ភ្នំពេញ: ទឹកជំនន់​ដែល​បង្ក​ដោយសារ​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​ជាច្រើន​ថ្ងៃ​កន្លងមកនេះ​បាន​ជន់លិច​ខណ្ឌ​ដង្កោ​រាជធានី​ភ្នំពេញ​យ៉ាងដំណំ ដែល​បណ្តាល​ឱ្យ​មាន​ការជន់លិច ផ្ទះ បុរី ឃ្លាំង និង​រោងចក្រ​ជាច្រើន​ដែល​នេះ​គឺជា​សញ្ញា​អវិជ្ជមាន​ដល់​វិស័យ​សំណង់ និង​ជា​មេរៀន​ថ្មី​មួយ​ដល់​បណ្តា​អ្នក​អភិវឌ្ឍន៍ និង​អតិថិជន​ក្នុង​ការពិចារណា និង​ធ្វើការ​សម្រេចចិត្ត​មុន​នឹង​ធ្វើការ​វិនិយោគ និង​ទិញ​គឺ​ត្រូវ​គិត​អំពី​ទីតាំង​ភូមិសាស្ត្រ​។

កាលពី​ព្រឹក​ថ្ងៃ​ពុធ សប្តាហ៍​មុន​នៅ​រាជធានី​ភ្នំពេញ​ក្រោយពី​បាក់​ទំនប់​សណ្ដ​ស្ទឹង​ព្រែក​ត្នោត បណ្តាល​ឱ្យ​លំនៅឋាន​ពលរដ្ឋ​ជាច្រើន​ពាន់ខ្នង និង​កំណាត់​ផ្លូវ​ជាច្រើន​កន្លែង​ក្នុង​ខណ្ឌដង្កោ​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​បាន​រង​ការជន់​លិច និង​ហូរ​កាត់​យ៉ាងធ្ងន់ធ្ងរ​ដែល​មិន​អាចធ្វើ​ចរាចរណ៍​ឆ្លងកាត់​បាន​។ ក្នុងស្ថានភាព​ដ៏អាក្រក់​នេះ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ក៏បាន​សម្រេច​បិទផ្លូវ​លេខ ២១៧ ពី​ចម្ការ​ដូង​ទៅ​រង្វង់​មូល​កួរស្រូវ និង​កំណាត់​ផ្លូវលំ​មួយចំនួន​ទៀត​នៅក្នុង​ខណ្ឌ​នេះ​ជា​បណ្តោះអាសន្ន​។

លោក ស៊ឹម តុលា នាយក​រដ្ឋបាល​ខណ្ឌដង្កោ ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ពេល​ថ្មីៗ​នេះ​ថា សង្កាត់​ចំនួន ១១ លើ ១២ សង្កាត់​នៃ​ខណ្ឌដង្កោ​បាន​រង​ការជន់លិច​ដោយ​ជំនន់​ទឹកភ្លៀង និង​ទឹកជំនន់​ស្ទឹងព្រែក​ត្នោត​។

លោក ង៉ែត ជូ អ្នកពិគ្រោះ និង​ផ្តល់​យោបល់​ជាន់ខ្ពស់​ផ្នែក​ទីផ្សារ​ហៅ​កាត់​ថា EMC បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា តាមពិត​តំបន់​ប៉ែក​ខាងត្បូង​នៃ​រាជធានី​ភ្នំពេញ​គឺ​ចំ​មុខទឹក​ចំ​ពី​ស្ទឹង​ព្រែកត្នោត​ហូរ​ចាក់​ពី​ខ្ពង់រាប​ខេត្ត​កំពង់ស្ពឺ​មក ដូច្នេះ​ពេល​ដែល​មាន​ភ្លៀង​ច្រើន​នៅ​តំបន់​ទាំងនោះ​វា​តែងតែ​បង្ក​ឱ្យ​មាន​ទឹកជំនន់ ហើយ​ប្រសិន​មាន​ភ្លៀង​ជាប់​ជាប្រចាំ​ដូច​មួយរយៈ​ពេល​កន្លងមក​នេះ​វា​បាន​បង្ក​ជា​បញ្ហា​គ្រោះមហន្តរាយ​ធំ​ជា​ទឹកជំនន់​ដោយសារ​វិសាលភាព​នៃ​ទឹក​គឺ​ធំ​មែនទែន​។

លោក​បន្តថា​៖ «​បើ​យើង​ពិនិត្យ​មើល​នូវ​ស្ថានភាព​ខណ្ឌដង្កោ​នេះ ឈាន​ទៅ​ដល់​តំបន់​កួរស្រូវ និង​ចូលដល់​កណ្តាលស្ទឹង​នោះ​គឺថា​តំបន់​ទាំងនោះ​វា​ទំនាប​ស្រាប់ ទី​ពីរ​វា​ជា​មុខទឹក ដូច្នេះ​ហើយ​វា​ងាយ​រងគ្រោះ​។ ជាធម្មតា​យើង​អាច​សង្កេតមើល​ប្រហែល​ជា​ ៤ ​ទៅ​ ៥ ​ឆ្នាំ​គឺ​តែងតែ​រងគ្រោះ​ទឹក​ជន់លិច​ម្តង ដូច្នេះ​ប្រសិន​បើ ជា​រៀងរាល់​ ៤ ​ឬ​ ៥ ​ឆ្នាំ​តែងតែ​មាន​ការរងគ្រោះ​ដោយសារ​ទឹកជំនន់​ម្តង​អ៊ីចឹង ការសាងសង់​បុរី រោងចក្រ និង​ឃ្លាំង​នានា​ក៏​អាច​នឹងរង​គ្រោះ​ទៅតាម​នោះ​ផងដែរ​»​។

លោក​ថា៖ «​អ៊ីចឹង​លុះត្រាតែ​រដ្ឋាភិបាល​មាន​វិធីសាស្ត្រ​ដើម្បី​ទប់ស្កាត់​តែ​ខ្ញុំ​គិតថា ការទប់ស្កាត់​ក៏ពិបាក​ដែរ គឺ​យើង​ត្រូវការ​អាង​ស្តុក​ធំ មាន​ប្រព័ន្ធ​ធារាសាស្ត្រ​ធំ​ និង​រឹងមាំ​ជាដើម ដូច្នេះ​គឺ​រដ្ឋ​ត្រូវ​វិនិយោគ​ច្រើន​មែនទែន​។ ដើម្បី​បញ្ចៀស​បញ្ហា​នេះ មិន​ថា អ្នក​សាងសង់​បុរី ឃ្លាំង និង​រោងចក្រ​នានា​ត្រូវ​ពិនិត្យ មើល​ឡើងវិញ​នូវ​ស្ថានភាព​ភូមិសាស្ត្រ ថា​តើ​តំបន់​ទាំងនោះ​វា​ងាយ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ដែរ​ឬ​អត់​? ដូច្នេះ​ហើយ​វា​អាច​ផ្លាស់ប្តូរ​ការគិត​របស់​អ្នក​អភិវឌ្ឍន៍​ទាំងនោះ ងាក​ទៅរក​តំបន់​ដែល​ភូមិសាស្ត្រ​មាន​សុវត្ថិភាព​។ ម្យ៉ាង​វិញទៀត​ទោះបី​ជា​អ្នកអភិវឌ្ឍន៍​មិន​គិតដល់​ចំណុច​នេះ ក៏​អ្នកទិញ​ ឬ​អតិថិជន​ជា​មេរៀន​មួយ​ក្នុង​ការថ្លឹងថ្លែង ត្រិះរិះ​ពិចារណា​ពិនិត្យមើល​តំបន់​ដែល​ងាយ​រងគ្រោះ​ដោយសារ​ទឹកជំនន់ ដូច្នេះ​ចង់​មិន​ចង់​អ្នក​អភិវឌ្ឍន៍​គឺ​គាត់​ប្រាកដ​ណាស់​នឹង​រត់តាម​ទីផ្សារ​»​។

លោកឧកញ៉ា ចេង ខេង ស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ CPL បាន​ស្នើ​ដល់​ម្ចាស់​អភិវឌ្ឍ​គម្រោង​នានា អ្នកទិញ និង​អជ្ញាធរ​នៃ​ខណ្ឌ និង​ខេត្ត​គួរ​ជួប​ពិភាក្សា​គ្នា​ឱ្យបាន​ល្អិតល្អន់​មុន​នឺង​សម្រេច​ធ្វើការ​វិនិយោគ​។

លោក​ថា​៖ «​ធម្មតា នៅក្នុង​ខណ្ឌ​និង​ខេត្ត​នីមួយៗ​តែងតែ​កៀរគរ​អ្នកវិនិយោគ​ដើម្បី​ទៅ​វិនិយោគ​តាម​ខណ្ឌ​របស់​ពួកគាត់ អ៊ីចឹង​ទាល់តែ​អភិបាលខេត្ត អភិបាល ខណ្ឌ និង​អ្នក​អភិវឌ្ឍន៍​ទាំងអស់​គឺ​ត្រូវ​រួមគ្នា​គិត​ធ្វើ​ដូចម្តេច​ដើម្បី​បញ្ចៀស​គ្រោះ​ហានិភ័យ​ដែល​បាន​កើតឡើង​នេះ ដូច្នេះ​គ្រោះទឹកជំនន់​ទឹកភ្លៀង​នេះ​គឺជា​មេរៀន​មួយ​ដ៏ល្អ​សម្រាប់​យើង​ទាំងអស់​គ្នា ទាំង​អ្នកទិញ អ្នក​ធ្វើ​បុរី​ពិចារណា​ល្អិតល្អន់​។ ខ្ញុំ​គិតថា​ទាំង​អ្នក​អភិវឌ្ឍន៍ និង​អ្នកទិញ​គឺ​គាត់​មាន​ភាពវៃឆ្លាត​ក្រោយពី​បាន​ជួប​គ្រោះធម្មជាតិ​ថ្មីៗ​នេះ ហើយ​បើ​មិនមាន​ដំណោះស្រាយ​ល្អ​នោះទេ​ក្នុង​ខេត្ត​ ឬ​ក៏​ខណ្ឌ​នោះ​ប្រាកដជា​ពួកគាត់​មិន​ចង់​វិនិយោគ និង​ប្រឈម​នឹង​ហានិភ័យ​បែបនេះ​ទៀត​ទេ​»​។

យោង​តាម​ក្រសួង​ការងារ​មាន​រោងចក្រ​ចំនួន ៧៩ រង​ផលប៉ះពាល់​ក្នុង​នោះ​រោងចក្រ​ប្រមាណ​ ៤០ ​បាន​ផ្អាក​ចង្វាក់​ផលិតកម្ម និង​ប៉ះពាល់​ដល់​កម្មករនិយោជិត​ប្រមាណ​ជាង ៤ ម៉ឺន​នាក់​៕

វីដេអូ៖