ភ្នំពេញៈ ក្រុមហ៊ុន ចៀន ឈឹងថៃ គ្រុប (Chean Chhoeng Thai Group Co.,Ltd) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនចិន Yuetai Group បានបង្ហាញពីទឹកប្រាក់វិនិយោគជាង ៥០០ លានដុល្លារនៅលើទីតាំងដីតាមមាត់ទន្លេដែលជួលពីកំពង់ផែស្វយ័តភ្នំពេញរយៈពេល ៥០ ឆ្នាំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
ក្រុមហ៊ុន ចៀន ឈឹង ថៃ គ្រុប ទទួលបានសិទ្ធិវិនិយោគដោយជួលដីទំហំ ៩,២៥ ហិកតាតាមបណ្តោយទន្លេសាបពីកំពង់ផែភ្នំពេញក្នុងតម្លៃ ១៦,៥ លានដុល្លារសម្រាប់រយៈពេល ៥០ ឆ្នាំ ដើម្បីអភិវឌ្ឍទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ។
យោងតាមសេចក្តីប្រកាសព័ត៌មាន CDC បានយល់ព្រមចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរឲ្យក្រុមហ៊ុន ចៀន ឈឹង ថៃ គ្រុប ក្រោមទុនវិនិយោគប្រមាណ ៥៣១ លានដុល្លារដោយអាចបង្កើតការងារបាន ២១ ៦៨៤ នាក់។
ការអនុម័តពី CDC នេះបានធ្វើឡើងបន្ទាប់ពីកំពង់ផែស្វយ័តភ្នំពេញកាលពីថ្ងៃទី ១៩ ខែកក្កដាបានចុះហត្ថលេខាជួលដីកំពង់ផែចាប់ពីគល់ស្ពានជ្រោយចង្វារទៅដល់ផ្សាររាត្រីទៅឲ្យក្រុមហ៊ុន ចៀន ឈឹង ថៃ គ្រុប ក្រោយពីដីនេះត្រូវបានរដ្ឋាភិបាលធ្វើអនុប្រយោគពីដីសាធារណៈរបស់រដ្ឋទៅជាដីឯកជនរបស់រដ្ឋដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០១៨។
លោក ឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ឡាក់គី រៀលធី បានឲ្យដឹងថា ទំហំទុនវិនិយោគរបស់គម្រោងនីមួយៗអាស្រ័យលើលក្ខខណ្ឌ ទីតាំង ចំនួនអគារ កម្ពស់ ការរចនា និងរយៈពេលប្រើប្រាស់។
លោកថ្លែងថា៖ «សម្រាប់ទុនវិនិយោគជាង ៥០០ លានដុល្លារនេះខ្ញុំគិតថានឹងមិនមានបញ្ហាអ្វីនោះទេ ព្រោះគម្រោងនេះធំ និងនៅទីតាំងល្អ»។
បើតាមលោក ចណ្ណា ដីនៅទីតាំងល្អជាប់មាត់ទន្លេបែបនេះប្រសិនជាដីកម្មសិទ្ធិឯកជន និងមានប្លង់កម្មសិទ្ធិនោះអាចមានតម្លៃចន្លោះពី ៥០០០ ទៅ ៦០០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
Yuetai Group គឺជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ធំនៅប្រទេសចិនដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៩ និងចូលមកវិនិយោគនៅកម្ពុជាក្នុងឆ្នាំ ២០១១ ដោយបានអភិវឌ្ឍគម្រោងធំៗមួយចំនួនដូចជា East One និង East View ជាដើម។
កំពង់ផែភ្នំពេញកាលពីពាក់កណ្តាលខែសីហាក៏បានជួលដី ១ កន្លែងផ្សេងទៀតទំហំប្រហែល ១០ ហិកតាស្ថិតក្នុងខណ្ឌឫស្សីកែវឲ្យទៅក្រុមហ៊ុនចិន Yunnan Shengmao Investment (Cambodia) Co., Ltd ដើម្បីអភិវឌ្ឍជាមជ្ឈមណ្ឌលពាណិជ្ជកម្ម TCC Triumph ដែលមានតម្លៃវិនិយោគ ១ ពាន់លានដុល្លារ ហើយដីនេះមានរយៈពេលជួល ៤០ ឆ្នាំ ប៉ុន្តែមិនបានបង្ហាញពីតម្លៃជួលនោះទេ។
លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់នៅក្រុមហ៊ុន Emerging Markets Consulting (EMC) បានប្រាប់ថា សម្រាប់គម្រោងដែលមានតម្លៃវិនិយោគរហូតដល់ជាង ៥០០ លានដុល្លារនេះ ប្រសិនបើចេញជារូបរាងមែននោះវានឹងផ្តល់ប្រយោជន៍សេដ្ឋកិច្ចយ៉ាងច្រើនដល់កម្ពុជា ដូចជាបង្កើតការងារ និងទទួលបានកម្រៃពីការជួលដីជាដើម។
លោកថ្លែងថា៖ «ការវិនិយោគ និងភ្ញៀវដែលចូលមកកម្ពុជានាពេលនេះភាគច្រើនគឺជាជនជាតិចិន ដូច្នេះភាពជោគជ័យរបស់គម្រោងធំបែបនេះក៏អាស្រ័យលើអតិថិជនចិនដែរ។ និន្នាការទីផ្សារនៅកម្ពុជានាពេលនេះកំពុងឆ្ពោះទៅកាន់វិនិយោគិនចិនកាន់តែច្រើនជាលំដាប់»៕LA