ភ្នំពេញៈ គម្រោង​សាងសង់​​អគារ​ភ្លោះ​ថៃប៊ុនរ៉ុង Thai Boon Roong Twin Tower ដែល​មាន​តម្លៃ​ជាង ​៣ ​ពាន់​លាន​ដុល្លារ និង​កម្ពស់​ជាង ​៥០០​ម៉ែត្រ នៅ​​មិន​ទាន់​ដឹង​ពី​ពេលវេលា​ជាក់លាក់​នៅ​ឡើយ​ទេ​​រហូត​មក​ដល់​ពេល​នេះ។ នេះ​បើ​យោង​តាម​អ្នក​គ្រប់គ្រង​គម្រោង។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Thai Boon Roong Twin Tower ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​កាស៊ីណូ​ Naga World នឹង​មាន​​អគារ​ខ្ពស់ៗ​ចំនួន​ ៦ ក្នុង​នោះ​អគារ​ភ្លោះ​នៅ​ចំ​កណ្តាល​មាន​​កម្ពស់​ ១៣៣ ​ជាន់​​នឹង​ត្រូវ​សាងសង់​លើ​ផ្ទៃដី​ជិត ៥ ​ហិកតា។​

លោក ទូស សាភឿន ​ប្រធាន​ក្រុម​ស្ថាបត្យករ​នៃ​ក្រុមហ៊ុន Thai Boon Roong Group ដែល​ជា​ម្ចាស់​​​គម្រោង​ ​បាន​ប្រាប់​ ភ្នំពេញ​ប៉ុស្តិ៍​ ថា រយៈពេល​ជាង​ ១ ​ខែ​ហើយ ដែល​ក្រុមហ៊ុន​បាន​ដាក់​កម្មករ និង​គ្រឿង​ចក្រ​មួយ​ចំនួន​ធ្វើ​ជញ្ជាំង​ទប់​ដី​​ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​ការ​បាក់​ដី​នៅ​ពេល​សាងសង់ មុន​នឹង​ឈាន​ទៅ​សាងសង់​អគារ​ធំៗ​ទាំង​ ​៦​។ ទោះ​យ៉ាង​ណា​លោក​ប្រាប់​ថា ​ការ​សាងសង់​អគារ​នេះ​នៅ​មិន​ទាន់​ដឹង​ថា​នឹង​ចាប់​ផ្តើម​នៅ​ពេល​ណា​នោះ​ទេ។

លោក​ថ្លែង​ថា៖ ​«​រហូត​មក​ដល់​ពេល​នេះ​យើង​មិន​ទាន់​បាន​កំណត់​ពេលវេលា ​ដើម្បី​បើក​ការដ្ឋាន​សាងសង់​គម្រោង Thai Boon Roong Twin Tower នៅ​ឡើយ​ទេ ដោយ​ពេល​នេះ​យើង​គ្រាន់​តែ​យើង​ធ្វើ​ជញ្ជាំង​ទប់​ដី​ជា​មុន​សិន»។

គម្រោង​អគារ​ពាណិជ្ជកម្ម​ខ្ពស់​ជាង​គេ​ដំបូង​នៅ​ចំ​កណ្តាល​ទីក្រុង​ភ្នំពេញ​នេះ​ត្រូវ​បាន​ប្រកាស​សាងសង់​​លើក​ដំបូង​នៅ​ក្នុង​​អំឡុង​ឆ្នាំ ២០១៦ តែ​ត្រូវ​បាន​ពន្យារពេល​សាងសង់​ជា​បន្ត​បន្ទាប់​​រហូត​មក​ដល់​ពេល​នេះ ដោយ​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​​តែង​អះអាង​ថា ប្លង់​អគារ​ត្រូវ​ការ​កែ​លម្អ​ឡើង​វិញ​។ លោក សាភឿន បញ្ជាក់​ថា៖ ​«​ការ​កែ​សម្រួល​ប្លង់​នៅ​ពេល​​នេះ​រួច​រាល់ ១០០ ​ភាគរយ​ហើយ​»។​

តាម​គម្រោង​ Thai Boon Roong Twin Tower នឹង​ត្រូវ​ប្រើប្រាស់​ជា​សណ្ឋាគារ​កម្រិត​ផ្កាយ៥ អាផាតមិន​ ខុនដូ អគារ​ការិយាល័យ ហាង​លក់​ទំនិញ និង​ផ្សារ​ទំនើប​ជា​ដើម​។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់​ខ្ពស់​នៅ​ក្រុមហ៊ុន Emerging Markets Consulting(EMC) បាន​និយាយ​ថា Thai Boon Roong Twin Tower ជា​គម្រោង​ដែល​ត្រូវ​ការ​ពេលវេលា​សិក្សា​យូរ ហេតុ​នេះ​ការ​មិន​ទាន់​កំណត់​ពេលវេលា​សាងសង់​​គឺ​ជា​រឿង​ធម្មតា និង​មិន​មាន​ផល​ប៉ះពាល់​ដល់​ទីផ្សារ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ទេ​។ លោក​លើក​ឡើង​ថា កន្លង​មក​ក៏​មាន​គម្រោង​ធំៗ​ជា​ច្រើន​នៅ​កម្ពុជា​បាន​ពន្យារពេល​សាងសង់​​ផង​ដែរ។

លោក​ថ្លែង​ថា៖​ «​ខ្ញុំ​គិត​ថា វា​មិន​ជា​បញ្ហា​សម្រាប់​ទីផ្សារ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ទេ​សម្រាប់​គម្រោង​ ១-២ ​នោះ ខណៈ​មាន​គម្រោង​ជា​ច្រើន​​ទៀត​នៅ​ដំណើរការ​ជា​ធម្មតា»។

របាយការណ៍​​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ ២ ​ខែ ដើម​ឆ្នាំ​ ២០១៩ ​ការ​វិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា​មាន​តម្លៃ​ជាង ១ ៣៨៤ លាន​ដុល្លារ កើន​ឡើង​ជាង​ ២ ​ដង​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​ ២០១៨​៕​LA