ក្រុង​បាងកកៈ ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន Nirvana Daii (NVD) ដែល​ចុះបញ្ជី​នៅ​ផ្សារហ៊ុន​ថៃ គ្រោង​នឹង​ដំណើរការ​គម្រោង​ថ្មី​ចំនួន ១១ ដែល​​មាន​តម្លៃ​សរុប ១៧,៥៤ ​ពាន់​លាន​បាត​ (៥៥៤ លាន​ដុល្លារ) ក្នុង​ឆ្នាំ ​២០១៩ នេះ និង​មាន​បំណង​​ទទួល​បាន​​កំណើន​ទ្វេ​ដង​​សម្រាប់​ ការ​លក់​​ជាមុន (Presale)​។​ នេះ​បើ​យោង​តាម​កាសែត​បាងកក​ប៉ុស្តិ៍។

លោក Sornsak Somwattana ​ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន NVD បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​​នា​ពេល​ថ្មីៗ​នេះ​​ថា ភាគ​ច្រើន​នៃ​គម្រោង​ថ្មី​ទំាង​នេះ​នឹង​ជា​ការ​អភិវឌ្ឍ​អគារ​​កម្ពស់​ទាប​ ដូច​ជា​​​ផ្ទះ​ទោល និង​ផ្ទះ​ថោន​ហៅស៍ (townhouse) ដែល​មាន​​​ការដ្ឋាន​ ​៨ កន្លែង​ក្នុង​​​តំបន់​ទីក្រុង​​បាងកក​ និង​ខេត្ត​ជុំវិញ (Greater Bangkok) និង​ខេត្ត​ឧឌុនថានី។

លោក Sornsak បាន​មាន​ប្រសាសន៍​ថា៖ «​ទីផ្សារ​ខុនដូ នឹង​ថយ​ចុះ​នៅ​ឆ្នាំ​នេះ ដោយ​​សារ​បញ្ហា​ទប់ស្កាត់​ការ​ផ្តល់​កម្ចី​ទិញ​ផ្ទះ»។​

លោក​បាន​ឲ្យ​ដឹង​ទៀត​​​ថា​៖ «​ក្រុមហ៊ុន​អភិវឌ្ឍន៍​ជា​ច្រើន​កំពុង​ផ្លាស់ប្តូរ​ទៅ​រក​គម្រោង​អគារ​កម្ពស់​ទាប។ ​បើ​មិន​អ៊ីចឹង​ទេ ពួក​គេ​នឹង​ចាំបាច់​ត្រូវ​កំណត់​ទិសដៅ​តម្រូវ​ការពិត​ ដើម្បី​​បន្ត​ស្ថិត​នៅ​​ក្នុង​ទីផ្សារ​ខុនដូ ខណៈ​ដែល​​អ្នក​ទិញ​សម្រាប់​​ការវិនិយោគ​នឹង​ធ្លាក់ចុះ​ ៣០ ភាគរយ»។​

គម្រោង​អគារ​កម្ពស់​ទាប​ថ្មី​ទាំង​នេះ រួម​មាន​គម្រោង​ផ្ទះ​ទោល​ចំនួន ៣ ដែល​មាន​​​តម្លៃ​ពី ​៨ ទៅ​ ៩០ លាន​បាត​ក្នុង​ ​១ ​ខ្នង និង​គម្រោង​​ផ្ទះថោន​ហៅស៍​ ១ គម្រោង​ដែល​មាន​តម្លៃ​ពី ​៨ ទៅ ១៦ ​លាន​បាត​ក្នុង ​១ ​ខ្នង។​

គម្រោង​សាង​សង់​អគារ​កម្ពស់​ទាប​ចំនួន ៤ ផ្សេង​ទៀត នឹង​ជា​ការ​អភិវឌ្ឍ​លំនៅឋាន​សម្រេច​មុន​​ដាក់​លក់ (Turnkey development) តាម​រយៈ​ការ​សហការ​រវាង​ក្រុមហ៊ុន​​សាងសង់​​​​ជាមួយ​ម្ចាស់​ដី។​

ទីតាំង​អភិវឌ្ឍន៍​នឹង​ស្ថិត​​នៅ​ខេត្ត​ឧឌុនថានី និង​តំបន់​ជា​ច្រើន​នៅ​ទីក្រុង​បាងកក ដូច​ជា តំបន់ Phatthanakan តំបន់​​ Bang Na និង​តំបន់ Krungthep Kritha។

លោក​ថ្លែង​ថា​៖ «​មាន​ម្ចាស់​ដី​ជា​ច្រើន​​ដែល​ចង់​អភិវឌ្ឍ​គម្រោង​លំនៅឋាន​ ប៉ុន្តែ​ពួក​គេ​​​មិន​មាន​ម៉ាក​​យីហោ​ដើម្បី​អភិវឌ្ឍ»។​

លោក​បញ្ជាក់​ថា​៖ «​ពួក​គេ​អាច​ចូលរួម​ជា​មួយ​ពួក​យើង តាមរយៈ​ការ​ប្រើប្រាស់​ដីឡូត៍​របស់​ពួក​គេ​ជា​ការ​វិនិយោគ ហើយ​យើង​នឹង​អភិវឌ្ឍ​គម្រោង​ និង​សាងសង់​លំនៅឋាន​លើ​ដីឡូត៍​ទាំង​នោះ និង​ធ្វើ​ទីផ្សារ​»។​

លោក Sornsak ​បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​នឹង​បង្ហាញ​ដំណោះ​ស្រាយ​ទៅ​កាន់​​ម្ចាស់​ដី​នៅ​តាម​ខេត្ត​នានា ជា​ទី​ដែល​ក្រុមហ៊ុន​ Boon Rawd Brewery ដែល​ជា​ភាគទុនិក​ធំ​​មួយ​របស់​ ក្រុមហ៊ុន Singha Estate ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន NVD ​ មាន​ទំនាក់​ទំនង​ដ៏​រឹងមាំ​តាម​រយៈ​​​ក្រុមហ៊ុន​ចែកចាយ​បន្ត​នានា​។​

នឹង​មាន​គម្រោង​ខុនដូ ២ ស្ថិត​ក្រោម​យីហោ​ថ្មី​មួយ គឺ​យីហោ The Most។ គម្រោង​ទាំង​ ២ នេះ​នឹង​ស្ថិត​នៅ​តាម​បណ្តោយ​​ផ្លូវ​ Itsaraphap និង​តំបន់​ Pracha Chuen-Ratchadaphisek ដែល​កំណត់​ទិសដៅ​ថា​ជា​លំនៅឋាន​ដែល​មាន​តម្លៃ​ពី​​មធ្យម​​ដល់​តម្លៃ​​ខ្ពស់។​

គម្រោង​ផ្សេង​ទៀត រួមមាន​អគារ​ចំណត​រថយន្ត ដោយ​មាន​ចំណត​សរុប ៧០០ នៅផ្លូវ Chuey Puang ដែល​បែក​ចេញ​ពី​វិថី Vibhavadi Rangsit ជា​ទី​​ដែល​ក្រុមហ៊ុន​នឹង​វិនិយោគ​ទឹក​ប្រាក់​សរុប​ពី​ចំនួន ៤០ ទៅ​ ៥០ លាន​បាត។ ដំណាក់​កាល​ដំបូង​នឹង​ត្រូវ​បញ្ចប់​នៅ​ខែ​មេសា ដោយ​មាន​ទិសដៅ​​អត្រា​កាន់​កាប់​​ចំនួន ​៨០ ភាគរយ។​

ក្រុមហ៊ុន​ NVD មាន​បំណង​រក​ប្រាក់​​​ចំណូល​​ចំនួន ៥,៤ ពាន់​លាន​បាត​ពី​​ការ​លក់​ជា​មុន នៅ​ត្រឹម​ចុង​ឆ្នាំ​ ២០១៩ កើន​ឡើង​ពី​ ២,៦ ​ពាន់​លាន​​​ កាល​​ពី​ឆ្នាំ​មុន​។​

ក្រុមហ៊ុន​អភិវឌ្ឍន៍​មួយ​នេះ​​​រំពឹង​ថា នឹង​រក​ប្រាក់​ចំណូល​​បាន​ ៤,២ ពាន់​លាន​បាត​ កើន​ឡើង​ ៤០ ភាគរយ​ធៀប​នឹង​​ឆ្នាំ ២០១៨។​

កាល​ពី​ឆ្នាំ ​២០១៨ ​ក្រុមហ៊ុន NVD ​បាន​កត់ត្រា​ប្រាក់​ចំណេញ​សុទ្ធ​ ​៣២៤ ​លាន​បាត (១០ លាន​ដុល្លារ) កើន​ឡើង​ ៥២ ​ភាគរយ​​ដែល​កើន​ឡើង​​​ពី​ចំនួន ២១៤ លាន​បាត និង​ប្រាក់​ចំណូល​ចំនួន​ ២,៩៤​ ពាន់​លាន​បាត​ (៩៣ លាន​ដុល្លារ) កើន​ឡើង ១៦ ភាគរយ​ពី​ចំនួន​ ២,​៥៦ ​​លាន​បាត​​​នៅ​​ឆ្នាំ ​២០១៧។

អនុបាត​​ប្រាក់​ចំណេញ​ដុល​បាន​កើន​ឡើង​ពី​ចំនួន ​៣១,​២ ភាគរយ​ដល់​ចំនួន ៣៥,​៦ ភាគរយ​ ហើយ​អនុបាត​​​ប្រាក់​ចំណេញ​សុទ្ធ​បាន​កើន​ឡើង​​ពី​ចំនួន ​៨,​៤​ ភាគរយ​ដល់​ចំនួន ​១១ ភាគរយ​នៃ​ប្រាក់​ចំណូល។​

តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ NVD ​បាន​បិទ​ការ​ជួញដូរ​កាល​ពី​ម្សិលមិញ​នៅ​ផ្សារហ៊ុន​ថៃ ​ក្នុង​តម្លៃ​ ៣,៤៤ បាត​ក្នុង​មួយ​ហ៊ុន កើនឡើង​ ១០ សាតាង ដោយ​មាន​ទំហំ​ជូញដូរ​ចំនួន​ ៤,៤ លាន​បាត៕ LA