ភ្នំពេញៈ គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​ប្រណីត រចនាប័ទ្ម​ចម្រុះ​បែប​អ៊ីតាលី និង​បារាំង លើក​ដំបូង​ដែល​វិនិយោគ​ ៧,៥ ​លាន​ដុល្លារ​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ដើម​ខែ​មិថុនា គឺជា​គម្រោង​ធ្វើ​ឡើង​ជាពិសេស​សម្រាប់​អ្នក​មាន​ប្រាក់​ច្រើន​។ នេះ​បើ​តាម​ការអះអាង​របស់​អ្នក​នៅក្នុង​វិស័យ​នេះ​។

គម្រោង​វីឡា​ប្រណីត​ដែល​មាន​ផ្ទះ​ ១៧​ ​ខ្នង​សាងសង់​លើ​ផ្ទៃដី​ជាង​ ៧០០០ ​ម៉ែត្រការ៉េ​ជា​ការ​វិនិយោគ​រួម​គ្នា​រវាង​វិនិយោគិន​ក្នុង​ស្រុក​ជាមួយ​វិនិយោគិន​បារាំង និង​អ៊ីតាលី​ដោយ​មាន​ទីតាំង​ជាប់​មាត់​ទន្លេ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ១ និង​ចម្ងាយ​ប្រមាណ​ ៥ ​គីឡូម៉ែត្រ​ពី​ស្ពាន​ព្រះមុនីវង្ស​។

លោក Seraj Sutton នាយក​ផ្នែក​ប្រតិបត្តិការ​ក្រុមហ៊ុន Century 21 Cambodia ដែល​ទទួល​បាន​សិទ្ធិ​លក់​ផ្តាច់​មុខ​សម្រាប់​គម្រោង Mekong Harmony បាន​និយាយ​ថា​នេះ​ជា​គម្រោង​លំនៅឋាន​ដ៏ល្អ​អស្ចារ្យ​ដែល​នឹង​ត្រូវ​សាងសង់​ឡើង​ប្រកប​ដោយ​ប្រណីតភាព​។

លោក​បាន​ថ្លែង​ថា​៖ «​នេះ​ជា​គម្រោង​ពិសេស​សម្រាប់​អ្នក​មាន​ប្រាក់​ចំណូល​ខ្ពស់​។ លក្ខណ​ពិសេស​របស់ Mekong Harmony គឺ​ផ្ទះ​នីមួយៗ​សុទ្ធតែ​មាន​អាងហែល​ទឹក និង​មាន​បំពាក់​សម្ភារ​ដែល​មាន​គុណភាព​ខ្ពស់​នាំ​ចូល​ពី​ប្រទេស​អ៊ីតាលី​ព្រម​ទាំង​នៅ​លើ​ដំបូល​ផ្ទះ​នីមួយៗ​នឹង​មាន​ការ​រចនា​យ៉ាង​ពិសេស​សម្រាប់​ការជួបជុំ និង​រៀបចំ​ពិធី​ជប់លៀង​ផ្សេងៗ​»​។

លោក​បន្ត​ថា​ទីតាំង​គម្រោង​នេះ​អាច​ឲ្យ​គេ​មើល​ឃើញ​ទិដ្ឋភាព​នៃ​ទីក្រុង​កោះពេជ្រ និង​រាជធានី​ភ្នំពេញ​ផង​ដែរ​។

Mekong Harmony គឺជា​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​ប្រណីត​ទី​ ២ នៅ​ជាប់​មាត់ទន្លេ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ១ បន្ទាប់ពី​គម្រោង​អភិវឌ្ឍន៍ The Palm របស់​ក្រុមហ៊ុន Oxley Worldbridge ដែល​មាន​ផ្ទះ​ចំនួន​ ២០០ ​ខ្នង​ត្រូវ​បាន​ចាប់ផ្តើម​ការសង់​កាលពី​ដើម​ខែ​ឧសភា​នេះ​។

បើ​តាម​ផែនការ​គម្រោង​នេះ​នឹង​ចាប់ផ្តើម​សាងសង់​ឡើង​នៅ​ដើម​ខែ​មិថុនា​ដែល​នឹង​ត្រូវ​ចំណាយពេល​ ១២ ​ខែ​។

គម្រោង Mekong Harmony ដែល​មាន​វីឡា​ប្រណីត​ច្រើន​ប្រភេទ​នេះ​មាន​តម្លៃ​ចាប់ពី​ជាង ​២០ ​ម៉ឺន​ដុល្លារ​ទៅ​ដល់​ជាង​ ៩៩ ​ម៉ឺន​ដុល្លារ​។ គិត​មក​ត្រឹម​ចុង​សប្តាហ៍​មុន ផ្ទះ​ចំនួន​ ៦ ​ក្នុង​គម្រោង​នេះ​ត្រូវ​បាន​អតិថិជន​កក់​រួច​ហើយ​។ នេះ​បើ​តាម​ក្រុមហ៊ុន Century 21 Cambodia​។

អគ្គនាយក​ក្រុមហ៊ុន ឃី រៀលអ៊ីស្ទេត លោក សន សៀប បាន​និយាយ​ថា តំបន់​មាត់​ទន្លេ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ១ កំពុង​មាន​សក្តានុពល​ខ្លាំង​សម្រាប់​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​៕LA