The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - គោល​នយោបាយ​កម្ចី​ថៃ​​ ប៉ះ​ពាល់​ការ​លក់​លំ​នៅ​ឋាន

គោល​នយោបាយ​កម្ចី​ថៃ​​ ប៉ះ​ពាល់​ការ​លក់​លំ​នៅ​ឋាន

Content image - Phnom Penh Post
អគារ​ខ្ពស់ៗ​មើល​ពី​លើ​នៅ​ទីក្រុង​ឆ្នេរ​សមុទ្រ​ ប៉ាតាយ៉ា របស់​ប្រទេស​ថៃ។ រូបថត AFP

គោល​នយោបាយ​កម្ចី​ថៃ​​ ប៉ះ​ពាល់​ការ​លក់​លំ​នៅ​ឋាន

ក្រុង​បាងកកៈ គោល​នយោបាយ​កម្ចី​ថ្មី​​​​របស់​ធនាគារ​កណ្ដាល​ថៃ នឹង​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​លក់​លំនៅ​ឋាន​នៅ​ពេល​​អនាគត​​​នៅ​ក្នុង​ខេត្ត​លំដាប់​លេខ​ ១​ និង​លេខ​ ២ ចំនួន ២០ ​ក្នុង​ប្រទេស​ ថៃ។​​ នេះ​បើ​យោង​តាម​កាសែត​បាងកក​ប៉ុស្តិ៍។

កាសែត​បាងកក​ប៉ុស្តិ៍​បាន​ដក​ស្រង់​សម្តី​របស់​លោក​ Vichai Viratkapan អគ្គ​​នាយក​ស្ដីទី​មជ្ឈមណ្ឌល​ ព័ត៌មាន​អចលន​ទ្រព្យ​ (REIC) ខណៈ​​លោក​ថ្លែង​ថា ការ​កំណត់​ទំហំ​កម្ចី​ថ្មី​របស់​ធនាគារ​ជាតិ​ នឹង​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​លើ​អំណាច​ការ​ទិញ​​លំនៅ​ឋាន​នៅ​ឆមាស​ទី ២ ​ឆ្នាំ​នេះ​ បន្ទាប់​​ពី​វិធានការ​នេះ​ចូល​ជា​ធរមាន​​​ថ្ងៃ​ទី ១​ ខែ​មេសា ឆ្នាំ​នេះ​។​

លោក​ Vichai ថ្លែង​ថា៖​ «​​ក្រុមហ៊ុន​អភិវឌ្ឍន៍​ជា​ច្រើន​អាច​បន្ថយ​ល្បឿន​​​ដំណើរ​ការ​ផ្គត់ផ្គង់​ថ្មី ​ ដោយ​​សារ​​បារម្ភ​អំពី​ផល​ប៉ះ​ពាល់​ទីផ្សារ​ដោយ​ច្បាប់​កម្ចី​ថ្មី​នេះ»។ លោក​បន្តថា៖​ «​អត្រា​ស្រូប​យក​ប្រចាំ​ខែ​​នឹង​ធ្លាក់ចុះ​នៅ​ឆមាស​ទី​ ២ ធៀប​នឹង​​​​ឆមាស​ទី ១ ​នៅ​គ្រប់​​ខេត្ត​​ និង​​គ្រប់​ប្រភេទ​លំនៅ​ឋាន»។​

រាល់​ឆ្នាំ​ មជ្ឈមណ្ឌល REIC អង្កេត​ទីផ្សារ​លំនៅឋាន​នៅ​តំបន់​ក្រុង​​បាងកក និង​ខេត្ត​ជុំវិញ​ក្រុង​នេះ (Greater Bangkok) ព្រម​ទាំង​​ក្នុង​ខេត្ត​ចំនួន​ ២០​ ក្នុង​តំបន់ ​៤ ទូទាំង​ប្រទេស។​

កាសែត​បាងកក​ប៉ុស្តិ៍​បាន​រាយការណ៍​ថា ខេត្ត​ ៣ ដែល​ REIC រំពឹង​ថា​​នឹង​មាន​អត្រា​ស្រូប​យក​ប្រចាំ​ខែ​ទាប​​បំផុត​​នៅ​ឆមាស​ទី ២ នោះ ​គឺ​ខេត្ត​តាក់ (១,៤ ភាគរយ​) ខេត្ត​ឈៀងរ៉ៃ (​១,៥ ​ភាគរយ) និង​ខេត្ត​ចាក់​​ជើង​សៅ (១,​៨ ​ភាគរយ)។​

លោក​​​​ថា ក្រុមហ៊ុន​អភិវឌ្ឍន៍​​គួរ​តែ​​ប្រយ័ត្ន​​​ជា​ពិសេស​​ដំណើរ​ការ​ការ​ផ្គត់ផ្គង់​ថ្មី​នៅ​​ក្នុង​ខេត្ត​ចាក់​ជើង​សៅ ជា​ពិសេស​លំនៅ​ឋាន​​កម្ពស់​​ទាប ដោយ​សារ​តែ​អត្រា​ការ​ស្រូប​​យក​ប្រចាំ​ខែ បាន​ធ្លាក់ចុះ​មក​នៅ​ត្រឹម​ ១ ភាគរយ​ប៉ុណ្ណោះ​​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៨​ ធៀប​នឹង​កំណើន​ពី​ ៤ ទៅ ​៥ ភាគរយ​​កាល​ពី​ឆ្នាំ​ ២០១៧​។

ខេត្ត​ចាក់​ជើង​សៅ នឹង​មើល​ឃើញ​កំណើន​​ផ្គត់ផ្គង់​​មិន​ទាន់​លក់​ចេញ​នៅ​​ចុង​ឆ្នាំ​ ២០១៩ ធៀប​​ខេត្ត​តាក់ និង​​ឈៀង​រ៉ៃ​។ នេះ​បើ​​​តាម REIC។​

មជ្ឈមណ្ឌល​នេះ​ប៉ាន់​ប្រមាណ​ថា នឹង​​មាន​លំនៅឋាន​មិន​ទាន់​លក់​ចេញ​ចំនួន​ ៦ ០៩០ ​យូនីត​នៅ​ខេត្ត​ចាក់​ជើង​​សៅ ដែល​រួម​មាន​យូនីត​កម្ពស់​ទាប ៥ ៧០៦ និង​ខុនដូ​ ៣៨៤ យូនីត​ ធៀប​នឹង​យូនីត​មិន​ទាន់​លក់​​ចេញ​ចំនួន​​ ៤៩០ នៅ​​ខេត្ត​តាក់ និង ១ ៥៣០ យូនីត​នៅ​ខេត្ត​​ឈៀង​រ៉ៃ។​

ការ​ផ្គត់ផ្គង់​​លំនៅឋាន​មិន​ទាន់​លក់​ចេញ​ នឹង​មាន​យូនីត​កម្ពស់​ទាប​ចំនួន​ ១ ៤៥៩ និង​ខុនដូ​ ៧១ យូនីត​​​ក្នុង​ខេត្តឈៀង​រ៉ៃ និង​យូនីត​កម្ពស់​​ទាប ២២២ និងខុន​ដូ ២៦៨ ក្នុង​ខេត្តតាក់។​

លោកស្រី​​ Risinee Sarikaputra នាយិកា​ផ្នែក​ស្រាវ​ជ្រាវ និង​ប្រឹក្សា​យោបល់​​នៅ​​​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​អចលន​ទ្រព្យ​ Knight Frank Thailand បាន​ឲ្យ​ដឹង​ថា ​ទីផ្សារ​ខុនដូ​នៅ​ទីក្រុង​​​ប៉ាតាយ៉ា នឹង​នៅ​តែ​មិន​មាន​​ភាព​អនុគ្រោះ​នៅ​ឆ្នាំ​នេះ​ ដោយ​សារ​តែ​អ្នកទិញ​ជនជាតិ​ចិន ដែល​ជា​ទីផ្សារ​ដ៏​សំខាន់​ បាន​យឺតយ៉ាវ​​ក្នុង​ការ​ទិញ ចាប់​តាំង​ពី​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​កាណូត​នៅ​ភូកេត​​កាល​ពី​ឆ្នាំ​មុន​។​

លោកស្រី Risinee ​បាន​ថ្លែង​ថា៖ «​​ការ​ធ្លាក់​ថ្លៃ​ប្រាក់​​គឺ​ជា​កតា្ត​ផ្សេង​មួយ​ទៀត។ ​ទីផ្សារ​ខុន​ដូ​របស់​ទីក្រុង​ប៉ាតាយ៉ា​មិន​ល្អ​ទេ​ ហើយ​និន្នាការ​នេះ​នឹង​បន្ត​ពេញ​មួយ​ឆ្នាំ​នេះ។ ​មិន​មាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​ចុះ​បញ្ជី​គ្រោង​នឹង​ដំណើរ​ការ​ផ្គត់ផ្គង់​ថ្មី​ឡើយ​ ​»។​​

កាសែត​បាងកក​ប៉ុស្តិ៍​បាន​រាយការណ៍​ថា គោល​នយោបាយ​កម្ចី​ថ្មី​​ ត្រូវ​​បាន​រំពឹង​ថា នឹង​ប៉ះ​ពាល់​ដោយ​ផ្ទាល់​ដល់​ការ​សម្រេច​ចិត្ត​ទិញ​​របស់​អ្នក​ទិញ​ជា​ជនជាតិ​ថៃ​​មួយ​ចំនួន ដែល​ចង់​ទិញ​អចលន​ទ្រព្យ​ នៅ​ទីក្រុង​ប៉ាតាយ៉ា ដែល​ជា​កន្លែង​សម្រាក​កម្សាន្ត ឬ​ការ​វិនិយោគ​។​

លោកស្រី​ Risinee បាន​ឲ្យ​ដឹង​ថា ទីផ្សារ​នេះ​នឹង​ស្ទុះ​ងើប​ឡើង​វិញ​នៅ​ពេល​អនាគត​ ដោយ​សារ​​គំនិត​ផ្តួច​ផ្ដើម​​ច្រក​របៀង​សេដ្ឋកិច្ច​ភាគ​ខាង​កើត​ ជំរុញ​តម្រូវ​ការ​ថ្មី​។​​

REIC បន្ត​ថា ការ​ផ្គត់ផ្គង់​លំនៅ​ឋាន​​​មិន​ទាន់​លក់​ចេញ​​ក្នុង​ខេត្ត​ទាំង​ ២០ ដែល​ត្រូវ​បាន​​បញ្ចប់​ការ​សាងសង់​ និង​ត្រៀម​ផ្ទេរ​កម្មសិទ្ធិ​សរុប មាន​ចំនួន ២៧ ០០០ យូនីត ដែល​មាន​តម្លៃ​រួម ៩៩, ៧៨​ ពាន់​លាន​បាត (៣,១៤ ពាន់​លាន​ដុល្លារ) គិត​ត្រឹម​ឆមាស​​ទី​ ១​ ឆ្នាំ​ ២០១៨៕​ LA​

អត្ថបទគួរចាប់អារម្មណ៍