The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ខេត្ត​ សៀមរាប ​មិន​ទាន់​កំណត់​ពេល​ច្បាស់លាស់

គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ខេត្ត​ សៀមរាប ​មិន​ទាន់​កំណត់​ពេល​ច្បាស់លាស់

Content image - Phnom Penh Post
ព្រលាន​យន្តហោះ​ជាតិ និង​អន្តរជាតិ​សៀមរាប​នៅ​ពេល​បច្ចុប្បន្ន​នេះ។ រូបថត សហការី

គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ខេត្ត​ សៀមរាប ​មិន​ទាន់​កំណត់​ពេល​ច្បាស់លាស់

គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី ដែល​គ្រោង​នឹង​បោះទុន​វិនិយោគ​ទឹកប្រាក់ ៩០០ ​លាន​ដុល្លារ និង​មាន​ទីតាំង​ក្នុង​ខេត្ត​សៀមរាប​នោះ គឺ​មិន​ទាន់​មាន​ការ​កំណត់​កាល​បរិច្ឆេទ​នៃ​ការ​ចាប់​ផ្តើម​ដំណើរ​ការ​សាងសង់​ច្បាស់​លាស់​នៅ​ឡើយ​ទេ​។​

​អ្នក​នាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​លោក ស៊ិន ចាន់​សិរី​វុត្ថា បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​អង្គា​រថា រហូត​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ការ​កំណត់​ពេលវេលា​ច្បាស់លាស់​ថា ការ​សាងសង់​នឹង​ចាប់​ផ្តើម​នៅ​ពេល​ណា​ទេ ហើយ​យើង​ក៏​មិនអាច​និយាយ​អ្វី​បាន​ច្រើន​លើស​ពី​ក្របខ័ណ្ឌ​ជាក់​ស្តែង​នោះ​ដែរ ព្រោះ​ការ​ចរចារ​វាង​រដ្ឋាភិបាល និង​អ្នក​វិនិយោគ​បារាំង ដែល​បាន​វិនិយោគ​លើ​ព្រលានយន្តហោះ​កម្ពុជា​ (SCA) មិន​ទាន់​មាន​លទ្ឋផល​បែប​ណា​នៅ​ឡើយ​ទេ​។​

លោក​បន្តថា​ ៖ «​ប្រសិន​ជា​លទ្ឋផល​ចរចា​ដំណើរការ​ល្អប្រសើរ ការ​សាងសង់​ព្រលាន​យន្តហោះ​នេះ​អាច​ចាប់ផ្តើម​នៅ​ដើមឆ្នាំ​ក្រោយ​នេះ ព្រោះ​រហូត​មកទល់​ពេលនេះ​កិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ចិន​ដែល​វិនិយោគ​ព្រលាន​យន្តហោះ​នេះ​បាន​បញ្ចប់​ហើយ​»​។

លោក​បន្តថា​ ៖ «​នា​ពេល​នេះ​ក្រុមហ៊ុន​ដែលបាន​ទទួល​សិទ្ធិ​ពី​រដ្ឋាភិបាល ដើម្បី​វិនិយោគ​លើ​ព្រលាន​យន្តហោះ​នេះ​បាន​ចាប់​ផ្តើម​ឈូស​ឆាយ​ដី ពង្រាប និង​ដោះមីន​នៅ​លើ​ទីតាំង​ត្រូវ​សាងសង់​នោះ​ហើយ​»​។​

ព្រលាន​យន្តហោះ​នេះ មាន​ទីតាំង​ស្ថិត​ក្នុង​ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប ស្ថិត​នៅលើ​ផ្ទៃដី​ប្រមាណ ៧៥០​ ហិកតា។ ក្រុមហ៊ុន YUNAN Development Group ជា​អ្នក​ទទួល​បាន​សិទ្ឋិវិនិយោគ​លើ​ព្រលាន​លំដាប់​អន្តរជាតិ​នេះ​។​

លោក ស៊ិន ចាន់​សិរី​វុត្ថា បាន​បន្តថា តាម​ផែនការ​ព្រលាន​យន្តហោះ​នេះ នឹង​សាងសង់​ជា​ពីរ​ដំណាក់​កាល​ដោយ​ដំណាក់​កាល​ទី​១ គ្រោង​ចំណាយ​ថវិកា ៥០០​ លាន​ដុល្លារ ដែល​អាច​ចុះចត​យន្តហោះ​ខ្នាត​មធ្យម​ នឹង​សម្រាប់​ការ​យន្តហោះ​ខ្នាត 4E និង​ដំណាក់​កាល​ទី​ ២ ទើប​អាច​ចុះចត​យន្តហោះ​ខ្នាត​យក្ស​បាន ដំណាក់​កាល​ចុង​ក្រោយ​នេះ គ្រោង​ចំណាយ​ថវិកា​ជាង ​៣០០ ​លាន​ដុល្លារ​បន្ថែមទៀត​។​

ការសាងសង់​ព្រលាន​យន្តហោះ​នេះ​អាច​ចំណាយ​ពេល​ពី៣ ​ទៅ​៥​ឆ្នាំ ដើម្បី​បញ្ចប់​ទាំង​ដំណាក់​កាល​ទី​ ១ និង​ដំណាក់​កាល​ទី​២​។​

លោក ខែ​ក នរិន្ទ​ដា អ្នក​នាំពាក្យ​ក្រុមហ៊ុន​វិនិយោគ​ព្រលាន​យន្តហោះ​កម្ពុជា ហៅ​កាត់ SCA បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​។​

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវ​លីន បាន​ថ្លែងថា វិស័យ​ឯកជន​ស្វាគមន៍​ចំពោះ​ការវិនិយោគ​ព្រលាន​យន្តហោះ​ថ្មី​នេះ​ដែល​ជា​ព្រលាន​ថ្មី មាន​សមត្ថភាព​អាច​ចុះចត​យន្តហោះ​បាន​ច្រើន​ជាង​មុន និង​អាច​ចុះ​យន្តហោះ​ខ្នាត​ធំ​ជាង​មុន ដែល​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​ពាណិជ្ជកម្ម​មក​កម្ពុជា​បាន​ច្រើន​ជាង​មុន។​

លោក ស៊ិន ចាន់​សិរី​វុត្ថា បន្តថា​ ៖ «ព្រលាន​យន្តហោះ​នេះ ប្រាកដ​ជា​ទាក់ទាញ​អ្នក​ទេសចរ​បាន​ច្រើន​ជាង​មុន និង​អាច​ចុះចត​យន្ត​ហោះ​ខ្នាត​យក្ស ហើយ​ព្រលាន​យន្ត​ហោះ​នេះ​ក៏​មិន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ផ្នែក​ផ្សេង​ទៀត​នៃ​បណ្តា​សំណង់​បេតិកភណ្ឌ​បុរាណ​ដែរ​»​។

លោក​បន្តថា​ ៖ «​ក្រៅ​ពី​នេះ ខ្ញុំ​គិត​ថា ព្រលាន​យន្តហោះ​នេះ ក៏​នឹង​បង្កើត​ការងារ​ដល់​អ្នកផ្តល់​សេវាកម្ម ដឹកជញ្ជូន​បាន​កាន់​តែ​ច្រើន​ផង​ដែរ ព្រោះ​ព្រលាន​យន្តហោះ​នេះ​ស្ថិតនៅ​ឆ្ងាយ​ពី​ក្រុង​សៀមរាប​»៕

អត្ថបទគួរចាប់អារម្មណ៍