ភ្នំពេញៈ ខុនដូ Urban Village 2 កម្ពស់ ៥១ ជាន់ ​ដែល​មាន​ទុនវិនិយោគ ២០០ ​លាន​ដុល្លារ​ ជា​ការវិនិយោគ​របស់​ក្រុមហ៊ុន GOLDFAME Group មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ហុងកុង​បានប្រកាស​ពី​ការចាប់ផ្តើម​សាងសង់​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ពុធ​ដោយ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ចុង​ឆ្នាំ​ ២០២២​។

Urban Village 2 ជា​បណ្តុំ​នៃ​អគារ​ធំៗ​ចំនួន​ ៤ ដែលជា​ផ្នែក​មួយ​នៅក្នុង​គម្រោង Urban Village សាងសង់​លើ​ផ្ទៃដី​សរុប​ជាង ៧០ ០០០ ម៉ែត្រការ៉េ លើ​ទីតាំង Factory Phnom Penh ស្ថិត​នៅ​តាម​ចន្លោះ​ផ្លូវជាតិ​លេខ​ ២ ក្នុង​ខណ្ឌមានជ័យ ។ គម្រោង​ខុនដូ​នេះ ១ ៧០០ យូនីត មាន​ចំណតរថយន្ត​ដ៏ធំ​ទូលាយ និង​មាន​សួនច្បារ និង​កន្លែង​សម្រាកលម្ហែ​ជាច្រើន​ទៀត​។

លោក Ben Li ប្រធាន​ក្រុមហ៊ុន GOLDFAME Group និយាយ​ថា បន្ទាប់ពី​ការសាងសង់ Urban Village 1 កម្ពស់​ ២៣ ជាន់ ​បាន​បញ្ចប់​ការសាងសង់​គ្រោង​អគារ និង​លក់​អស់ ១០០ ​ភាគរយ ក្រុមហ៊ុន​បានចាប់ផ្តើម​ប្រកាស​ពី​ការចាប់ផ្តើម​សាងសង់​គម្រោង​ថ្មី​ជា​បន្តទៀត​។

លោក​បាន​បន្តថា ដោយសារ​ការ​រចនា​ប្លង់ Urban Village 2 ផ្តោត​ជា​ចម្បង​សម្រាប់​អ្នក​ដែល​ចង់បាន​នូវ​កន្លែង​​រស់នៅ​ល្អ​ប្រណីត​នោះ ដូច្នេះ​គម្រោង​ថ្មី​នេះ​អាច​និយាយ​នឹង​អាច​ទាក់ទាញ​អតិថិជន​បាន​ច្រើន ខណៈ​តម្លៃ​របស់​វា​ក៏មាន​លក្ខណៈ​សមរម្យ​ផងដែរ​។

លោក Ben Li បាន​ថ្លែងថា​៖ «​ជាមួយ​នឹង​កម្ពស់​ដ៏ខ្ពស់ និង​គុណភាព​កម្រិតស្តង់ដា​អន្តរជាតិ​នោះ គម្រោង​នេះ​នឹង​ក្លាយ​ជា​ផ្នែក​មួយ​ដ៏សំខាន់​នៅក្នុង​រាជធានី​ភ្នំពេញ​»​។

លោក​ប្រាប់ទៀត​ថា​ជាមួយ​នឹង​បទពិសោធ​នៃ​ការរស់​នៅក្នុង​ទីក្រុង​ហុងកុង​ដែល​មាន​អគារ​ខ្ពស់ៗ​ជាច្រើន​នោះ លោក​ពិតជា​មាន​បំណង​ផ្តល់​ឲ្យ​ប្រជាជន​ខ្មែរ​នូវ​កន្លែង​រស់នៅ​មួយ​ប្រកប​ដោយ​ប្រណីតភាព​ដូច​នៅ​ទីក្រុង​ហុងកុង​ផងដែរ​។

គម្រោង​ Urban Village 2 មាន​តម្លៃ​ចាប់ពី​ ១ ៦០០ ​ដុល្លារ​ ក្នុង​ ១ ​ម៉ែត្រការ៉េ​ឡើង​ទៅ ឬ​ចាប់ពី​ជាង​ ៧ ​ម៉ឺន​ដុល្លារ​ ឡើង​ទៅ​ក្នុង​មួយ​យូនីត​។

លោក គីមហ៊ាង ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ KW Cambodia បាន​ប្រាប់ថា Urban Village 2 ជា​គម្រោង​ធំ​ដែល​មាន​ការចាប់អារម្មណ៍​ច្រើន ព្រោះ​ស្ថិត​ក្នុង​តំបន់​ដែល​នៅ​ថ្ងៃ​អនាគត​នឹងមាន​បណ្តុះ​អគារ​ខ្ពស់ៗ​ជាច្រើន​។ Urban Village 2 គឺ​គ្រាន់​តែ​ជា​ផ្នែក​មួយ​គម្រោង​ដែល​នៅពេល​ខាងមុខ​នឹង​មាន​អគារ​ចម្រុះ​ជាច្រើន​។

លោក​បន្ត​ថា ចំណុចខ្លាំង​បំផុត​របស់ Urban Village 2 គឺ​ការរចនា និង​តម្លៃ​។ ម្យ៉ាងទៀត​វា​ក៏​ជា​កន្លែង​ដែល​ស្ថិត​នៅ​ក្បែរ​ចំណុច​កណ្តាល​រាជធានី​ភ្នំពេញ​ផងដែរ​។ លោក​ថ្លែង​ថា​៖ «​ខ្ញុំ​គិតថា គម្រោង​នេះ​នឹង​ងាយ​ទទួល​បាន​ជោគជ័យ ព្រោះ​តាមរយៈ​ព័ត៌មាន​ពី​ការលក់​គម្រោង​ទី​ ១ គឺ​ការលក់​មាន​ភាព​ឆាប់រហ័ស​បំផុត​»​។

លោក​ប្រាប់​ទៀត​ថា ភាពខ្លាំង​មួយទៀត​របស់ Urban Village 2 គឺ​មិនបាន​ប្រកាស​លក់​មុនពេល​សាងសង់​ដូច​គម្រោង​មួយ​ចំនួន​ដែល​ម្ចាស់​ប្រកាស​លក់​មុន ដើម្បី​ប្រមូល​លុយ​ពី​អតិថិជន​មក​សាងសង់​នោះទេ​។

របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ដំណាច់​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៩ បន្ទប់​ខុនដូ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​សាងសង់​រួចរាល់ និង​ដាក់​លើ​ទីផ្សារ​មាន​ ១៦ ៦៥៧​ យូនីត ហើយ​នៅ​ដំណាច់​ឆ្នាំនេះ​រំពឹង​ថា​នឹង​កើន​ដល់ ៣១ ០០០ ​យូនីត​៕LA