ភ្នំណេញៈ ​បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​ប្រមាណ​ជិត​ ២០ ​ភាគរយ កាល​ពី​ឆ្នាំ ​២០១៨​ ទុន​វិនិយោគ​វិស័យ​សំណង់​កម្ពុជា​ក្នុង​រយៈពេល ​៤ ​ខែ​ដើម​ឆ្នាំ ​២០១៩ ​នេះ ​បាន​ហក់​ឡើង​រហូត​ដល់​ជិត​ ៧០​ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ​២០១៨។ នេះ​បើ​យោង​តាម​មន្ត្រី​​​​ក្រសួង​​រៀបចំ​ដែនដី ​នគរូបនីយកម្ម ​និង​សំណង់​។​

ទិន្នន័យ​ពី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម ​និង​សំណង់ ​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ ៤ ​ខែ​ឆ្នាំ ​២០១៩ ​ទុន​​វិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា​មាន​តម្លៃ​ ២ ៧៤២​ លាន​ដុល្លារ​ ​​កើន​ឡើង​ចំនួន ​៦៧,៣៧ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ​២០១៨។

លោក​ ឡៅ ​ទិព្វ​សីហា ​រដ្ឋ​លេខាធិការ​ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម ​និង​សំណង់ ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ​កាល​ពី​ម្សិលមិញ​ថា ភាគ​ច្រើន​នៃ​គម្រោង​សាងសង់​គឺ​ជា​អគារ​ការិយាល័យ ​និង​អគារ​ស្នាក់នៅ​រួម​។

លោក​បន្ត​ថា ស្ថិរភាព​នៃ​កំណើន​ម៉ាក្រូ​សេដ្ឋកិច្ច ​និង​ទំនុក​ចិត្ត​របស់​អ្នក​វិនិយោគ​ទាំង​ក្នុង​ស្រុក និង​បរទេស ​បាន​ធ្វើ​ឲ្យ​ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម ​និង​សំណង់ ​ទទួល​បាន​លិខិត​ស្នើសុំ​ច្បាប់​​សាងសង់​យ៉ាង​ច្រើន​ពី​វិនិយោគិន។ លោក​អះអាង​ថា៖​ «​កំណើន​ទុនវិនិយោគ​នឹង​បន្ត​កើន​ឡើង​ក្នុង​រយៈពេល​យូរ​ជា​បន្ត​ទៀត ហើយ​កំណើន​នេះ​ នឹង​មាន​ភាព​រឹងមាំ​ទៀត​ផង​»​​។

លោក​បន្ត​ទៀតថា ​កម្ពុជា​មាន​ភាព​ទាក់ទាញ​លើ​វិស័យ​ជា​ច្រើន​សម្រាប់​វិនិយោគិន ដែល​ភាព​ទាក់ទាញ​នេះ នឹង​ធ្វើ​ឲ្យ​មាន​តម្រូវ​ការ​អគារ​ធ្វើ​ការងារ កន្លែង​ស្នាក់​នៅ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ​និង​​កន្លែង​កម្សាន្ត​ជា​ច្រើន​ទៀត​។​​

លោក ​ជីវ ​ស៊ីវផេង ​អ្នក​គ្រប់គ្រង​ទូទៅ​​នៃ​សមាគម​អ្នក​សាងសង់​កម្ពុជា បាន​​និយាយ​ថា ​គ្រប់គ្នា​សុទ្ធ​តែ​ដឹង​​ថា​​សំណង់​ធំៗ​​នៅ​កម្ពុជា​បាន​លេច​រូបរាង​ឡើង​យ៉ាង​ច្រើន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ​ដែល​ការ​លេច​ឡើង​នេះ​គឺ​ដោយសារ​តែ​កម្ពុជា​មាន​ស្ថិរភាព​នយោបាយ និង​កំណើន​​សេដ្ឋកិច្ច​មាន​ភាព​រឹងមាំ​។

លោក​ប្រាប់​ថា៖ ​«​កំណើន​ទុន​វិនិយោគ​ដ៏​ខ្ពស់​នាពេល​នេះ ខ្ញុំ​គិត​ថា​ដោយសារ​មាន​គម្រោង​ធំៗ​​ដូច​ជា​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម អគារ​ការិយាល័យ ​ខុនដូ​ និង​សណ្ឋាគារ​ជា​ដើម​​»​។​​ ​

លោក​ ច្រឹក ​សុខនីម​ ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បាន​សាទរ​ចំពោះ​កំណើន​នេះ​ ដោយ​លោក​ប្រាប់​ថា សម្ទុះ​​នៃ​កំណើន​ទុន​វិនិយោគ​ពេល​នេះ ​គឺ​បាន​ភាគ​ច្រើន​មក​ពី​ខេត្ត​ព្រះសីហនុ និង​​​​ភ្នំពេញ ដែល​ជា​កន្លែង​មាន​​អគារ​ខ្ពស់​ជា​ច្រើន​លេច​ឡើង​ជា​បន្ត​បន្ទាប់​។ ​លោក​បន្ត​​ថា នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ​​សម្រាប់​វិស័យ​អចលនទ្រព្យ ​និង​សំណង់​នៅ​កម្ពុជា​​​។

លោក​បាន​កត់​សម្គាល់​ឃើញ​ថា​ បច្ចុប្បន្ន​ចំនួន​វិនិយោគិន​ក្នុង​ស្រុក​ក្នុង​វិស័យ​សំណង់​​ ក៏​កំពុង​កើន​ឡើង​ច្រើន​ផង​ដែរ។ ​លោក​អះអាង​​​ថា៖ «​បើ​គេ​មើល​ទៅ​រយៈពេល​ ៣-៤ ឆ្នាំ​មុន ការ​វិនិយោគ​លើ​វិស័យ​សំណង់​ធំៗ គឺ​មាន​តែ​មក​ពី​វិនិយោគិន​ក្រៅ​ប្រទេស​តែ​ប៉ុណ្ណោះ​»។

គម្រោង​វិនិយោគ​នៅ​ក្នុង​វិស័យ​សំណង់​ភាគ​ច្រើន​នៅ​កម្ពុជា​ត្រូវ​បាន​វិនិយោគ​ដោយ​វិនិយោគិន​ចិន។

នៅ​ក្នុង​របាយការណ៍​ស្តីពី​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​របស់​ធនាគារ​ពិភព​លោក​បាន​ឲ្យ​ដឹង​ថា វិស័យ​សំណង់​ដែល​កំពុង​ហក់​ឡើង​របស់​កម្ពុជា​នឹង​មើល​ឃើញ​ពី​ការ​ធ្លាក់​ចុះ​នៅ​រយៈពេល​ ២-៣ ឆ្នាំ​ខាង​មុខ។

យោង​តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម ​និង​​សំណង់ ​នា​ពេល​កន្លង​មក​បាន​ឲ្យ​ដឹង​ថា ​នៅ​ក្នុង​ឆ្នាំ ​២០១៨​ ទុន​វិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា ​មាន​តម្លៃ​ប្រមាណ ​៥ ២២៨ ​លាន​ដុល្លារ​ ធ្លាក់​ចុះ ​១៨,​៦៦ ​ភាគរយ​ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ ២០១៧ ​ដែល​មាន​​ ​៦ ​៤២៨ ​លាន​ដុល្លារ​៕ LA