ក្រុង​ប៉េកាំងៈ ទ្រព្យ​សម្បត្តិ​ឯក​ជន​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​​​ក្នុង​ប្រ​ទេស​ ចិន ​ក្នុង​មួយ​ទស​វត្សរ៍​​មក​នេះ​បន្ទាប់​ពី​វិបត្តិ​ហិ​រញ្ញ​វត្ថុ​សកល​​ដោយ​សារ​​កម្ម​វិធី​ពង្រឹង ​និង​ជំ​រុញ​សេដ្ឋ​កិច្ច​ទទួល​បាន​ជោគ​ជ័យ​។

ពី​ឆ្នាំ​ ២០១៦ ​ដល់ ​២០១៧ ​​ចំនួន​មហា​​សេដ្ឋី​​នៅ​​ចិន​បាន​កើន ​​១០៦ ​នាក់​ថែម​​ទៀត ​ដែល​ធ្វើ​ឲ្យ​ចំ​នួន​អ្នក​មាន​​ទ្រព្យ​សម្បត្តិ​ច្រើន​​បំ​ផុត​របស់​ប្រ​ទេស​​នេះ​​កើន​​ឡើង​រហូត​ដល់​ ៣៧៣​ នាក់​ ពោល​គឺ​​​មហា​សេដ្ឋី​ ២ ​នាក់​កើត​មាន​រៀង​រាល់​​​មួយ​សប្តាហ៍​។ ​​ក្នុង​ឆ្នាំ ២០០៦ ប្រ​ទេស​ ចិន ​មាន​មហា​សេដ្ឋី​​តែ​ចំ​នួន ១៦ នាក់​ប៉ុ​ណ្ណោះ​។

ក្រៅ​ពី​ចំ​ណាយ​លើ​ដំ​ណើរ​កម្សាន្ត​ច្រើន (ជិត ​៨០ ​លាន​នាក់​បាន​ធ្វើ​ដំ​ណើរ​ទៅ​បរ​ទេស​នៅ​ឆមាស​ទី​ ១ ​ឆ្នាំ​​នេះ​ កើន​ឡើង ​១៦,៤ ​ភាគ​​រយ​ធៀប​នឹង​​ឆ្នាំ​​​មុន) និង​បញ្ជូន​កូន​ចៅ​របស់​ពួក​គេ​ទៅ​រៀន​នៅ​ក្រៅ​ប្រ​ទេស​​ អ្នក​មាន​ថ្មី​ថ្មោង​ទាំង​នេះក៏​​ព្យា​យាម​សម្លឹង​រក​ឱ​កាស​វិនិ​យោគ​នៅ​ក្រៅ​ពី​ប្រ​ទេស​ ចិន ​ផង​ដែរ។

តើ​ជន​ជាតិ​ចិន​កំ​ពុង​វិ​និ​យោគ​នៅ​កន្លែង​ណា?

យោង​តាម​គេហ​ទំព័រ​ព័ត៌​មាន Asian Correspondent អា​ស៊ី​ជា​តំ​បន់​ដែល​ទទួល​បាន​ជា​​ចំ​ណាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ពី​ជន​ជាតិ​ចិន​ ហើយ​​​ត្រូវ​បាន​ជំរុញ​ដោយ​បរិយា​​កាស​វិ​និ​យោគ​ក្នុង​ស្រុក​ដ៏​តាន​តឹង​ទៀត​​ផង​នោះ ​ពលរដ្ឋ​ចិន​ចាប់​ផ្តើម​​ងាក​ទៅរ​ក​កាលា​នុវត្ត​ភាព​នៃ​ការ​វិនិ​យោគ​​​ក្នុង​ទី​ផ្សារ​ដែល​កំពុង​អភិ​វឌ្ឍន៍​នៅ​អាស៊ី​វិញ។

ដក​ស្រង់​របាយ​ការណ៍​​ប្រចាំ​ខែ​តុលា ឆ្នាំ​ ២០១៨ ​របស់​គេហ​ទំព័រ​ទិន្ន​​ន័​យ​អច​លន​ទ្រព្យ​​ចិន​ Juwai.com គេហ​ទំព័រ​ព័ត៌​មាន​ដែល​មាន​មូល​ដ្ឋាន​​​នៅ​អង់​គ្លេស​នេះ​ បាន​រាយ​ការណ៍​ថា​​ ​កាល​ពី​ឆ្នាំ​មុន​ ការ​វិ​និ​យោគ​របស់​​ចិន​នៅ​​តំបន់​អាស៊ី​បាន​កើន​ឡើង​ ៣៥​២,៤​ ភាគ​រយ​​ដល់​តម្លៃ​សរុប​ ៣២,៩ ​ពាន់​លាន​ដុល្លារ​​ ទាំង​​ក្នុង​អ​ច​ល​ន​ទ្រព្យ​​ពា​ណិជ្ជ​កម្ម​​ និង​លំ​នៅ​ឋាន។

គេហ​ទំព័រ​​អច​លន​ទ្រព្យ​នេះ​​​ឲ្យ​ដឹង​ទៀត​ថា តំ​បន់​អឺរ៉ុប​បាន​ក្លាយ​ជា​តំ​បន់​ដែល​ពេញ​និ​យម​បំ​ផុត​ទី​ ២ ​​សម្រាប់​វិ​និ​យោ​គិន​ចិន​ ដោយ​ការ​វិ​និ​យោគ​បាន​កើ​ន​ឡើង​ ​២២៧,៩ ​ភាគ​រយ​​ដល់​ ​២៥,៦ ពាន់​លាន​ដុល្លារ​ ខណៈ​ដែល​​ការ​វិនិ​យោគ​​​ក្នុង​ប្រ​ទេស​ អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ ​និង​ស​ហ​រដ្ឋ​អា​មេ​រិក​បាន​ធ្លាក់​ចុះ។

លោក​ Carrier Law ប្រ​ធាន​នា​យក​​ប្រតិ​បត្តិ​​​ក្រុម​ហ៊ុន Juwai ដែល​​ដំ​ណើរ​ការ​ Juwai.com បាន​​​ឲ្យ​ដឹង​ថា ​បណ្តា​ប្រ​ទេស​ក្នុង​តំ​បន់​អា​ស៊ី​អា​គ្នេយ៍​​ ទទួល​បាន​ចំ​ណែក​ទី​ផ្សារ​​អ​តិ​ថិ​ជន​ចិន​​ ក្នុង​អត្រា​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។

ឧទា​ហរណ៍នៅ ​​ថៃ ​ចំនួន​នៃ​ការ​សាក​សួរ​ពី​អ​តិ​ថិជន​​ចិន​ដែល​ស្វែង​រក​​​ទិញ​ផ្ទះ​បាន​កើន​ឡើង​ ៩១ ​ភាគ​រយ​នៅ​​ចន្លោះ​ពី​ខែ​មករា ​ឆ្នាំ​ ២០១៧​ ដល់​​​ខែ​មករា ​ឆ្នាំ ២០១៨។​ បើ​ធៀប​​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​នៅ​ឆ្នាំ​ ២០​១៦​ អត្រា​កំ​ណើន​​បាន​កើន​ឡើង​រហូត​​ដល់ ​៣១៣ ​ភាគ​​រយ​ឯ​ណោះ។

អត្ថ​បទ​របស់​កាសែត Asia Times ដែល​បាន​ដក​ស្រង់​ពី​ព័ត៌​មាន​អច​លន​ទ្រព្យ​ចិន China Real Estate News បាន​បញ្ជាក់​ថា​ ​អ្វី​ដេល​អាច​ជា​កត្តា​ជំ​រុញ​នោះ​ គឺ​​ថា ​ថ្វី​បើ​ជន​បរ​ទេស​ត្រឹម​តែ​ត្រូវ​បាន​អនុ​ញ្ញាត​​ឲ្យ​​ទិញ​អ​ច​ល​ន​ទ្រព្យ​នៃ​អគារ​ខ្ពស់​ៗ​នៅ​​ក្នុង​ប្រ​ទេស​​ ថៃ ​ក្តី​ ក៏​ពួក​គេ​ទទួល​បាន​សិទ្ធិ​លើ​អ​ច​ល​ន​ទ្រព្យ​នោះ​ជា​អចិ ន្ត្រៃ​យ៍​ដោយ​មិន​ចាំ​បាច់​បង់​ពន្ធ​លើ​អ​ច​ល​ន​ទ្រព្យ​ និង​ពន្ធ​មរតក​។ នេះ​បើ​យោង​តាម Asian Correspondent។

ទិន្ន​ន័យ​របស់​ក្រុម​ហ៊ុន​អភិ​វឌ្ឍន៍​ថៃ Risland បាន​បង្ហាញ​ថា ​ចាប់​ពី​ឆ្នាំ​ ២០១៥​ មក ​អ្នក​ទិញ​ជន​ជាតិ​ចិន​បាន​​ចំ​ណាយ​ទឹក​ប្រាក់​អស់​ប្រ​មាណ​ ១០ ​ពាន់​លាន​ដុល្លារ​ទៅ​លើ​ការ​ទិញ​ខុន​ដូ​​​ក្នុង​ប្រ​ទេសនេះ ដែល​ស្មើ​នឹង​ទំ​ហំ​​វិ​និ​យោគ​រួម​គ្នា​របស់​​វិ​និ​យោ​គិន​ជប៉ុន​ និង​សិង្ហ​បុរី។

តាម​ពិត​ទៅ ​ក្រុម​ហ៊ុន​អភិ​វឌ្ឍន៍​នេះ​បាន​ប៉ាន់​ប្រ​មាណ​​ថា ​ខុន​ដូ​ ១ ក្នុង​ចំ​ណោម ​៥​ ដែល​ត្រូវ​បាន​សាង​សង់​នៅ​​ថៃ​គឺ​ជា​កម្ម​សិទ្ធិ​របស់​​អ្នក​ទិញ​ជន​ជាតិ​ចិន​ដី​គោក ​ឬ​អ្នក​​ទិញ​មក​ពី​ទី​ក្រុង​ហុង​កុង​។

ប្រ​ទេស​​​ អាស៊ី​អាគ្នេយ៍ ​ផ្សេង​ទៀត​ដែល​បាន​ទាក់​ទាញ​វិនិ​យោ​គិន​ចិន​រួម​មាន​ប្រ​ទេស​ ម៉ា​ឡេ​ស៊ី ​វៀត​ណាម ​​សិង្ហ​បុរី​ និង​ហ្វី​លី​ពីន​។

ថ្លែង​ប្រាប់​សារ​ព័ត៌​មាន NST Property លោក Law បាន​​ឲ្យ​ដឹង​​​ថា៖ «សូ​ម្បី​តែ​ប្រ​ទេស​តូច​ៗ​ដូច​ជា​​កម្ពុជា ​ក៏​កំ​ពុង​ត្រូវ​បាន​គេ​មើល​ឃើញ​ពី​ការ​កើន​ឡើង​នៃ​ការ​ទិញ​របស់​ជន​ជាតិ​ចិន​យ៉ាង​ឆាប់​រហ័ស​ផង​ដែរ​ ​ទោះ​ជា​មាន​ចំនួន​តិច​ជាង​នេះ​ក្តី​»។

លោក Law ថ្លែង​ថា​ ការ​វិនិ​យោគ​ទាំង​​នេះ​​ភាគ​ច្រើន​ដោយ​សារ​តម្លៃ​ទាប​ និង​ទំ​នាក់​ទំ​នង​វប្ប​ធម៌​រវាង​ជន​ជាតិ​ចិន​ដី​គោក​ និង​ទី​ផ្សារ​អា​ស៊ី​អា​គ្នេយ៍​ទាំង​នេះ ​ប៉ុន្តែ​កត្តា​សំ​ខាន់​មួយ​​ផ្សេង​​ទៀត​នោះ​គឺ​ការ​ចូល​រួម​របស់​ប្រ​ទេស​ទាំង​នោះ​​ ក្នុង​គំនិត​​ផ្តួច​ផ្តើម​ «ខ្សែ​ក្រវាត់​មួយ ​ផ្លូវ​មួយ»​ របស់​ចិន​។

ជា​សរុប ​ជនជាតិ​ចិន​ដី​គោក​បាន​ចំ​ណាយ​ប្រាក់​ចំ​នួ​ន ​១១៩,៧​ ពាន់​លាន​​ដុល្លារ​ដើម្បី​ទិញ​អ​ច​ល​ន​ទ្រព្យ​នៅ​ក្រៅ​ប្រ​ទេស​ក្នុង​ឆ្នាំ​ ២០១៧​។

ចំ​នួន​នេះ​​​កើន​ឡើង ​១៨,១​ ភាគ​រយ​ពី ​១០១,៤​ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០១៦ ដែល​​ជា​តួ​លេខ​​កំ​ណើន​ដ៏​គួរ​​ឲ្យ​​ចាប់​អា​រម្មណ៍​មួយ ដោយ​សារ​​វា​​កើត​មាន​ឡើង​ក្នុង​ពេល​​មួយ​ដែល​មាន​ការ​គ្រប់​គ្រង​​មូល​ធន ​និង​ការ​ កើន​ឡើង​ការ​ប្រ​ឆាំង​ផ្នែក​នយោបាយ​ចំ​ពោះ​ការ​បញ្ចេញ​សាច់​​ប្រាក់​ចិន​ទៅ​​បរ​ទេស​នៅ​ប្រ​ទេស​ ចិន។

នៅ​ឯ​ប្រ​ទេស ចិន ​​វិញ ពល​រដ្ឋ​ចិន​ត្រូវ​បាន​ដាក់​កម្រិត​កំ​ណត់​ការ​ទិញ​ប្រ​ចាំ​ឆ្នាំ​ ​៥ ​ម៉ឺន​​ដុល្លារ​ក្នុង​ ១ ​នាក់​ ​ខណៈ​ដែលនៅ​បរ​ទេស​ ​ពួក​គេ​អាច​ដក​​ប្រាក់​បាន​តែ ១ សែន​យន់ (១៤,៤០០ ដុល្លារ) ក្នុង​មនុស្ស​ម្នាក់​ប៉ុ​ណ្ណោះ​​​​ដោយ​ប្រើ​កាត​ធ​នា​គារ​ចិន​។

លើស​ពី​នេះ​ទៀត បើ​យោង​តាម​​កា​សែត​ South China Morning Post ​រដ្ឋ​បាល​​អត្រា​ប្តូរ​ប្រាក់​បរ​ទេស​រដ្ឋ​ចិន​ (SAFE) ក៏​បាន «​បង្កើន​ ការ​តាម​ដាន​របស់​ខ្លួន​ខ្លាំង» ​​ចំ​ពោះ​ការ​ហូរ​ចេញ​​​សាច់​ប្រាក់​​​ខុស​ច្បាប់ ហើយ​ថែម​ទាំង​បាន​កត់​ និង​បង្ហាញ​ឈ្មោះ​​អ្នក​ទាំង​ឡាយ​​ណា​ដែល​ហ៊ាន​ប្រ​ឆាំង​នឹង​របប​គ្រប់​គ្រង​មូល​ធន​របស់​ទី​ក្រុង​ប៉េ​កាំង​ថែម​ទៀត​ផង​។

សេចក្តី​រាយ​​ការណ៍​នេះ​​បាន​​​ឲ្យ​​ដឹង​ថា​ SAFE បាន​បង្ហាញ​ករណី​បែប​នេះ​ចំនួន​ ២៣ ​ករណី​​ក្នុង​​ខែ​សី​ហា​ ដែល​ក្នុង​នោះ​មាន ​៥ ករណី​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ជន​ជាតិ​ចិន​ដែល​កំ​ពុង​ព្យា​យាម​​​ស្វែង​រក​ទិញ​អច​លន​ទ្រព្យ​នៅ​ក្រៅ​ប្រ​ទេស​។

ប៉ុន្តែ​កាន់​តែ​​​គួរ​​ឲ្យ​ចាប់​អា​រម្មណ៍​​​នោះ​ កាសែត​ South China Morning Post បាន​រាយ​កា​រណ៍​ថា ទោះ​បី​មាន​កិច្ច​​​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ពី​ទី​ក្រុង​ប៉េ​កាំង​ដើ​ម្បី​រឹត​បន្តឹង​ការ​ត្រួត​ពិ​និត្យ​​លំ​ហូរ​ចេញ​មូល​ធន​​ក្តី ​ក៏​ការ​ចង់​បាន​អ​ច​ល​ន​ទ្រព្យ​របស់​ពលរដ្ឋ​ចិន​នៅ​ក្រៅ​ប្រ​ទេស​នៅ​តែ​បន្ត​កើន​ឡើង​ដដែល​។

តាម​រយៈ​ការ​សិក្សា​របស់​ក្រុម​ហ៊ុន Juwai ផល​ប៉ះ​ពាល់​នៃ​ការ​គ្រប់​គ្រង​មូល​ធន​អាច​នឹង​ត្រូវ​បាន​គេ​បំ​ប៉ោង។ ២​ ភាគ​ ៣ ​​នៃ​វិ​និ​យោ​គិ​ន​ចិន​បាន​ប្រាប់​ការ​ស្ទង់​មតិ​មួយ​ដែល​ធ្វើ​ឡើង​​ដោយ​ក្រុម​ហ៊ុន​ស្រាវ​ជ្រាវ​ UBS Evidence Lab ថា​ ការ​គ្រប់​គ្រង​មូល​ធន​នេះ​ «​មិន​បាន​ប៉ះ​ពាល់​ដល់​ខ្ញុំ​ទេ»។

ក្រុម​ហ៊ុន Juwai ​រំ​ពឹង​​ថា ​ការ​វិ​និ​យោគ​លើ​អច​ល​ន​ទ្រព្យ​​នៅ​ក្រៅ​ប្រ​ទេស​របស់​ជ​ន​ជាតិ​ចិន ​នឹង​មិន​ថម​ថយ​​​ទេ​ ដោយ​មាន​​ការ​ព្យាករ​ថា​ នឹង​កើន​ឡើងពី ​៣ ​ទៅ ​៨ ​ភាគ​រយ​នៅ​ក្នុង​ឆ្នាំ​នេះ។ ចំ​នួន​នេះ​នឹង​នាំ​ឲ្យ​​​តម្លៃ​​វិ​និ​យោគ​សរុប​កើន​​​ដល់​ចន្លោះ​ពី​១២​៣,​៣ ​ទៅ​ដល់ ​១២៩,៣​ ពាន់​លាន​ដុល្លារ​អា​មេ​រិក​៕ NS