ក្រុងបាងកកៈ ការដេញថ្លៃ​របស់​នាយកដ្ឋាន​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច​ថៃ ដើម្បី​អនុញ្ញាត​ឲ្យ​វិស័យ​ឯកជន​អភិវឌ្ឍ​គម្រោង​លំនៅឋាន​តម្លៃ​ទាប​ចំនួន​ ២៧៥០ យូនីត​លើ​ដីឡូត៍​រដ្ឋ​ ៨ ​កន្លែង​ក្នុង​ខេត្ត​ជាច្រើន​ត្រូវ​បាន​រំពឹង​ថា នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ពេល​ឆាប់ៗ​។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​កាសែត​បាងកក​ប៉ុស្តិ៍​។

កាសែត​បាងកក​ប៉ុស្តិ៍​បាន​រាយការណ៍​ថា​លោក Patchara Anuntasilpa អគ្គនាយក​នៃ​នាយកដ្ឋាន​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា នាយកដ្ឋាន​នេះ​បាន​ជូន​ដំណឹង​ដល់​មន្ដ្រី​ហិរញ្ញវត្ថុ​ក្នុង​ខេត្ត​ជាប់​ពាក់ព័ន្ធ​ឲ្យ​អញ្ជើញ​ក្រុមហ៊ុន​មក​វិនិយោគ​រួម​ក្នុង​ផែនការ​លំនៅឋាន​មួយ​ឈ្មោះ​ថា ប្រជារដ្ឋ​។

លោក​បញ្ជាក់​ថា​ខេត្ត​ទាំង​នោះ​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការចាប់ផ្ដើម​ដំណើរការ​ដេញ​ថ្លៃ​។

នាយកដ្ឋាន​ហិរញ្ញវត្ថុ​មាន​ផែនការ​ផ្ដល់​ដី​រដ្ឋ​នៅក្នុង​ខេត្ត​ចំនួន ៨ ​សម្រាប់​ការអភិវឌ្ឍ​គម្រោង​លំនៅឋាន​តម្លៃ​ទាប​ដែល​អនុញ្ញាត​ឲ្យ​អ្នក​រក​បាន​ប្រាក់​ចំណូល​ទាប មាន​ផ្ទះ​ផ្ទាល់ខ្លួន​នៅ​ក្នុង​តម្លៃ​សមរម្យ​។ នេះ​បើ​យោង​តាម​កាសែត​បាងកក​ប៉ុស្តិ៍​។

កាសែត​បាងកក​ប៉ុស្តិ៍​បាន​រាយការណ៍​បន្ត​ថា​ក្នុង​ចំណោម​ដី​ទំហំ​ ១៧២ ​រ៉ៃ ខេត្ត​ឡាំប៉ាង និង​ខេត្ត​ខនគែន​មាន​ចំណែក​ដី​ធំ​ជាង​គេ​ដោយ​មាន ៥៥,១ រ៉ៃ និង​ ៣០ រ៉ៃ​រៀង​គ្នា​។ ខេត្ត​ផ្សេង​ទៀត​រួម​មាន​ខេត្ត​ឈុនបុរី ខេត្ត​ឈៀងរ៉ៃ ខេត្ត​ឈៀងម៉ៃ ខេត្ត​នគរភ្នំ ខេត្ត​ប្រាជុបគិរី និង​ខេត្ត​ឧដនថានី​។

លំនៅឋាន​តម្លៃ​ទាប​នឹង​ត្រូវ​ជួល​ឲ្យ​ប្រជាជន​ដែល​មាន​ប្រាក់​ចំណូល​រហូត​ដល់ ៣៥០០០ បាត (​ប្រហែល​ ១០៥០ ដុល្លារ​) ក្នុង​មួយ​ខែ​ក្នុង​រយៈពេល​ ៣០ ​ឆ្នាំ​។ មនុស្ស​ចំនួន​ ១១,៤ ​លាន​នាក់​ដែល​មាន​សិទ្ធិ​ក្នុង​ផែនការ​សុខុមាលភាព និង​ឧបត្ថម្ភ​ធន​របស់​រដ្ឋាភិបាល​មាន​អាទិភាព​មុន​គេ​សម្រាប់​ការជួល​គម្រោង​លំនៅឋាន​ដែល​គ្រោង​នឹង​សាងសង់​ឡើង​នេះ​។

លោក​បាន​ថ្លែង​ថា​ប្រសិន​បើ​មាន​យូនីត​លំនៅឋាន​នៅ​សល់​នាយកដ្ឋាន​នេះ​នឹង​ផ្ដល់​សិទ្ធិ​ជួល​ដល់​អ្នក​ដែល​មាន​ប្រាក់​ចំណូល​ក្រោម ៣៥ ០០០ បាត​ក្នុង​មួយ​ខែ មុន​ពេល​អនុញ្ញាត​ឲ្យ​ប្រជាជន​ផ្សេង​ទៀត​ជួល​។

កាសែត​នេះ​បាន​បន្ត​ឲ្យ​ដឹង​ថា​ស្ថិតក្រោម​កិច្ចសន្យា​ជួល​រយៈពេល ៣០ ​ឆ្នាំ​នេះ​យូនីត​លំនៅឋាន​នេះ​មាន​តម្លៃ​ចន្លោះ​ពី​ ៣៥០០០០ ទៅ​ ៧០០០០០ បាត (១០៥០០ ទៅ​ ២០១០០ ដុល្លារ​) ក្នុង​មួយ​យូនីត​។ ផ្ទៃដី​រហូត​ដល់​​ ៣០ ​ភាគរយ​នៃ​តំបន់​សាងសង់​នឹង​ត្រូវ​បាន​បម្រុង​ទុក​សម្រាប់​តំបន់​រួម និង​តំបន់​ពាណិជ្ជកម្ម​ក្នុង​ការ​រកប្រាក់​ចំណូល​សម្រាប់​គម្រោង​នេះ​ដែល​ប្រាក់​នេះ​នឹង​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការថែទាំ​។ អ្នក​ដែល​ទទួល​បាន​សិទ្ធិ​ជួល​អាច​បន្ត​កិច្ចសន្យា​របស់​ពួកគេ​រយៈពេល​ ៣០ ​ឆ្នាំ​ទៀត​។

ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ ធនាគារ​សន្សំ​ប្រាក់ និង​ធនាគារ GH របស់​រដ្ឋាភិបាល​ថៃ​ផ្ដល់​ដល់​ក្រុមហ៊ុន​ទាំងនេះ​នូវ​ការផ្ដល់​ហិរញ្ញប្បទាន​មុន​រយៈពេល​ ៥ ​ឆ្នាំ​ក្នុង​តម្លៃ​ ៤ ​ពាន់​លាន​បាត (​ប្រហែល​ ១២០ ​លាន​ដុល្លារ​) ដោយ​មាន​អត្រា​ការប្រាក់​ថេរ ៣ ​ភាគរយ​ក្នុង​រយៈពេល​ ៣ ឆ្នាំ​ដំបូង​។

សម្រាប់​កម្ចី​ទិញ​ផ្ទះ​អ្នក​ជួល​មាន​សិទ្ធិ​ទទួល​បាន​អត្រា​កម្ចី ២,៧៥ ភាគរយ​សម្រាប់​រយៈពេល ៤ ឆ្នាំ​ដំបូង និង​ក្នុង​អត្រា​ប្រភេទ​ផ្សេងៗ​ទៀត​សម្រាប់​អតិថិជន​ប្រភេទ​ផ្សេងៗ​។

លោក Patchara បាន​ថ្លែង​ថា​នាយកដ្ឋាន​របស់​លោក​នឹង​ចូលរួម​ក្នុង​គម្រោង​ផ្សេង​ទៀត​ដែល​អភិវឌ្ឍ ១ លាន​យូនីត​សម្រាប់​អ្នក​មាន​ប្រាក់​ចំណូល​ទាប​៕ LA