ភ្នំពេញៈ ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ បាន​ធ្វើឲ្យ​តម្រូវការ​ឃ្លាំង​ជួល​ស្តុក​ទំនិញ​ធ្លាក់ចុះ ខណៈ​តម្លៃ​ហាក់​នៅ​មិនទាន់​មាន​ការប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់​ទេ​មកដល់​ពេល​នេះ​។ នេះ​បើ​យោងតាម​អ្នកជំនាញ​វិស័យ​អចលនទ្រព្យ​កម្ពុជា​។

រហូត​មក​ដល់​ពេលនេះ​មិនមាន​ស្ថាប័ន​ណាមួយ​បាន​សិក្សា​ពី​បរិមាណ​ផ្ទៃ​ឃ្លាំង​ជួល​នៅ​កម្ពុជា​ទេ​។

លោក សំ សុខនឿន អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ KW សែនសុខ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា តម្រូវការ​ឃ្លាំង​ជួល​បាន​ធ្លាក់ចុះ​ចាប់​តាំងពី​ដើមឆ្នាំ​ ២០២០ មក​ដោយសារ​តែ​រដ្ឋាភិបាល​សម្រេច​បិទ​អាជីវកម្ម​ល្បែងភ្នាល់​តាម​អនឡាញ ប៉ុន្តែ​អ្វីដែល​ធ្ងន់ធ្ងរ​នោះ​គឺ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ដែល​ប្រទេស​នីមួយៗ​បាន​សម្រេច​បិទ​ការធ្វើដំណើរ និង​ដឹកជញ្ជូន​ទំនិញ ហេតុនេះ​តម្រូវការ​ឃ្លាំង​ស្តុក​ក៏​បាន​ធ្លាក់ចុះ​ទៅតាម​នោះដែរ​។

លោក​បន្តថា តម្រូវការ​ឃ្លាំង​ជួល​មាន​បរិមាណ​ច្រើន​កាលពី​ឆ្នាំមុន ដោយ​ភាគច្រើន​ជួល​ពី​សំណាក់​វិនិយោគិន​បរទេស (​ជនជាតិ​ចិន​) ​និង​ប្រជាជន​ក្នុង​ស្រុក​តិចតួច​។

លោក​ថ្លែងថា​៖ «​ជំងឺ​កូវីដ​​ ១៩ បាន​ធ្វើឲ្យ​បង្អាក់​ដល់​ភាពល្អប្រសើរ​របស់​ទីផ្សារ​នេះ​យ៉ាងច្រើន​។ ការធ្លាក់ចុះ​ពេលនេះ​គឺ​ជាប់ទាក់ទង​នឹង​តម្រូវការ​តែប៉ុណ្ណោះ ខណៈ​តម្លៃ​មិនទាន់​មាន​ការប្រែប្រួល​ទេ​»​។

ឃ្លាំង​ជួល​ត្រូវ​ចែកចេញជា ២ ​ប្រភេទ​គឺ​ការជួល​ដី​យក​ទៅ​សាងសង់​ឃ្លាំង​ដោយ​ខ្លួនឯង និង​ឃ្លាំង​ជួល​ដែល​ម្ចាស់​ទីតាំង​បានរៀបចំ​ឃ្លាំង​រួចរាល់​។ នេះ​បើ​យោងតាម​លោក សុខនឿន​។

សម្រាប់​ភ្នំពេញ និង​បណ្តា​ខេត្ត​នៅជាប់​ភ្នំពេញ ដី​ជួល​សម្រាប់​សង់​ឃ្លាំង អាចមាន​តម្លៃ​ចន្លោះ​ ០,៥ ​ដុល្លារ​ ដល់ ២,៥ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ ហើយ​ការជួល​ភាគច្រើន​មាន​កិច្ចសន្យា​រយៈពេល ៥-១០ ​ឆ្នាំ​។

លោក​បន្តថា ភាពល្អប្រសើរ​នៃ​ទំនាក់ទំនង​អន្តរជាតិ និង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ជាច្រើន​លើ​ពិភពលោក ពិសេស​ប្រទេស​ចិន​នឹង​ធ្វើឲ្យ​កម្ពុជា​ទទួល​បាន​វិនិយោគិន​ជាច្រើន​ចូលមក​បណ្តាក់ទុន បន្ទាប់ពី​កូវីដ​១៩ ត្រូវ​បញ្ចប់​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹមថា ពិភពលោក​នឹង​អាច​គ្រប់គ្រង​ជំងឺ​នេះ​បាន​ក្នុងពេល​ឆាប់ៗ ហើយ​នៅពេល​នោះ​និន្នាការ​តម្រូវការ​ឃ្លាំង​ជួល​នឹង​មាន​សម្ទុះ​ឡើងវិញ​ខ្លាំង​ជាមិនខាន​»​។

លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​និយាយថា តម្រូវការ​ឃ្លាំង​ជួល​ពិតជា​មាន​ការរអាក់រអួល​ខ្លះ​ក្នុងអំឡុង​ការរីករាលដាល​ជំងឺ​កូវីដ​១៩ ប៉ុន្តែ​វា​ស្ថិត​ក្នុង​កម្រិត​តិចតួច​ប៉ុណ្ណោះ​។ លោក​បន្តថា វិស័យ​សេវាកម្ម​ធ្លាក់ចុះ​មែន តែ​តម្រូវការ​កន្លែង​ស្តុក​ទុក​ទំនិញ​គឺ​នៅតែមាន​។ លោក​បន្តថា​៖ «​វា​មិន​ធ្លាក់​ច្រើន​ទេ ព្រោះ​ការជួល​ឃ្លាំង​គេ​តែង​ធ្វើ​កិច្ចសន្យា​រយៈពេល​យូរ​ឆ្នាំ​»​។

លោក​ប្រាប់ទៀត​ថា តម្លៃ​ឃ្លាំង​ជួល​ពេលនេះ​ក៏​មិនបាន​ប្រែប្រួល​ដែរ​បើ​ធៀប​នឹង​មាន​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​១៩​។

តាម​លោក សុខនីម ឃ្លាំង​ជួល​ដែល​ស្ថិតក្នុង​ទីតាំង​ល្អ និង​សម្បូរ​រោងចក្រ (​ផ្លូវ​វេងស្រង​) មានតម្លៃ​ចន្លោះ ៨-១៣ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ​សម្រាប់​ ១ ​ខែ ចំណែក​តំបន់​ក្នុង​ក្រុង​មាន​តម្លៃ​លើសពី​ ១០ ​ដុល្លារ​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​កាលពី​សប្តាហ៍​មុន​បាន​និយាយថា ស្ថិរភាព​នយោបាយ ច្បាប់​វិនិយោគ ភាពសម្បូរ​បែប​នៃ​កម្លាំង​ពលកម្ម​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ល្អប្រសើរ និង​ជម្លោះ​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ចិន និង​អាមេរិក​នឹង​ធ្វើឲ្យ​កម្ពុជា​ទទួល​បាន​វិនិយោគិន​បរទេស​កាន់តែ​ច្រើន​ បន្ទាប់ពី​ជំងឺ​កូវីដ​ ១៩ អាច​គ្រប់គ្រង​បាន​។

លោក​បន្តថា តម្រូវការ​ធនធានមនុស្ស និង​ឃ្លាំង​ស្តុក​នឹងមាន​ច្រើន​នៅពេល​ខាងមុខ​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​មានជំនឿថា ការវិនិយោគ និង​ការនាំចេញ​របស់​កម្ពុជា​លើ​គ្រប់​វិស័យ​នឹង​មាន​កំណើន​ជា​បន្តបន្ទាប់​នៅពេល​អនាគត​»៕ LA