The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ឌឹត ចណ្ណា និយាយ​អ្វី​ខ្លះ ​ពី​អចលន​ទ្រព្យ​នៅ​ច្រក​ព្រំដែន?

ឌឹត ចណ្ណា និយាយ​អ្វី​ខ្លះ ​ពី​អចលន​ទ្រព្យ​នៅ​ច្រក​ព្រំដែន?

Content image - Phnom Penh Post
លោក ឌឹត ចណ្ណា នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ ឡាក់គី រៀលធី ក្នុង​បទសម្ភាស​ជាមួយ​ភ្នំពេញ ប៉ុស្តិ៍។ ហឹុន ពិសី

ឌឹត ចណ្ណា និយាយ​អ្វី​ខ្លះ ​ពី​អចលន​ទ្រព្យ​នៅ​ច្រក​ព្រំដែន?

ភ្នំពេញៈ ​បច្ចុប្បន្ន​ក្រៅ​ពី​តំបន់​មាត់​សមុទ្រ​​របស់​ប្រទេស ​កម្ពុជា ​អចលន​ទ្រព្យ​នៅ​តំបន់​ច្រក​ព្រំដែន​​អន្តរ​ជាតិ​ជា​មួយ​នឹង​ប្រទេស​ជិត​ខាង​ គឺ​ក្រុង​ប៉ោយប៉ែត ​និង​​ក្រុង​បាវិត ត្រូវ​​​គេ​មើល​ឃើញ​ថា ​កំពុង​មាន​សម្ទុះ​យ៉ាង​ខ្លាំង​ដោយ​តម្លៃ​​បាន​កើន​ឡើង​ជិត​ទ្វេ​ដង​នៅ​ផ្នែក​ខ្លះ ​ក្នុង​រយៈ​ពេល​ ១ ​ឆ្នាំ​ចុង​ក្រោយ​នេះ​​។

កំណើន​តម្លៃ​អចលន​ទ្រព្យ​នៅ​​តំបន់​ច្រក​អន្តរ​ជាតិ​ផ្លូវ​គោក​ទាំង ​២ នេះ​ត្រូវ​បាន​ជំរុញ​ឲ្យ​ការ​មក​ដល់​នៃ​វិនិយោគិន​បរទេស ដែល​បាន​ធ្វើ​ឲ្យ​តម្លៃ​អចលន​ទ្រព្យ​​នៅ​ក្នុង​តំបន់​សំខាន់​ៗ​របស់​​កម្ពុជា​បាន​ហក់​ឡើង​រួច​ទៅ​ហើយ​។ ក្រៅ​តែ​ពី​ច្រក​ឆ្លង​កាត់ និង​ចរាចរ​ទំនិញ ​តំបន់​ទាំង​ ​២ ​នេះ​ជា​ទី​ទាក់ទាញ​​ទេសចរ​​ល្បែង​ដ៏​សំខាន់​របស់​កម្ពុជា។

លោក ​ឌឹត ​ចណ្ណា ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អចលន​ទ្រព្យ ​ឡាក់​គី រៀលធី ​កាល​ពី​ចុង​សប្តាហ៍​មុន​បាន​ជួប​សន្ទនា​ជា​មួយ​អ្នក​យក​ព័ត៌​មាន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ​ដើម្បី​ពិភាក្សា​អំពី​សក្តានុពល ​និង​ដំណើរ​វិវឌ្ឍន៍​នៃ​ទីផ្សារ​អចលន​ទ្រព្យ​​ក្នុង​តំបន់​ទាំង ​២ នេះ ​ដែល​ជា​កន្លែង​មាន​អ្នក​ដំណើរ និង​ទំនិញ​ឆ្លង​កាត់​​តាម​​ផ្លូវ​គោក​ច្រើន​ជាង​គេ​​នៅ​​កម្ពុជា​។

ហេតុ​អ្វី​បាន​​វិស័យ​អចលន​ទ្រព្យ​ ​កំពុង​មាន​សម្ទុះ​លឿន​នៅ​តំបន់​ទាំង ​២ ​នេះ?​

បន្ទាប់​ពី​រាជធានី​ភ្នំពេញ ​និង​ បណ្តា​ខេត្ត​នៅ​ជាប់​មាត់​សមុទ្រ​ដូច​ជា​ ​ព្រះសីហនុ ​កំពត ​និង​ខេត្ត​​កែប ខ្ញុំ​គិត​ថា ​ក្រុង​ប៉ោយប៉ែត ​និង​ក្រុង​បាវិត ​ជា​ទីតាំង​ដែល​តម្លៃ​អចលន​ទ្រព្យ​​​កំពុង​មាន​សម្ទុះ​ទីផ្សារ​ល្អ​ជាង​គេ​។ តាម​ពិត​ទៅ​វិស័យ​​អចលន​ទ្រព្យ​​នៅ​តំបន់​​ច្រក​ទ្វារ​​អន្តរ​ជាតិ​​ទាំង ​២ ​នេះ​មាន​ទីផ្សារ​ល្អ​ជា​​យូរ​មក​ហើយ ​តែ​អ្វី​ដែល​ពិសេស​នោះ​គឺ​កាល​ពី​ឆ្នាំ​មុន​រហូត​​មក​ដល់​ពេល​នេះ គឺ​​វា​បាន​​​ចាប់​ផ្តើម​ស្ទុះ​ឡើង​ខ្លាំង​ខណៈ​​មាន​វិនិយោគិន​ក្នុង​ស្រុក ​និង​បរទេស​​ ពិសេស​ជនជាតិ​​ចិន​​​បាន​​នាំ​គ្នា​ទៅ​ទិញ​ដី​នៅ​ទីនោះ​​ដើម្បី​វិនិយោគ​។

សម្រាប់​ខ្ញុំ ​កត្តា​ស្ថិរភាព​នយោបាយ ​កំណើន​សេដ្ឋកិច្ច ​និង​​​ការ​បញ្ចេញ​ទុន​វិនិយោគ​ពី​សំណាក់​​វិនិយោគិន​​ក្នុង​ស្រុក ​និង​​បរទេស​គឺ​ជា​​ហេតុផល​ចម្បង​ដែល​ធ្វើ​ឲ្យ​តម្លៃ​​អចលន​ទ្រព្យ​នៅ​ក្រុង​ប៉ោយប៉ែត ​និង​ក្រុង​បាវិត​​កម្រើក​ឡើង​ខ្លាំង​នា​រយៈ​ពេល​ជាង​ ១ ​ឆ្នាំ​​មក​នេះ។ ជា​តំបន់​នៅ​​ជាប់​ព្រំដែន ​បច្ចុប្បន្ន​​​ក្នុង​ក្រុង​ប៉ោយប៉ែត ​និង​បាវិត ​មាន​គម្រោង​វិនិយោគ​​ធំ​ៗ​ជា​ច្រើន​ដូច​ជា​ តំបន់​សេដ្ឋកិច្ច​ពិសេស ​ផែ​ស្ងួត ​រោងចក្រ សិប្បកម្ម ​សណ្ឋាគារ ​កាស៊ីណូ ​ជា​ដើម​។ ​

គម្រោង​ទាំង​នោះ​ភាគ​ច្រើន​ត្រូវ​បាន​វិនិយោគ​ដោយ​ជនជាតិ​​ខ្មែរ ​ចិន​ ជប៉ុន​ ថៃ​ និង​វៀតណាម​ ជា​ដើម​។​​ស្ថានភាព​សំណង់ និង​ការ​អភិវឌ្ឍ​​នៅ​ក្រុង​ប៉ោយប៉ែត​ និង​បាវិត នា​ពេល​នេះ​បើ​ធៀប​ទៅ​រយៈ​​ពេល ២​-​៣​ ឆ្នាំ​មុន ​គឺ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ច្រើន ​ដោយ​ពេល​នេះ​គេ​ឃើញ​មាន​សំណង់​អគារ​ធំ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ​និង​តំបន់​សេដ្ឋកិច្ច​រីក​ព្រោង​ព្រាត​​​។

តើ​​តម្លៃ​​អចលន​ទ្រព្យ​នៅ​ក្នុង​តំបន់​ទាំង ​២ នេះ​ខុស​គ្នា​ដូច​ម្តេច ​បើ​ធៀប​នឹង​ដើម​ឆ្នាំ​មុន​?

សម្រាប់​តម្លៃ​អចលន​ទ្រព្យ​​​ក្នុង​​ក្រុង​ប៉ោយប៉ែត​ និង​ក្រុង​បាវិត​បើ​ធៀប​នឹង​ដើម ​ឆ្នាំ២០១​៨​ ខ្ញុំ​អាច​វាយ​តម្លៃ​ថា​​​កើន​ឡើង​ជា​មធ្យម​ក្នុង​រង្វង់​ពី​ ​២០ ​ទៅ​ ៣០ ​ភាគរយ​​ តែ​ក៏​មាន​កន្លែង​ខ្លះ​បាន​​កើន​ឡើង​ជិត​ទ្វេ​ដង​ផង​ដែរ ពិសេស​នៅ​តំបន់​ពាណិជ្ជកម្ម​ប្រមូល​ផ្តុំ​។ បច្ចុប្បន្ន​​​ក្នុង​​​ក្រុង​​ប៉ោយប៉ែត ​ទីតាំង​តំបន់​​ពាណិជ្ជកម្ម​ ​អាច​មាន​តម្លៃ​ចន្លោះ​​ពី​ ១ ៥០០ ​​ទៅ ​២ ០០០ ​ដុល្លារ​ក្នុង ​១ ​ម៉ែត្រ​ការ៉េ ​តំបន់​លំនៅឋាន​ ​មាន​តម្លៃ​ពី​ ២០០ ​ទៅ​ ​៣០០ ​​ដុល្លារ​ និង​តំបន់​ជាយ​ក្រុង​​មាន​តម្លៃ​​ពី ​៣០ ​ ទៅ​ ​១០០ ដុល្លារ​។

សម្រាប់​​ក្រុង​បាវិត ​អចលន​ទ្រព្យ​​​តំបន់​ល្អ​បំផុត​​អាច​មាន​តម្លៃ​ចន្លោះ​ពី​ ១ ០០០ ​ទៅ​ ១ ៥០០ ដុល្លារ​ក្នុង ​១ ​ម៉ែត្រ​ការ៉េ តំបន់​លំនៅឋាន​មាន​តម្លៃ​ពី​ ១០០​ ទៅ ​២០០ ​ដុល្លារ​ និង​តំបន់​ជាយ​ក្រុង​មាន​តម្លៃ​​ពី ​៣០ ​ទៅ ​៥០​ ​ដុល្លារ​។ ជា​រួម​យើង​​ឃើញ​ថា​ តម្លៃ​អចលន​ទ្រព្យ​នៅ​ក្រុង​បាវិត​នៅ​​ទាប​​ជាង ​​​ក្រុង​ប៉ោយប៉ែត​។​​

តើ​​អ្នក​គិត​ថា​ តម្លៃ​អចលន​ទ្រព្យ​​ក្នុង​ក្រុង​ទាំង​ ២ នឹង​មាន​ការ​ប្រែប្រួល​កម្រិត​ណា​ដែរ​?

ជា​មួយ​នឹង​បទ​ពិសោធ ​រយៈ​ពេល​​ជាង​ ១០ ​ឆ្នាំ ខ្ញុំ​គិត​ថា​ដោយ​សារ​ក្រុង​ទាំង ​២ ​កំពុង​ស្រូប​ទាញ​នូវ​ចំណាប់​អារម្មណ៍​យ៉ាង​ច្រើន​ពី​អ្នក​វិនិយោគ​នោះ ​ដូច្នេះ​តម្លៃ​អចលន​ទ្រព្យ​នៅ​ដំណាច់​​ឆ្នាំ​ ២០១៩ ​នេះ​​នឹង​មាន​កំណើន​ដូច​ឆ្នាំ​មុន​ ឬ​ច្រើន​លើស​ឆ្នាំ​មុន​ផង​នៅ​តំបន់​ខ្លះ​។ វិនិយោគិន​​​ចិន​បាន​រួម​ចំណែក​យ៉ាង​ច្រើន​​ក្នុង​ការ​ជួយ​​លើក​កម្ពស់​​វិស័យ​អចលន​ទ្រព្យ​នា​ពេល​​នេះ​។​​ សម្រាប់​រយៈ​ពេល ​៣-៤ ​ឆ្នាំ​ខាង​មុខ​ ប្រសិន​​បើ​កម្ពុជា​​នៅ​តែ​អាច​រក្សា​បាន​​ស្ថិរភាព​​នយោបាយ និង​កំណើន​សេដ្ឋកិច្ច​ល្អ​ប្រសើរ​នោះ ខ្ញុំ​គិត​​​ថា តម្លៃ​អចលន​ទ្រព្យ​នឹង​បន្ត​កើន​ឡើង​ជា​លំដាប់​។​​

ហេតុ​អ្វី​បាន​ជា​​​វិស័យ​អចលន​ទ្រព្យ​នៅ​​​ក្រុង​ប៉ោយ​ប៉ែត​ ល្អ​ជាង​​​​បាវិត?

ជា​រួម​ស្ថានភាព​អចលន​ទ្រព្យ​​នៅ​ក្រុង​ប៉ោយប៉ែត គឺ​ល្អ​ជាង​ក្រុង​បាវិត​។ បើ​​​ទោះ​បី​បច្ចុប្បន្ន​ការ​អភិវឌ្ឍ​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​សកម្មភាព​សេដ្ឋកិច្ច​នៅ​​ក្រុង​បាវិត​ហាក់​នៅ​​​យឺត​ជាង​​​ក្រុង​ប៉ោយប៉ែត​បន្តិច​មែន​ក៏​ដោយ​ប៉ុន្តែ​ខ្ញុំ​ជឿ​ថា​ នៅ​ពេល​ឆាប់​ៗ​នេះ​ ក្រុង​ទាំង​ ២ ​នឹង​​​រីក​ចម្រើន​ខ្លាំង​ប្រហាក់​ប្រហែល​​​គ្នា ព្រោះ​នៅ​ពេល​មាន​​វិនិយោគ​​ចូល​មក​កាន់​តែ​ច្រើន​ នឹង​ធ្វើ​ឲ្យ​​​ចំនួន​មនុស្ស​ចូល​ទៅ​រស់​នៅ​កើន​ឡើង ​ពេល​នោះ​​សកម្មភាព​​សេដ្ឋកិច្ច​ក៏​នឹង​រីក​ទៅ​តាម​នោះ​ដែរ។

ត្រង់​ចំណុច​នេះ​ខ្ញុំ​អាច​និយាយ​​ថា ​ដោយ​សារ​ក្រុង​បាវិត​មិន​ទាន់​​​រីក​ចម្រើន​ខ្លាំង​​ដូច​ក្រុង​ប៉ោយប៉ែត​ ដូច្នេះ​តម្លៃ​ដី​ក៏​នៅ​ធូរ​ដែរ ​ដែល​នេះ​អាច​​ជា​ឱកាស​ល្អ​មួយ​​សម្រាប់​វិនិយោគិន​ក្នុង​ការ​ទិញ​ដី​សម្រាប់​វិនិយោគ​​អ្វី​មួយ​​​។

ទោះ​យ៉ាង​ណា ​មុន​សម្រេច​ចិត្ត​​​វិនិយោគ​លើ​អ្វី​មួយ ​គេ​​ត្រូវ​តែ​សិក្សា​ពី​តម្រូវ​ការ​ទីផ្សារ​ឲ្យ​បាន​ច្បាស់​ជា​មុន​សិន។

ឧទាហរណ៍​ក្រុង​ព្រះ​សីហនុ​ ដែល​កាល​ពី ​២-៣ ​ឆ្នាំ​មុន​មាន​កង្វះ​ខាត​កន្លែង​ស្នាក់​នៅ ​ការិយាល័យ​ និង​សណ្ឋាគារ​ ជា​ច្រើន​នោះ​ ពេល​នេះ​តម្រូវ​​​ការ និង​ការ​ផ្គត់ផ្គង់​​ស្ទើរ​តែ​​​សមាមាត្រ​នឹង​គ្នា​​​ទៅ​​ហើយ​។​

ជា​ទស្សនៈ​របស់​លោក​ តើ​ព្រំ​​ដែន​កន្លែង​ណា​នឹង​ក្លាយ​ជា​តំបន់​បន្ទាប់​ទៀត?

ខ្ញុំ​គិត​ថា ​ច្រក​ព្រំដែន​ព្រំ​របស់​ខេត្ត​ប៉ៃលិន និង​ច្រក​ជ្រៃធំ​ របស់​ខេត្ត​កណ្តាល ​គឺ​ជា​កន្លែង​​​មាន​​សក្តានុពល​បន្ទាប់​ពី​ក្រុង​ប៉ោយប៉ែត​ និង​ក្រុងបាវិត​ ខណៈ​​បច្ចុប្បន្ន​នេះ​ចរាចរណ៍​ទំនិញ​ឆ្លង​កាត់​ទី​នោះ​មាន​កំណើន​ជា​លំដាប់​៕LA

អត្ថបទគួរចាប់អារម្មណ៍