ភ្នំពេញ: គម្រោង​សាងសង់​ផ្សារទំនើប The One Mall ដែលមាន​កម្ពស់ ៣ ​ជាន់ និង​ជា​ការវិនិយោគ​របស់​ក្រុមហ៊ុន​ចិន​នៅ​ទីក្រុង​ភ្នំពេញ​នឹង​បញ្ចប់​ការសាងសង់​នៅ​ត្រីមាស​ទី​ ២ ឆ្នាំ​នេះ បន្ទាប់ពី​ខកខាន​មិន​បាន​បើក​ដំណើរការ​តាម​ការប្រកាស​កន្លងមក​របស់​ខ្លួន​។

កាលពី​ខែ​សីហា​ឆ្នាំមុន ក្រុមហ៊ុន The One Mall Management (Cambodia) Co., Ltd ដែល​ជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​ចិន Ming Sheung International Investment Co., Ltd និង​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​របស់​គម្រោង​ផ្សារទំនើប​នេះ បាន​ប្រកាស​ថា​នឹង​ដាក់​ដំណើរការ​ជា​ផ្លូវការ​នៅ​ខែធ្នូ ឆ្នាំ​ ២០១៩​។

ប្រភព​ដែល​ដឹងឮ​ពី​គម្រោង​នេះ​បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​កាលពី​ថ្ងៃ​ពុធ​ថា គម្រោង​ផ្សារ​ទំនើប The One Mall គ្រោង​នឹង​បញ្ចប់​នៅ​ត្រីមាស​ទី​ ២ ឆ្នាំនេះ​។

ប្រភព​នេះ​បាន​បន្តថា​៖ «​វា​នឹង​បញ្ចប់​ការសាងសង់​ក្នុង​រង្វង់​ខែ​មេសា ឆ្នាំនេះ​។ វា​មាន​ដំណើរ​សាងសង់​ល្អជា​ធម្មតា ការសាងសង់​ធ្វើ​ឡើង​ទាំងយប់​ទាំង​ថៃ្ង និង​សាងសង់​បាន​ប្រហែល ៧០ ​ភាគរយ​ហើយ​»​។

ទោះជា​យ៉ាងណា​ប្រភព​នេះ​បាន​បដិសេធ​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​ការពន្យារពេល​បញ្ចប់​ការសាងសង់ និង​បើក​ដំណើរការ​របស់​គម្រោង​នេះ​។

គម្រោង The One Mall ត្រូវបាន​សាងសង់​លើ​ផ្ទៃដី ១២ ០០០ ម៉ែត្រការ៉េ​​ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន​នៅលើ​អតីត​ផ្សារ​កុងតឺន័រ​ស្ថិត​នៅ​ចំហៀង​ស្ថានទូត​រុស្ស៊ី​។ ទុនវិនិយោគ​លើ​គម្រោង​នេះ​មិនត្រូវ​បានបង្ហាញ​ឲ្យ​ដឹង​នោះទេ​។

ក្រុមហ៊ុន​អភិវឌ្ឍន៍​របស់​គម្រោង​នេះ​បាន​ឲ្យ​ដឹង​នាពេល​កន្លងមក​ថា គម្រោង​ផ្សារ​ទំនើប​នេះ​នឹង​ក្លាយ​ជា​ទីតាំង​របស់​ហាង​ទំនិញ កន្លែង​លេង​កម្សាន្ត​កន្លែង​ហាត់ប្រាណ ភោជនីយដ្ឋាន​ហាង​សម្លៀកបំពាក់​ជាដើម​។ គម្រោង​នេះ​បានចាប់ផ្តើម​សាងសង់​កាលពី​ខែ​មិថុនា​ឆ្នាំ​មុន​។

លោក ច្រឹក សុនីម អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Mekong បាន​ឲ្យ​ដឹងថា ផ្សារ​លក់រាយ​កំពុង​ពេញនិយម​នៅ​កម្ពុជា​សម្រាប់​អ្នកមាន​ចំណូល​មធ្យម​។ លោក​បន្តថា ការផ្គត់ផ្គង់​មិនទាន់​បំពេញតម្រូវការ​នៅឡើយ​ទេ​នៅ​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ផ្សារ​លក់រាយ​កំពុង​វាយលុក​ទីផ្សារ​នៅ​កម្ពុជា សម្រាប់​ប្រជាជន​ដែល​មាន​ជីវភាព​ធូរធារ​ដែល​ត្រូវការ​ទំនិញ​ល្អៗ​ និង​អនាម័យ​ពី​ផ្សារ​ទំនើប​។ សព្វថ្ងៃ​ការសង់​ផ្សារ​លក់​មិនទាន់​បំពេញ​តម្រូវការ​ទីផ្សារ​នៅ​ឡើយ​ទេ ហើយ​វា​នឹង​មាន​ការសាងសង់​បន្ថែមទៀត​»​។

លោក Chris Wong អគ្គនាយក​ក្រុមហ៊ុន The One Mall Management បាន​ឲ្យ​ដឹង​កាលពី​អំឡុង​ខែ​សីហា​ឆ្នាំ​មុន​ថា កំណើន​សេដ្ឋកិច្ច និង​ភាពស៊ីវិល័យ​នៃ​ការរស់នៅ​របស់​ប្រជាជន​កម្ពុជា​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​របស់​លោក​សម្រេច​វិនិយោគ​លើ​គម្រោង​ផ្សារ​ទំនើប​លក់រាយ​ដ៏ធំ​មួយ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​។ លោក​បន្តថា​ផ្សារ​ទំនើប​នេះ​នឹងមាន​ផលិតផល​ម៉ាក​ល្បីៗ​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​។

លោក​ថ្លែងថា​៖ «The One Mall នឹង​ទទួល​បាន​នូវ​ការទាក់ទាញ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​អតិថិជន​ចំពោះ​ផលិតផល​ដែល​មាន​ម៉ាក​ល្បីៗ ដែល​មាន​វត្តមាន​ជា​យូរមក​ហើយ​នៅ​កម្ពុជា​។ The One Mall ជា​ផ្សារទំនើប​ដែល​ស័ក្តិសម​បំផុត​សម្រាប់​សាធារណជន​ទាំងអស់​ដោយ​ផ្តោត​សំខាន់​លើ​ការផ្តល់​នូវ​ជម្រើស និង​បទពិសោធ​ថ្មីៗ ប្លែកៗ សម្រាប់​ការកម្សាន្ត លម្ហែ និង​ផលិតផល​ដែលមាន​ម៉ាក​ល្បីៗ​ប្រកប​ដោយ​គុណភាព​ខ្ពស់​»៕