ភ្នំពេញៈ ការបន្ត​ឆ្លង​រាលដាល​ជំងឺ​កូវីដ ​១៩ កំពុង​ធ្វើឱ្យ​ការកំណត់​កាលបរិច្ឆេទ​នៃ​ការសាងសង់ស្ពានពីភ្នំពេញទៅតំបន់អរិយក្សត្រត្រូវ​អូសបន្លាយ ដោយ​មកដល់​ពេល​នេះ​ក្រុម​ការងារ​ជំនាញ​ប្រទេស​ទាំង​ ២ នៅ​មិនទាន់​បាន​ជួបគ្នា​ទេ ទោះបី​កម្ពុជា​បាន​បង្កើត​ក្រុមការងារ​របស់ខ្លួន​រួចហើយ​ក៏ដោយ​។

ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ លោក មូន ជេអ៊ីន កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​ ២០២០ បាន​ប្រកាស​ថា ប្រទេស​កូរ៉េ​នឹង​ជួយ​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា-កូរ៉េ ​ឆ្លងកាត់​ទន្លេមេគង្គ​។

លោក វ៉ាស៊ឹម សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ២០ ខែមករា​ថា បន្ទាប់ពី​ទទួល​បាន​ការសន្យា​ពី​ប្រទេស​កូរ៉េខាងត្បូង​ ពី​ការផ្តល់​អំណោយ​ស្ពាន​ឆ្លងទន្លេ​ភ្ជាប់​ពី​ភ្នំពេញ​ទៅ​តំបន់​អរិយក្សត្រ កម្ពុជា​ក៏បាន​រៀបចំ​ក្រុម​ការងារ​ជំនាញ​របស់ខ្លួន​ដើម្បី​ត្រៀម​ធ្វើការ​ជាមួយ​ភាគី​កូរ៉េ​។

លោក​បន្តថា ប៉ុន្តែ​ដោយសារ​ការឆ្លង​កូវីដ​ ១៩ នៅលើ​ពិភពលោក​មិនទាន់​អាច​គ្រប់គ្រង​បាន​ទាំងស្រុង ដូច្នេះ​មកដល់​ពេល​នេះ​ក្រុមការងារ​ប្រទេស​ទាំង ២ ​នៅ​មិនទាន់​បាន​ជួបប្រជុំ​គ្នា​ទេ​។

លោក​បន្ថែមថា ដោយសារ​ក្រុមការងារ​ជំនាញ​ប្រទេស​ទាំង​ ២ មិន​ទាន់​ជួបគ្នា ហេតុនេះ​គេ​មិនទាន់​អាច​កំណត់​ពី​ការសាងសង់​ស្ពាន​នេះ​នឹង​ត្រូវ​ធ្វើ​កន្លែង​ណា ពេលណា និង​មានតម្លៃ​ប៉ុន្មាន​នៅឡើយ​ទេ​។

លោក​និយាយថា​៖ «​កម្ពុជា​បាន​បង្កើត​ក្រុមការងារ​សម្រាប់​គម្រោងសាងសង់ស្ពាន​តភ្ជាប់​ពី​ភ្នំពេញ​ទៅ​តំបន់​អរិយក្សត្រ​រួចហើយ ដោយ​យើង​នៅ​រង់ចាំតែ​ការមក​ដល់​របស់​ភាគី​កូរ៉េ​ប៉ុណ្ណោះ​»​។ លោក​បន្ថែមថា​៖ «​សម្រាប់​ពេលវេលា​សាងសង់​គឺ​មិនទាន់​អាច​និយាយ​ថា​នឹង​ចាប់ផ្តើម​នៅពេល​ណា​បានទេ ព្រោះ​គេ​ត្រូវការ​ពេលវេលា​សិក្សា​បច្ចេកទេស​សាងសង់ និង​ថវិកា​បន្ថែមទៀត​»​។

ប្រធាន​សមាគម​អចលនទ្រព្យ​សកល​លោក សំ សុខនឿន បាន​ប្រាប់ថា ព័ត៌មាន​ពី​ការផ្តល់​ជំនួយ​របស់​កូរ៉េ​សម្រាប់​សាងសង់​ស្ពាន​ទៅ​តំបន់​អរិយក្សត្រ មិនបាន​ធ្វើឱ្យ​តម្លៃ​អចលនទ្រព្យ​កើន​តម្លៃ​ទេ ដោយ​គ្រាន់តែ​សកម្មភាព​នៃ​ការទិញ​លក់​មាន​ច្រើនជាង​មុន​។ អរិយក្សត្រ គឺជា​ទីតាំង​ល្អ​ដែល​អ្នក​វិនិយោគ​មិន​គួរ​មើលរំលង ព្រោះ​នៅពេល​មាន​ស្ពាន​តភ្ជាប់​មក​ចំណុច​កណ្តាល​ភ្នំពេញ​ទីនោះ​នឹង​មាន​ការអភិវឌ្ឍ​លឿន​។

លោក​ប្រាប់ថា​៖ «​ដោយសារ​ព័ត៌មាន​គម្រោង​ស្ពាន​នេះ​បាន​ប្រកាស​ក្នុង​អំឡុងពេល​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ហេតុនេះ​តម្លៃ​ដី​នៅ​អរិយក្សត្រ មិន​បាន​ហក់​ឡើង​ខ្ពស់​ទេ បើ​ធៀប​នឹង​ដើមឆ្នាំ​ ២០២០ គ្រាន់តែ​ចលនា​នៃ​ការទិញ​លក់ គឺ​មាន​ភាពមមាញឹក​ជាង​មុន​»​។

លោក​បន្តថា បច្ចុប្បន្ន​ដី​នៅ​អរិយក្សត្រ​តំបន់​ល្អ​បំផុត​ (​ជាប់មាត់​ទន្លេ​) មាន​តម្លៃ​ជា​មធ្យម​ក្នុង​រង្វង់ ១ ០០០ ​ដុល្លារ​ ក្នុង​ ១ ​ម៉ែត្រការ៉េ ដីឡូត៍​លំនៅឋាន​មាន​តម្លៃ​ក្នុង​រង្វង់ ៣០០ ​ដុល្លារ និង​ដី​សម្រាប់​អភិវឌ្ឍន៍​ធំៗ មាន​តម្លៃ​ជា​មធ្យម​ចន្លោះ​ពី​ ១៨០-២៥០ ​ដុល្លារ​។

ជាមួយ​គ្នា​នេះ​លោក​អះអាង​ថា​៖ «​តម្លៃ​ដី​នៅ​អរិយក្សត្រ​នឹង​ស្ទុះ​ឡើង​ខ្ពស់​ពេល​ស្ពាន​ចាប់ផ្តើម​សាងសង់ ដែល​វា​នឹង​ស្ទុះ​ឡើង​ខ្ពស់​ដូច​នៅ​តំបន់​ជ្រោយចង្វារ​នាពេល​បច្ចុប្បន្ន​»​។

កន្លងមក​កម្ពុជា​ធ្លាប់​លើក​យក​តំបន់​កំពង់ចម្លង​ស្វាយជ្រុំ​អរិយក្សត្រ​ធ្វើ​ជា​កន្លែង​មាន​លក្ខណៈ​អំណោយផល​សម្រាប់​ការកសាង​ស្ពាន ប៉ុន្តែ​សម្រាប់​ការងារ​ជាក់ស្តែង​គឺ​គេ​នៅ​មិនទាន់​កំណត់​យក​កន្លែង​ណា​ជា​ផ្លូវការ​ទេ ដោយ​ត្រូវ​រង់ចាំ​អ្នកជំនាញ​ភាគី​ទាំង​ ២ សិក្សា​រួមគ្នា​សិន​។ នេះ​បើ​យោងតាម​លោក វា​ស៊ឹម សូរិយា​៕