ភ្នំពេញៈ បន្ទាប់​ពី​ជាប់​គាំង​មួយ​រយៈ​នា​​​អំឡុង​ពាក់​កណ្តាល​ឆ្នាំ​ ២០០៨ និង​​​ឆ្នាំ ២០០៩ ដោយ​សារ​ពិភព​លោក​ជួប​​​នឹង​​​វិបត្តិ​ហិរញ្ញវត្ថុ​សកល ​វិស័យ​អចលន​ទ្រព្យ​កម្ពុជា​បាន​បង្ហាញ​សញ្ញា​​វិជ្ជមាន​ជា​បន្ត​បន្ទាប់​រហូត​មក​ដល់​ពេល​​បច្ចុប្បន្ន​នេះ​។​

ក្នុង​នាម​​ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា (CVEA) ដែល​ទើប​ចូល​កាន់​តំណែង​កាល​ពី​ថ្ងៃ​ទី​ ១ ខែ​មករា ឆ្នាំ​ ២០១៩ លោក ច្រឹក សុខនីម កាល​ពី​ម្សិលមិញ​ បាន​ផ្តល់​បទ​សម្ភាស​ឲ្យ​លោក ហ៊ឹន ពិសី អ្នក​យក​ព័ត៌មាន​​កាសែត​ភ្នំពេញ ប៉ុស្តិ៍​ អំពី​ស្ថានភាព​ទូទៅ និង​តម្លៃ​អចលន​ទ្រព្យ​នៅ​កម្ពុជា​ក្នុង​រយៈ​ពេល​ ៣-៤ ​ឆ្នាំ​កន្លង​មក និង​ក្តី​រំពឹង​​សម្រាប់​ឆ្នាំ​ ២០១៩ ព្រម​ទាំង​លក្ខណៈ​ទូទៅ​របស់​សមាគម CVEA។

តើ​វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា​មាន​ការ​វិវឌ្ឍ​បែប​ណា​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ?

ស្ថិរភាព​នយោបាយ កំណើន​សេដ្ឋកិច្ច និង​កំណើន​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ព្រមទាំង​​​ការ​គាំទ្រ​ពី​វិស័យ​ធនាគារ ​បាន​ជំរុញ​ឲ្យ​វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ​​រៀង​​រាល់​ឆ្នាំ ដោយ​នៅ​ក្នុង​រយៈ​ពេល ៣-៤​ ឆ្នាំ​ចុង​ក្រោយ​នេះ ​តម្លៃ​អចលន​ទ្រព្យ​មាន​កំណើន​ប្រហែល​ ១៥ ​ភាគរយ​ជា​រៀង​រាល់​ឆ្នាំ​។

សម្រាប់​តម្លៃ​អចលន​ទ្រព្យ​កាល​ពី​ឆ្នាំ​ ២០១៨ ធៀប​នឹង​ឆ្នាំ​ ២០១៧ គឺ​​កើន​ឡើង​​ក្នុង​ចន្លោះ​ពី ១០​​ ទៅ ១៥ ​ភាគរយ ​ក្នុង​នោះ​តម្លៃ​ដី​​កើន​ឡើង​​​ក្នុង​រង្វង់​ ២០ ​ភាគរយ ខណៈ​តម្លៃ​លំនៅ​ឋាន និង​អគារ​ពាណិជ្ជកម្ម ​កើន​ឡើង​ក្នុង​រង្វង់ ​១០ ​ភាគរយ។

បច្ចុប្បន្ន​តើ​កន្លែង​​ណា​ដែល​អចលន​​ទ្រព្យ​ មាន​តម្លៃ​ខ្ពស់​ជាង​គេ​​?

សង្កាត់​បឹង​កេង​កង ១ ក្នុង​រាជធានី​ភ្នំពេញ នៅ​តែ​ជា​កន្លែង​ដែល​អចលន​ទ្រព្យ​មាន​តម្លៃ​ខ្ពស់​ជាង​គេ ដោយ​បច្ចុប្បន្ន​ដី​នៅ​ទីនោះ​មាន​តម្លៃ​ចាប់​​ពី ​៤ ៥០០ ​ដុល្លារ​​ឡើង​ទៅ​ក្នុង ​១ ​ម៉ែត្រ​ការ៉េ។ ក្រៅ​ពី​រាជធានី​ភ្នំពេញ អចលន​ទ្រព្យ​ដែល​មាន​តម្លៃ​ខ្ពស់​បន្ទាប់​ ​គឺ​​ក្នុង​ខេត្ត​ព្រះសីហនុ ខេត្ត​សៀមរាប និង​ខេត្ត​កំពត​ជា​ដើម។

តើ​ទីណា​ដែល​តម្លៃ​អចលន​ទ្រព្យ​​ ស្ទុះ​ងើប​លឿន​ជាង​គេ​? ហេតុ​អ្វី​?​

ខេត្ត​ព្រះសីហនុ ជា​កន្លែង​ដែល​តម្លៃ​អចលន​ទ្រព្យ​​មាន​កំណើន​ខ្ពស់​ជាង​គេ​​នៅ​កម្ពុជា​​ក្នុង​​រយៈ​ពេល​ ១ ទៅ ២​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​កន្លែង​ខ្លះ​តម្លៃ​បាន​កើន​ឡើង​លើស​ទ្វេ​ដង​នៅ​ក្នុង​រយៈ​ពេល​ ១ ​ឆ្នាំ​។

ការ​ស្ទុះ​ឡើង​នៃ​តម្លៃ​ដី​ធ្លី​នា​ពេល​នេះ​ ដោយ​សារ​ហេតុផល​មួយ​ចំនួន​ដូច​ជា ការ​ពង្រីក​កំពង់​ផែ​សមុទ្រ​ទឹក​ជ្រៅ កំណើន​ក្រុមហ៊ុន​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ និង​​​​ការ​មក​ដល់​យ៉ាង​ច្រើន​នៃ​ចំនួន​ភ្ញៀវ​​ទេសចរ និង​វិនិយោគិន​ជនជាតិ​ចិន​ ដែល​ធ្វើ​ឲ្យ​មាន​តម្រូវ​ការ​ដី​សម្រាប់​​សាងសង់​សំណង់​ជា​ច្រើន​មាន​ដូច​ជា​ សណ្ឋាគារ​ កាស៊ីណូ ភោជនីយដ្ឋាន​លំនៅឋាន និង​កន្លែង​កម្សាន្ត​ជា​ដើម​។​

តំបន់​ដែលតម្លៃ​អចលន​ទ្រព្យ​មាន​កំណើន​លឿន​បន្ទាប់​ពី​ខេត្ត​ព្រះសីហនុ គឺ​ខេត្ត​កំពត និង​ក្រុង​ប៉ោយប៉ែត​ របស់​ខេត្ត​បន្ទាយមានជ័យ។

តើ​លោក​គិត​ថា​វិស័យ​អចលន​ទ្រព្យ​​ក្នុង​ឆ្នាំ​ ២០១៩ នេះ ​នឹង​មាន​ដំណើរការ​ទៅ​បែប​ណា?

ទីផ្សារ​អចលន​ទ្រព្យ​ក្នុង​ឆ្នាំ​ ២០១៩ ​នេះ​នឹង​បន្ត​ភាព​រឹង​មាំ​របស់​ខ្លួន​ជា​បន្ត​ទៀត​ ពិសេស​តំបន់​​​នៅ​ជាយ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​នៅ​​ជាប់​តំបន់​មាត់​សមុទ្រ​ និង​ព្រំដែន​។ តម្លៃ​អចលន​ទ្រព្យ​ជា​មធ្យម​ក្នុង​ឆ្នាំ​ ២០១៩ ​នឹង​កើន​ឡើង​ក្នុង​រង្វង់ ១៥ ភាគរយ​ជា​បន្ត​ទៀត។

សម្រាប់​​​ខេត្ត​ព្រះសីហនុ​ ដោយ​សារ​កាល​ពី​ឆ្នាំ​មុន តម្លៃ​​អចលន ទ្រព្យ​បាន​កើន​ឡើង​ក្នុង​អត្រា​ដ៏​ខ្ពស់​លើស​ពី​ព្យាករណ៍​​នោះ ខ្ញុំ​គិត​ថា អត្រា​កំណើន​នៅ​ក្នុង​ឆ្នាំ​ ២០១៩​ នេះ​នឹង​មិន​ខ្ពស់​ទៀត​​ទេ ដោយ​និន្នាការ​នេះ​​អាច​វិវឌ្ឍ​ទៅ​ខេត្ត​ជិត​ខាង​វិញ​ម្តង​​។

តើ​លោក​មាន​ទស្សន​វិស័យ​បែប​ណា​​​ចំពោះ​ទីផ្សារ​អចលន​ទ្រព្យ​នៅ​កម្ពុជា​ រយៈ​ពេល​ ៥ ឆ្នាំ​ខាង​មុខ​?

ខ្ញុំ​គិត​ថា ចាប់​ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ ២០២៣ វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា ​នឹង​រក្សា​បាន​នូវ​ភាព​ល្អ​ប្រសើរ​របស់​ខ្លួន​ ព្រោះ​បើ​យើង​ពិនិត្យ​មើល​ទៅ​លើ​ស្ថានភាព​នយោបាយ​កម្ពុជា និង​កំណើន​សេដ្ឋកិច្ច​ គឺ​មាន​ភាព​រឹងមាំ​ល្អ​​ណាស់​។ ម៉្យាង​វិញ​ទៀត តាម​ការ​ស្រាវជ្រាវ​វដ្ត​នៃ​វិស័យ​អចលន​ទ្រព្យ​ជា​ធម្មតា​​រីក​ចម្រើន​ក្នុង​រយៈ​ពេល​ ៣០ ឆ្នាំ ទើប​អាច​មាន​ការ​ប្រែប្រួល​ម្តង។ បើ​គិត​ចាប់​ពី​​មាន​វិបត្តិ​នា​ឆ្នាំ ២០០៨ រហូត​មក​ដល់​ពេល​នេះ​គឺ​ទើប​តែ​មាន​រយៈ​ពេល​​ ១១​​​ឆ្នាំ​ប៉ុណ្ណោះ​ ដូច្នេះ​វិស័យ​​នេះ​នឹង​មិន​ងាយ​មាន​បញ្ហា​អ្វី​​ទេ។

បន្ទាប់​ពី​ឆ្នាំ​ ២០២៣ ខ្ញុំ​នៅ​តែ​មាន​សុទិដ្ឋិនិយម​ដដែល​ចំពោះ​ទីផ្សារ​នេះ​នៅ​កម្ពុជា​។

តើ​ការ​ប្រើប្រាស់​សេវាកម្ម​​​ក្រុមហ៊ុន និង​អ្នក​ជំនាញ​ដែល​មាន​អាជ្ញា​ប័ណ្ណ​សម្រាប់​សកម្មភាព​​​ទិញ​ លក់ ឬ​ជួល​អចលន​ទ្រព្យ​ ​​មាន​លក្ខណៈ​បែប​ណា​ដែរ​នា​ពេល​នេះ​?​

ខ្ញុំ​សង្កេត​ឃើញ​ថា ការ​ប្រើប្រាស់​សេវាកម្ម​របស់​ក្រុមហ៊ុន​អចលន​ទ្រព្យ ឬ​អ្នក​ជំនាញ​ដែល​មាន​អាជ្ញាប័ណ្ណ​នៅ​កម្ពុជា​ពេល​​​​នេះ​នៅ​មាន​កម្រិត​នៅ​ឡើយ ខណៈ​ក្រុមហ៊ុន ឬ​អ្នក​ជំនាញ​ភាគ​ច្រើន​​មាន​នៅ​​តែ​តំបន់​ប្រជុំជន​ និង​នៅ​​កន្លែង​ដែល​មាន​សកម្មភាព​ទិញ​លក់​ច្រើន​តែ​ប៉ុណ្ណោះ​។

យើង​ចង់​ឲ្យ​មនុស្ស​គ្រប់​គ្នា​យល់​ពី​សារៈ​ប្រយោជន៍​នៃ​ការ​ធ្វើ​ប្រតិបត្តិការ​តាម​រយៈ​​ក្រុមហ៊ុន ឬ​​​អ្នក​ជំនាញ​ដែល​មាន​អាជ្ញាប័ណ្ណ​​ត្រឹមត្រូវ។ ការ​ធ្វើ​​ប្រតិបត្តិការ​ទិញ​​ លក់ ឬ​ជួល​ដែល​មិន​ឆ្លង​កាត់​ក្រុមហ៊ុន​ឬ​អ្នក​ជំនាញ ​តែង​ជួប​បញ្ហា​ជា​ច្រើន។

ក្នុង​នាម​ជា​ប្រធាន ​CVEA តើ​លោក​​​​មាន​យុទ្ធសាស្រ្ត​បែប​ណា​ខ្លះ​ក្នុង​ការ​ជួយ​ធ្វើ​ឲ្យ​ទីផ្សារ​វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា​កាន់​តែ​មាន​ភាព​រឹងមាំ?

សមាគម CVEA ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន ​៩០ ជា​សមាជិក។ ខ្ញុំ​មាន​ផែនការ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ​​ដើម្បី​​ចូល​រួម​ជា​មួយ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​លើក​មុខ​មាត់​វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា ដែល​មាន​ដូច​ជា ១) ការ​ចូល​រួម​ផ្តល់​យោបល់ និង​ជួយ​ដោះ​​ស្រាយ​បញ្ហា​របស់​សមាជិក ២) ធ្វើ​ទំនាក់​ទំនង​ជា​មួយ​ក្រុម​អ្នក​ជំនាញ​របស់​សមាគម និង ៣) បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ទាក់ទង​នឹង​វិស័យ​អចលន​ទ្រព្យ​ឲ្យ​បាន​កាន់​តែ​ច្រើន​៕