ក្រុងបាងកកៈ ទោះបី​ជា​មាន​ការគ្រប់គ្រង​ដ៏តឹងរ៉ឹង​របស់​ប្រទេស​ចិន​លើ​លំហូរ​ចេញ​មូលធន​ដែល​ដាក់​កម្រិត​បុគ្គល​ជនជាតិ​ចិន​មិន​ឲ្យ​នាំចេញ​ប្រាក់​ស្មើនឹង ៥០ ០០០ ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​ក្តី​ក៏​អ្នក​ទិញ​មកពី​ប្រទេស​ចិនដីគោក​នៅ​ពេល​នេះ​បាន​ក្លាយ​ជា​ប្រភព​ឈានមុខ​គេ​នៃ​តម្រូវការ​បរទេស​សម្រាប់​ខុនដូ​នៅ​ទីក្រុង​បាងកក​។ នេះ​បើ​យោង​តាម​កាសែត​បាងកក ប៉ុស្តិ៍​។

កាសែត​បាងកក​ប៉ុស្តិ៍​បាន​រាយការណ៍​ថា ដោយ​ផ្អែក​តាម​ការលក់​ខុនដូ​ដែល​សម្រេច​បាន និង​ការសាកសួរ​ដែល​បាន​ទទួល​ដោយ​ក្រុមហ៊ុន​សេវា​អចលនទ្រព្យ JLL រហូត​ដល់​ឆ្នាំ​នេះ​ប្រហែល ៥០ ភាគរយ​នៃ​អ្នក​ទិញ​ខុនដូ​ជា​ជនបរទេស​នៅក្នុង​ទីក្រុង​បាងកក​គឺជា​ជនជាតិ​ចិន​។

យោង​តាម​ក្រុមហ៊ុន JLL អ្នក​ទិញ​ខុនដូ​ជា​ជនជាតិ​ចិន​ជាច្រើន​នៅ​ទីក្រុង​បាងកក​គឺជា​ជនបរទេស​ដែល​ធ្វើ​ការងារ​នៅក្នុង​ទីក្រុង​នេះ​។ ការទិញ​នេះ​ល្អ ដែល​ស្រប​ជាមួយ​នឹង​របាយការណ៍ China12: China''s Cities Go Global នៅពេល​ថ្មីៗ​របស់​ក្រុមហ៊ុន​នេះ​ដែល​បាន​បង្ហាញ​ថា ទីក្រុង​បាងកក​គឺជា​ទិសដៅ​ដ៏ពេញនិយម​បំផុត​ទី​ ១០ នៅ​លើ​ពិភពលោក​សម្រាប់​ក្រុមហ៊ុន​ចិនដីគោក​ដែល​ពង្រីក​អាជីវកម្ម​នៅ​បរទេស និង​ជាប់​លំដាប់​ទី ៣ ទាក់ទង​នឹង​ទំហំ​សកម្មភាព​ជួល​សាជីវកម្ម​របស់​ប្រទេស​ចិន​ក្នុង​រយៈពេល ៣ ឆ្នាំ​ចុងក្រោយ​។

កាសែត​បាងកក​ប៉ុស្តិ៍​បាន​រាយការណ៍​ដោយ​ដកស្រង់​សំដី​លោក Nonraphat Pornsinkunanon ប្រធាន​ផ្នែក​លក់ និង​ជួល​លំនៅឋាន​នៅ​ក្រុមហ៊ុន JLL ខណៈ​លោក​បាន​ថ្លែង​ថា​៖ «​ខុនដូ​ដែល​កំពុង​លក់ដាច់​បំផុត​ទៅ​ឲ្យ​ជនបរទេស​ជា​ជនជាតិ​ចិន​គឺ​ខុនដូ​ប្រភេទ​ស្ទូឌីយោ និង​ខុនដូ​បន្ទប់​គេង​មួយ​នៅ​ក្នុង​តំបន់ Ratchadaphisek និង​តំបន់ Rama 9 ដែល​មាន​តម្លៃ​ចន្លោះ​ពី ១,៥ លាន ទៅ ៣ លាន​បាត (​ជាង ៩ ម៉ឺន​ដុល្លារ​)»​។

ជាទូទៅ​អ្នក​ទិញ​ជា​ជនជាតិ​ចិន​មិន​ជួប​នូវ​បញ្ហា​ដោយសារ​វិធានការ​គ្រប់គ្រង​មូលធន​របស់​ប្រទេស​ចិន​នោះ​ទេ​។ ក្រៅពី​នេះ​ធនាគារ​អន្តរជាតិ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ក្នុង​ស្រុក​មួយ​ចំនួន​នៅក្នុង​ប្រទេស​ថៃ​ផ្ដល់​កម្ចី​លំនៅឋាន​ដល់​ជនបរទេស​ដែល​ឆ្លើយតប​តាម​ការវិនិច្ឆ័យ​លក្ខណ​សម្បត្តិ​របស់​ពួកគេ ដូចជា សុពលភាព​រយៈពេល​នៃ​ការកាន់កាប់​ប័ណ្ណ​ការងារ និង​រយៈពេល​កិច្ចព្រមព្រៀង​ការងារ​នៅក្នុង​ប្រទេស​ថៃ​។ ការវិនិច្ឆ័យ​លក្ខណសម្បត្តិ​ទាំង​នេះ​ខុស​ប្លែក​គ្នា​ពី​ធនាគារ​មួយ​ទៅ​ធនាគារ​មួយ​។

មាន​អ្នក​ទិញ​ជា​ជនជាតិ​ចិន​ដីគោក​ជាច្រើន​ដែល​បាន​ទិញ​ខុនដូ​នៅ​ទីក្រុង​របស់​ប្រទេស​ថៃ​ជា​ការ​វិនិយោគ ឬ​លំនៅឋាន​លម្ហែកាយ​។

និន្នាការ​នេះ​ត្រូវ​បាន​គាំទ្រ​យ៉ាងខ្លាំង​ដោយ​ទីតាំង​ដ៏រឹងមាំ​របស់​ទីក្រុង​បាងកក ដែល​ជា​ទិសដៅ​មួយ​ក្នុង​ចំណោម​ទិសដៅ​ទេសចរណ៍​ដ៏​ពេញនិយម​បំផុត​សម្រាប់​ភ្ញៀវទេសចរ​មកពី​ប្រទេស​ចិន ហើយ​របាយការណ៍​របស់​ក្រុមហ៊ុន JLL បាន​ចុះ​បញ្ជី​ទីក្រុង​បាងកក​ថា​ជា​ទីក្រុង​មួយ​ក្នុង​ចំណោម​ទីក្រុង ១០ ធំ​ជាង​គេ​របស់​ពិភពលោក​ដែល​មាន​ទំនាក់ទំនង​ខ្លាំង​ជាមួយ​ប្រទេស​ចិន​ទាក់ទង​នឹង​ទីក្រុង សាជីវកម្ម ប្រជាជន ហេដ្ឋារចនាសម្ព័ន្ធ និង​ពាណិជ្ជកម្ម​។

កាសែត​បាងកក​ប៉ុស្តិ៍​បាន​រាយការណ៍​បន្ត​ថា ខណៈ​ដែល​អ្នក​ទិញ​ភាគច្រើន​មកពី​ប្រទេស​ចិន​ដីគោក​បាន​ទិញ​ខុនដូ​ដែល​មាន​តម្លៃ​ប្រហែល ៦ លាន​បាត​នៅ​តំបន់ Sukhumvit មាន​កំណើន​ចំនួន​បុគ្គល​ដែល​មាន​ប្រាក់​ច្រើន​ជា​ជនជាតិចិន​ដែល​បាន​ទិញ​ខុន​ដូ​ប្រណីត និង​ខុនដូ​ប្រណីត​បំផុត​នៅ​តំបន់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​មាត់ទន្លេ​របស់​ទីក្រុង​នេះ​៕ LA