ក្រុងបាងកកៈ អតិថិជន​បរទេស​កាន់តែ​ច្រើន​បាន​ចាប់អារម្មណ៍​ទិញ​ខុនដូ​ក្នុង​ទីក្រុង​បាងកក ដោយសារ​ជា​ការវិនិយោគ​ដែល​ផ្តល់​ផលចំណេញ​ច្រើន និង​មាន​តម្លៃ​ថោក​ជាង​ប្រទេស​របស់​ពួកគេ​។ នេះ​បើ​យោង​តាម​ការរាយការណ៍​របស់​កាសែត​បាងកក​ប៉ុស្តិ៍​។

លោក Vittakarn Chandavimol ប្រធាន​ក្រុម​ពាណិជ្ជកម្ម​ទទួល​បន្ទុក​ខុនដូ​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍ AP Thailand Plc ដែល​ចុះបញ្ជី​នៅ​ផ្សារហ៊ុន​ថៃ​បាន​ថ្លែង​ថា ប្រជាប្រិយភាព​របស់​ខុនដូ​នៅ​ទីក្រុង​នេះ​ក្នុង​ចំណោម​អ្នកទិញ​នៅ​ទីក្រុង​ហុងកុង ប្រទេស​ចិន កោះតៃវ៉ាន់ និង​សិង្ហបុរី កំពុង​កើនឡើង​ដែល​ជំរុញ​ដោយ​កំណើន​មូលធន​វិនិយោគ​ដ៏ទាក់ទាញ និង​ទិន្នផល​ខ្ពស់​វិនិយោគ​ខ្ពស់​។

សម្រាប់​ក្រុមហ៊ុន AP របស់​លោក​ក្រុមហ៊ុន​រំពឹង​ថា​នឹង​មាន​កំណើន​ជា​បន្ត​ក្នុង​ការលក់​ខុនដូ​ពី​ការ​ធ្វើ​ទីផ្សារ​នៅ​បរទេស បន្ទាប់ពី​កត់ត្រា​ការលក់​ចំនួន ៤ ពាន់​លាន​បាត (១២០ លាន​ដុល្លារ​) នៅ​ឆ្នាំ ២០១៧ កើនឡើង ៥០០ ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ដែល​បាន​នាំ​មុខ​ដោយ​អ្នក​ទិញ​មកពី​ទីក្រុង​ហុងកុង​។

លោក​បាន​ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​នៅ​សប្តាហ៍​មុន​ក្នុង​ទីក្រុង​ហុងកុង​ថា​៖ «​ប្រទេស​ថៃ​មាន​សក្ដានុពល​សម្រាប់​ការវិនិយោគ​ផ្នែក​អចលនទ្រព្យ​»​។ លោក​បន្ត​ថា​៖ «​ទីផ្សារ​ខុនដូ​នៅ​ទីក្រុង​បាងកក​នឹង​រក្សា​ភាព​ទាក់ទាញ ដោយសារ​តែ​រដ្ឋាភិបាល​អភិវឌ្ឍ​គម្រោង​ខ្សែ​រថភ្លើង​ដឹកជញ្ជូន​សាធារណៈ​ថ្មី និង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​ជាច្រើន​»​។

លោក Vittakarn បាន​ថ្លែង​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​ថា គម្រោង​មួយ​ក្នុង​ចំណោម​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​នោះ​នឹង​ជា​គម្រោង​ស្ថានីយ Grand Bang Sue Central Station ដែល​នឹង​ក្លាយ​ជា​ស្ថានីយ​រថភ្លើង​ឈាន​មុខ​គេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ និង​ជា​មជ្ឈមណ្ឌល​អចលន​ទ្រព្យ​ទីក្រុង​បាងកក​មួយ​។

លោក Vittakarn មាន​ប្រសាសន៍​ថា​៖ «​អចលនទ្រព្យ​របស់​ប្រទេស​ថៃ​បាន​មើលឃើញ​ការកើនឡើង និង​ការធ្លាក់ចុះ​ដូច​ក្នុង​អំឡុង​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ ១៩៩៧ ការបើក​ដំណើរការ​រថភ្លើង​អាកាស BTS នៅ​ឆ្នាំ ១៩៩៩ រថភ្លើង MRT នៅ​ឆ្នាំ ២០០៤ និង​វិបត្តិ [​ហិរញ្ញវត្ថុ​] Hamburger នៅ​ឆ្នាំ ២០០៨»​។ លោក​បន្តថា​៖ «[​វិស័យ​នេះ​] នៅ​តែ​កំពុង​កើនឡើង​»​។

ក្រុមហ៊ុន Bangkok Citismart Co (BC) ដែល​ជា​​ក្រុមហ៊ុន​ទីភ្នាក់ងារ​អចលនទ្រព្យ​មួយ​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន AP បាន​ឲ្យ​ដឹង​ថា តម្លៃ​ខុនដូ​ជា​មធ្យម​នៅ​ទីក្រុង​បាងកក​កើនឡើង​ពី ៦ ទៅ ៨ ភាគរយ​ប្រចាំ​ឆ្នាំ​អាស្រ័យ​តាម​ទីតាំង​។

លោក Kayon Tantichatiwat នាយក​គ្រប់គ្រង​ក្រុមហ៊ុន BC បាន​ថ្លែង​ថា កំណើន ១០ ​ភាគរយ​នៃ​តម្លៃ​ខុនដូ​អាច​កើតឡើង​តាម​ទីតាំង​នានា ជា​ទី​ដែល​ខ្សែ​រថភ្លើង​ថ្មី ឬ​ការពង្រីក​ខ្សែ​រថភ្លើង​បន្ថែម​ស្ថិត​ក្នុង​ការសាងសង់ ដូចជា​ខ្សែ​រថភ្លើង​នៅ​តាម​បណ្ដោយ​ផ្លូវ Phahon Yothin ចាប់ពី​ផ្លូវ​ប្រសព្វ Lat Phrao ទៅ​ទីផ្សារ Saphan Mai ជាដើម​។

លោក​លើក​ឡើង​ថា​៖ «​រថភ្លើង BTS និង MRT ជា​ចំណុច​យោង​ដ៏ល្អ [​សម្រាប់​បង្ហាញ​ទៅ​កាន់​អតិថិជន​] នៅ​ទីក្រុង​ហុងកុង និង​សិង្ហបុរី​ដោយសារ​អ្នក​ទិញ​ភាគច្រើន​ដែល​ជា​អ្នក​ធ្វើ​ដំណើរ​ញឹកញាប់​នៅ​ទីក្រុង​បាងកក​យល់ដឹង​ច្បាស់​ពី​ខ្សែ​រថភ្លើង​ទាំង​នេះ​»​។

ក្រុមហ៊ុន AP បាន​ចាប់ផ្ដើម​លក់​គម្រោង​ខុនដូ​ថ្មី​នៅ​បរទេស​កាលពី​ឆ្នាំ​ ២០១៥​។

ក្រុមហ៊ុន AP បាន​តែងតាំង​ក្រុមហ៊ុន BC ឲ្យ​បង្ហាញ​គម្រោង​ខុនដូ​របស់​ខ្លួន​នៅ​ប្រទេស​សិង្ហបុរី ទីក្រុង​ហុងកុង និង​ទីក្រុង​តូក្យូ​។

កាលពី​ឆ្នាំ​មុន​ការ​លក់​តាម​បណ្ដា​ប្រទេស​ទាំង​នោះ និង​ប្រទេស​ចិន​ដោយ​ក្រុមហ៊ុន BC និង​ទីភ្នាក់ងារ​ក្នុង​ប្រទេស​ថៃ​បាន​កើនឡើង​ដល់ ៤ ពាន់​លាន​បាត​ពី​គម្រោង​ខុនដូ​ថ្មី​ចំនួន​ ៣ ដែល​ស្មើនឹង ៣០ ភាគរយ​នៃ​តម្លៃ​លក់​រួម​គ្នា​។

លោក Kayon បញ្ជាក់​ថា​ចំនួន​នេះ​បាន​តំណាង​ឲ្យ ៤០ ភាគរយ​នៃ​ការលក់​សរុប (៩,៧ ​ពាន់​លាន​បាត​) និង​បាន​រួមបញ្ចូល​ទាំង​អ្នក​ទិញ​ជនបរទេស​ដែល​ចូល​មក​ទិញ​ដោយ​ខ្លួនឯង​ក្នុង​ទីក្រុង​បាងកក​ផង​ដែរ​។

អ្នក​ទិញ​នៅ​ទីក្រុង​ហុងកុង​មាន​ចំនួន ៤០ ភាគរយ​នៃ​ការលក់​ដែល​ពាក់ព័ន្ធ​កាលពី​ឆ្នាំ​មុន បន្ទាប់មក​ចិន ៣០ ភាគរយ​ជប៉ុន ១៥ ភាគរយ និង​សិង្ហបុរី ១០ ​ភាគរយ​។

លោក Kayon បាន​ថ្លែង​ថា​អ្នក​ទិញ​នៅ​ទីក្រុង​ហុងកុង​ភាគច្រើន​ជា​ប្រជាជន​មាន​ប្រាក់​ចំណូល​ថ្នាក់​កណ្ដាល​ដែល​ចង់​វិនិយោគ​លើ​អចលនទ្រព្យ ប៉ុន្តែ​មិន​អាច​មាន​លទ្ធភាព​វិនិយោគ​នៅ​ប្រទេស​របស់​ខ្លួន​បាន​។ អ្នក​ទិញ​ទាំង​នោះ​ជា​មធ្យម​កំពុង​ស្វែងរក​ខុនដូ​នៅ​ទីក្រុង​បាងកក​ដែល​មាន​តម្លៃ​ក្រោម ៥ លាន​បាត (១៥០ ពាន់​ដុល្លារ​)​។

ក្រុមហ៊ុន AP មាន​បំណង​រកប្រាក់​ឲ្យ​បាន​ចំនួន ៤,៥ ពាន់​លាន​បាត (១៣៥ លាន​ដុល្លារ​) ពី​ការ​លក់​ខុនដូ​នៅ​បរទេស​ត្រឹម​ចុង​ឆ្នាំ​។

តម្លៃ​ភាគហ៊ុន​ក្រុមហ៊ុន AP បាន​បិទ​ការជួញដូរ​លើ​ផ្សារហ៊ុន​ថៃ​ក្នុង​តម្លៃ ៩,០៥ បាត​ក្នុង​មួយ​ហ៊ុន​ដោយ​កើនឡើង ២០ ​សាតាំង​ដែល​មាន​តម្លៃ​ជួញដូរ​ចំនួន ៦៤,៥ ​លាន​បាត​៕ LA