គោលនយោបាយលំនៅឋានសាធារណៈដែលផ្តោតលើការផ្តល់លំនៅឋានក្នុងតម្លៃសមស្របមួយដល់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលថ្នាក់កណ្តាល និងប្រជាជនក្រីក្រ ត្រូវបានគេសង្ឃឹមថានឹងធ្វើឲ្យមានការរីកចម្រើនដល់វិស័យសំណង់នៅប្រទេសកម្ពុជា។ នេះបើតាមការឲ្យដឹងពីអ្នកជំនាញនៅក្នុងវិស័យនេះ។
ពង្រាងគោលនយោបាយជាតិស្តីពីលំនៅឋានសាធារណៈបានបង្ហាញថា កំណើនចំនួនប្រជាជនកម្ពុជា និងការកើនឡើងចំនួនអ្នកធ្វើចំណាកស្រុកពីជនបទទៅទីក្រុង ឬទីប្រជុំជននឹងធ្វើឲ្យមានតម្រូវការលំនៅឋានបន្ថែមទៀតរហូតដល់ទៅជាងមួយលានខ្នង នៅត្រឹមឆ្នាំ២០០៣។
លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថាតាមរយៈគោលនយោបាយនេះ រដ្ឋាភិបាលនឹងធ្វើការជាមួយនឹងអ្នកអភិវឌ្ឍឯកជន អ្នកវិនិយោគ និងធនាគារ ជាប្រភពទុន ក្នុងការអនុវត្តគោលនយោបាយដើម្បីផ្គត់ផ្គង់លំនៅឋានក្នុងតម្លៃសមស្របដល់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលថ្នាក់កណ្តាល ចំណូលទាប និងប្រជាជនក្រីក្រ។
លោកបានមានប្រសាសន៍ថា៖ «រហូតមកដល់ពេលនេះ បន្ទាប់ពីប្រកាសគោលនយោបាយ យើងកំពុងផ្សព្វផ្សាយ និងផ្តល់ការបណ្តុះបណ្តាលដល់មន្ត្រីចាប់ពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិពីគោលនយោបាយនេះ ដើម្បីឲ្យពួកគេដឹងពីការទទួលខុសត្រូវរបស់ពួកគេ។ ក្រុមមន្ត្រីរបស់យើងក៏កំពុងតែធ្វើការលើឯកសារគាំទ្រជាច្រើនទៀត ជាមួយនឹងដៃគូអន្តរជាតិ ដើម្បីទទួលគាំទ្រ និងធានាបានការអនុវត្តគោលនយោបាយនេះ ហើយមន្ត្រីរបស់យើងនាពេលនេះ ក៏និងបានកំពុងតែសិក្សាជាមួយនឹងវិស័យឯកជនអ្នកអភិវឌ្ឍ និងធនាគារលើការសហការគ្នាដើម្បីអនុវត្តគោលនយោបាយនេះ»។
លោក ឡូត បានបន្តថា៖ «ការសហការគ្នារវាងរដ្ឋាភិបាល និងវិស័យឯកជនលើការអនុវត្តគោលនយោបាយនេះ នឹងកើតមានច្រើនរូបភាពអាស្រ័យទៅលើតម្រូវការរបស់ប្រជាពលរដ្ឋ និងទីតាំង។ អគារលំនៅឋានអាចនឹងត្រូវសាងសង់លើដីរដ្ឋដោយអ្នកអភិវឌ្ឍ ឯកជនហើយនឹងលក់ក្នុងតម្លៃមួយដែលសម្របសម្រួលដោយ រដ្ឋ»។
ទោះជាយ៉ាងណាក៏ដោយលោក ឡូត ពុំបានបញ្ជាក់ឲ្យបានច្បាស់លាស់ពីពេលវេលាចាប់ផ្តើមធ្វើការសាងសង់ឬទីតាំងរបស់លំនៅឋានទាំងនោះទេ ប៉ុន្តែលោកបានថ្លែងថា គម្រោងនេះនឹងចាប់ផ្តើមក្រោយពេលដែលការប្រមែប្រមូលទិន្នន័យ និងស្ថិតិត្រូវបានបញ្ចប់។
លោកបានបញ្ជាក់ថា៖ «គម្រោង នេះនឹងចាប់ផ្តើមពេលដែលពួកយើងបានប្រមូលទិន្នន័យ និងស្ថិតិឲ្យបានគ្រប់គ្រាន់។ ទីតាំងនឹងត្រូវបានជ្រើសរើសស្របតាមតម្រូវការដោយផ្អែកលើការប្រើប្រាស់ទិន្នន័យនោះ»។
នាយកដ្ឋានផ្នែកលំនៅឋានត្រូវបានបង្កើតឡើងក្រោមការចាត់ចែងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងគោលបំណងប្រមែប្រមូលទិន្នន័យ និងត្រួតពិនិត្យគម្រោងលំនៅឋានក្រោយពីការប្រកាសគោលនយោបាយនេះ។
លោកបានបន្តថា៖ «គោលនយោបាយនេះ នឹងមិនបង្កើតជាការប្រកួតប្រជែងដល់អ្នកអភិវឌ្ឍឯកជនទេ។ ពួកយើងស្វាគមន៍ពួកគេក្នុងការមកសហការជាមួយនឹងរដ្ឋាភិបាលក្នុងគម្រោងនេះ ហើយប្រសិនបើពួកគេចង់បន្តធ្វើគម្រោងរបស់ពួកគេពួកគេនៅតែអាចបន្តធ្វើវាបាន»។
អ្នកអភិវឌ្ឍឯកជនរំពឹងទុកថា នឹងមានការកើនឡើងក្នុងការលក់ក្រោយពេលដែលគោលនយោបាយនេះត្រូវបានអនុវត្ត។
លោក គុយ វ៉ាត នាយក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Vtrust Group បានប្រាប់កាសែត ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា គោលនយោបាយនេះ គឺមានប្រយោជន៍សម្រាប់វិស័យអចលនទ្រព្យ ព្រោះវានឹងធ្វើឲ្យមានកើនឡើងក្នុងសកម្មភាពទិញលក់ នៅពេលដែលប្រជាជនកាន់តែច្រើនអាចមានលទ្ធភាពទិញផ្ទះបាន។
លោកបានបន្តថា៖ «គោលនយោបាយនេះនឹងជួយធ្វើការលក់ឲ្យកើនឡើង ព្រោះពេលដែលលំនៅឋានដែលមានតម្លៃថោកត្រូវបានសាងសង់ ធនាគារក៏អាចផ្តល់អត្រាការប្រាក់ទាបជាងមុនដែរ។ គ្រួសារនីមួយៗអាចនឹងទិញផ្ទះជាជាងការជួល»។
អ្នកនាង ឆាយ ស៊ីណា អ្នកគ្រប់គ្រងផ្នែកលក់ និងទីផ្សាររបស់បុរីវិមានភ្នំពេញ បានថ្លែងថា ទោះជាលំនៅឋាននោះត្រូវបានសាងសង់សម្រាប់ក្រុមប្រជាពលរដ្ឋគោលដៅដូចគ្នាក៏ដោយ តែអ្នកអភិវឌ្ឍគម្រោងលំនៅឋាននឹងនៅតែអាចរក្សាទុកចំណែករបស់ពួកគេនៅក្នុងទីផ្សារបើប្រៀបធៀបនឹងគម្រោងលំនៅឋាន ដែលត្រូវបានរៀបចំដោយរដ្ឋាភិបាល។
អ្នកនាងបានថ្លែងថា៖ «ខ្ញុំជឿជាក់ថា ដោយសារតែគម្រោងលំនៅឋានសាធារណៈគឺត្រូវបានសាងសង់សម្រាប់គ្រួសារដែលមានប្រាក់ចំណូលថ្នាក់ទាប គម្រោងនោះនឹងផ្តល់ឲ្យត្រឹមតែឧបករណ៍លំនៅឋានចាំបាច់តែប៉ុណ្ណោះ ដោយឡែកគម្រោងរបស់អ្នកអភិវឌ្ឍឯកជនជាធម្មតា គឺមានបំពាក់ដោយហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងឧបករណ៍ល្អៗ ដូចជា ភ្លើងអគ្គីសនី ទឹកស្អាត សាលារៀន និងភាគច្រើនជាទីតាំងដែលអាចប្រកបរបររកស៊ីបាន»។
អ្នកនាងបានបញ្ជាក់ផងដែរថា៖ «លំនៅឋានដែលនឹងត្រូវសាងសង់តាមគោលនយោបាយនេះ គឺផ្តោតសំខាន់ទៅលើក្រុមគ្រួសារ ដែលមានប្រាក់ចំណូលថ្នាក់កណ្តាល និងថ្នាក់ទាប ដូច្នេះវានឹងស្ថិតនៅក្នុងស្តង់ដារដែលអាចនឹងទាក់ទាញអ្នកដែលមានថវិកាគ្រប់គ្រាន់ដូចគម្រោងដែលពួកយើងកំពុងតែធ្វើនេះទេ»។
ជាមួយគ្នានេះដែរ លោកស្រី ចន្ធី អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ បានឆ្លើយតបតាមរយៈអ៊ីមែលថា គោលនយោបាយនេះនឹងផ្តល់ផលប្រយោជន៍ដល់គ្រួសារដែលមានប្រាក់ចំណូលទាប រួមទាំងអ្នកបម្រើការរដ្ឋាភិបាល ដែលត្រូវការលំនៅឋាន ដែលបានឧបត្ថម្ភដែលជាសិទ្ធិមនុស្សជាមូលដ្ឋានមួយ ប៉ុន្តែលោកក៏បានបញ្ជាក់ថា ករណីពុករលួយក៏នឹងអាចកើតឡើងក្នុងពេលអនុវត្តគោលនយោបាយនេះដែរ។
លោកបានសរសេរក្នុងអ៊ីមែលនោះថា៖ «ក្តីបារម្ភចម្បងរបស់ខ្ញុំ ទាក់ទងនឹងការអនុវត្តគោលនយោបាយនេះ គឺករណីអំពើពុករលួយដោយមន្ត្រីអនុវត្ត ដែលមិនមានក្រមសីលធម៌។ ប្រសិនបើរដ្ឋាភិបាលធ្វើការក្នុងរូបភាពដៃគូសហការការរៀបចំរវាងភាគីឯកជន និងសាធារណៈ (PPP) យើងអាចសន្និដ្ឋានថា ការអនុវត្តគោលនយោបាយនេះនឹងធ្វើឡើងដោយមានតម្លាភាពគ្មានភាពលម្អៀង។ រដ្ឋាភិបាលក៏អាចមើលគំរូលំនៅឋានសាធារណៈរបស់ប្រទេសសិង្ហបុរី ផងដែរ»។
លោកបន្ថែមថា៖ «ប្រសិនបើគោលនយោបាយនេះ គឺផ្តោតទៅលើក្រុមគ្រួសារបម្រើការងារសាធារណៈដែលមានជីវភាពក្រីក្រ ឬទទួលបានប្រាក់ចំណូលទាប ខ្ញុំគិតថា វានឹងមិនអាចក្លាយទៅជាការប្រកួតប្រជែងខ្លាំងក្លានៅក្នុងវិស័យឯកជនទេ ព្រោះវិស័យឯកជនមិនអាចផ្តល់សេវាកម្មទាំងនោះឲ្យទៅក្រុមប្រជាពលរដ្ឋនេះបានឡើយ»។
លោកបន្តថា៖ «វានឹងបង្កើតជាការងារច្រើនជាងនេះក្នុងវិស័យសំណង់ និងការថែទាំសំណង់អគារ ក៏ដូចជាវិស័យសេវាកម្មផ្សេងៗដែលពាក់ព័ន្ធ។ វាប្រាកដជានឹងជំរុញឲ្យមានការរីកចម្រើននៅក្នុងសេដ្ឋកិច្ច»៕