ភ្នំពេញៈ គម្រោង​អាជីវកម្ម​ពុះ​ដីឡូត៍​លក់​ត្រូវបាន​គេ​មើលឃើញ​ថា​នៅតែ​បន្ត​រីក​យ៉ាងខ្លាំង​នៅ​តំបន់​ជាយក្រុង​ភ្នំពេញ ខណៈ​វា​បាន​និង​កំពុង​ទាក់ទាញ​អតិថិជន​ជា​ពលករ​បម្រើការ​នៅក្រៅ​ប្រទេស​។ នេះ​បើតាម​ការអង្កេត​របស់​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​។

លោក ម៉ម សិរីបញ្ញា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ Easy Property Investment បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា អត្រា​នៃ​អ្នកធ្វើការ​នៅក្រៅ​ប្រទេស​ដែល​ផ្ញើ​ប្រាក់​ដើម្បី​ទិញ​ដីឡូត៍​នៅ​ឆ្នាំ​ ២០១៩ នេះ​មាន​ការកើនឡើង​បើ​ធៀប​នឹង​ឆ្នាំ​មុន​។ លោក​បន្តថា ភាគច្រើន​ជា​​ពលករ​ធ្វើការ​នៅ​កូរ៉េ​ខាង​ត្បូង​។

លោក​ថ្លែងថា​៖ «​ចាប់តាំងពី​ដើម​ឆ្នាំ​ ២០១៩ មក​ចំនួន​ពលករ​ដែល​ទៅ​ធ្វើការ​នៅ​បរទេស ផ្ញើ​លុយ​មក​ឲ្យ​បងប្អូន​ជួយ​ទិញ​ដីឡូត៍​ទុក​ឲ្យ​ខ្លួន​ពេល​វិលត្រឡប់​មក​ប្រទេស​វិញ​បាន​កើនឡើង​យ៉ាងច្រើន​»​។

តាម​លោក ម៉ម សិរីបញ្ញា គម្រោង​អាជីវកម្ម​នេះ​បង្ហាញ​ពី​ការកើនឡើង​ផងដែរ​នៅ​ឆ្នាំនេះ​ពី​ចន្លោះ​ ១៥ ទៅ​ ៣០ ​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ ២០១៨​។

ខណៈ​មិនមាន​ទិន្នន័យ​កត់ត្រា​ជា​ផ្លូវការ​លោក ម៉ម សិរីបញ្ញា បាន​ឲ្យ​ដឹងថា ចំនួន​ពលករ​ដែល​ផ្ញើ​ប្រាក់​ដើម្បី​ទិញ​ដី​នៅក្នុង​ស្រុក​កើនឡើង​ជាង​ ២០ ​ភាគរយ​ បើ​ធៀប​ឆ្នាំទៅ​។

របាយកាណ៍​លទ្ធផល​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​ ២០១៨ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹងថា ពលករ​កម្ពុជា​ដែល​ទៅ​ធ្វើការ​នៅក្រៅ​ប្រទេស​មាន​ចំនួន ១,២៣ ​លាន​នាក់​ ក្នុង​នោះ​ប្រទេស​ថៃ​មាន​ចំនួន ១,១៤ ​លាន​នាក់ ប្រទេស​ កូរ៉េ​ខាង​ត្បូង​ មាន ៤៩ ០៩៩ ​នាក់​ជប៉ុន ៩ ១៩៤ ​នាក់ ម៉ាឡេស៊ី ៣០ ១១ ​នាក់ សិង្ហបុរី ៨៣១ ​នាក់ ហុងកុង ៥៤ ​នាក់ និង​អារ៉ាប៊ី សាអ៊ូឌីត ១៦ ​នាក់​។

បច្ចុប្បន្ន​នៅ​ស្ទើរ​គ្រប់​ទិស​នៃ​ជាយ​រាជធានី​ភ្នំពេញ គេ​ឃើញ​មាន​សកម្មភាព​នៃ​ការ​ពុះ​ដីឡូត៍​កើតឡើង​ជា​បន្តបន្ទាប់ ខណៈ​ភាគច្រើន​ស្ថិត​នៅ​ភាគ​ខាងជើង និង​ខាងលិច​រាជធានី​ភ្នំពេញ​។

ដី​ដែល​អ្នក​អភិវឌ្ឍន៍​ពុះ​ជា​ឡូត៍​ភាគច្រើន​មាន​ទំហំ ៥x២០ ​ម៉ែត្រ និង​មានតម្លៃ​ចន្លោះ​ពី ៨០០០ ទៅ​ដល់ ២៥- ០០០ ​ដុល្លារ​នៅ​តំបន់​ជាយក្រុង​។

លោក ម៉ម សិរីបញ្ញា បាន​ឲ្យ​ដឹងថា វា​មិនមាន​បញ្ហា​សម្រាប់​អ្នក​ទៅ​ធ្វើការ​នៅ​បរទេស​ប៉ុន្មាន​ទេ ព្រោះ​ការងារ​ដែល​ពួកគេ​ធ្វើ​នៅ​ទីនោះ​ក៏​ទទួលបាន​ប្រាក់ខែ​ច្រើន​គួរសម​ដែរ​។

ខណៈ​មាន​ការលើក​ឡើង​ថា កន្លងមក​មាន​អ្នកទិញ​ដីឡូត៍​មួយ​ចំនួន​ត្រូវ​ចាញ់​ការបោក​បញ្ឆោត​របស់​ម្ចាស់​ដីឡូត៍​នោះ​លោក សិរីបញ្ញា បាន​ប្រាប់​ថា ករណី​បែប​នេះ​ស្ទើរតែ​មិនមាន​ទៀត​ទេ​ពេលនេះ​។ លោក​បាន​ថ្លែង​ថា​៖ «​ដើម្បី​ឲ្យ​ប្រាកដថា នឹង​មិនមាន​បញ្ហា​ណាមួយ​កើនឡើង​នោះ ការទិញ​លក់​ទាំងអស់ ត្រូវតែ​ធ្វើឡើង​ដោយ​ឆ្លងកាត់​តាមរយៈ​ភ្នាក់ងារ ឬ ក្រុមហ៊ុន​អចលនទ្រព្យ​ដែលមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​»​។

បច្ចុប្បន្ន​និន្នាការ​ទីផ្សារ​ដីឡូត៍​ក៏កំពុង​តែ​កើន​មាន​ច្រើន​ផងដែរ​នៅតាម​បណ្តា​ខេត្ត​ដែល​មាន​សក្តានុពល​សេដ្ឋកិច្ច​ដូចជា ខេត្ត​កណ្តាល ព្រះសីហនុ កំពត សៀមរាប កំពង់ស្ពឺ និង​តំបន់​នៅតាម​ព្រំដែន​ជាដើម​៕LA