ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) បាន​មាន​ប្រសាសន៍​ថា ការ​សិក្សា​របាយការណ៍​នៃ​លទ្ធភាព​ចុង​ក្រោយ​នេះ នឹង​ត្រូវ​បាន​ដាក់​ស្នើ​ជូន​ទៅ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​អនុញ្ញាត ឬ​សម្រេច​ចិត្ត​ថា នឹង​ត្រូវ​ធ្វើ​គម្រោង​នេះ​ឬ​យ៉ាង​ណា​។

អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​ឱ្យ​ដឹង​ថា​ ៖ «​គោលបំណង​នៃ​គម្រោង​នេះ​គឺ​ដើម្បី​សាងសង់​ផ្លូវ​រថភ្លើង​ស្វ័យ​ប្រវត្តិ​លើ​អាកាស​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​ដោះស្រាយ​ទប់ស្កាត់​បញ្ហា​កំណើន​យានយន្ត​ឯកជន ហើយ​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​ក្នុង​ទីក្រុង​»​។

លោក​ស្រី​បាន​បន្ថែម​ថា​ ៖ «គម្រោង​នេះ​បាន​ប៉ាន់ស្មាន​តម្លៃ​រៀប​ចំ​សាងសង់​ប្រមាណ​ជាង ៨០០​លាន​ដុល្លារ បើ​យោង​តាម​របាយ​ការណ៍​របស់ JICA កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៤ ស្ដីពី “​​គម្រោង​ផែនការ​សេវា​ដឹក​ជញ្ជូន​សាធារណៈ​ក្នុង​ទីក្រុង​ភ្នំពេញ​”»។ គម្រោង​ថវិកា​លម្អិត នឹង​ត្រូវ​បាន​ពិនិត្យ​មើល​តាម​រយៈ​ការ​សិក្សា​ពី​លទ្ធភាព​ចំណាយ​ផ្សេងៗ ។

បច្ចុប្បន្ន​ផ្លូវ​មួយ​ចំនួន​រវាង​ទីប្រជុំជន​នៃ​ទីក្រុង​ភ្នំពេញ និង​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ត្រូវ​បាន​ផ្ដល់​អាទិភាព ហើយ​លទ្ធភាព​ចំណាយ​ក្នុង​គម្រោង​ផ្លូវ​រថភ្លើង​ស្វ័យប្រវត្តិ​នេះ​នឹង​វិភាគ​ឲ្យ​បាន​សម​ស្រប​បំផុត​។

ដោយ​ផ្អែក​លើ​ការ​ពិនិត្យ​យ៉ាង​ហ្មត់ចត់​នៃ​ខ្សែ​ផ្លូវ​សាធារណៈ គម្រោង​រថភ្លើង​លើ​អាកាស​ចំនួន ៣​ខ្សែ​នឹង​ត្រូវ​បាន​ចាប់​ផ្តើម គឺ​ ៖ ខ្សែ​ទី​១ ចាប់​ផ្តើម​ពី មហាវិថី​កម្ពុជា​ក្រោម មហាវិថី​ព្រះមុនីវង្ស មហាវិថី​សហព័ន្ធ​រុស្ស៊ី និង​រង្វង់​មូល​ចោមចៅ​។ ខ្សែ​ទី២ ចាប់ផ្តើម​ពី​មហាវិថី​ព្រះមុនីវង្ស រត់​ស្រប​ផ្លូវ​រថភ្លើង​(​ចាស់​) ចូល​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ ខ្សែ​ទី៣ ចាប់​ផ្តើម​ពី​ផ្សារ​ថ្មី មហាវិថី​ហ្សាលដឺហ្គោល មហាវិថី​ព្រះ​មុនីរ៉េត ផ្លូវ​វ៉េងស្រេង រង្វង់​មូល​ចោមចៅ បត់​មក​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​វិញ​។

Content image - Phnom Penh Post
គំរូ​ផ្លូវ​រថភ្លើង​លើ​អាកាស​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។ រូបថត សហការី

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាស​ភក្តី បាន​មាន​ប្រសាសន៍​ថា​ ៖ «​យើង​ធ្លាប់​បាន​ជួប​ជាមួយ ទីភ្នាក់ងារ JICA ម្តង​ដែល​គាត់​មាន​គម្រោង ស្នើ​ពិភាក្សា​ពី​បំណង​នៃ​ការ​រៀបចំ ផ្លូវ​រថភ្លើង​ធុន​ស្រាល​ស្វ័យ​ប្រវត្តិ​លើ​អាកាស​លើក​ដំបូង​នៅ​ក្រុង​ភ្នំពេញ ហើយ​យើង​ក៏បាន​ស្នើ​សុំ​គាត់​ដើម្បី​ឲ្យ​សិក្សា​លម្អិត​ពី​គម្រោង​នេះ ប៉ុន្តែ​(​ភាគី​)​សាលា​រាជធានី​ភ្នំពេញ​មិន​ទាន់​បាន​ឯកភាព​នៅ​ឡើយ​ទេ ពីព្រោះ​គម្រោង​មួយៗ​គឺ​ត្រូវ​ការ​សិក្សា​ច្រើន​ពី​គុណ​សម្បតិ្ត និង​គុណវិបត្តិ​»​។

លោក​បាន​បន្ថែម​ថា​ ៖ «​យើង​មិន​បាន​បដិសេធ​ពី​គម្រោង​នេះ​ទេ ប៉ុន្តែ​សាលា​រាជធានី​ភ្នំពេញ មិន​អាច​ឆ្លើយ​យល់​ស្រប​ភ្លាម​បាន​ទេ ពីព្រោះ​គម្រោង​នេះ​ត្រូវ​ការ​ស្វែង​យល់​ពី​ការ​ចំណាយ ថវិកា​ចំណាយ ផល​ប៉ះពាល់ ផល​ចំណេញ រយៈពេល​នៃ​ការ​សាង​សង់ ពីព្រោះ​ការងារ​ទាំងនេះ​គឺ​ត្រូវ​ការ​សិក្សា​ពី​ខាង​អង្គការ JICA នៅ​ពេល​ជំនួប​សាជាថ្មី​ខាង​មុខ​ទៀត​»​។

ចំណែក​លោក អៀ ចរិយា នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា​ ៖ «​ខ្ញុំ​គិត​ថា​ការ​បង្កើត​សេវា​ដឹក​ជញ្ជូន​សាធារណៈ​គឺជា​អាទិភាព​មួយ​ក្នុង​ផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទីក្រុង ដើម្បី​កាត់​បន្ថយ​កំណើន​កក​ស្ទះ​ចរាចរណ៍​នានា ហើយ​ការ​សិក្សា​ក៏​មិន​ចំណាយ​ពេល​ខ្លី​ដែរ យ៉ាង​ហោច​ណាស់​ក៏ត្រូវ​មាន​ការ​សិក្សា​ក្នុង​រយៈពេល​១០​ឆ្នាំ​មុន​ដែរ​»​។

លោក​បាន​បន្តថា ការ​រៀបចំ​ប្រព័ន្ធ​សេវា​ដឹក​ជញ្ជូន​សាធារណៈ​នេះ​អាច (​ទី១)​ជួយ​ទប់ស្កាត់​ការ​ប្រើប្រាស់​យានយន្ត​ឯកជន ដែល​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​មាន​កំណើន​ខ្ពស់ ដែល​ជា​មធ្យម​ជាង​២០​ភាគរយ ក្នុង​មួយ​ឆ្នាំ​។ (​ទី​២)​ជួយ​ចូលរួម​ការ​កាត់​បន្ថយ​ភាព​ស្ទះ​ចរាចរណ៍​ (​ទី​៣)​ជួយ​សន្សំ​សំចៃ​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​ (​ទី​៤)​រួម​ចំណែក​ក្នុង​ការ​ថែរក្សា​បរិស្ថាន​កុំ​ឲ្យ​មាន​សារជាតិ​បំពុល​ផ្សែង​តាម​រយៈ​យាន​ជំនិះ​ឯកជន និង​(ទី​៥)​ជួយ​កាត់​បន្ថយ​ពេល​វេលា​ដោយ​សេវាកម្ម​ដឹក​ជញ្ជូន​មាន​ប្រសិទ្ធ​ភាព​។

ទោះជា​យ៉ាង​ណា លោក ចរិយា បាន​បន្ថែម​ថា​ ៖ «​បើ​យើង​មិន​មាន​ការ​រៀបចំ​ចិញ្ចើម​ផ្លូវ និង​ដោះ​ស្រាយ​ចំណត​ឲ្យ​បាន​ប្រសើរ និង​មិន​បាន​គិតគូរ​ពី​សេវា​ដឹក​ជញ្ជូន​សាធារណៈ​នេះ​ដូច​ប្រទេស​ថៃ វៀតណាម ឬ​ប្រទេស​ឥណ្ឌូនេស៊ី​ទេ យើង​នឹង​អាច​ជួបប្រទះ​នឹង​បញ្ហា​ធំៗ​ដូចជា​ការ​កកស្ទះ និង​ការ​ចំណាយ​ខ្ជះ​ខ្ជាយ​ផ្សេងៗ»​។

លោក​បន្ត​ថា​ ៖ «​យើង​គួរ​តែ​រៀបចំ​ពី​ពេល​នេះ ព្រោះ​កាល​ណា​ដែល​ប្រទេស​មាន​ការ​កើន​ឡើង​នៃ​សំណង់​ធំៗ​វា​នឹង​លំបាក​ក្នុង​ការ​សាងសង់​សេវា​សាធារណៈ​ដូច​ជា​ផ្លូវ​រថភ្លើង​លើ​អាកាស​»​ នេះ​ជាដើម​។

បើ​យោង​តាម​អ្នក​ជំនាញ​ផ្នែក​សេវា​ដឹក​ជញ្ជូន​របស់​វិទ្យាស្ថាន GGGI លោក James Seong-Cheol Kang ដែល​កំពុង​ធ្វើ​ការ​ងារ​លើ​ការ​អភិវឌ្ឍ​ទីក្រុង​បៃតង​នៅ​កម្ពុជា​បាន​ឱ្យ​ដឹង​ថា​៖ «​ការ​បង្កើត​សេវា​សាធារណៈ​ពិត​ជា​មាន​ផល​វិជ្ជមាន​លើ​ការ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅ​ក្នុង​ទីក្រុង​។ ប៉ុន្តែ​ផល​ដែល​អាច​ជះ​ឥទ្ធិពល​ខ្លាំង នឹង​អាស្រ័យ​លើ​កត្តា​ជាច្រើន​ដូចជា ភាព​ងាយ​ស្រួល​នៃ​ការ​ប្រើប្រាស់​ផ្លូវ​ឆ្លង​កាត់​ស្វ័យប្វត្តិ (AGT) និង​លទ្ធភាព​បង់​ថ្លៃ​សំបុត្រ​ ធ្វើ​ដំណើរ​របស់​ប្រជាជន»។

លោក​បាន​បន្ថែម​ថា​ ៖ «​គន្លឹះ​សំខាន់​ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​ពី​ការងារ​នេះ គឺ​ត្រូវ​ផ្លាស់​ប្តូរ​ទម្លាប់​អ្នក​ប្រើ​ប្រាស់​រថយន្ត​ឯកជន​ឲ្យ​ប្រើប្រាស់​សេវា​ដឹក​ជញ្ជូន​សាធារណៈ​ឱ្យបាន​ច្រើន​បំផុត​ដូចជា​រថយន្ត​ក្រុង​ជាដើម ពីព្រោះ​បើ​គ្មាន​អ្នក​គាំទ្រ​នោះ​ទេ ការ​កក​ស្ទះ​នៅ​ក្នុង​ទីក្រុង​នៅ​តែ​ជា​បញ្ហា​»​។

លោក​បាន​និយាយ​ថា ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ​មាន​សារៈ​សំខាន់​ដើម្បី​ធ្វើ​ឱ្យ​ស្ថាន​ភាព​ចរាចរណ៍​ល្អ ហើយ​ថែម​ទាំង​ធ្វើ​ឱ្យ​វិស័យ​នគរូបនីយកម្ម​ល្អ​ប្រសើរ​ជាង​មុន​។

គម្រោង​នេះ​អាច​ជា​គម្រាង​សំខាន់​ពីព្រោះ​ទីក្រុង​ភ្នំពេញ ខ្វះ​ជម្រើស​ការ​ដឹក​ជញ្ជូន​សាធារណៈ ហើយ​វា​អាច​ជា​ការ​ចាប់​ផ្តើម​នៃ​ការ​លើក​កម្ពស់​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ​ដែល​ល្អ និង​អាច​ជួយ​កាត់​បន្ថយ​នូវ​ផ្សែង​ពុល​ពី​យានយន្ត​ឯកជន​ដែល​ធ្វើ​ដំណើរ​ទៅ​មក​រាល់​ថ្ងៃ​។

ទោះ​ជា​យ៉ាង​ណា ជា​ធម្មតា​គម្រោង​នីមួយៗ​តែង​ជួប​ការ​លំបាក​ដំបូង​លើ​ការ​ចំណាយ (ប្រតិបត្តិ​ការ​សាងសង់ និង​ការ​ចំណាយ​ថែទាំ​) និង​ការ​ផ្តល់​នូវ​តម្លៃ​សំបុត្រ​សមរម្យ​សម្រាប់​អ្នក​ប្រើ​ប្រាស់​សេវា​សាធារណៈ​។

លោក James បាន​បន្ត​ទាំង​ភាព​ជឿជាក់​ថា ដូច្នេះ​អភិបាល​ក្រុង​គួរ​មាន​ឆន្ទៈ​ក្នុង​ការ​ទទួល​យក​ការ​ខាត​បង់​ ឬ​ផ្តល់​ឧបត្ថម្ភ​ធនធាន​ដល់​ប្រតិបត្តិករ​។ ពេល​ខ្លះ​ការ​រចនា​រាល់​រចនា​សម្ព័ន្ធ​ខ្ពស់ៗ​អាច​នឹង​រារាំង​ភាព​ស្រស់​ស្អាត​នៃ​ទីក្រុង ប៉ុន្តែ​ប្រសិន​បើ​ការ​រចនា​ឡើង​បាន​ស្អាត​ល្អ វា​អាច​ជា​ការ​ទាក់ទាញ​នៅ​ក្នុង​ទីក្រុង​ទៅ​វិញ​ទេ។

គួរ​រំលឹក​ដែរ​ថា ផែនការ​បង្កើត​ប្រព័ន្ធ​ផ្លូវ​រថភ្លើង​ស្វ័យប្រវត្តិ​លើ​អាកាស​នៅ​ភ្នំពេញ ត្រូវ​បាន​ពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​រវាង​សាលា​រាជធានី​ភ្នំពេញ និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន កាលពី​ចុង​បញ្ចប់​នៃ​ឆ្នាំ​២០១៦ ហើយ​ជំនួប​រវាង​ឯកឧត្តម ហោ ណាំហុង និង​តំណាង​ប្រទេស​ជប៉ុន អំពី​គម្រោង​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​ដើម​ខែ​ឧសភា​កន្លង​ទៅ​ថ្មីៗ​នេះ៕

អត្ថបទគួរចាប់អារម្មណ៍

  • សណ្ឋាគារ​ប្រណីត​នៅ​កោះរ៉ុង បើក​ជា​ផ្លូវការ

    ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

  • ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក

    ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

  • ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ធានា​ការពារ​យុត្តិធម៌​ និង គោរព​សិទ្ធិ​មនុស្ស

    ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

  • នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

    ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។