ក្រុងប៉េកាំងៈ អង្គការ​នីតិបញ្ញត្តិ​កំពូល​របស់​ប្រទេស​ចិន​កាលពី​ចុងខែ​សីហា​បាន​អនុម័ត​ការកែប្រែ​មួយ​ចំពោះ​ច្បាប់​រដ្ឋបាល​ដីធ្លី ដើម្បី​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​អំពី​សិទ្ធិ​កាន់កាប់​ដីធ្លី កែលម្អ​រដ្ឋបាល និង​គ្រប់គ្រង​ការស្នើសុំ​ដីធ្លី​សម្រាប់​ការប្រើប្រាស់​របស់​រដ្ឋាភិបាល​។

ការចុះបញ្ជី​កម្មសិទ្ធិ និង​សិទ្ធិ​ប្រើប្រាស់​ដីធ្លី​ដែល​រួមទាំង​ដី​ដែល​គ្រប់គ្រង​ដោយ​សហគមន៍​ជនបទ​ត្រូវ​អនុវត្ត​តាមច្បាប់ និង​បទប្បញ្ញត្តិ​រដ្ឋបាល​ដូចគ្នា​ដែល​អនុវត្ត​លើ​ការចុះបញ្ជី​អចលនទ្រព្យ​។ នេះ​បើ​យោងតាម​ច្បាប់​ដែល​ត្រូវបាន​កែប្រែ​ថ្មី​នេះ​ដែល​អនុម័ត​ដោយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន​ក្នុង​សម័យប្រជុំ​ ២ ​ខែ​ម្ដង​របស់​ខ្លួន​។

ច្បាប់​ដែល​ត្រូវបាន​កែប្រែ​នេះ​រួមមាន​កថាខណ្ឌ​ថ្មី​មួយ​ដែល​បញ្ជាក់ថា កម្មសិទ្ធិ​ដែល​ចុះបញ្ជី​ស្របច្បាប់ និង​សិទ្ធិ​ប្រើប្រាស់​ដីធ្លី​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់ និង​មិន​ត្រូវ​បាន​រំលោភ​ដោយ​អង្គការ ឬ​បុគ្គល​ណាមួយ​នោះទេ​។

ចាប់តាំងពី​ប្រទេស​ចិន​បាន​អនុម័ត​ប្រព័ន្ធ​ទទួលខុសត្រូវ​គ្រួសារ​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៨០ មក​សិទ្ធិ​អចលនទ្រព្យ​លើដី​ស្រែចម្ការ​ជនបទ​ត្រូវបាន​ចែកចេញ​ជា​ ២ ​ថ្នាក់​គឺ​សិទ្ធិ​កាន់កាប់​ដែល​ត្រូវបាន​គ្រប់គ្រង​ជារួម​ដោយ​សហគមន៍​ដែល​ជា​ធម្មតា​គឺជា​ភូមិ និង​សិទ្ធិ​ប្រើប្រាស់​ដែល​ត្រូវបាន​កាន់កាប់​ដោយ​គ្រួសារ​នីមួយៗ​ដែល​ចុះកិច្ចសន្យា​ជាមួយ​ភូមិ ដើម្បី​ប្រើប្រាស់​ដីស្រែ​ចម្ការ​។

ខណៈ​ច្បាប់​ដែល​មាន​ស្រាប់​គ្រាន់តែ​បញ្ជាក់ថា កិច្ចសន្យា​ប្រើប្រាស់​ដីស្រែ​ចម្ការ​មាន​សុពលភាព​រយៈពេល ៣០ ​ឆ្នាំ​នោះ ច្បាប់​កែប្រែ​ថ្មី​នេះ​បញ្ជាក់​បន្ថែម​ថា កិច្ចសន្យា​នេះ​អាច​ត្រូវបាន​បន្ត​រយៈពេល ៣០ ​ឆ្នាំ​ទៀត​បន្ទាប់ពី​កិច្ចសន្យា​អស់​សុពលភាព​។ ច្បាប់​នេះ​ក៏បាន​ចែង​ផងដែរ​ថា កិច្ចសន្យា​ស្តីពី​សិទ្ធិ​ប្រើប្រាស់​ដី​វាលស្មៅ​នឹង​មាន​រយៈពេល​ពី ៣០ ដល់ ៥០ ​ឆ្នាំ និង​ថា​កិច្ចសន្យា​ស្តីពី​សិទ្ធិ​ប្រើប្រាស់​ដីព្រៃ​នឹង​មាន​រយៈពេល​ពី ៣០ ដល់ ៧០ ​ឆ្នាំ​។

ច្បាប់​កែប្រែ​ថ្មី​នេះ​បាន​លើកកម្ពស់​ការការពារ​ដី​ដាំដុះ​ជា​មូលដ្ឋាន​។ ច្បាប់​នេះ​បាន​ចែងថា មិន​មាន​អង្គការ​ ឬ​បុគ្គល​ណាមួយ​អាច​កាន់កាប់​ដីស្រែ​ចម្ការ ឬ​ដាក់​ដី​ទៅក្នុង​ការប្រើប្រាស់​ផ្សេង​ទៀត​ដោយ​មិនមាន​ការអនុញ្ញាត​នោះទេ​។ ការដក​ហូត​តាមផ្លូវ​ច្បាប់​នូវ​ដីស្រែ​ចម្ការ​សម្រាប់​ការប្រើប្រាស់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​នឹង​តម្រូវ​ឲ្យ​អនុម័ត​ពី​ក្រុមប្រឹក្សារដ្ឋ​។ នេះ​បើ​យោងតាម​ច្បាប់​កែប្រែ​ថ្មី​នេះ​។

ជា​វិធានការ​មួយ​ក្នុង​ការលើក​កម្ពស់​តម្លាភាព​នៃ​ការស្នើសុំ​ដីធ្លី ច្បាប់​កែប្រែ​ថ្មី​នេះ​បាន​បញ្ជាក់​ពី​របៀប​ដែល​រដ្ឋាភិបាល​គួរតែ​ជូនដំណឹង និង​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍​មូលដ្ឋាន​អំពី​ផែនការ​នៃ​តម្រូវការ​ដីធ្លី​នេះ​។

រដ្ឋាភិបាល​ថ្នាក់​ខោនធី និង​ថ្នាក់​ខ្ពស់ជាង​នេះ​ត្រូវ​តែ​ចេញផ្សាយ​ដោយ​លម្អិត​នូវ​ផែនការ​របស់​ពួកគេ​សម្រាប់​ការដកហូត​តាមផ្លូវ​ច្បាប់​នូវ​តំបន់​មួយចំនួន​នៃ​ដី​ជនបទ​នៅ​តាម​ទីប្រជុំជន​មូលដ្ឋាន និង​តាម​ភូមិ​សម្រាប់​រយៈពេល​យ៉ាងហោច​ណាស់ ៣០ ​ថ្ងៃ​។

អាជ្ញាធរ​ត្រូវ​ស្ដាប់​គំនិត​យោបល់​របស់​សហគមន៍​មូលដ្ឋាន​ដែល​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ផែនការ​ការស្នើសុំ​ដីធ្លី​នេះ ហើយ​ប្រសិន​បើ​ភាគច្រើន​នៃ​សមាជិក​ទាំងនេះ​ចាត់ទុក​ផែនការ​នេះ​ថា រំលោភ​លើ​ច្បាប់ ឬ​បទប្បញ្ញតិ្ត​រដ្ឋបាល ពួកគេ​គួរតែ​បើក​កិច្ចប្រជុំ និង​កែប្រែ​ផែនការ​នេះ​ឡើងវិញ​ស្រប​តាម​ច្បាប់ និង​លទ្ធផល​កិច្ចប្រជុំ​។

ច្បាប់​ដែល​កែប្រែ​នេះ​ក៏​បាន​ជំរុញ​ឲ្យ​សហគមន៍​ជនបទ​ត្រូវ​ប្រើប្រាស់​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង​នូវ​ដីធ្លី​ដែល​ទុកចោល ដែល​ត្រូវ​បាន​បម្រុង​ទុក​សម្រាប់​ការប្រើប្រាស់​ជា​លំនៅឋាន​ព្រមទាំង​ប្រើប្រាស់​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង​នូវ​លំនៅឋាន​ទំនេរ​។

ច្បាប់​ថ្មី​នេះ​បាន​ឆ្លងកាត់​ការបង្ហាញ​ ៣ ​ដង​ចាប់​តាំងពី​ដាក់​បង្ហាញ​លើក​ដំបូង​កាលពី​ខែ​ធ្នូ​ឆ្នាំមុន​។

ក្រៅពី​មាន​ការ​អនុម័ត​ច្បាប់​នេះ​ក៏​មាន​ការអនុម័ត​ច្បាប់​ដែល​កែប្រែ​ថ្មី​ស្ដីពី​រដ្ឋបាល​អចលនទ្រព្យ​ទីក្រុង​ផងដែរ ដែល​នឹង​បាន​ធ្វើឲ្យ​មាន​ភាពស្រប​គ្នា​ជាមួយ​នឹង​ច្បាប់​រដ្ឋបាល​ដីធ្លី​ដែល​កែប្រែ​ថ្មី​នេះ​៕ People''s Daily/LA