The Phnom Penh Post Search

Search form

ដី​ធ្លី​នៅ​តាម​មាត់​ទន្លេ​ អាច​ជា​ចំណាប់​អារម្មណ៍​ពី​គម្រោង​ធំៗ ​ឯ​លំនៅឋាន​នៅ​តាម​ច្រាំង​ទន្លេ​ប្រឈម​នឹង​គ្រោះថ្នាក់

Content image - Phnom Penh Post
ទិដ្ឋ​ភាព​លំនៅ​ឋាន​របស់​ពលរដ្ឋ​នៅ​តាម​មាត់​ច្រាំង​ទន្លេ​មួយ​កន្លែង​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ ផា លីណា

ដី​ធ្លី​នៅ​តាម​មាត់​ទន្លេ​ អាច​ជា​ចំណាប់​អារម្មណ៍​ពី​គម្រោង​ធំៗ ​ឯ​លំនៅឋាន​នៅ​តាម​ច្រាំង​ទន្លេ​ប្រឈម​នឹង​គ្រោះថ្នាក់

ជារឿយៗ​មិន​ថា​នៅ​ក្នុង​រដូវវស្សា ឬ​រដូវ​ប្រាំង​ទេ គឺ​តែង​លេច​ឮ​អំពី​ព័ត៌មាន​បាក់​ស្រុត​ផ្ទះ ឬ​ដី​ភូមិ​នៅតាម​ជួរ​បណ្តោយ​មាត់​ទន្លេ​នានា​នៅក្នុង​ប្រទេស​កម្ពុជា និង​ថ្វីបើ​ករណី​គ្រោះថ្នាក់​បែបនេះ​បានកើត​ឡើង​ក៏​ពិត​មែន ក៏ប៉ុន្តែ​មាន​ប្រជាជន​រាប់ពាន់​គ្រួសារ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ បាន​និង​កំពុង​បន្ត​ជីវភាព​រស់នៅ​របស់ខ្លួន​ជា​ធម្មតា ខណៈ​អ្នក​ឯកទេស​ខាង​អចលនទ្រព្យ​បាន​អះអាង​ថា ដី​នៅ​​ម្ខាង​ផ្លូវ​នៃ​ជួរ​មាត់ទន្លេ​មាន​ហាង​ឆេង​ល្អ​ជាង ​សម្រាប់​ដី​ឡូតិ៍​ធំៗ​មាន​ទំហំ​ដូច​គ្នា​។

រាជធានី​ភ្នំពេញ គឺជា​ដែន​ដី​សណ្ត​ដែល​ប្រជុំ​ដោយ​ទន្លេ​ធំៗ​ចំនួន​៤ គឺ ១-​ទន្លេ​មេគង្គ​លើ​, ២-​ទន្លេ​មេគង្គ​ក្រោម​, ៣-​ទន្លេសាប​, និង ៤-​ទន្លេបាសាក់​។

ក្រៅ​អំពី​ការ​ផ្តល់​ជា​មធ្យោបាយ​គមនាគមន៍​ផ្លូវទឹក​នៅតាម​ដង​ទន្លេ និង​តំបន់​សម្បូរ​ដោយ​ដី​មាន​ជីជាតិ​សម្រាប់​កសិកម្ម ទីនោះ​ក៏​ជា​ភូមិស្ថាន​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​តាំងទី​លំនៅ​រស់នៅ​តាំង​ពី​រាប់ពាន់​ឆ្នាំ​មកហើយ ប៉ុន្តែ​នា​យុគសម័យ​ទំនើប​នេះ​ដោយ​សារ​កំណើន​ប្រជាសាស្ត្រ និង​តម្លៃ​ដីធ្លី​មាន​តម្លៃខ្ពស់​ទៅៗ នៅឯ​តាម​ច្រាំង​ទន្លេ​ទាំង​ឡាយ​ក៏​ស្ទើរតែ​ក្លាយជា​ទីកន្លែង​សង់​លំនៅឋាន​របស់​ពលរដ្ឋ​កម្ពុជា​ក្រីក្រ​ជាច្រើន​ពាន់​គ្រួសារ​ផងដែរ​។

តើ​នៅ​ក្នុង​ច្បាប់​ភូមិបាល​របស់​រាជរដ្ឋាភិបាល​បច្ចុប្បន្ន ប្រជាជន​ទាំង​នោះ​អាច​ទទួល​បាន​សិទ្ធិ​ស្រប​ច្បាប់​ឬទេ ក្នុង​ការ​កាន់​កាប់​អចលនទ្រព្យ​នោះ​? ចុះ​ចំណែក​ឯ​នៅ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​វិញ ដីធ្លី​នៅ​តាម​ជួរ​មាត់​ទន្លេ​នោះ​មាន​ហាង​ឆេង​យ៉ាង​ណា​ដែរ​?

លោក ច្រឹក សុខនីម អគ្គនាយក​ក្រុមហ៊ុន Century21 Cambodia បាន​ថ្លែង​ថា ជា​ទូទៅ​ដីធ្លី​នៅ​ក្បែរ​មាត់​ទន្លេ​មាន​លក្ខណៈ​អំណោយ​ផល​ល្អ​ពី​ធម្មជាតិ​ផ្នែក​ខាង​បរិស្ថាន​។ លោក​បញ្ជាក់​ថា​ ៖ «​បរិស្ថាន​ល្អ ផ្តល់​បរិយាកាស​ខ្យល់​អាកាស​ល្អ​បរិសុទ្ធ មាន​ទេសភាព​ស្អាត វា​ជា​កត្តា​ជួយ​ឲ្យ​ជីវិត​រស់​នៅ​ល្អ​ប្រសើរ ដូច្នេះ​អាច​និយាយ​បាន​ថា តម្លៃ​ដី​នៅ​តំបន់​នោះ​វា​ក៏មាន​ហាង​ឆេង​ល្អ​ដែរ»។

នៅ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​វិញ លោក សុខ​នីម បាន​បញ្ជាក់ ថា​ ៖ «​កាល​ណា​យើង​និយាយ​អំពី​ទីផ្សារ​អចលនទ្រព្យ គឺ​ត្រូវ​គិត​អំពី​ភាព​ស្រប​ច្បាប់​របស់​អចលនទ្រព្យ​នោះ​» ដូច្នេះ​អ្នកវិនិយោគ​គេ​តែងតែ​គិត​យ៉ាង​ច្បាស់​លាស់​អំពី​ភាព​ស្រប​ច្បាប់​របស់ទ្រព្យ​នោះ​មុននឹង​គេ​បោះទុន​វិនិយោគ ពួ​ក​គេ​ក៏​ចង់ដឹង​ផង​ដែរ​ថា វា​មានការ​ប៉ះពាល់​ដែរឬទេ​ក្នុងការ​អភិវឌ្ឍ​ទៅ​ថ្ងៃ​ខាងមុខ​។

លោក​លើក​ឧទាហរណ៍​មក​បញ្ជាក់​ថា​ ៖ «​ដូច​ជា គេ​ត្រូវ​ដឹង​ច្បាស់​អំពី​ចន្លោះ​ចម្ងាយ​ស្រប​ច្បាប់​ពី​មាត់ទន្លេ ឬ​ក៏​ផ្លូវ​ទឹក​នោះ នោះ​ទើប​គេ​អាច​ធ្វើ​ការវិនិយោគ ហើយ​ភាគច្រើន​ទំហំ​ដីឡូត៍​ធំៗ នៅតាម​មាត់​ទន្លេ​វិនិយោគិន​និយម​សាងសង់​សំណង់​ខ្ពស់ៗ ជា​សណ្ឋាគារ និង​អាផាត​មិន​ខ្ពស់ៗ ព្រោះ​ទីនោះ​មាន​ភាព​ទាក់​​ទាញ​ស្រាប់​ពី​ធម្មជាតិ​»​។

ស្រប​ទៅ​នឹង​ការ​ពន្យល់​របស់​លោក សុខនីម ដែរ លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នកវាយ​តម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​បញ្ជាក់​បន្ថែមថា​ ៖ «និយាយ​ឲ្យ​ខ្លី​ទៅ​ដីឡូត៍​នៅ​ខាង​ជួរ​មាត់​ទន្លេ​ច្រើន​ទាក់ទាញ​គម្រោង​​វិនិយោគ​ធំៗ ខ្ពស់ៗ និង​លក្ខណៈ​ពហុ​បំណង ច្រើនជាង​ជា​លក្ខណៈ​តូចតាច ឬ​តាម​រូប​ភាព​ជា​គ្រួសារ ព្រោះ​ទីតាំង​មាត់ទន្លេ​មាន​អំណោយ​​ផល​ល្អ​ពី​ធម្ម​ជាតិ​»​។

ទោះ​ជា​យ៉ាង​ណា លោក ហ៊ាង បាន​បញ្ជាក់​ថា​ ៖ «​នៅ​កម្ពុជា ជា​ពិសេស​នៅ​ទីក្រុង​ភ្នំពេញ មាន​ដីធ្លី​នៅតាម​មាត់ទន្លេ​ជាច្រើន ដែល​ជា​ចំណុច​ទាក់ទាញ​សម្រាប់​អ្នក​វិនិយោគ​គម្រោង​ធំៗ​ទាំង​សណ្ឋាគារ រី​សត អា​ផាត​មិន និង​ខុនដូ ជាដើម​» ប៉ុន្តែ​យើង​នៅ​ពុំទាន់​មាន​ភាព​ច្បាស់​លាស់​អំពី​គម្លាត​ចម្ងាយ​ប៉ុន្មាន​ម៉ែត្រ​ពី​មាត់​ទន្លេ​ដែល​អាច​ឲ្យ​សំណង់​ធំៗ​សាងសង់​នៅ​លើ​ដី​តាម​មាត់​ទន្លេ​បាន​។

​លោក គីម ហ៊ាង បាន​បង្ហាញ​ជា​ឧទាហរណ៍​ថា សម្រាប់​ដី​នៅ​ភាគ​ខាង​ជើង​ទីក្រុង​ភ្នំពេញ ស្ថិត​នៅតាម​ផ្លូវ​ជាតិ​លេខ​៥ ដែល​ម្ខាង​ជាប់​​ទៅនឹង​ដង​ទន្លេ​សាប គឺ​«​បើ​យើង​ធ្វើដំណើរ​ចេញពី​ភ្នំពេញ ទៅ​នៅ​ខាងស្តាំ​ដៃ​ជួរ​នោះ​ហើយ​ដែល​មាន​ភាព​ទាក់ទាញ​។

លោក​បន្ត​ថា ​៖ «​ប៉ុន្តែ​នាពេល​បច្ចុប្បន្ន​នេះ ប្រជា​ពលរដ្ឋ​ដែល​លោក​មានផ្ទះ​សំបែង​នៅ​ជាប់​នឹង​មាត់ទន្លេ​(ច្រាំង​ទន្លេ​)​នោះ គឺ​ទារ​តម្លៃ​ថ្លៃ​ដី​របស់គាត់​ប្រហែល​ជា​ជុំវិញ ១ ០០០ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​​ការរ៉េ [​ខណៈ​ដែល​ដី​នោះ​អត់​មាន​ប្លង់​ត្រឹមត្រូវ​ផង​] គឺ​វា​ថ្លៃ​ខ្ពស់​បន្តិច​ហើយ​»​។

​ពាក់​ព័ន្ធ​ទៅ​នឹង​លំនៅឋាន​ធម្មតា​របស់​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្តោយ​ច្រាំងទន្លេ​ជាច្រើន​ទីតាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នោះ លោក សុខ សម្បត្តិ អភិបាល​ខណ្ឌ​ព្រែក​ព្នៅ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ដង​ទន្លេសាប និង​មាន​ប្រជា​ពលរដ្ឋ​រស់នៅ​ទីនោះ​ច្រើន​កុះករ បាន​ថ្លែងថា​ ៖ «ភាគ​ច្រើន​បងប្អូន​យើង​លោក​បាន​ទៅ​រស់​នៅ​តាម​មាត់ទន្លេ ឬ​ច្រាំងទន្លេ​ទាំងនោះ​ជា​យូរ​ឆ្នាំ​តាំង​ពី​ឆ្នាំ​ ១៩៧៩ មក​ហើយ ហើយ​ច្បាប់​ភូមិបាល​របស់​យើង​ក៏​ទើប​នឹង​​មាន​នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៩០​ប្លាយ​នេះ​ទេ ដូច្នេះ​វា​ពិត​ជា​​មាន​ផល​លំបាក​ក្នុង​កំណត់​តម្រូវ​តាម​ច្បាប់​»​។

លោក​អភិបាល​បាន​បន្ត​ថា​ ៖ «​រហូត​មក​ទល់​ពេល​នេះ យើង​ពុំ​ទាន់​ដឹងថា តើ​ច្បាប់​ភូមិបាល​កំណត់​ចម្ងាយ​ប្រវែង​ប៉ុន្មាន​ម៉ែត្រ​ពី​អ័ក្ស​ទន្លេ ឬ​ពី​មាត់​ទន្លេ ដើម្បី​អាច​​កំណត់ ឬ​វាស់វែង​ផ្តល់​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​ជូន​ដល់​ប្រជាជន​របស់​យើង​» ជា​ម្ចាស់​អចលនទ្រព្យ​នៅតាម​មាត់​ទន្លេ ឬ​ច្រាំង​ទន្លេ​ទាំង​នោះ​។

លោក​បញ្ជាក់​ថា ​៖ «​តាម​តួលេខ​បឋម​ដែល​ក្រុម​របស់ខ្ញុំ​ធ្លាប់បាន​ចុះបញ្ជី​កាលពី​ប៉ុន្មាន​ឆ្នាំ​មុននេះ គឺ​គ្រាន់​នៅ​ក្នុង ២​សង្កាត់ គឺ​សង្កាត់​ព្រែក​ព្នៅ និង​សង្កាត់​សំរោង មាន​ចំនួន​ប្រជាជន​ប្រមាណ ១​ពាន់​គ្រួសារ ទៅ​ហើយ​​ដែល​លោក​បាន​នឹង​កំពុង​រស់នៅ​នៅតាម​មាត់​ទន្លេ ឬ​ច្រាំង​ទន្លេ​»។

លោក ម៉េត មាស​ភក្តី អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​ប៉ុស្តិ៍​អចលនទ្រព្យ តាម​ទូរស័ព្ទ កាលពី​ម្សិល​មិញ​ថា​ ៖ «​តាម​អ្វី​ដែល​ខ្ញុំ​ធ្លាប់​បាន​ដឹង គឺ​ខាង​សាលា​រាជ​ធានី​ភ្នំពេញ បាន​កំណត់​អំពី​ចម្ងាយ ឬ​គម្លាត​ចេញពី​មាត់​ទន្លេ​ច្បាស់លាស់​រួច​ហើយ ប៉ុន្តែ​ខ្ញុំ​អត់​ចាំ​តួលេខ​នោះទេ​»៕

អត្ថបទគួរចាប់អារម្មណ៍