ភ្នំពេញៈ បន្ទប់​ខុន​ដូ​ថ្មី​ចំ​នួន​ ២១៨​ យូ​នីត​ត្រូវ​បាន​ដាក់​ចូល​ក្នុង​ទី​ផ្សារ​នៅ​ត្រី​មាស​ទី​ ៣​ ឆ្នាំ​ ២០១៨ ដែល​ធ្វើ​ឲ្យ​ចំ​នួន​បន្ទប់​ខុន​ដូ​​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​កើន​ឡើង​ដល់​​ ១២ ០៤៨​ យូ​នីត​។ នេះ​បើ​តាម​​ការ​ស្រាវ​ជ្រាវ​របស់​ក្រុម​ហ៊ុន​អ​ច​ល​ន​ទ្រព្យ CBRE Cambodia។

ក្នុង​ត្រី​មាស​ទី​ ៣ កន្លង​មក​​​មា​ន​គម្រោង​អភិ​វឌ្ឍន៍​ខុន​ដូ​ចំ​នួន​ ២ បាន​បញ្ចប់​ការ​សាង​សង់​​ដែល​រួម​​មាន គម្រោង Skylar Meridian ក្នុង​ខណ្ឌ​ចំ​ការ​មន និង​គម្រោង Apenines ក្នុង​ខណ្ឌ​ទួល​គោក​។

ចំនួន​នេះ​បាន​​កើន​ឡើង​​ ១,៨ ​ភាគ​រយ បើ​ធៀប​ទៅ​នឹង​​ត្រី​មាស​ទី​ ២ កន្លង​មក​។​ កាល​ពី​ត្រី​មាស​ទី​ ១ ឆ្នាំ​ ២០១​៨ ខុន​ដូ​ថ្មី ដែល​ដាក់​ចូល​​ទី​ផ្សារ​មាន​ចំ​នួន ១ ២០០ ​យូ​នីត និង​ក្នុង​​​ត្រី​មាស​ទី​ ២ មាន​ចំ​នួន ​២ ០០​០ ​យូនីត។

របាយ​ការណ៍​បង្ហាញ​ថា ៨០ ​ភាគ​រយ​នៃ​ខុន​ដូ​ប្រ​ណីត ដែល​ទើប​បញ្ចប់​ការ​សាង​សង់​ស្ថិត​ក្នុង​ខណ្ឌ​ចំ​ការ​មន។ កាល​ពី​ត្រី​មាស​ទី​ ៣ មាន​គម្រោង​អភិ​វឌ្ឍន៍​​ខុន​ដូ​ចំ​នួន​ ៦ ដែល​ស្មើ​នឹង​​បន្ទប់​​សរុប​ ២ ៣៧៤ ​យូ​នីត បាន​ប្រ​កាស​ពី​​ការ​ចាប់​ផ្តើម​សាង​​សង់ ដែល​ចំនួន​នេះ​​បាន​កើន​ឡើង​ ​៥,២ ​ភាគ​រយ បើ​ធៀប​​នឹង​ត្រី​មាស​ទី​ ២។

លោក Jonathan Flexer ប្រ​ធាន​ផ្នែក​ទី​ផ្សារ​​​​​លំ​នៅ​ឋាន​នៃ​ក្រុម​ហ៊ុន CBRE Cambodia និ​យាយ​ថា ទី​ផ្សារ​​ខុន​ដូ​ក្នុង​ត្រី​មាស​ទី​ ៣ មិន​មាន​ការ​ប្រែ​ប្រួល​នោះ​ទេ បើ​ទោះ​បី​ស្ថិត​ក្នុង​ដំ​ណាក់​កាល​បោះ​ឆ្នោត​​ក៏​ដោយ​។ ភាព​ល្អ​ប្រ​សើរ​នៃ​ការ​បោះ​ឆ្នោត ​បាន​​ធ្វើ​ឲ្យ​ទី​ផ្សារ​នេះ​ដំ​ណើរ​ការ​ទៅ​មុខ​យ៉ាង​រលូន។​

អ​តិ​ថិ​ជន​ដែល​​ទិញ​ខុន​ដូ​នៅ ​កម្ពុជា ​ភាគ​ច្រើន​មក​ពី​ សិង្ហ​បុ​រី ម៉ា​ឡេ​ស៊ី ចិន និង​ហុង​កុង។

ខណៈ​បច្ចុ​ប្បន្ន​​​និ​ន្នា​ការ​​​​នៃ​ការ​រស់​នៅ​ខុន​ដូ​របស់​​ប្រ​ជា​ជន​ខ្មែរ​កំ​ពុង​តែ​មាន​ការ​ផ្លាស់​ប្តូរ​នោះ លោក​ Jonathan ​កត់​សម្គាល់​ថា៖ «​​គម្រោង​ខ្លះ​​​បាន​ទាក់​​ទាញ​​ចំ​ណាប់​អា​រម្មណ៍​យ៉ាង​ខ្លាំង​ពី​សំ​ណាក់​ប្រ​ជា​​ជន​ខ្មែរ»។

របាយ​ការណ៍​​ឲ្យ​​ដឹង​ទៀត​ថា សម្រាប់​ត្រី​មាស​ទី​ ៣ ខុន​ដូ​ប្រ​ណីត​ (High-end) មាន​តម្លៃ​​ជួល​ជា​មធ្យម ១៤,៣ ​ដុ​ល្លារ​ក្នុង​​ ១ ​ម៉ែត្រ​កា​រ៉េ និង​ប្រ​ភេទ​​មធ្យម​ (Mid-range) មាន​តម្លៃ​ ១១,៦ ​ដុ​ល្លារ តម្លៃ​នេះ​មាន​ការ​កើន​ឡើង​រៀង​គ្នា ០,៣ ​ភាគ​រយ និង​ ៥ ​ភាគ​រយ បើ​ធៀប​ទៅ​នឹង​ត្រី​មាស​ទី​ ២ ឆ្នាំ​ ២០១៨។

លោក នួន រិទ្ធី ប្រ​ធាន​ក្រុម​ហ៊ុន​អ​ច​ល​ន​ទ្រព្យ Khmer Foundation Appraisals បាន​ប្រាប់​ថា បើ​គិត​ពី​ដើម​ឆ្នាំ​​មក​ទល់​ពេល​នេះ​ ការ​ផ្គត់​ផ្គង់​ខុន​ដូ​ថ្មី​ៗ​ ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ​មិន​មាន​ចំ​នួន​កើន​ឡើង​ច្រើន​ដូច​កាល​ពី​អំ​ឡុង​ ៣-៤ ​ឆ្នាំ​មុន​នោះ​​ទេ។ ​យ៉ាង​ណា​ការ​ផ្គត់​ផ្គង់​ និង​តម្រូវ​ការ​នា​ពេល​នេះ​អាច​និ​យាយ​ថា មាន​ភាព​ប្រ​ដំ​ប្រ​សង​គ្នា»។

លោក រិទ្ធី បន្ត​​ថា​​៖​ «​បើ​ទោះ​​បី​ការ​ផ្គត់​ផ្គង់​​ពេល​នេះ​មិន​សូវ​មាន​ច្រើន​ដូច​ពេល​មុន​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​មាន​សុ​ទិ​ដ្ឋិ​និ​យម​ចំ​ពោះ​វិ​ស័យ​ខុន​ដូ​នៅ​ក្នុង​រាជ​ធា​នី​​ភ្នំ​ពេញ​ដ​ដែល ខណៈ​បច្ចុ​ប្បន្ន​នេះ​​យុវ​ជន​ខ្មែរ​​ជំ​នាន់​ក្រោយ​កាន់​តែ​ច្រើន​បាន​ចាប់​អា​រម្មណ៍​ចំ​ពោះ​ការ​រស់​នៅ​ខុន​ដូ​»។

បើ​តាម​ លោក​ រិទ្ធី នៅ​​ភ្នំ​ពេញ​មាន​គម្រោង​អភិ​វឌ្ឍន៍​ខុន​ដូ​ជា​ច្រើន​ កំ​ពុង​ត្រូវ​បាន​គ្រប់​គ្រង​​ដោយ​​វិ​និ​យោ​គិន​មក​ពី​ប្រ​ទេស​ ចិន ចំ​ណែក​អ​តិ​ថិ​ជន​ដែល​ទិញ​​ខុន​ដូ​ ​ភាគ​ច្រើន​ក៏​​ជា​ជន​ជាតិ​ចិន​​ដែរ​។

របាយ​ការណ៍​​ក្រ​សួង​រៀប​ចំ​ដែន​ដីនគរ​រូប​នីយ​កម្ម និង​សំ​ណង់​ ​​បាន​បង្ហាញ​ថា ក្នុង​រយៈ​ពេល​ ៩ ​ខែ ឆ្នាំ​ ២០១៨ ទុន​វិ​និ​យោគ​វិ​ស័យ​សំ​ណង់​នៅ​កម្ពុជា​​មាន​តម្លៃ​ជាង​ ៤ ៨២០​ លាន​ដុ​ល្លារ ខណៈ រយៈ​​ពេល​ដូច​គ្នា​​កាល​ពី​ឆ្នាំ​ ២០១៧ ទុន​​វិ​និ​យោគ​មាន​តម្លៃ​ជាង​ ៥​ ៦៣៦​លាន​ដុ​ល្លារ​ គឺ​មាន​ការ​ថយ​ចុះ​ ១៤.​៤៧​​​ភាគ​រយ​៕ LA