ក្រុងប៉េកាំងៈ ប្រទេសចិនបានសម្រេចកំណត់អត្រាការប្រាក់របស់ខ្លួនសម្រាប់កម្ចីទិញផ្ទះជាបុគ្គលលក្ខណៈពាណិជ្ជកម្ម (commercial individual housing loans) ដោយផ្អែកទៅលើទីផ្សារកាន់តែខ្លាំងក្នុងជាវិធានការចុងក្រោយបំផុតមួយដើម្បីគ្រប់គ្រងកំណើនរបស់ទីផ្សារអចលនទ្រព្យ។
ធនាគារកណ្ដាលរបស់ប្រទេសចិនបានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួននឹងជំនួសអត្រាការប្រាក់កម្ចីគោល (loan benchmark interest rate) ជាមួយនឹងអត្រាការប្រាក់កម្ចីសំខាន់ (loan prime rate, LPR) ដើម្បីធ្វើជាអត្រាគោលសម្រាប់ការកំណត់អត្រាការប្រាក់កម្ចីទិញផ្ទះបុគ្គលលក្ខណៈពាណិជ្ជកម្មដែលទើបនឹងចេញថ្មីៗនេះ។
សេចក្ដីសម្រេចនេះបានធ្វើឡើងបន្ទាប់ពីធនាគារប្រជាជនចិន (PBOC) ដែលជាធនាគារកណ្ដាលរបស់ប្រទេសចិនកាលពីថ្ងៃសៅរ៍សប្តាហ៍មុនបានបង្ហាញផែនការមួយ ដើម្បីកែលម្អ និងធ្វើកំណែទម្រង់យន្តការអត្រាការប្រាក់ LPR របស់ប្រទេសចិន។ ដោយត្រូវដាក់បង្ហាញនៅថ្ងៃទី ២០ រៀងរាល់ខែ អត្រាការប្រាក់ LPR មានមុខងារជាអត្រាការប្រាក់គោលដែលមានមូលដ្ឋានលើទីផ្សារសម្រាប់ធនាគារកំណត់អត្រាការប្រាក់កម្ចីរបស់ពួកគេ។
ធនាគារកណ្តាល PBOC បានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា ដោយចាប់ផ្ដើមពីថ្ងៃទី ៨ ខែតុលាអត្រាការប្រាក់កម្ចីលំនៅឋានបុគ្គលលក្ខណៈពាណិជ្ជកម្មដែលចេញនៅពេលថ្មីៗនេះនឹងមានមូលដ្ឋានលើអត្រាការប្រាក់ LPR ក្នុងរយៈពេលដូចគ្នា ខណៈដែលពិន្ទុមូលដ្ឋាន (basis points) មួយចំនួននឹងត្រូវបន្ថែម។
ការបន្ថែមពិន្ទុមូលដ្ឋានត្រូវធ្វើឡើងស្របតាមគោលនយោបាយឥណទានលំនៅឋានថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន និងរក្សាមិនផ្លាស់ប្តូរក្នុងរយៈពេលនៃកិច្ចសន្យាកម្ចីទិញផ្ទះ។
អត្រាការប្រាក់កម្ចីទិញផ្ទះសម្រាប់អ្នកទិញផ្ទះលើកដំបូង មិនទាបជាងអត្រាការប្រាក់ LPR នៅក្នុងរយៈពេលដូចគ្នាឡើយ ខណៈពេលដែលអត្រាការប្រាក់កម្ចីទិញផ្ទះសម្រាប់អ្នកទិញផ្ទះលើកទី ២ មិនទាបជាងកម្រិតរួមគ្នានៃអត្រាការប្រាក់ LPR និង ៦០ ពិន្ទុគោល ឬស្មើនឹង ០,៦ ភាគរយ។
អត្រាការប្រាក់កម្ចីសម្រាប់លំនៅឋានគោលលក្ខណៈពាណិជ្ជកម្ម (commercial-purpose housing) មិនទាបជាងកម្រិតរួមគ្នានៃអត្រាការប្រាក់ LPR ក្នុងរយៈពេលដូចគ្នា និង ៦០ ពិន្ទុគោល ឬស្មើនឹង ០,៦ ភាគរយនោះទេ ខណៈដែលគោលនយោបាយអត្រាការប្រាក់សម្រាប់កម្ចីទិញផ្ទះលក្ខណៈបុគ្គល (individual housing loans) តាមរយៈមូលនិធិសោធនលំនៅឋានរបស់គោលនយោបាយនឹងមិនផ្លាស់ប្តូរ។
កិច្ចសន្យាកម្ចីទិញផ្ទះបានចុះហត្ថលេខារួចហើយ ឬកំពុងអនុវត្តនឹងមិនត្រូវបានរងផលប៉ះពាល់ដោយច្បាប់ថ្មីនេះទេ។
សេចក្ដីប្រកាសព័ត៌មាននេះបានឲ្យដឹងថា កម្រិតអប្បបរមានៃការបន្ថែមពិន្ទុមូលដ្ឋាននឹងត្រូវបានសម្រេចដោយពឹងផ្អែកលើការអភិវឌ្ឍទីផ្សារអចលនទ្រព្យក្នុងស្រុក។
ធនាគារកណ្ដាលចិនបានឲ្យដឹងថា គោលនយោបាយអត្រាការប្រាក់កម្ចីទិញផ្ទះថ្មីនេះត្រូវបានដាក់ចេញក្នុងបំណងធានាថា «លំនៅឋានគឺសម្រាប់រស់នៅ មិនមែនសម្រាប់ការកេងចំណេញតម្លៃ» ទេ និងជួយសម្រួលដល់ការអភិវឌ្ឍយន្តការគ្រប់គ្រងរយៈពេលវែងសម្រាប់ទីផ្សារអចលនទ្រព្យ៕ People''s Daily/LA