ភ្នំពេញៈ ទោះបី​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ បាន​ធ្វើឲ្យ​គម្រោង​សាងសង់​មួយចំនួន​ត្រូវ​បន្ថយល្បឿន ឬ​ផ្អាក​សាងសង់​មួយរយៈ ប៉ុន្តែ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ​អារ៉ាខាវ៉ា (Arakawa Residence) បែរ​ជាមាន​ដំណើរការ​ទៅមុខ​កាន់តែ​លឿន​ទៅវិញ​។ នេះ​បើ​យោង​តាម​សហស្ថាបនិក​ក្រុមហ៊ុន Arakawa Co., Ltd​។

Arakawa Residence ជា​គម្រោង​អភិវឌ្ឍន៍​ខុនដូ​តម្លៃ​សមរម្យ​ដែល​សាងសង់​លើ​ផ្ទៃដី​ទំហំ ១,៣៦ ​ហិកតា​ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​។ គម្រោង​នេះ​ចែកជា ២ ​ដំណាក់កាល ដោយ​ដំណាក់កាល​ទី​ ១ មាន​អគារ​កម្ពស់ ២១ ​ជាន់​ចំនួន ១០ ស្មើនឹង ១ ៦៨០ ​យូនីត និង​ដំណាក់កាល​ទី​ ២ មាន ៦ អគារ​មាន​បន្ទប់​សរុប ១ ២៨០ យូនីត​។ បន្ទប់​ក្នុង​គម្រោង​នេះ​មាន​ទំហំ​ចាប់ពី ២៣ ​ម៉ែត្រការ៉េ និង​មានតម្លៃ​ក្នុង​ ១ ​យូនីត​ចាប់ពី​ជិត ៣ ​ម៉ឺន​ដុល្លារ​ឡើងទៅ​។

លោក អៀង សុធារ៉ា សហស្ថាបនិក​ក្រុមហ៊ុន Arakawa Co.,Ltd ដែល​អភិវឌ្ឍ​លំនៅឋាន​អារ៉ាខាវ៉ា​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា សកម្មភាព​សាងសង់​របស់​ក្រុមហ៊ុន​ពេលនេះ​កំពុង​មាន​សម្ទុះ​ទៅមុខ​យ៉ាង​លឿន ដោយ​ក្រុមហ៊ុន​កំពុង​ប្រើប្រាស់​កម្មករ​ទ្វេដង​បើ​ធៀប​នឹង​មុនពេល​មានការ​ផ្ទុះ​ជំងឺ​កូវីដ ​១៩​។

លោក​បន្តថា ការបង្កើន​ល្បឿន​នៅពេល​នេះ​គឺ​មកពី​កត្តា​ចម្បង​ចំនួន ២ គឺ​ក្រុមហ៊ុន​មាន​ធនធាន​ហិរញ្ញវត្ថុ​គ្រប់គ្រាន់ និង​ភាពសម្បូរ​នៃ​កម្លាំង​ពលកម្ម​ (​ដោយសារ​ការដ្ឋាន​មួយចំនួន​ផ្អាក​ដំណើរការ​)​។

លោក​ថ្លែងថា​៖ «​ការបង្កើន​ល្បឿន​សាងសង់​នេះ​នឹង​ជួយ​ឲ្យ​ក្រុមហ៊ុន​អាច​បញ្ចប់​គម្រោង​តាម​ពេល​កំណត់​ប្រកប​ដោយ​ស្តង់ដា​កម្រិត​ខ្ពស់​»​។

យោងតាម​លោក សុធារ៉ា បច្ចុប្បន្ន​ក្នុង​ការដ្ឋាន Arakawa មាន​កម្មករ​ប្រមាណ ២ ០០០ ​នាក់ ខណៈ​មុនពេល​មាន​ជំងឺ​កូវីដ ​១៩ មាន​កម្មករ​ប្រហែល ១ ០០០ ​នាក់​តែប៉ុណ្ណោះ​។ ការសាងសង់​គ្រោង​អគារ​ដំណាក់កាល​ទី​ ១ មកដល់​ពេល​នេះ​ស្ទើរតែ​បញ្ចប់ ១០០ ​ភាគរយ​ ហើយ​នឹង​គ្រោង​បើក​ឲ្យ​អតិថិជន​ចូល​ស្នាក់​នៅក្នុង​ចុងឆ្នាំ​នេះ​។ ចំណែក​ដំណាក់កាល​​ទី​ ២ ទើប​សាងសង់​បាន​កម្ពស់ ២ ​ជាន់​លើដី​។

ការលក់​ខុនដូ (​យូនីត​) ​ក្នុង​គម្រោង​ដំណាក់កាល​ទី​ ១ បានបញ្ចប់​ទាំងស្រុង​ហើយ ខណៈ​ដំណាក់កាល​ទី​ ២ អាច​នឹង​បើក​លក់​នៅ​ចុង​ឆ្នាំ​ ២០២០​។ លោក សុធារ៉ា អះអាង​ថា​៖ «​បើទោះបី​ដំណាក់កាល​ទី​ ២ យើង​មិនទាន់​បើក​លក់ ប៉ុន្តែ​បច្ចុប្បន្ន​មាន​អតិថិជន​ជាច្រើន​បាន​មក​ទាក់ទង​ក្រុមហ៊ុន​រួចហើយ​»​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ KW សែនសុខ លោក សំ សុខនឿន បាន​និយាយ​ថា Arakawa ជា​គម្រោង​ធំ និង​ទទួល​ជោគជ័យ​លឿន ព្រោះ​ជា​គម្រោង​ខុនដូ​តម្លៃ​សមរម្យ​ទី​ ១ នៅក្នុង​រាជធានី​ភ្នំពេញ និង​ត្រូវបាន​សង់​ឡើង​ប្រកបដោយ​គុណភាព​បែប​ស្តង់ដា​ជប៉ុន​។ តាម​ព័ត៌មាន​គម្រោង​នេះ​មាន​មនុស្ស​ជាច្រើន​ចាប់អារម្មណ៍ ព្រោះ​នៅ​ជិត​កណ្តាល​ក្រុង និង​មានតម្លៃ​ទាប​។ លោក​បន្ថែម​ថា លំនៅឋាន​បែបនេះ​កំពុង​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ពិសេស​ប្រជាជន​ក្នុង​ស្រុក​។

លោក​បាន​ថ្លែងថា​៖ «​នេះ​ជា​គម្រោង​ល្អ​បំផុត​សម្រាប់​អ្នក​មិនមាន​ប្រាក់​ចំណូល​ច្រើន​។ គម្រោង​បែបនេះ​នឹងមាន​ទីផ្សារ​កាន់តែ​ខ្លាំង ដោយ​យ៉ាងយូរ​ ៥ ​ឆ្នាំ​ខាងមុខ​»​។

ទិន្នន័យ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បង្ហាញ​ថា នៅក្នុង​រយៈពេល ៤ ​ខែ​ដើមឆ្នាំ​ ២០២០ ក្រសួង​រៀបចំ​ដែនដី​បាន​ផ្តល់​ការអនុញ្ញាត​លើ​សំណើសុំ​សាងសង់​សរុប​ទូទាំង​ប្រទេស​ចំនួន ១ ៦៤៧ ​គម្រោង​កើនឡើង ២២៣ ​គម្រោង ខណៈ​ទំហំ​តម្លៃ​វិនិយោគ​មាន​ប្រមាណ ៣ ០៤៩ ​លាន​ដុល្លារ កើនឡើង ២០,៥ ​ភាគរយ​ធៀប​នឹង​រយៈ​ដូចគ្នា​កាលពី​ឆ្នាំមុន​៕ LA